jump to navigation

រឿង​ផ្ទាល់ខ្លួន៖ រំពាត់​អយុត្តិធម៌ 12/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ចំណី​ជីវិត, រឿង​ផ្ទាល់​ខ្លួន.
Tags: , , , , , , ,
trackback

ក្រោយ​របប​ ប៉ុល ពត បាន​បញ្ចប់​​នៅ​ឆ្នាំ ១៩៧៩ ប្រជាជន​ទូទាំង​ប្រទេស​ត្រូវ​ជួប​ប្រទះ​គ្រោះ​ទុរភិក្ស វា​មិន​ខុស​អី​នឹង​ខេត្ត​ក្រចេះ​នោះ​ទេ​ប្រជាជន​ក្រ​លំបាក​ខ្លាំង​ណាស់ ក្រុម​គ្រួសារ​ជាច្រើន​ត្រូវ​ទៅ​ជីក​ក្ដួច​មក​ពី​ព្រៃ​ជ្រៅ​ ដើម្បី​យក​មក​ដាំ​លាយ​ជាមួយ​បាយ​ញ៉ាំ ជីវិត​មហា​សែន​វេទនា។ នៅ​ឆ្នាំ​នោះ​ដែរ​​ម្ដាយ និង ឪពុក​ខ្ញុំ​បាន​រៀបការ​នឹង​គ្នា ម្ហូបអាហារ​សំរាប់​ពិធី​នោះ​គឺ​យើង​មាន​មាន់ ទា គោ ដែល​យើង​ចិញ្ចឹម​នោះ​ឯង កាល​ពី​សម័យ​នោះ​មិន​ទាន់​មាន​​ផ្នួង​នោះ​ទេ​ ហើយ​ក៏​មិន​ទាន់​មាន​ក្រុម​តន្ត្រី​សម័យ​ បុរាណ​ដែរ ដោយ​ចង់​អោយ​ពិធី​នោះ​កាន់​តែ​ហ៊ឹកហ៊ាក់​ពេល​យប់​​ពួក​គេ​នាំ​គ្នា​គោះ ប៉ោត ធុង​សាំង ហើយ​នាំ​គ្នា​រាំ។

ម្ដាយ​ខ្ញុំ​ត្រូវ​ចាកចេញ​ពី​​ភូមិ​​នៅ​ស្រុកស្រែ​ដាច់​ស្រយាល ​តាម​ឪពុក​របស់​ខ្ញុំ​ ដែល​ជា​កំលោះ​ទីក្រុង។ ក្រោយ​ពេល​ដែល​ពួក​គាត់​រស់នៅ​ជាមួយ​គ្នា​ អស់​ប្រហែល​ជា​ជិត​មួយ​ឆ្នាំ​នៅ​ទី​រួម​ខេត្ត ពួក​គាត់​បង្កើត​បាន​កូន​ប្រុស​មួយ​នោះ​គឺ “រូប​ខ្ញុំ” ដែល​មាន​រាង​ស្គមស្គាំង ឈឺ​ និង យំ​ស្ទើរ​គ្មាន​ពេល​ឈប់។ ក្រោយ​មក​ពួក​គេ​បាន​បង្កើត​បាន​កូនស្រី​ម្នាក់​ទៀត​ តែ​ទោះ​បី​ជា​មាន​ប្អូន​ស្រី​ម្នាក់​ទៀត​ ក៏​ខ្ញុំ​មិន​ដែល​ឈប់​យំ​ដែរ ដោយសារ​ការ​យំ​ច្រើន​របស់​ខ្ញុំ ​ម្ដាយ​របស់​ខ្ញុំ​មាន ជម្លោះ​ជាមួយ​ម្ដាយ​ក្មេក​របស់​គាត់ ហើយ​ការ​បែកបាក់​គ្នា​រវាង​ម្ដាយ​ និង ឪពុក​ខ្ញុំ​បាន​ចូល​មក​ដល់។

ម្ដាយ​របស់​ខ្ញុំ​ត្រូវ​បី​កូន​ទាំង​ពីរ​នាក់​របស់​គាត់​ចាកចេញ​ពី​ផ្ទះ​នោះ ដើរ​​ចំងាយ​ដី​ជិត ២០ គីឡូម៉ែត្រ​ រហូត​ដល់​ផ្ទះ​ដែល​គាត់​ធ្លាប់​រស់នៅ​ឯ​ស្រុក​ស្រែ​ជនបទ​។ គាត់​ក្លាយ​ជា​ស្រី​មេម៉ាយ​ម្នាក់​មក​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​របស់​គាត់ ធ្វើ​ការងារ​ស្រែ​ចំការ​ ដើម្បី​ចិញ្ចឹម​ជីវិត​ពួក​ខ្ញុំ​ដែល​នៅ​តូច​ៗ​នៅ​ឡើយ។ មនុស្ស​គ្រប់​គ្នា​ហាក់​ស្អប់​ខ្ពើម​ខ្ញុំ​កាល​ពេល​នោះ ដោយ​ពួក​គាត់​តែង​គិត​ថា​ខ្ញុំ​ជា​ក្មេង​ចង្រៃ​ម្នាក់ ដែល​នាំ​អពមង្គល​អោយ​ក្រុម​គ្រួសារ តែ​ខ្ញុំ​មិន​ដឹង​ខ្លួន​ទេ​ពេល​នោះ តែ​ខ្ញុំ​គ្រាន់​តែ​ឆ្ងល់​ថា​ “ហេតុអ្វី​បាន​ជា​ពួក​គេ​វាយ ស្អប់ខ្ពើម​ខ្ញុំ”។

ខ្ញុំ​បាន​ចម្រើន​វ័យ​ច្រើន​ជាង ៥ ឆ្នាំ​ភាព​រើសអើង​​ចំពោះ​ខ្លួន​ខ្ញុំ​នៅ​តែ​មាន​ជាប់​រហូត ខ្លួន​ប្រាណ​របស់​ខ្ញុំ​មាន​ស្លាកស្នាម​រំពាត់​គ្រប់​ទី​កន្លែង។ ចាស់​ៗ​នៅ​ពេល​នោះ​ ចូលចិត្ត​វាយ​វាត់​ក្មេង​ណាស់ ពួក​គាត់​វាយ​វាត់​​ហើយ​ពួក​គាត់​ចង់​បា​រង្វាន់​ទៀត​នោះ​គឺ​ពាក្យ​ថា “វាយ​យើង​ដើម្បី​អោយ​យើង​ក្លាយ​ជា​កូន​ល្អ”។ ក្នុង​វ័យ​​ដែល​អាច​ប្រើប្រាស់​បាន​រៀងរាល់​ថ្ងៃ​ខ្ញុំ​ស្គាល់​តែ​ គោ ក្របី ស្រែ​ ចំការ​ ដោយ​គ្មាន​ពេល​ល្ហែល្ហើយ​បាន​រត់​លេង​ដូច​ក្មេង​ដទៃ​ក្នុង​ភូមិ​​នោះ​ទេ។ ​

កាល​នោះ​ខ្ញុំ​មាន​ជីទួត​ស្រី​ម្នាក់​គាត់​តែងតែ​សួរ​ខ្ញុំ​ជា​រឿយ​ៗ​អំពី “ឪពុក​របស់​ខ្ញុំ” តែ​ខ្ញុំ​សួរ​គាត់​វិញ​ថា “ឪពុក​ហ្នឹង​ជា​អ្វី”។ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា ឪពុក​ហ្នឹង​ជា​អ្នក​បង្កើត​ខ្ញុំ​មក​ ដូច​ជា​ អាដាង ដែល​មាន​ ពូ តុល ជា​អ្នក​បង្កើត​វា​មក។ កាល​នោះ​ខ្ញុំ​ជា​ក្មេង​ល្ងង់​ម្នាក់​ខ្ញុំ​អត់​ដឹង​ថា​មនុស្ស​ម្នាក់​ៗ​កើត​មក​ដោយសារ​ ការ​ធ្វើ​តំណពូជ​រវាង​ស្រី+ប្រុស​នោះ​ទេ ខ្ញុំ​ស្មាន​តែ​អ្វី​ៗ​សព្វ​យ៉ាង​កើត​មក​មាន​អញ្ចឹង​ស្រាប់​ទាំង​អស់​ដូច​ ដើម​ស្វាយ ដើម​ខ្វិត ដើម​ក្រូច។

នៅ​ជា​ក្មេង​តូច​ម្នាក់​អ្វី​ក៏​ខ្ញុំ​មិន​ដឹង​ដែរ ខ្ញុំ​ដឹង​តែ​ម៉្យាង​គត់​ថា​ ពេល​ញ៉ាំ​បាយ​ខ្ញុំ​ត្រូវ​តែ​ញ៉ាំ​អោយ​លឿន ព្រោះ​ខ្ញុំ​ឃ្លាន ខ្ញុំ​ញ៉ាំ​បណ្ដើរ​ខ្ញុំ​ត្រូវ​ប្រុង​ប្រយ័ត្ន​អោយ​ជាប់​ជានិច្ច​ ព្រោះ​ចាស់​ៗ​ដែល​អង្គុយ​ជាមួយ​ អាច​នឹង​លើក​ដៃ​ទះ​យើង​គ្រប់​ពេល​វេលា ពេល​ណា​ដែល​ពួក​គេ​មិន​ពេញ​ចិត្ត​ចំណុច​ណា​មួយ។ នៅ​ក្រោម​ខ្ទម​រហែក​ធ្លុះធ្លាយ​នៅ​ក្បាល​ស្រែ​ក្បែរ​ព្រៃ លឺ​តែ​សំឡេង​សត្វ​ប្រើស​យំ កង្កែប​ស្រែក​កង​រំពង ​ភ្លៀង​ផ្គរ​រន្ទះ​​​ឆ្លើយ​ឆ្លង​ពេញ​មេឃ ខ្ញុំ​នៅ​ក្រោម​ខ្ទម​ដែល​រៀប​ចំ​ធ្វើ​ដោយ​ខ្លួន​ឯង​ដើម្បី​ចាំ​ស្រែ និង សំណាប​ដែល​មិន​ទាន់​ដក​នៅ​ឡើយ ខ្ញុំ​បាន​បេះ​ត្រសក់​ព្រៃ​រៀបចំ​ដាក់​ក្នុង​ចាន​​​ញ៉ាំ​បាយ​ ដែល​យក​មក​ជាប់​ខ្លួន ដើម្បី​សែន​ព្រេន។ អ្វី​ដែល​ខ្ញុំ​សែន​ជា​ជា​ការ​បែក​គំនិត​ខ្លួន​ឯង ​​ដោយសារ​តែ​មិន​ដឹង​ធ្វើ​យ៉ាង​ណា ខ្ញុំ​សែន​អោយ​ឃើញ​ទូក​មក ព្រោះ​កាល​នោះ​ទឹក​ឡើង​ប្រៀប​ពាសពេញ​នោះ ខ្ញុំ​សែន​ព្រេន​បន់​អោយ​ទូក​របស់​អ្នក​ផ្ទះ មក​យក​ខ្ញុំ ខ្ញុំ​ចង់​ទៅ​ផ្ទះ ខ្ញុំ​ឃ្លាន ខ្ញុំ​ខ្លាច និង លន្លង់​លន្លោច​ខ្លាំង​ណាស់​នៅ​ទីកន្លែង​ដែល​គេ​​មើល​មិន​ឃើញ ស្រែក​ក៏​គេ​មិន​លឺ។

ជីវិត​កាល​នោះ​មហា​សែន​លំបាក ការងារ​ក៏​ច្រើន គ្មាន​ចំណី ឈឺ​ក៏​ច្រើន និង ត្រូវ​គេ​វាយ​វាត់​រៀងរាល់​ថ្ងៃ​គ្មាន​ពេល​លួស ខ្ញុំ​បាន​រៀន​របៀប​មួយទៀត​គឺ​ពេល​គេ​ទាញ​រំពាត់​ខ្ញុំ​ត្រូវ​យំ និង លើក​ដៃ​សំពះ ស្រែក​សុំទោស​ភ្លាម​ ខ្ញុំ​រៀន​វា​បាន​ស្ទាត់​ជំនាញ ទោះ​បី​ខ្ញុំ​ខ្លួន​ឯង​មិន​ទាំង​ដឹង​ថា​ខ្ញុំ​នេះ​ខុស​ព្រោះ​អ្វី​ផង តែ​ខ្ញុំ​មិន​អាច​គេច​ផុត​នឹង​ទារុណកម្ម​​នោះ​ឡើយ។ ចាស់​ៗ​កាល​សម័យ​នោះ​ដូច​អត់​សូវ​មាន​ចិត្ត​មេត្តា អាណិតអាសូរ​ទេ ប្រហែល​ដោយសារ​តែ​បញ្ហា​ក្នុង​សង្គម​គ្រួសារ​ស្មុគស្មាញ​ពេក​តាម​តែ​ស្មាន។

ថ្ងៃ​មួយ​ខ្ញុំ​លួច​ប្រាប់​ម្ដាយ​មីង​របស់​ខ្ញុំ​ថា​ “ខ្ញុំ​ចង់​រត់” ខ្ញុំ​បាន​ប្រាប់​គាត់ និង សន្យា​ក្នុង​ចិត្ត​ខ្លួន​ឯង​ថា​ថ្ងៃ​ណាមួយ​បាន​ចាកចេញ​ពី​ក្រុម​គ្រួសារ​ និង ភូមិ​ដ៏​កំណាច​នេះ​ខ្ញុំ​នឹង​មិន​ត្រលប់​មក​វិញ​ជា​ដាច់​ខាត។ រហូត​ដល់​ខ្ញុំ​អាយុ ៩ ឆ្នាំ​ស្រាប់​តែ​ឱកាស​មួយ​បាន​មក​ដល់​គឺ​ដោយសារ​តែ​ខ្ញុំ​ដើរ​ជាន់​លើ​បន្លា​លួស​ មុត​យ៉ាង​ជ្រៅ ហើយ​កើត​ជំងឺ​ម៉្យាង​គឺ “តេតាណូស”។ ម្ដាយ​ខ្ញុំ​បាន​ដាក់​ខ្ញុំ​នៅ​រាន​កង់​ខាង​ក្រោយ​ ហើយ​ជិះ​ដឹក​ខ្ញុំ​មក​ទីក្រុង​ដើម្បី​ជួប​ឪពុក​ខ្ញុំ ព្រោះ​គាត់​គឺជា​ពេទ្យ​ម្នាក់​ធ្វើការ​នៅ​មន្ទីរពេទ្យ​ខេត្ត។

ក្រោយ​ពេល​ដែល​ខ្ញុំ​ត្រូវ​បាន​គាត់​ព្យាបាល​ជា​សះស្បើយ​ហើយ​ ចិត្ត​ដែល​គិត​នឹង​រត់​ចេញ​ពី​ភូមិ​នោះ​នៅ​តែ​មាន​ជាប់​ជានិច្ច។ ប៉ុន្មាន​ថ្ងៃ​ក្រោយ​ម្ដាយ​ខ្ញុំ​មក​យក​ខ្ញុំ​ទៅ​ផ្ទះ​វិញ​ ខ្ញុំ​បាន​ប្រាប់​គាត់​ថា​ ខ្ញុំ​អត់​ទៅ​វិញ​ទេ “ដាច់ខាត” តែ​ម្ដាយ​ខ្ញុំ​មិន​ព្រម​ទេ​ព្រោះ​ឪពុក​របស់​គាត់​សង្ខើញ​គាត់​ខ្លាំង​ណាស់ ព្រោះ​ការងារ​ជាច្រើន​កំពុង​រង់ចាំ​ខ្ញុំ។ សំណាង​ល្អ​ជីតា​ខាង​ឪពុក​របស់​ខ្ញុំ​មក​ដល់ ហើយ​មាន​យាយ​ម្នាក់​ដែល​ត្រូវ​ជា​ញាតិ​ដែរ​ថា សូម​អោយ​ក្មេង​ជា​អ្នក​សំរេច​ចិត្ត​ថា​​តើ​ត្រូវ​នៅ​ ត្រូវ​ទៅ​វិញ​តាម​ម្ដាយ​ខ្ញុំ ទីបំផុត​ខ្ញុំ​បាន​ចេញ​ពី​ភូមិ​បាន​ដូច​ក្ដី​បំណង​ប្រាថ្នា។

សង្គម​មួយ​ ដែល​អំណាច​នៅ​ក្នុង​ដៃ​មនុស្ស​ម្នាក់ ដួច​កាល​នោះ​ខ្ញុំ​មិន​ដែល​លឺ​អ្វី​ទៅ​ជា​សិទ្ធិ​មនុស្ស សិទ្ធិ​កុមារ ហើយ​ពួក​គាត់​ចាស់​ៗ​ទាំង​នោះ​មាន​សិទ្ធិ និង អំណាច​អាច​សំរេច​ដោយ​ខ្លួន​ឯង “ទីនោះ​ហើយ​ជា​ឋាននរក​សំរាប់​អ្នក​ទន់​ខ្សោយ” តួយ៉ាង​ដូច​ជា​រូប​ខ្ញុំ​​។ សង្ឃឹម​ថា​អត្ថបទ​នេះ​ជា​បច្ច័យ​មួយ​ សំរាប់​អោយ​​ឪពុក​ម្ដាយ​គ្រប់​រូប​ ដែល​បាន​ប្រសូត​បុត្រ​របស់​ខ្លួន​មក​​ត្រូវតែ ត្រូវ​តែ​ ត្រូវ​តែ ​​ថែរក្សា​ ថ្នាក់ថ្នម​ពួក​គេ​អោយ​​បាន​ល្អ​ប្រសើរ កុំ​ប្រើ​​ហឹង្សារ​​ ការ​វាយ​វាត់​ ដើម្បី​ហាត់​ពត់​កូន​របស់​អ្នក ​ជាង​ការ​ធ្វើ​ជា​គំរូ​​ដ៏​ល្អ​អោយ​កូន​ធ្វើ​តាម  ជាង​ការ​អប់រំ​ដោយ​សម្ដី​ ដោយ​ហេតុផល ការ​ចង្អុល​បង្ហាញ។ ចូរ​ចាំ​ពាក្យ​មួយ​ឃ្លា​រ​ថា “ស្នាម​រំពាត់​អយុត្តិធម៌​នៅ​ដិតដាម​ ឈឺផ្សា នៅ​លើ​ស្បែក​ និង ក្រអៅ​បេះដូង​អស់​មួយ​ជីវិត”។៚​

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: