jump to navigation

រឿង​ផ្ទាល់​ខ្លួន៖ គ្មាន​​សេចក្ដី​សុខ​ណា ស្មើ​នឹង​សេចក្ដី​ស្ងប់ 24/09/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, រឿង​ផ្ទាល់​ខ្លួន.
Tags: , , , ,
trackback

កាល​ពី​វ័យ​ក្មេង​ចាស់​ៗ​តែងតែ​ស្ដី​បន្ទោស និង វាយ​វាត់​រូប​ខ្ញុំ​ហើយ​ប្រាប់​ខ្ញុំ​ថា “ហ្អែង​នេះ​ល្ងង់​ណាស់” ចាស់​ៗ​នៅ​ទីនោះ​ចូលចិត្ត​និយាយ​ពាក្យ “ហ្អែង ហង” ដាក់​​មនុស្ស​ដែល​មាន​វ័យក្មេង​ជាង​ពួក​គាត់ ជា​ពិសេស​និយាយ​ទៅ​កាន់​ពួក​ក្មេង​ៗ​យើង​តែ​ម្ដង។ ពួក​គាត់​ស្ដី​បន្ទោស​ចំណុច​ជាច្រើន​ថា​ខ្ញុំ​គឺជា​ក្មេង​ល្ងង់​ម្នាក់ ពួក​គាត់​ចង់​អោយ​ខ្ញុំ​ធ្វើ​តាម​ពួក​គាត់​ តែ​រហូត​ដល់​ថ្ងៃ​នេះ​ខ្ញុំ​ជា​មនុស្ស​ធំ​ពេញ​វ័យ​ម្នាក់​ ហើយ​ខ្ញុំ​មើល​ឃើញ​យ៉ាង​ច្បាស់​ថា​ចំណុច ដែល​ពួក​គាត់​និយាយ​ថា​ខ្ញុំ​ល្ងង់ “មិន​ត្រឹមត្រូវ​ទេ” តាម​ការ​ពិត​ “ខ្ញុំ​ជា​មនុស្ស​មាន​ចិត្ត​ស្អាតស្អំ​ម្នាក់” ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​មិន​គិត​ប្រយោជន៍​ខ្លួន​តែ​មួយ​មុខ ​ខ្ញុំ​គិត​ក្រែង​ដល់​ការ​លំបាក​របស់​​អ្នក​ដទៃ​ច្រើន និយាយ​អោយ​ខ្លី​ជា​មនុស្ស​មិន​ស្រវា​វេច។

ខ្ញុំ​រីករាយ​នឹង​ខ្លួន​ខ្ញុំ ​ដែល​មិន​យក​តម្រាប់​តាម​ការ​ប្រាប់​របស់​ពួក​គាត់ ដូច្នេះ​បេះដូង​របស់​ខ្ញុំ​ថ្ងៃ​នេះ​​​ស​ស្អាត មាន​ពេល​ខ្លះ​ខ្ញុំ​ហាក់​នឹក​ខឹង​ពួក​គាត់​ ថា​ហេតុអ្វី​បាន​ជា​ពួក​គាត់​ទូន្មាន​ខ្ញុំ​អោយ​ធ្វើ​ជា​មនុស្ស​បែប​នោះ ពេល​ខ្លះ​ខ្ញុំ​ក៏​អង្គុយ​នឹក​ដល់​​អំពើ​ជាច្រើន ដែល​ពួក​គាត់​ប្រព្រឹត្ត​ចំពោះ​ញាតិ​មិត្ត ​អ្នក​ជិត​ខាង​ក្នុង​ភូមិ​ ដោយ​ការ​ពិចារណា​លើ​រាល់​សកម្មភាព​ទាំង​នោះ​​ទើប​ខ្ញុំ​ទាញ​បាន​សេចក្ដី​សន្និដ្ឋាន​​មួយ​ថា​ នេះ​ហើយ​ជា​មូលហេតុ​ដែល​​​ធ្វើ​អោយ​សង្គម​ខ្មែរ​ត្រូវ​ បែក​ប្រេះ​​ បាត់​បង់​អស់​សន្តិភាព សូម្បី​តែ​សន្តិភាព​ក្នុង​សមាគម​ដ៏​មហា​តូច​មួយ​ក្នុង​ភូមិ។

ពួក​គាត់​ជា​មនុស្ស​ដែល​ស្រលាញ់​ “លុយ” គ្រប់​ជំហាន​ពួក​គាត់​គិត​ដល់​ប្រយោជន៍​​ជា​ដំបូង ពួក​គាត់​មាន​លុយ​ច្រើន​ជាង​ខ្ញុំ​ឆ្ងាយ​ តែ​គ្រប់​​ពេល​ពួក​គាត់​តែងតែ​មាន​អារម្មណ៍​ថា​ “ខ្វះ​ខាត” ខ្ញុំ​អត់​មាន​លុយ​ច្រើន​ដូច​ពួក​គាត់​ទេ តែ​ខ្ញុំ​មាន​អារម្មណ៍​ថា “គ្រប់គ្រាន់” ព្រោះ​​ខ្ញុំ​មិន​ទាមទារ​ច្រើន​​សំរាប់​ជីវិត​ដូច​ពួក​គាត់​ទេ ដូច​ព្រះពុទ្ធ​សំដែង​មក​ថា “គ្មាន​សេចក្ដី​សុខ​ណា​ស្មើ​នឹង​សេចក្ដី​ស្ងប់”។ ពួក​គាត់​ប្រឹងប្រែង​ខ្លាំង​ណាស់ ​ដើម្បី​ប្រកួត​ប្រជែង​គ្នា​ជាមួយ​អ្នក​ពួក​គាត់​ស្គាល់ ពួក​គាត់​ប្រឹង​ខ្លាច​ចាញ់​គ្នា រហូត​ដល់​ពួក​គាត់​​ចាស់​ជរា​រៀង​ៗ​ខ្លួន​ តែ​ពួក​គាត់​នៅ​តែ​រក​សេចក្ដី​ឈ្នះ​មក​ដាក់​ខ្លួន​មិន​បាន ហើយ​ពួក​គាត់​នៅ តែ​ព្រួយ​បារម្ភ​នៅ​ខ្លាច​ចាញ់​ដដែល តែ​ពួក​គាត់​គិត​មិន​ទាន់​ឃើញ​ទាល់​តែ​សោះ​ថា​អ្វី​ដែល​ពួក​គាត់​ចាញ់​គឺ “ភាព​ឈ្នានីស ភាព​លោភលន់ ភាព​មិន​ចេះ​ស្កប់ស្កល់”។

មាន​តែ​ខ្ញុំ​ទេ​ជា​អ្នក​ឈ្នះ​ព្រោះ​ខ្ញុំ​មិន​ឈ្នានីស មិន​លោភលន់ និង ស្កប់ស្កល់​នឹង​អ្វី​ដែល​ខ្ញុំ​មាន​សព្វ​ថ្ងៃ។ ខ្ញុំ​តែងតែ​ដើរ​ដោយ​ជើង​ខ្លួន​ឯង ហើយ​មិន​តូច​ចិត្ត​ទេ ខ្ញុំ​ពេញ​ចិត្ត​យ៉ាង​​បរិបូរណ៍​តែ​ម្ដង តែ​បើ​ប្រៀបធៀប​នឹង​មនុស្ស​មួយ​ចំនួន ​ដែល​ជិះ​ឡាន​ទំនើប​ដល់​ទៅ​ស៊េរី ២០១០ ពួក​គេ​ហាក់​នៅ​តែ​មិន​ទាន់​សប្បាយ​ចិត្ត​ដូច​ខ្ញុំ​ទេ ព្រោះ​តែ​អ្នក​ដែល​គាត់​ស្គាល់​ម្នាក់​ទៀត​​ជិះ​ ឡាន​ស៊េរី ២០១១។ ខ្ញុំ​អត់​មាន​អំណាច​អ្វី​បន្តិច ​​សំរាប់​គ្រប​ដណ្ដប់​លើ​អ្នក​ដទៃ ហើយ​ខ្ញុំ​ក៏​អត់​ប្រាថ្នា​ចង់​បាន​ដែរ តែ​ខ្ញុំ​សប្បាយ​ចិត្ត​ជាង​អស់​លោក​ដែល​មាន​ផ្កាយ​មាស​ បួន​ ពាក់​លើ​ស្មា​ ហើយ​នៅ​មើល​ឃើញ​ថា​មាន​អ្នក​ពាក់​ផ្កាយ​មាស​លើ​ស្មា​ដល់​ទៅ ប្រាំ ហើយ​ចង់​បាន​ដែរ​។

អញ្ចឹង​យើង​ចូល​ដល់​បញ្ហា​នយោបាយ​ស្រុក​ទេស​វិញ យើង​និយាយ​អំពី​ការ​ចង់​ផ្លាស់ប្ដូរ អ្នក​ដឹកនាំ​ប្រទេស ទាំង​អ្នក​ប្រឆាំង អ្នក​មិន​ប្រឆាំង​ចំ​មុខ តើ​ពួក​គេ​ស្អប់​ខ្ពើម​ការ​ដឹកនាំ​ដ៏​​កខ្វក់​របស់​​រដ្ឋាភិបាល​ភ្នំពេញ​រាល់ថ្ងៃ? ឬ​មួយ​ពួក​គេ​គ្រាន់​តែ​ចង់​បាន​អំណាច ផ្កាយ​មាស​ចំនួន​ដល់​ទៅ​ប្រាំ ពាក់​លើ​ស្មា​នឹង​គេ​ដែរ? នេះ​ជា​សំណួរ​ដែល​អស់​លោក​អ្នក​នយោបាយ​ត្រូវ​សួរ​ខ្លួន​ឯង​អោយ​ច្បាស់ បើ​អស់​លោក​ប្រាថ្នា​ចង់​បាន​ផ្កាយ​មាស​ប្រាំ​មក​ពាក់​លើ​ស្មា​ អញ្ចឹង​មិន​បាច់​ផ្លាស់ប្ដូរ​​អ្នក​ដឹកនាំ​អី​ទេ ព្រោះ​វា​នឹង​គ្មាន​អ្វី​ខុស​ប្លែក​ពី​ការ​ដឹក​នាំ​របស់​​លោក ហ៊ុន សែន សព្វ​ថ្ងៃ​នេះ​ទេ។​៚

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: