jump to navigation

រឿង​ផ្ទាល់ខ្លួន៖ ដំណើរ​កំសាន្ដ​ទៅ​ខេត្ត​ស្ទឹងត្រែង 19/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ផ្ទាល់​ខ្លួន.
Tags: , , ,
trackback

ចាប់​តាំង​ពី​ខ្ញុំ​ចាប់​កំណើត​​នៅ​ឆ្នាំ ១៩៨០ លើ​ផែនដី​​ក្នុង​ទឹកដី​ដ៏​សែន​ក្រីក្រ​​​ភាគ​ខាង​កើត​នៃ​ប្រទេស​គឺ​ខេត្ត​ក្រចេះ ខ្ញុំ​មិន​ដែល​ចាកចេញ​ពី​ខេត្ត​ដ៏​សែន​តូច​នេះ​សូម្បី​តែ​ម្ដង ខ្ញុំ​មិន​ដឹង​ថា​មាន​អ្វី​ខ្លះ​នោះ​ទេ​ខាង​ក្រៅ​នៃ​ខេត្ត ​ដែល​ជា​ស្រុក​កំណើត​របស់​ខ្ញុំ ខ្ញុំ​មិន​ដែល​ទៅ​សូម្បី​តែ​ទីក្រុង​ភ្នំពេញ ទោះ​ខ្ញុំ​មាន​ចំណាប់​អារម្មណ៍​ចង់​ដឹង ចង់​ឃើញ​យ៉ាង​ខ្លាំង​យ៉ាង​ណា​ក្ដី។ រហូត​ដល់​ឆ្នាំ ១៩៩៨ វា​ជា​លើក​ទី​មួយ​ដែល​ខ្ញុំ​មាន​ភ័ព្វវាសនា​​បាន​ធ្វើ​ដំណើរ​ម្ដង ខ្ញុំ​​ធ្វើ​ដំណើរ​ទៅ​ខេត្ត​ស្ទឹងត្រែង។ កាល​នោះ​ជា​រដូវ​វស្សា​ កាល​នោះ​មាន​កាណូត​លឿន​ដែល​អាច​អោយ​យើង​ធ្វើ​ដំណើរ​ចំណាយ​ពេល​ តែ​ចំនួន​ប៉ុន្មាន​​ម៉ោង​​តែ​ប៉ុណ្ណោះ ពួក​យើង​មាន​គ្នា​បី​នាក់ មិត្តភ័ក្ដិ​របស់​ខ្ញុំ​ម្នាក់ និង ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ​ម្នាក់។​

វា​ជា​លើក​ទី​មួយ​ ដែល​ខ្ញុំ​បាន​ឃើញ​អ្វី​ផ្សេង​ពី​ទីកន្លែង​ដែល​ខ្ញុំ​តែងតែ​ឃើញ​ដដែល​ៗ អស់​ជាង​ដប់​ឆ្នាំ ទិដ្ឋភាព​​ក្នុង​ខេត្ត​មិន​សូវ​ខុស​ប្លែក​គ្នា​ពី​ខេត្ត​ក្រចេះ​នោះ​ទេ តែ​វា​នៅ​តែ​គួរ​អោយ​ចាប់អារម្មណ៍​បំផុត​ចំពោះ​រូប​ខ្ញុំ អ្វី​ដែល​ទាក់ទាញ​ចំណាប់​អារម្មណ៍​របស់​ខ្ញុំ​ខ្លាំង​​ គឺ​គ្រែ​មាន​ពូក មាន​កម្រាល​ស្អាត មាន​ម៉ាស៊ីន​ត្រជាក់ មាន​បន្ទប់​ទឹក​ ដែល​ខ្ញុំ​មិន​ដែល​គិត​ថា​ខ្ញុំ​មាន​ភ័ព្វ​វាសនា​បាន​ទទួល​ដឹង​របស់​ទាំង​នេះ​ ទាល់​តែ​សោះ​ក្នុង​ជីវិត​កន្លង​មក។ របស់​មួយ​ដែល​ខ្ញុំ​ចាប់អារម្មណ៍​បំផុត​មួយ​ទៀត​នោះ​គឺ​ទូរទស្សន៍ ដែល​មាន​ប៉ុស្តិ៍​ច្រើន​ ដែល​ភាគ​ច្រើន​ជា​ប៉ុស្តិ៍​បរទេស ខ្ញុំ​​មើល​ហើយ​មើល​ទៀត​ស្ទើរ​តែ​ភ្លេច​កេង​ទៅ​ហើយ ចំពោះ​ខ្ញុំ​ពេល​នោះ​គឺ​អស្ចារ្យ​មែន​ទែន វា​អស្ចារ្យ​រហូត​ធ្វើ​អោយ​ខ្ញុំ​មិន​ចង់​អោយ​ដំណើរ​កំសាន្ដ​ របស់​ពួក​យើង​ត្រូវ​បាន​បញ្ចប់។

នៅ​ពេល​នោះ​ក្នុង​ខេត្ត​ស្ទឹងត្រែង ដូច​ជា​មិន​មាន​កន្លែង​កំសាន្ដ​ច្រើន​ទេ យើង​អត់​មាន​ស្គាល់​អ្នកណា​ម្នាក់​ក្នុង​ខេត្ត​នេះ ពួក​យើង​បាន​ជួល​ម៉ូតូ​មួយ​ជិះ​គ្នា​បី​នាក់​ ចាកចេញ​ពី​ទី​រួម​ខេត្ត​ទៅ​ទី​កន្លែង​មួយ ​​ដែល​មាន​អូរ​ដែល​ទីនោះ​គេ​មាន​វារីអគ្គិសនី​​​ដ៏​តូច​មួយ​សំរាប់​ប្រើ ផ្គត់ផ្គង់​ប្រជាជន​ក្នុង​តំបន់​នោះ ពួក​យើង​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ស្ដាប់​ទឹក​ហូរ មើល​ព្រៃឈើ និង ឡាន​ដឹក​អីវ៉ាន់​ឆ្លង​កាត់​ទីនោះ​ម្ដង​ម្កាល។ ដំណើរ​កម្សាន្ត​ពេល​នោះ​ចំពោះ​ខ្ញុំ​​ធ្វើ​អោយ​ខ្ញុំ​បាន​ស្គាល់​របស់​ថ្មី​ៗ​ច្រើន ខ្ញុំ​ស្គាល់​រសជាតិ​គុយទាវ​​ពេល​ព្រឹក បាយ​សាច់​មាន់​ពេល​ថ្ងៃ បង្អែម​ផ្លែឈើ​នៅ​ពេល​ល្ងាច ដែល​វា​ខុស​គ្នា​ឆ្ងាយ​ពី​ជីវិត​រយៈពេល​ជិត​ ២០ ឆ្នាំ​មកនេះ។ នៅ​ពេល​នោះ​ពួក​យើង​បាន​ព្យាយាម​ញ៉ាំ​ម្ហូប​ ដែល​ធ្វើ​ពី​ត្រី​ដ៏​ល្បីល្បាញ​នៅ​ទីនោះ​គឺ​ត្រី ប៉ាស៊ីអ៊ី តែ​ពួក​យើង​មិន​មាន​សំណាង​ទេ យើង​សួរ​តាម​ហាង​មួយ​ចំនួន​ពួក​គេ​ថា​អត់​មាន។

ខ្ញុំ​សប្បាយ​រីករាយ​នឹង​ថត​រូប​ខ្លាំង​ណាស់ ព្រោះ​ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ​មាន​ម៉ាស៊ីនថតរូប​មួយ ហើយ​គាត់​តែងតែ​ប្រាប់​អោយ​ពួក​ខ្ញុំ​ថត​តាម​តែ​ចិត្ត​ចង់ ខ្ញុំ​ថត​ច្រើន​ ក្នុង​ទឹក ក្នុង​ព្រៃ តាម​ផ្លូវ​ និង សូម្បី​តែ​បន្ទប់​កេង ដើម្បី​បង្ហាញ​អួត​គេ​អោយ​ឃើញ​គ្រែ​​មាន​ពូក ទូរទស្សន៍ និង បន្ទប់​ទឹក​ទំនើប (ទំនើប​ក្នុង​ចិត្ត​ក្មេង​ស្រុក​ស្រែ​ម្នាក់)។ ដំណើរ​កំសាន្ដ​របស់​ពួក​​យើង​​ត្រូវ​បាន​បញ្ចប់​ទាំង​មិន​ទាន់​អស់​ចិត្ត ​ខ្ញុំ​ចង់​អោយ​ជីវភាព​របស់​ខ្ញុំ​ស្ថិតស្ថេរ​បែប​នោះ​រហូត ខ្ញុំ​ធុញ​ទ្រាន់​នឹង​ភាព​គ្មាន​លុយ​ទិញ​​របស់​ល្អ ម្ហូប​ឆ្ងាញ់​ញ៉ាំ តែ​ភាព​ថ្កើងថ្កាន​របស់​ខ្ញុំ​នោះ​បាន​​តែ​មួយ​រយៈ​ខ្លី​ប៉ុណ្ណោះ វា​រសាត់​ទៅ​បាត់​ដូច​ជា​ពពុះ​សាប៊ូ​ត្រូវ​ខ្យល់​​បក់​មក​អញ្ចឹង តែ​ចំពោះ​រូប​ខ្ញុំ​ពេល​នោះ​វា​នៅ​តែ​​មោទនភាព​មួយ​ ​និង ជា​សុបិន​ដ៏​ល្អ ខ្ញុំ​តែង​តែ​នឹក​ឃើញ​ពេលវេលា​នោះ​ជា​រឿយ​ៗ ទម្រាំ​ដល់​មួយ​ឆ្នាំ​ក្រោយ​ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ​ មក​ជូន​ខ្ញុំ​ដើរ​កំសាន្ដ​ដូច​អ្វី​ដែល​គាត់​បាន​សន្យា។

លើក​ទី​ពីរ​របស់​ខ្ញុំ​ទៅ​ខេត្ត​ស្ទឹង​ត្រែង​គឺ​នៅ​ឆ្នាំ ២០០៦ តែ​ពេល​នោះ​ខ្ញុំ​មិន​មាន​មិត្តភ័ក្ដិ និង ឪពុក​ចិញ្ចឹម​ទៅ​ជាមួយ​ទេ ខ្ញុំ​ទៅ​ជាមួយ​ភ្ញៀវ​បរទេស​ប្ដី+ប្រពន្ធ​ ដែល​គាត់​ទាំង​ពីរ​នឹង​ធ្វើ​ដំណើរ​ឆ្លង​ទៅ​ប្រទេស​ ឡាវ​តាម​ច្រក​ព្រំដែន​នោះ។ នៅ​តាម​ផ្លូវ​ឡាន​ដែល​ខ្ញុំ​ជិះ​ធ្លាយ​​កង់​ម្ដង តែ​មិនមែន​ផ្ទុះ​នោះ​ទេ បើ​សិន​ជា​ផ្ទុះ​អាច​ក្រឡាប់​បាន​ព្រោះ​តាម​ផ្លូវ​បើក​លឿន វា​ជា​ផ្លូវ​ថ្នល់​នៅ​ជា​ក្រួស​​ក្រហម​នៅ​ឡើយ តាម​ដង​ផ្លូវ​​ដែល​ចិន​ធ្វើ​នោះ​ ហាក់​មិន​បាន​ដាក់​ផ្លាក​សញ្ញា​អោយ​ដឹង​អ្វី​ទេ ដូច​ជា​ផ្លូវ​ខ្លះ​ត្រូវ​បើក​ចុះ​បាត​អូរ កំពុង​តែ​បើក​ក្នុង​ល្បឿន​លឿន​ស្រាប់​តែ​ទៅ​ដល់​​ផ្លូវ​ដាច់​​ បង្កើត​ជា​ភាព​ស្រឡាំងកាំង​ជាន់​​ហ្វ្រាំង​​ស្ទើរ​តែ​មិន​ទាន់ វា​អត់​មាន​ស្ពាន​ហើយ​ត្រូវ​បើក​ចុះ​ទៅ​បាត​អូរ​ វា​អាច​នាំ​មក​គ្រោះ​ថ្នាក់​បាន​យ៉ាង​ងាយ។ នៅ​ឆ្នាំ​ ២០០៦ នោះ​ខ្ញុំ​បាន​ទៅ​កេង​នៅ​សណ្ឋាគារ​ដែល​ខ្ញុំ​កេង​កាល​ពី​ឆ្នាំ ១៩៩៨ ដដែល​ កេង​តែ​ម្នាក់​ឯង​ទេ តែ​នៅ​បន្ទប់​ផ្សេង។ ជីវិត​ក្នុង​ឆ្នាំ ២០០៦ ជីវភាព​ហាក់​​​ប្រសើរ​ជាង​មុន ខ្ញុំ​រៀន​នៅ​មហា​វិទ្យាល័យ​នៅ​ភ្នំពេញ ដែល​អ្វី​ៗ​ទាំង​អស់​នេះ​ ជា​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​ឪពុក​ចិញ្ចឹម​របស់​ខ្ញុំ ខ្ញុំ​​រស់នៅ​​ផ្ទះ​លេខ ១៥៥ Eo ផ្លូវ​ព្រះ​ស៊ីសុវត្តិ ក្បែរ​ផ្សារ​ចាស់ ជាប់​នឹង​ហាង​ម្ហូប​អឺរ៉ុប​មួយ​មាន​ឈ្មោះ​ថា River House មនុស្ស​នៅ​ម្ដុំ​នោះ​ស្គាល់​ខ្ញុំ​ច្រើន អ្នក​ខ្លះ​ស្គាល់​ត្រឹម​តែ​មុខ អ្នក​ខ្លះ​ក៏​ស្គាល់​ដល់​ឈ្មោះ។

វា​ជា​រយៈពេល​តែ​ប៉ុន្មាន​ឆ្នាំ​ប៉ុណ្ណោះ​ជីវិត​រស់នៅ​ទីក្រុង​ភ្នំពេញ តែ​សប្បាយ​រីករាយ​ច្រើន​ ព្រោះ​នៅ​ផ្ទះ​នោះ​មនុស្ស​ភាគ​ច្រើន​ជា​​អ្នក​ចូលចិត្ត​និយាយ​រឿង​សប្បាយ មិន​ប្រកាន់​​ឫកពា​ ហើយ​អ្នក​ទាំង​អស់​គ្នា​នៅ​ទីនោះ​ជា​មនុស្ស​ចិត្ត​ល្អ ពួក​យើង​ស្រលាញ់​រាប់​អាន​គ្នា​ដូច​បង ប្អូន​បង្កើត មិត្តភ័ក្ដិ​របស់​ខ្ញុំ​ភាគ​ច្រើន​សុទ្ធ​តែ​ស្គាល់​អ្នក​ផ្ទះ​នោះ។ ឥឡូវ​នេះ​អាជីវកម្ម​ដែល​ធ្លាប់​មាន​នៅ​ផ្ទះ​នោះ​ត្រូវ​បិទ​ចោល មនុស្ស​ក្នុង​ផ្ទះ​នោះ​ ដែល​ស្និទ្ធស្នាល​នឹង​ខ្ញុំ​ត្រូវ​​​បែក​ចេញ​រៀង​ខ្លួន ទៅ​ប្រកប​របរ​រកស៊ី​រៀង​ខ្លួន តែ​មិន​ដឹង​ថា​តើ​មុខ​របរ​របស់​ពួក​គេ​​គាប់​ប្រសើរ​យ៉ាង​ណា​ទេ ខ្ញុំ​សង្ឃឹម​ថា​ពួក​គេ​នឹង​រក​កម្រៃ​អាច​រស់នៅ​ជីវិត​ក្នុង​ទីក្រុង​មួយ​នេះ​បាន​ ខ្ញុំ​ដឹង​ថា​ក្នុង​ចិត្ត​ពួក​គេ​​នៅ​ចងចាំ​ខ្ញុំ​ វា​ដូច​ជា​ខ្ញុំ​ដែរ​​ ដែល​មិន​ភ្លេច​ពួក​គេ គ្រប់​ពេល​ដែល​​មាន​បញ្ហា​អ្វី​មួយ​កើត​ឡើង​ក្នុង​ទីក្រុង​ភ្នំពេញ ពួក​គេ​តែងតែ​ផុស​ឡើង​ក្នុង​ចិត្ត​ខ្ញុំ តួយ៉ាង​ដូចជា​កាល​ពី​ចលាចល​ជាន់​គ្នា​ស្លាប់​នៅ​កោះពេជ្រ។

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: