ស្នេហា៖ អ្នកនៅមានខ្ញុំ 17/03/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន, សុភមង្គល, ស្នេហា.Tags: ជិន វ៉ារី, សង្សារខ្ញុំ, ស្នេហា, ស្រុកខ្មែរ ស្នេហ៍ខ្ញុំ, អ្នកនៅមានខ្ញុំ
trackback
អ្នកអង្វរចិត្តខ្ញុំអោយអនុគ្រោះអោយមនុស្សម្នាក់នោះ អង្វរចិត្តខ្ញុំថាឈប់ខឹងនឹងមនុស្សម្នាក់នោះទៅ អ្នកក៏អនុគ្រោះអោយគេម្នាក់នោះដែរដោយយក “កម្មផល” មកនិយាយ អ្នកនិយាយថា “ដោយសារតែអ្នកជំពាក់កម្មមនុស្សម្នាក់នោះពីអតីតជាតិ”។ ការគិតរបស់អ្នកជាការលួងលោមចិត្តមួយយ៉ាងប្រសើរ តែជីវិតរបស់អ្នកគ្មានអ្វីសេសសល់ទេ អ្នកដឹងទេ? ទីបំផុតអ្នកចាញ់សព្វយ៉ាង ជីវិតរបស់អ្នកដូចទឹក ដែលកំពប់ពីស្លឹកឈូក ត្រូវខូចខ្ទេចខ្ទីតែមួយពព្រិចភ្នែក ហើយមិនអាចត្រលប់ទៅរកសភាពដើមវិញបាន ហេតុអ្វីរឿងដ៏អាក្រក់នេះកើតលើមនុស្ស ដែលមានបេះដូងល្អបរិសុទ្ធដូចជាអ្នកទៅវិញ? លើកចុងក្រោយនេះដែលអ្នកចាញ់គឺចាញ់អស់ពីខ្លួន ព្រោះទីបំផុតអ្នកដែលបំផ្លាញជីវិតអ្នកក៏គេចាកចេញពីអ្នកដែរ ដោយបន្សល់ទុកអោយអ្នក នូវអម្រែកដ៏មហាសែនធ្ងន់នៅលើស្មា ដែលអ្នកត្រូវតែទទួលខុសត្រូវគេចវេះមិនបាន។
ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើអ្វីបាន ដើម្បីស្រោចស្រង់រឿងអាក្រក់នោះមកល្អវិញដើម្បីអ្នក តែបានត្រឹមតែបន្ធូរចិត្តលើកលែងទោស អោយមនុស្សម្នាក់នោះ តាមសំណូមពររបស់អ្នកតែប៉ុណ្ណោះ? ខ្ញុំខឹងខ្លួនឯង ខឹងថាពេលដែលរឿងអាក្រក់នោះបម្រុងនឹងកើតឡើង រឺ កំពុងតែកើតឡើង តើខ្ញុំនេះនៅឯណា? ហេតុអ្វីបានអោយគេជាន់ឈ្លីអ្នកបានយ៉ាងងាយបែបនេះ?
អ្នកថាអ្នកអនុគ្រោះអោយគេហើយ តែហេតុម្ដេចបានជា ពេលខ្លះអ្នកលួចសម្រក់ទឹកភ្នែក លួចឈឺចិត្ត លួចតូចចិត្តតែម្នាក់ឯងបែបនេះ? អ្នកក៏ស្ដាយជីវិតដ៏ប្រពៃ ស្អាតស្អំរបស់អ្នកតាំងពីកុមារភាពមកដែរមែនទេ ទោះបីជាអ្នកនិយាយថា “ឆាចោលជីវិតក្នុងជាតិនេះក្ដី”? រូបខ្ញុំដែលគ្រាន់តែស្ដាប់រឿងនេះខ្ញុំឈឺចិត្តយ៉ាងនេះទៅហើយ ឈឺចិត្តយ៉ាងខ្មួលខ្មាញ់ ហើយចុះរូបអ្នកដែលឆ្លងកាត់រឿងនោះដោយផ្ទាល់ តើមានការលំបាកលំបិនដល់កំរិតណាទៅ? អ្នកនិយាយទៅថា អ្នកនៅខឹងនឹងមនុស្សម្នាក់នោះ អ្នកនិយាយទៅថា គេពិតជាបំផ្លាញជីវិតរបស់អ្នកមែន ហើយចុងក្រោយផ្ដល់អោយអ្នក នូវជីវិតដែលគ្មានអ្វីទាំងអស់ ល្ហល្ហេវតែម្នាក់ឯងលើផែនដីដ៏មហាធំធេង សូមកុំនិយាយថា អនុគ្រោះ អនុគ្រោះ សូមកុំនិយាយថាអ្នកជំពាក់កម្មគេពីជាតិមុន ព្រោះតែអ្នកមិនចង់ខឹង មិនចង់ឈឺចិត្ត ចង់គេចវេះពីការពិតនេះ ដែលជីវិតរបស់អ្នកត្រូវបានគេបំផ្លិចបំផ្លាញពិតមែន ដោយអ្នកមិនបានធ្វើអ្វីខុស និង អាក្រក់ចំពោះមនុស្សម្នាក់នោះសោះ។
Related articles
- កំសាន្ដ វីដេអូ៖ ពេល មួយ ក្នុង ប្រទេស កម្ពុជា (varychin.com)
- សំអាតបរិស្ថាន (maochamna.wordpress.com)
- រាត្រីមេឃស្រកានាគ(២ចប់ ) (archphkai.wordpress.com)


មតិ»
No comments yet — be the first.