ទស្សនៈ “រាស្ត្រនៅតែរងទឹកភ្នែក” 07/08/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ជា ស៊ីម, រដ្ឋាភិបាលកម្ពុជា, លិខិតក្លែងក្លាយ, ហ៊ុន សែន, Facebook
add a comment
និយាយអំពីអ្នកនយោបាយគ្មានសីលធម៌ គ្មានអ្នកណាជាងរដ្ឋាភិបាល គ្រប់គ្រងអំណាចសព្វថ្ងៃនេះទេ ទាំងអ្នកដឹកនាំរដ្ឋាភិបាលខ្លួនឯង ទាំងមន្ត្រីរដ្ឋាភិបាលខ្លួនឯង។ ពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឡើងលើវេទិកាម្ដងៗ និយាយគ្រោតគ្រាតមហាសែនគ្រោតគ្រាត។ បើនិយាយរឿងប្រព័ន្ធច្បាប់វិញ ការអនុវត្តច្បាប់ខ្មៅទៅជាស ល្អទៅជាអាក្រក់ “កំពូលមហាថោកទាប” សង្គមជាតិនេះចូលដល់កំរិតមួយ ពោរពេញដោយក្លិនឆ្អេះឆ្អាប តាំងពីដងខ្លួន ដល់វិញ្ញាណ “អ្នកនយោបាយគ្មានសីលធម៌ អ្នកគ្មានសីលធម៌ធ្វើនយោបាយ”។
ដល់ពេលថ្មីៗនេះក្នុង ហ្វេសប៊ុក មានចរាចរជាលិខិតស្នាមជាច្រើន ចែកចាយពាសពេញទីនោះ ពីម្នាក់ទៅម្នាក់។ លិខិតស្នាមទាំងអស់នោះ មិនដឹងថាចេញពីណាពិតប្រាកដនោះទេ អ្នកណាបង្កើតវាឡើងពិតប្រាកដក៏មិនដឹងដែរ។ ការចេញលិខិតស្នាមទាក់ទងនឹងរឿងលោក ជា ស៊ីម ទទួលមរណភាព រឿងលោក សុខ អាន និង លោក ហោ ណាំហុង មានបញ្ហាសុខភាពធ្ងន់ធ្ងរជាដើម។ ហើយចុងក្រោយនេះគឺលិខិតមួយ និយាយអំពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ស្ដាប់ដំបូន្មានលោកនាយករដ្ឋមន្ត្រី វៀតណាម រឿងមកបកស្រាយបញ្ហាព្រំដែន ហើយលិខិតទាំងប៉ុន្មាននោះ ត្រូវបានខាងរដ្ឋាភិបាល បដិសេធអស់ទៅវិញ។
គេថាអ្នកដែលស្អប់ចោរ ក៏មិនប្រាកដថាខ្លួនមិនមែនជាចោរ អ្នកដែលស្អប់មនុស្សអាក្រក់ក៏មិនប្រាកដថាខ្លួនជាមនុស្សល្អ ហើយអ្នកដែលវាយប្រហារ ដល់រដ្ឋាភិបាលគ្រប់គ្រងអំណាចសព្វថ្ងៃ ដោយវិធីគ្មានសីលធម៌ ក៏មិនអាចចាត់ទុកថាពួកគេថ្លៃថ្នូរដែរ។ អញ្ចឹងសង្គមមួយនេះនឹងទៅជាយ៉ាងណាទៀតទេ នៅពេលដែលប៉ូលិស និង ចោរគឺជាពពួកក្រុមកខ្វក់ដូចគ្នា “អាក្រូច ក៏ដូចអាពោន”។
ជាសរុបទៅខាងរដ្ឋាភិបាលដែលប្រព្រឹត្តរឿងអសីលធម៌ និង ក្រុមដែលបង្កើតជាភាពចលាចលវាយប្រហារមកខាងរដ្ឋាភិបាល ពួកទាំងសងខាងសុទ្ធតែ ដឹងរឿងពិតយ៉ាងដូចម្ដេចពិតប្រាកដ តែជនរងគ្រោះពិតប្រាកដគឺ “អ្នកអាន អ្នកទទួលព័ត៌មាន ប្រជាជនសាមញ្ញ ដែលមិនដឹងពីល្បិចកិច្ចកល” នេះឯង ជាជនរងគ្រោះពិតប្រាកដទៅវិញ។ មើលទៅប្រជាជន ប្រជារាស្ត្រសាមញ្ញនៅតែមិនអាចជៀសផុត ពីរឿងអាក្រក់ទាំងឡាយ ការបោកបញ្ឆោត ការពន្យុះ…..បានទាល់តែសោះពីសំណាក់ “អ្នកនយោបាយ ក្លាយជានយោបោក” ទាំងឡាយនោះ។
ហេតុដូច្នេះហើយមិនពិបាកយល់នោះទេ មិនអាចបន្ទោសប្រជារាស្ត្រនោះទេ រឿងពួកគេមិនបំពេញតួនាទីជាប្រជាពលរដ្ឋ ចូលរួមការបោះឆ្នោតនោះ ព្រោះដូចតាមដែលមនុស្សគ្រប់គ្នាបានដឹងហើយ ពីមួយពេលទៅមួយពេល ប្រជាជនចូលរួមការបោះឆ្នោតកាន់តែមានចំនួនតិចទៅៗ។ តើអោយពួកគាត់ទៅបោះយ៉ាងដូចម្ដេច បើពួកគាត់ក្នុងចិត្តរបស់ពួកគាត់ មិនទាំងដឹងថា អ្នកណាជាមនុស្សល្អ ពិតប្រាកដផងហ្នឹង? នៅពេលដែលទឹកកំពុងតែល្អក់បែបនេះ ពិបាកមើលណាស់ថាមួយណាជាត្រីឆ្លាំង មួយណាជាត្រីឆ្ដោរ មួយណាជាត្រីលេញនោះទេ ហ៊ឺ…..មើលទៅទីបំផុត “រាស្ត្រនៅតែរងទឹកភ្នែក”។
Related articles
- Necessary Scapegoats? The Making of the Khmer Rouge Tribunal (nybooks.com)
- វីដេអូ៖ HALO Trust និង Google Earth និង មីន កម្ពុជា (varychin.com)
- សុភមង្គល៖ ស្នាម ញញឹម (varychin.com)
