jump to navigation

World Bank ​បង្កក​ប្រាក់​កម្ចី​ដល់​រដ្ឋាភិបាល​កម្ពុជា 09/08/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , , , ,
trackback

ដកស្រង់​ពី វិទ្យុ​សហរដ្ឋ​អាមេរិក

ធនាគារ​ពិភពលោក​នៅ​ថ្ងៃ​អង្គារ​នេះ​​​ បាន​ដាក់​សម្ពាធ​ថ្មី​មួយ​ដល់​រដ្ឋាភិបាល​ឲ្យ​ធ្វើ​ការ ដោះស្រាយ​ជា​បន្ទាន់​ចំពោះ​បញ្ហា​ ដែល​នៅ​សេសសល់​ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​នៅ​តំបន់ បឹង​កក់​ដោយ​ដាក់​លក្ខខណ្ឌ​បង្កក​ប្រាក់​កម្ចី​ ដល់​កម្ពុជា​ប្រសិន​ណា​បើ​រដ្ឋាភិបាល​ព្រងើយ កន្តើយ​ចំពោះ​បញ្ហា​របស់​អ្នក​ភូមិ​នៅ​តំបន់​បឹង​កក់។

លោកស្រី​ អាណ្ណែត្តិ៍ ឌីកសុន (Annette Dixon) នាយក​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​បាន​ប្រាប់​វីអូអេ​ខ្មែរ​នៅ​ថ្ងៃ​អង្គារ​នេះ​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា​ ធនាគារ​ពិភព​លោក បាន​ផ្ដល់​ប្រាក់​កម្ចី​ដល់​កម្ពុជា​កាល​ពី​ខែ​ធ្នូ​ឆ្នាំ ​២០១០។ លោក​ស្រី​បាន​មាន​ប្រសាសន៍​ទៀត​ថា​ ធនាគារ​ពិភព​លោក​នឹង​មិន​ផ្ដល់​ប្រាក់​កម្ចី​បន្ថែម​ទៀត​ ដល់​កម្ពុជា​ទេ​ល្គឹក​ណា​កិច្ច​ព្រមព្រៀង​មួយ​ត្រូវ​បាន​ផ្តល់​ដល់​ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់។

ប្រជាពលរដ្ឋ​នៅ​តំបន់​បឹង​កក់​ដែល​នៅ​សេស​សល់​ជាង​១.០០០​គ្រួសារ ពេលនេះ​បាន​បែក ចេញ​ជា​ពីរ​ក្រុម​ ដោយ​ក្រុម​ម្ខាង​ទាម​ទារ​ដី​ទំហំ​៤​ម៉ែត្រ​គុណ​នឹង​១៦​ម៉ែត្រ​សម្រាប់​ការ អភិវឌ្ឍ​នៅ​នឹង​កន្លែង​ចំណែក​ឯ​មួយ​ក្រុម​ផ្សេង​ទៀត​ ទាម​ទារ​ឲ្យ​អាជ្ញាធរ​ក្រុង​ភ្នំពេញ​កាត់​ដី ចេញ​ពី​គម្រោង​អភិវឌ្ឍន៍​សម្រាប់​សង់​លំនៅឋាន​ខ្លួន​ឯង និង​ ផ្ដល់​សំណង​ទៅ​តាម​តម្លៃ​ទីផ្សារ។

ការ​ទាមទារ​របស់​ពលរដ្ឋ​ទាំង​ពីរ​ក្រុម​នេះ​ មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​ពី​មន្ត្រី រដ្ឋាភិបាល​នៅ​ឡើយ​ទេ។ ការ​មិន​មាន​ដំណោះស្រាយ​នេះ ​បង្ក​ឲ្យ​ក្រុម​ប្រជា​ពលរដ្ឋ​ស្វះ​​ស្វែង​រក​អន្តរាគមន៍​ពី​គ្រប់​ស្ថាប័ន​នានា​ អង្គការ​ក្រៅ​រដ្ឋាភិបាល​ និង​ស្ថានទូត​មួយ​ចំនួន​ប្រចាំ​កម្ពុជា។

លោកស្រី​ អាណ្ណែត្តិ៍ ឌីកសុន បាន​បញ្ជាក់​ថា​ ធនាគារ​ពិភពលោក កំពុង​បន្ត​លើក​ទឹក​ចិត្ត​រដ្ឋាភិបាល​កម្ពុជា​ឲ្យ​មាន​កិច្ច​ព្រមព្រៀង​មួយ​ ក្នុង​ការ​ផ្ដល់​ទី​ជម្រក​ដល់​ប្រជាពលរដ្ឋ​នៅ តំបន់​បឹង​កក់។ លោកស្រី​បាន​បញ្ជាក់​ទៀត​ថា ​ការ​ពិភាក្សា​រវាង​រដ្ឋាភិបាល​និង​អ្នក​ភូមិ​បឹង​កក់​កំពុង​តែ​បន្ត​ ហើយ​ធនាគារ​ពិភពលោក​នឹង​រង់ចាំ​មើល​ដំណោះស្រាយ​ចំពោះ​បញ្ហា​នេះ ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ។

លោកស្រី​​មាន​ប្រសាសន៍​ថា​ រដ្ឋាភិបាល​កម្ពុជា​កំពុង​ដាក់​ចេញ​នូវ​កម្មវិធី​ជា​ច្រើន ហើយ​យើង​កំពុង​ធ្វើ​ការ​ជាមួយ​រដ្ឋាភិបាល​ ដើម្បី​ធានា​ថា​តើ​គម្រោង​ទាំងអស់​នោះ​នឹង​ត្រូវ​បាន អនុវត្ត​ទៅ​តាម​ច្បាប់​ដូច​អ្វី​ដែល​យើង​រំពឹង​ទុក ឬ​ក៏​អត់។

កាសែត​ The Cambodia Daily ​បាន​ចេញ​ផ្សាយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​ប្រឹក្សា​ប្រតិបត្តិ​នៃ​ធនាគារ​ពិភពលោក​នៅ​ក្នុង​ទី​ក្រុង​វ៉ាស៊ីងតោន ​បាន​គាំទ្រ​របាយការណ៍​ឯករាជ្យ​មួយ​ដែល មាន​ការ​សន្និដ្ឋាន​ថា​ គម្រោង​ចេញ​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​របស់​ខ្លួន​មាន​ទឹកប្រាក់​ចំនួន​២៤,៣ លាន​ដុល្លារ​មាន​ការ​រៀប​ចំ​មិន​បាន​ល្អ​ គ្រប់​គ្រង​មិន​បាន​ត្រឹម​ត្រូវ ហើយ​ឥឡូវ​នេះ​លែង​ដំណើរ​ការ។

អ្នក​ស្រី​ទេព វន្នី​ ដែល​ជា​តំណាង​អ្នក​ភូមិ​បឹង​កក់​បាន​គាំ​ទ្រ​ការ​ប្រកាស​របស់​ធនាគារ​ពិភព​លោក។ អ្នក​ស្រី​បាន​បញ្ជាក់​ថា អ្នក​ភូមិ​បឹង​កក់​មិន​នឹក​ស្មាន​ថា ធនាគារ​ពិភព​លោក​យក​ចិត្ត​ទុក​ដាក់​បញ្ហា​របស់​ពួកគេ​ទេ។

អ្នក​ស្រី​បាន​បន្ថែម​ថា ក្រុម​របស់​អ្នក​ស្រី​បាន​ជួប​ជាមួយ​នឹង ​មន្ត្រី​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​ចំនួន​បី​លើក​ ហើយ​ក្រុម​របស់​អ្នក​ស្រី ​បាន​លើក​អំពី​កង្វល់​របស់​អ្នក​ភូមិ​បឹង​កក់​អំពី​អ្វី​ដែល​យើង​បាន​ជួប​ប្រទះ។ អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖

«ប្រជា​ពលរដ្ឋ​នៅ​តំបន់​បឹង​កក់ គាត់​មិន​ចង់​ធ្វើ​អ្វី​ឲ្យ​ប្រទេស​របស់​យើង​ហ្នឹង អាម៉ាស់មុខ​ឬ មាន​ការ​ផ្ដាច់​ជំនួយ​អ្វី​ទេ។ ពួក​ខ្ញុំ​គ្រាន់​តែ​ចង់​បាន​ដំណោះស្រាយ​ យុត្តិធម៌​សម្រាប់​ពលរដ្ឋ​ខ្មែរ​ដែល​រង​គ្រោះ​នៅ​តំបន់​បឹង កក់។ ខ្ញុំ​សង្ឃឹម​ថា ​អ្វី​ដែល​ពលរដ្ឋ​ស្នើ​នឹង​ដោះ​ស្រាយ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ពេល​ឆាប់ៗ​នេះ»។

លោក ​ផៃ​ ស៊ីផាន​ អ្នក​នាំ​ពាក្យ​នៃ​ទីស្ដីការ​​គណៈរដ្ឋមន្ត្រី​បាន​និយាយ​ថា ​លោក​មិន​បាន​ដឹង​ច្បាស់​ពី​គម្រោង​នេះ​នៅ​ឡើយ។​ លោក​បាន​ប្រាប់​វីអូអេ​ខ្មែរ​ថា៖

«មិន​ដឹង Position យ៉ាង​ណា។ កាល​ពី​ឆ្នាំ​ទៅ​គេ​សម្រេច​ចិត្ត​ផ្សេង​ទៅ។ ថ្ងៃ​នេះ​គេ​សម្រេច​ចិត្ត​ផ្សេង​ទៅ។ បញ្ហា​សួរ​អញ្ចេះ​បើ Freeze (បង្កក) ក៏ Freeze ទៅ​ចុះ។ ចុះ​ឧបមា​ប៉ុន្មាន Project (គម្រោង) ថែម​ទៀត Freeze ទៀត​ធ្វើ​យ៉ាង​ម៉េច​ទៅ»។

គេហទំព័រ​របស់​ធនាគារ​ពិភព​លោក​ប្រចាំ​កម្ពុជា​បញ្ជាក់​ថា​ ធនាគារ​ពិភព​លោក​មិន​បាន យល់​ព្រម​លើ​គម្រោង​ណា​មួយ​នៅ​កម្ពុជា​ទេ ចាប់​តាំង​ពី​ថ្ងៃ​ទី​៣១​ខែ​មករា​មក។ គម្រោង​ចំនួន​បី​ ដែល​មាន​ទឹកប្រាក់​សរុប​ចំនួន​១២៨​លាន​ដុល្លារ​ សុទ្ធ​តែ​កំពុង​ស្ថិត​ក្នុង​ការ​ពិចារណា៕

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: