jump to navigation

និទាន​ព្រេង​ខ្មែរ៖ រឿង ម៉ុកក្ងែង និង ខេត្ត​បាត់ដំបង 15/05/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​ព្រេង​ខ្មែរ.
Tags: , , ,
trackback

ខាង​ក្រោម​នេះ​ជា​រឿង​និទាន ​ដែល​ខ្ញុំ​នៅ​ចង​ចាំ​កាល​រៀន​នៅ​សាលា​អនុវិទ្យាល័យ ក្រចេះ ក្រុង​ ជាមួយ​លោក​គ្រូ គីវ បូរ គាត់​បាន​និទាន​រឿង​នេះ​អោយ​ស្ដាប់ ហើយ​ខ្ញុំ​ចងចាំ​វា​រហូត​ដល់​ពេល​នេះ។ ការ​និទាន​ឡើង​​វិញ​ក្នុង​ពេល​នេះ​ប្រហែល​ជា​មិន​ដូច​គ្នា​ទាំង ស្រុង​​ទៅ​ក្នុង​សៀវភៅ​និទាន​រឿង​ព្រេង​របស់​ខ្មែរ​នោះ​ទេ ខ្ញុំ​សុំ​អភ័យ​ទោស​នូវ​ចំណុច​នេះ​ផង។ សូម​ឧទ្ទិស​រឿង​នេះ​ជូន​ចំពោះ​សព​លោក​គ្រូ គីវ បូរ​ សូម​​លោក​បាន​ទៅ​ដល់​ស្ថាន​ដ៏​សែន​សុខ!

“ម៉ុកក្ងែង និង ខេត្ត​បាត់ដំបង”

មាន​រឿង​មួយ​ដំណាល​ថា​មាន​នគរ​មួយ​មាន​ស្ដេច​មួយ​អង្គ​សោយរាជ្យ​ ថ្ងៃមួយ​ព្រះអង្គ យល់​សុបិន​ឃើញ​ផ្កាយ​មួយ​ដួង​រះ​បញ្ចេញ​ពន្លឺ​ទន្ទឹម​នឹង​ព្រះ​ចន្ទ។ ពេល​ព្រះអង្គ​ភ្ញាក់ ឡើង​ព្រះអង្គ​បាន​​​រក​គ្រូហោរ​មក​ទស្សន៍ទាយ គ្រូ​ហោរា​បាន​ទស្សន៍ទាយ​ថា​ផ្កាយ​មួយ ដួង​នោះ​ជា​អ្នក​មាន​បុណ្យ ចំនែក​ព្រះចន្ទ​គឺ​ព្រះអង្គ​នេះ​ឯង អ្នក​មាន​បុណ្យ​នោះ​បាន​ចុះ​មក​ចាប់​កំណើត​ក្នុង​ផ្ទៃ​ជា​មាតា​ហើយ​អីឡូវ​នេះ ហើយ​នៅ​ថ្ងៃ​មុខ​អ្នក​មាន​បុណ្យ​នេះ​នឹង បាន​ក្លាយ​ទៅ​ជា​ស្តេច​ប្រចាំ​នគរ​នេះ​ទៀត​ផង។

ដោយ​ក្តី​បារម្ភ​ខ្លាច​អ្នក​មាន​បុណ្យ​នោះ​ នឹង​ចូល​មក​ជ្រែក​រាជ​របស់​ខ្លួន ព្រះអង្គ​ម្ចាស់​នោះ​បាន​បញ្ជា​អោយ​អាមាត្យ​ដើរ​ចាប់​យក​ស្ត្រី ​ដែល​មាន​ផ្ទៃពោះ​ទាំង​អស់​យក​មក​សំលាប់ ចោល និង ដុត​ទាំង​រស់។ មាន​អាមាត្យ​ម្នាក់​មាន​ចិត្ត​ធម៌​មេត្តា​ពេល​ដែល​ទារក​ម្នាក់​ឆេះ​ខ្លោច​ធ្លាក់​ជ្រុះ​ពី​ផ្ទៃ​នៃ​ម្តាយ អាមាត្យ​នោះ​មាន​ចិត្ត​អាណិត​ក៏​យក​ទារក​នោះ​ទៅ​ប្រគេន ជូន​លោក​នៅ​វត្ត​ដើម្បី​ចិញ្ចឹម​បីបាច់​រក្សា ក្រោយ​មក​ព្រះតេជព្រះគុណ​បាន​ដាក់​ឈ្មោះ​ទារក នោះ​ថា “ម៉ុក” តែ​មនុស្ស​រាល់​រូប​តែងតែ​ហៅ​ថា​ “ម៉ុកក្ងែង” ដោយសារ​តែ​ ម៉ុក ត្រូវ​ភ្លើង​ឆេះ​ខ្លោច​ដៃ​ជើង​ឡើង​ក្ងែង។

និយាយ​ពី​ព្រះអង្គ​មាន​យប់​មួយ​ព្រះអង្គ​បាន​យល់​សុបិន​​ម្តង​ទៀត​ គឺ​ឃើញ​ដួង​ផ្កាយ ដដែល​រះ​កាន់​តែ​ខ្លាំង​ឡើង​ ហើយ​ខិត​កាន់​តែ​ជិត​ព្រះ​ចន្ទ។ លោក​ហោរា​បាន​ទស្សន៍ទាយ​​ថា​អ្នក​មាន​បុណ្យ​នោះ​អីឡូវ​ធំ​ពេញ​វ័យ​ហើយ ហើយ​នឹង​មក​គ្រប់គ្រង​នគរ​នេះ​នៅ កំឡុង​ពេល​ ១៥ ថ្ងៃ​ក្រោយ​មក​ទៀត​នេះ​ដោយ​ជិះ​សត្វ​សេះ​ស​ជា​យាន​ហោះ​មក​ក្រឡឹង​ជុំវិញ​នគរ​នេះ ​។ ដំណឹង​នេះ​បា​ន​លឺ​ពាសពេញ​នគរ​ ហើយ​ចំនែក​ ម៉ុក ក៏​បាន​លឺ​អំពី​ដំណឹង​នេះ​ដែរ។

ដោយ​ចង់​ឃើញ​​អ្នក​មាន​បុណ្យ​​ ម៉ុក បាន​សុំ​លោកគ្រូ​​ដែល​ជា​ព្រះតេជព្រះគុណ​នោះ​ទៅ​ចូល​ក្នុង​វាំង​ដែរ​នឹង​បាន​មើល​អ្នក​មាន​បុណ្យ​នឹង​គេ។ ដោយ​សារ​តែ​ ម៉ុកក្ងែង មាន​ដៃ​ជើង​ឆេះ​ជាប់​គ្នា​មិន​អាច​ដើរ​លឿន​ដូច​គេ ម៉ុក​​ខិត​ខំ​វា​រំកិល​​គើម​ៗ​​តាម​ក្រោយ​គេ​តែ​ម្នាក់ ឯង។ ឆ្លង​កាត់​ព្រៃ​តាម​ផ្លូវ​ទៅ​កាន់​ព្រះ​រាជវាំង​ដោយ​សារ​តែ​នឿយ​ហត់​ពេក​ ម៉ុកក្ងែង ក៏​បាន​ឈប់​សំរាក​​មួយ​សន្ទុះ​ដើម្បី​អោយ​បាត់​ហត់។

ភ្លាម​នោះ​ស្រាប់​តែ​មាន​លោកតា​ម្នាក់​ដឹក​សេះ​ស​​ និង បង្វេច​ខោអាវ​មួយ​បង្វេច​​ដើរ​សំដៅ​មក​កាន់​ ហើយ​និយាយ​ទៅ​កាន់ ម៉ុក ថា​អោយ​គាត់​សុំ​ផ្ញើ​សេះ​មួយ​សន្ទុះ​ត្បិត​អី​លោក​តា​នោះ​ត្រូវ​ចូល​ទៅ​ដោះ​ទុក្ខ​សត្វ តែ​ម៉ុក​មិន​បាន​យល់ព្រម​ទេ​ព្រោះតែ​មិន​អាច កាន់​ខ្សែ សេះ​បាន។ លោកតា​នោះ​និយាយ​ថា​មិន​អី​ទេ​គាត់​អាច​ចង​ខ្សែ​សេះ​ជាប់​នឹង​ដៃ​របស់​ ម៉ុក បាន លោកតា​នោះ​ក៏​បាន​ចង​ខ្សែ​នោះ​ជាប់​នឹង​ដៃ​របស់​ ម៉ុក ហើយ​ក៏​ដើរ​ចូល​តៅ​ក្នុង​ព្រៃ​បាត់​ទៅ។ ក្រោយ​ពេល​ដែល​លោក​តា​ម្នាក់​នោះ​ដើរ​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ សត្វ​សេះ​នោះ​ចេះ​តែ​ កញ្ជ្រោល ហើយ​ក៏​ធ្វើ​អោយ​ដៃ​ដែល​ឆេះ​ជាប់​គ្នា​របស់ ម៉ុក រលា​ចេញ​ពី​គ្នា ដោយ​ឃើញ​សភាព​បែប​នេះ​ ម៉ុក ក៏​បាន​ស្រាយ​ខ្សែ​មក​ចង​ដៃ​ម្ខាង​ទៀត ហើយ​សេះ​នោះ​ក៏​កញ្ជ្រោល​ទាញ​ដៃ​ម្ខាង​ទៀត​រលា​ចេញ​ពី​គ្នា​ដែរ ម៉ុក​ ក៏​បាន​យក​ខ្សែ​ទៅ​ចង​ជើង​ទាំង​ពីរ​របស់​ខ្លួន ហើយ​ក៏​រលា​ដូច​ចិត្ត​ប្រាថ្នា។

ដោយ​ដៃ​ជើង​របស់​ខ្លួន​រលា​ចេញ​ពី​គ្នា​ហើយ ម៉ុក ក៏​ស្រាយ​បង្វេច​មើល​ឃើញ​ខោអាវ​យ៉ាង​ស្អាត​ក្នុង​នោះ ដោយ​ខ្លួន​មិន​ដែល​ស្លៀក​សំលៀក​បំពាក់​ស្អាត​បាត​បែប​នេះ​សោះ ក្នុង​ជីវិត​របស់​ខ្លួន ម៉ុក ក៏​ស្លៀក​សំលៀក​បំពាក់​នោះ​សាក​មើល។ ដោយ​ឃើញ​ថា​ខ្លួន​ស្លៀក​បំពាក់​បែប​នោះ​ឃើញ​បែប​សង្ហារ​ ម៉ុក គិត​ថា​បើ​សិន​ជា​ខ្លួន​ឡើង​ជិះ​សេះ​ប្រហែល​ជា​កាន់​តែ​សង្ហា​ជាង​នេះ​ទៅ​ទៀត មិន​បង្អង់​យូរ​ ម៉ុក លោត​ឡើង​លើ​ខ្នង​សេះ​ភ្លាម ស្រាប់​តែ​សត្វ សេះ​ហើរ​ឡើង​វឹង​ទៅ​ក្នុង​អាកាស​វេហា។

 និយាយ​ពី​មនុស្ស​ទាំង​ឡាយ អាមាត្យ មន្ត្រី និង ព្រះអង្គ​ដែល​កំពុង​តែ​ចាំ​មើល​អ្នក​មាន​បុណ្យ​​នោះ ពេល​បាន​ឃើញ​សេះ​ស​របស់​ ម៉ុក ហោះ​នៅ​ក្នុង​អាកាស​​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង។ ព្រះអង្គ​ម្ចាស់​មាន​ចិត្ត​ខឹង​សម្បារ​យ៉ាង​ខ្លាំង​ ក៏​ទាញ​ដំបង​ដ៏​មាន​រិទ្ធិ​របស់​ខ្លួន​សំដៅ​​សំលាប់ ម៉ុក និង សត្វ​សេះ​ស តែ​សេះ​ស​បាន​​ហោះ​បោះ​ពួយ​យ៉ាង​រហ័ស​គេច​ផុត​ពី​ដំបង​នោះ ដំបង​នោះ​ក៏​ធ្លាក់​ចូល​ទៅ​ក្នុង​ព្រៃ​បាត់​ទៅ ហេតុ​ដូច្នេះ​ហើយ​បាន​ជា​គេ​​ហៅ​ព្រៃ​នោះ​ថា “ព្រៃ​បាត់ដំបង” ក្រោយ​មក​ក៏​ក្លាយ​ជា​ខេត្ត​បាត់ដំបង​ដូច​សព្វ​ថ្ងៃ​នេះ។

ដោយ​សារ​ចាញ់​រិទ្ធិ ម៉ុក និង សត្វ​សេះ​ស​ព្រះអង្គ​នោះ​ក៏​ភៀស​ខ្លួន​ចេញ​ពី​នគរ​នោះ​បាត់​ទៅ ហើយ​ ម៉ុក ក៏​ឡើង​សោយរាជ្យ​ជា​ស្តេច​បន្ត​ពី​ពេល​នោះ​មក។

Related articles

មតិ»

1. ​បាត់ដំបង - 16/05/2011

អូហ អានទៅដូចជាខុសពីរឿងដែលខ្ញុំមើលក្នុងសៀវភៅចឹង? តែខ្ញុំក៏មិនដឹងដែរ។ ចាំមើលខ្ញុំនឹងផ្សាយរឿងនោះនៅក្នុងប្លក់ខ្ញុំដែរ តែចាំទំនេរសិន

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/05/2011

ខ្ញុំ​អត់​ដែល​បាន​អាន​រឿង​នេះ​ក្នុង​សៀវភៅ​ទេ ហើយ​ក៏​អត់​ដឹង​ច្បាស់​ចំនុច​ខុស​គ្នា​ត្រង់​កន្លែង​ណា​ខ្លះ ខ្ញុំសរសេរ​តាម​ការ​ចងចាំ​ពី​ការ​និទាន​របស់​លោក​គ្រូ​របស់​ខ្ញុំ។ សូម​ដាក់​រឿង​នោះ​មក ខ្ញុំ​នឹង​ចូល​ទៅ​អាន​ដែរ ចង់​ដឹង​ពី​ភាព​ខុស​គ្នា​នេះ។

សំណាង​ល្អ!

2. Fidele - 16/05/2011

រឿង​នេះ​មាន​នៅ​ក្នុង​រឿង បក្សី​ចាំ​ក្រុង។ :mrgreen:

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 16/05/2011

ខ្ញុំ​នឹង​ចូល​ទៅ​មើល​នៅ​បណ្ណាល័យ​អន្តរជាតិ​នៅ​ទីនេះ ប្រហែល​ជា​មាន​តាម​មើល​ទៅ។ កាល​ចូល​ទៅ​អាន​កាល​លើក​មុន​ មាន​សៀវភៅ​រឿង​និទាន​ខ្មែរ​មួយ​ចំនួន​ដែរ តែ​អត់​បាន​ចាប់​អារម្មណ៍​នឹង​រឿង​និទាន​មួយ​នេះ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: