ធនាគារក្ដាម 11/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ជជែក, ព័ត៌មានជាតិ.Tags: កំពត, ក្ដាម, ក្រុងកែប, ខេត្ត្កំពត, ធនាគារក្ដាម, ប្រទេសកម្ពុជា
9 comments
ខាងក្រោមជាអត្ថបទនិយាយអំពី ធនាគារ មួយនៅខេត្តកំពត ខ្ញុំអ្នកសរសេរអត្ថបទសូមការពារខ្លួនជាមុនថា ខ្ញុំមិនប្រាកដថារឿងនេះពិត រឺ មិនពិតបានកំរិតណានោះទេ ហើយអត្ថបទនេះក៏អត់មានគោលបំណង បង្ខូចកេរ្តិ៍ឈ្មោះបុគ្គលណាមួយដែរ តែជាការចង់រកឃើញការពិតមួយច្រើនជាង ដូច្នេះប្រសិនជាអ្នកណាដឹងរឿងនេះ សូមបញ្ចេញមតិខាងក្រោម អោយបានដឹងផង ពិសេសអ្នករស់នៅក្នុងខេត្តកំពតតែម្ដង។
កាលពីប៉ុន្មានថ្ងៃមុនខ្ញុំបានជួបលោកពូម្នាក់ ពួកយើងអង្គុយនិយាយគ្នាលេង គាត់ថាក្មួយឯងដឹងទេនៅស្រុកខ្មែរអីឡូវមានធនាគារមួយនោះដាក់ឈ្មោះថា “ធនាគារក្ដាម” ខ្ញុំហាក់អស់សំណើចហើយក៏និយាយទៅគាត់វិញថា “ដាក់ឈ្មោះដូចអត់មានឈ្មោះដាក់”។ គាត់ថា “មិនមែនទេក្មួយ ធនាគារហ្នឹងគេអោយប្រជាជនដែលនេសាទក្ដាមខ្ចីលុយ ហើយបង់រំលួសលុយអោយគេវិញទៅ តែគេអត់យកប្រាក់ចុងការជាលុយទេ គឺគេយកជាក្ដាមតែពីរទេក្នុងមួយខែ តែក្ដាមនោះត្រូវតែមានពងកូនក្នុងពោះ”។

គាត់ និង ខ្ញុំងាកមកមើលមុខគ្នាផ្ទុះសំណើច ដែលហាក់ដល់ចំណុចនេះ គាត់ដឹងថាខ្ញុំដូចចាប់ចំណុចយល់សេចក្ដីបាន ខ្ញុំក៏និយាយថា “ស្អីគេខ្មែរយើងយ៉ាប់ដល់ថ្នាក់ហ្នឹង” គាត់និយាយតបមកខ្ញុំវិញថា “មិនមែនយ៉ាប់ទេ កំពូលយ៉ាប់” ហើយគាត់ក៏បន្តទៀតថា “បើបណ្ដោយអោយខ្មែរ ធ្វើការងារអ្វីកន្លែងណាមួយគឺហិនហោចកន្លែងហ្នឹង បើនិយាយពីតាមបឹងបួរអោយនេសាទត្រីវិញ នេសាទទាល់តែខ្ទេច អីឡូវនៅតាមបឹងបួររកតែត្រីក្រាញ់ កញ្ចុះ អីមកស្លម្ជូរមិនបានផង វាត់ទាល់តែខ្ទេចខ្ទី ដាក់ មង អួន មិនដឹងរដូវត្រីពងមិនពងអីទេ មិនអញ្ចឹងសុទ្ធតែឆក់គ្រប់កន្លែង បើអួនវិញបើពួកគេអូស តែត្រីប៉ុនកូនដៃក៏មិនរួចខ្លួនផង”។
គាត់ស្ងាត់មួយសន្ទុះក៏បន្តទៀត “ក្មួយឯងមើលតែព្រៃឈើខ្មែរ បើកាប់វិញ កាប់ឡើងខ្ទេចគ្មានសល់ អ្នកណាកាប់ក៏ពូមិនដឹង តែបើខ្មែរកាប់វិញអាដើមប៉ុនកដៃក៏មិនសល់ដែរ”។ គាត់ថាតាំងពី ធនាគារក្ដាម នោះយកប្រាក់ចុងការជា ក្ដាមមានពងកូនក្នុងពោះនោះមក អីឡូវចំនួនក្ដាមក្នុងសមុទ្រនោះ ហាក់កើនឡើងវិញហើយ ព្រោះធនាគារនោះយកក្ដាមនោះទៅលែងវិញ ហើយពង និង កូនក្នុងពោះនោះកើតកូនចៅបានច្រើន ហើយគាត់សង្ឃឹមថាវានឹងអាចសំបូរឡើងវិញដូចកាលពីមុនអញ្ចឹង៕៚
Related articles
- បច្ចេកវិទ្យា៖ ពង្រីក អក្សរ ខ្មែរ យូនីកូដ ក្នុង Skype (varychin.com)
- បច្ចេកវិទ្យា៖ Convert ឯកសារ Word ទៅ PDF (varychin.com)
- សុខភាព៖ ថ្នាំ អាស្ពីរីន និង មហារីក (varychin.com)
រឿងផ្ទាល់ខ្លួន៖ សមុទ្រទឹកប្រៃ 01/10/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿងផ្ទាល់ខ្លួន.Tags: ក្ដាមម្រេចខ្ចី, ក្រុងកែប, ខេត្តកំពត, Cambodia, Kampot Town, Kep, Peppercorn
add a comment
នៅពេលអានអត្ថបទមួយរបស់ស៊ីអិនអិន Tiny peppercorns give Cambodian food a big boost និយាយអំពី “ខេត្តកំពត” ខ្ញុំនឹកឃើញដល់ដំណើរកំសាន្ដរបស់ខ្ញុំកាលពីឆ្នាំ ២០០០ ដែលនេះជាលើកដំបូងក្នុងជីវិតដែលនាំអោយខ្ញុំស្គាល់របស់ពីរយ៉ាង (១) ទឹកសមុទ្រមានរសជាតិប្រៃ (២) ពពករសាត់កាត់ប្រាណលើភ្នំបូកគោ។
យើងធ្លាប់តែលឺគេនិយាយប្រាប់ គ្រូបង្រៀននៅសាលា និង អត្ថបទក្នុងសៀវភៅនិយាយថាទឹកសមុទ្រមានរសជាតិប្រៃ តែនៅក្នុងឆ្នាំ ២០០០ ខ្ញុំបានទៅដល់ខេត្តកំពត ហើយលើកនោះហើយដែលខ្ញុំលួចយកម្រាមដៃជ្រលក់ក្នុងទឹកសមុទ្រ ហើយយកមកដាក់ក្នុងមាត់ រួចហើយលួចញញឹមម្នាក់ឯង “វ៉ាវ, វាពិតជាមានរសជាតិប្រៃដូចគេនិយាយមែន” នេះជាអ្វីដែលខ្ញុំភ្ញាក់ផ្អើល។
ក្នុងដំណើរកំសាន្ដនោះដែរ ខ្ញុំមានអ្នកនាំផ្លូវម្នាក់ជិះមូតូដាក់ខ្ញុំពីក្រោយឡើងលើភ្នំបូកគោ វាពិតជាអស្ចារ្យមែន វាដូចជាឋានសួគ៌ចំពោះខ្ញុំ ព្រោះតែលើកំពូលភ្នំពពករសាត់កាត់តាមដងខ្លួន ខ្ញុំមានអារម្មណ៍ថាដូចកំពុងតែហោះលើមេឃ។ កាលនោះសណ្ឋាគារបាក់បែកដែលបន្សល់ទុកពីជំនាន់បារាំង និង វិហារកាតូលិកមួយនៅទីនោះដែរ។
នៅឆ្នាំ ២០០៦ ខ្ញុំបានធ្វើដំណើរទៅខេត្តកំពតម្ដងទៀត តែមិនបានទៅក្នុងទីរួមខេត្តទេ គឺខ្ញុំសំរាកនៅក្រុងកែប។ “កែប” ជាទីដ៏សែនមនោរម្យ មនុស្សមិនសូវច្រើន មានសភាពស្ងប់ស្ងាត់ល្អ ខ្យល់បក់រំភើយ ខ្ញុំស្នាក់នៅផ្ទះសំណាក់ “វណ្ណា” ខ្ញុំអាចមើលឃើញសមុទ្រពីបន្ទប់ខ្ញុំកេងបាន។ “កោះទន្សាយ” ជាទីកន្លែងដែលខ្ញុំតែងតែគិតដល់ ខ្ញុំបានជិះទូកទៅលេងកោះនោះ ហើយចំណាយពេលវេលានៅទីនោះពេញមួយថ្ងៃ ខ្ញុំមានអារម្មណ៍ថាខ្ញុំដូចជាម្ចាស់កោះ ព្រោះអត់សូវមានមនុស្សច្រើនទេ មានភ្ញៀវមួយចំនួនតូច និង ប្រជាជនម្ចាស់ស្រុកចំនួនតែប៉ុន្មានគ្រួសារតែប៉ុណ្ណោះដែលរស់នៅទីនោះ ខ្ញុំហែលទឹកតែម្នាក់ឯង គ្មានអ្នករំខាន គ្មានក្មេងតូចៗដើរលក់ដូរ ដែលនាំអោយយើងមានអារម្មណ៍ មិនសុខស្រួលក្នុងចិត្តដោយឃើញបែបនោះ។
និយាយអំពីម្ហូបក្នុងខេត្តកំពត និង ក្រុងកែបមានម្ហូបច្រើនយ៉ាង មានទាំងម្ហូបអាហារបរទេសទៀតផង តែអ្នកណាៗក៏មិនអាចមិនកោតសរសើរដល់ ម្ហូបមួយមុខដែលមានរសជាតិឆ្ងាញ់បំផុតនោះគឺ “ឆាក្ដាមជាមួយម្រេចខ្ចី” ម្ហូបនេះឆ្ងាញ់មែនទែននៅទីនោះ ទោះបីជាអ្នកញ៉ាំម្ហូបដូចគ្នានោះនៅទីកន្លែងផ្សេង ក៏មិនឆ្ងាញ់ដូចទីនោះដែរ នេះជាការពិតហើយសូមកុំភ្លេចសាកល្បងដោយខ្លួនឯងពេលដែលអ្នកធ្វើដំណើរកំសាន្តទៅខេត្តនេះ៕៚
Related articles
- ឃើញ ខ្ញុំ ក្រ មែន តែ កុំ មើល ងាយ ខ្ញុំ ! (learn4khmer.wordpress.com)
- ចំណី ជីវិត៖ កែប្រែ ពិភពលោក (varychin.com)
- ប្រើ Evernote សំរាប់ អ្នក និយម សរសេរ អត្ថបទ (varychin.com)

