កំណាព្យ៖ ស្រែខ្លុង លង់ខ្លួន 19/09/2011
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំណាព្យភាសាខ្មែរ, កំណាព្យរបស់ខ្ញុំ.Tags: កំណាព្យខ្មែរ, កំណាព្យរបស់ខ្ញុំ, ស្រែខ្លុង លង់ខ្លួន
14 comments

១-កណ្ដាលយប់ស្ងាត់ ខ្យល់ផាត់ចុងស្មៅ អធ្រាត្រសែនជ្រៅ បងនៅម្នាក់ឯង សន្សើមចាប់ធ្លាក់ ត្រជាក់ស្រិបស្រេង បងនៅម្នាក់ឯង កេងពុំលក់សោះ។
២-ចន្ទ្រារាយរះ ប្រទះតារា យប់នេះចន្ទថ្លា ផ្ការីកលើកោះ សំឡេងរលក បោកបក់ក្នុងជ្រោះ ផ្ការីកលើកោះ សម្រស់ផូរផង់។
៣-ភូមិអ្នកនេសាទ អើតចេញពីព្រៃ ភូមិកំណើតស្រី យើងធ្លាប់ជិះកង់ អូនអោបចង្កេះ បងជិះមិនត្រង់ ធ្លាក់ក្នុងស្រែខ្លុង អូនផុងខ្លួនប្រាណ។
៤-ភ័យណាស់មែនទេ? ចំណេរកាលនោះ អូនបានជ្រុលជ្រួស ខ្មាសអស់សណ្ដាន អង្វររូបបង កុំចាកភូមិឋាន ព្រោះខ្មាសសណ្ដាន ថាប្រាណអូនបង់។
៥-បងបានស្ដាប់លឺ ហើយឈឺហរទ័យ តែសុំទោសស្រី ម្ដាយបងមិនចង់ ចំណេះជាទុន អោយបងមកក្រុង រត់ចោលស្រែខ្លុង ស្រែធ្លាប់នែបនិត្យ។
៦-ដំណើរចាកចេញ ពេញដោយកង្វល់ បងបានមកដល់ ភ្នំពេញដីស្អិត ពន្លឺភ្លើងពណ៌ ផ្លាស់ប្ដូរប្រែផិត ភ្នំពេញដីស្អិត កែចិត្តបងហើយ។
៧-អធ្រាតគ្រាតយំ រងំរកគូ ក្បែរដើមជម្ពូ ស្រែករោទ៍គ្មានស្បើយ ដំណក់ទឹកភ្លៀង លាងភ្នែកត្រាណត្រើយ សូមកុំស្ដាយឡើយ ប្រុសព្រានឃ្លានប្រាណ៕៚
ថ្ងៃទី ១៨ ខែ កញ្ញា ឆ្នាំ ២០១១ ដោយ៖ ស្រុកខ្មែរ ស្នេហ៍ខ្ញុំ
Related articles
- កំសាន្ដ រូបភាព៖ ស្រែ ដំណាក់ (varychin.com)
- Repost៖ Darius ទន្សាយធំជាងគេលើលោក (varychin.com)
- សុខភាព៖ 3d មាន ផល អាក្រក់ ចំពោះ ភ្នែក និង ខួរក្បាល (varychin.com)
