jump to navigation

ព័ត៌មាន​ដកស្រង់៖ ប្រវត្តិ​សង្ខេប​ កាំង ហ្កេចអ៊ាវ ហៅ ឌុច 04/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រវត្តិសាស្ត្រ​ខ្មែរ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
trackback

  • ដកស្រង់​ចេញ​ពី​៖ វិទ្យុ​បារាំង​ខេមរភាសា

នៅ​ក្នុង​ចំណោម​អតីត​មេដឹកនាំ​ខ្មែរក្រហម ដែល ​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ធ្វើ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន ឌុច គឺ​ជា​មនុស្ស​ទីមួយ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស ពី​បទឧក្រិដ្ឋ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ថ្វីដ្បិត​តែ ឌុច មិនមែន​ជា​មេដឹកនាំ​ជាន់​ខ្ពស់ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏ប៉ុន្តែ ឌុច ជា​មេ​គុក​ទួលស្លែង​ជាប់​ពាក់ព័ន្ធ​​នឹង​ការ​ធ្វើ ទារុណកម្ម និង​សម្លាប់​មនុស្ស​​​ជាង ១ម៉ឺន ២ពាន់នាក់។ តើ ឌុច ជា​នរណា?

ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅវើយ ឃុំ​ពាម​បាង ​ស្រុកស្ទោង ខេត្ត​កំពង់ធំ។ កាំង ហ្កេចអ៊ាវ ជា​កូន​កាត់​ចិន មាន​បង​ប្អូន​បង្កើត ៥នាក់ នៅ​ក្នុង​ត្រកូល​​ជា​កសិករ​ក្រីក្រ។

  • ការសិក្សា និង​អាជីព​ជា​គ្រូ​បង្រៀន

ក្រោយ​ពី​ប្រឡង​ជាប់​បាក់អង នៅ​កំពង់ធំ កាំង ហ្កេចអ៊ាវ បាន​មក​រៀន​នៅ​វិទ្យាល័យ​ដ៏ល្បីល្បាញ​មួយ ក្នុង​ក្រុង​ភ្នំពេញ គឺ​វិទ្យាល័យ​​ព្រះស៊ីសុវត្ថិ ហើយ​​បាន​ស្នាក់នៅ​វត្ត​ឧណ្ណាឡោម។

នៅ​ឆ្នាំ​១៩៦៤ កាំង ហ្កេចអ៊ាវ បាន​ប្រឡង​ជាប់​បាក់ឌុប​ ដោយ​​ជាប់​ជា​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា។ បន្ទាប់​មក កាំង ហ្កេចអ៊ាវ បាន​ទៅ​ចូល​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ នៅ​ជិត​វិមាន​ឯករាជ្យ។

នៅឆ្នាំ១៩៦៥ កាំង ហ្កេចអ៊ាវ បាន​ចេញ​ទៅ​ធ្វើ​គ្រូ​បង្រៀន​ផ្នែក​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ​នៅ​វិទ្យាល័យ​ស្គន់ ខេត្ត​កំពង់ធំ។ ​អ្នក​ដែល​ធ្លាប់​រៀន​ជា​មួយ កាំង ហ្កេចអ៊ាវ បាន​ឲ្យ​ដឹង​ថា កាំង ហ្កេចអ៊ាវ គឺ​ជា​គ្រូ​ម្នាក់​ដែល​មាន​ចរិត​ស្លូតបូត រាក់ទាក់ មិន​ចេះ​វាយឫក និង​ស្និទ្ធស្នាល​ជាមួយ​សិស្ស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​ស្រលាញ់​ ចូលចិត្ត​គ្រប់ៗ​គ្នា។

  • ការចូល​បក្ស​កុម្មុយនិស្ត

ពេល​​ស្នាក់នៅ​​រៀន​​ក្នុង​ក្រុង​​​ភ្នំពេញ កាំង ហ្កេចអ៊ាវ ដែល​ជា​កូន​ចៅ​កសិករ​ក្រីក្រ បាន​មើល​ឃើញ​ពី​គម្លាត​យ៉ាង​ឆ្ងាយ​​​រវាង​​អ្នកក្រ និង​អ្នកមាន​។ ពេល​នោះ​ហើយ ដែល កាំង ហ្កេចអ៊ាវ ចាប់​ផ្តើម​មាន​គំនិត​ស្អប់​ខ្ពើម​វណ្ណៈសក្តិភូមិ ហើយ​ស្រឡាញ់​ចូលចិត្ត​គំនិត​​កុម្មុយនិស្ត។

ម្យ៉ាងទៀត កាលពីពេល​​កំពុង​រៀន​នៅ​វិទ្យា​ស្ថាន​គរុកោសល្យ កាំង ហ្កេចអ៊ាវ បាន​ស្គាល់​ជនកុម្មុយនិស្ត​ដ៏​សំខាន់​ម្នាក់ គឺ សុន សេន ដែល​ពេល​នោះ​ជា​នាយក​វិទ្យាស្ថាន ហើយ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​របប​​ខ្មែរក្រហម​។

នៅឆ្នាំ១៩៦៧ នៅ​ពេល​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កំពង់​ធំ កាំង ហ្កេចអ៊ាវ ក៏បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​បាន​ស្គាល់​ ទង់ សេងហឿន ដែល​​ក្រោយ​មក​បាន​​ក្លាយ​ទៅ​ជា​ជំនួយការ​របស់​ ឌុច នៅ​​គុក​ទួល​ស្លែង។

នៅ​ឆ្នាំ​ដដែល​នោះ កាំង ហ្កេចអ៊ាវ ត្រូវបាន​ប៉ូលិស​នៃ​រដ្ឋាភិបាល​សង្គមរាស្រ្ត​និយម​​ចាប់​ខ្លួន យក​ទៅ​ដាក់​គុក​ព្រៃស នៅ​ភ្នំពេញ។ នៅ​​ក្នុង​គុក កាំង ហ្កេចអ៊ាវ បាន​ជួប​ជាមួយ ម៉ម ណៃ ហៅ ចាន់ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​អនុប្រធាន​របស់​ ឌុច នៅ​គុក​ទួលស្លែង។

ក្រោយរដ្ឋប្រហារ ខែមីនា ឆ្នាំ១៩៧០ កាំង ហ្កេចអ៊ាវ ត្រូវ​បាន​រដ្ឋាភិបាល​ថ្មី​លើក​លែង​ទោស។ ចេញ​ពី​គុក កាំង ហ្កេចអ៊ាវ មិនបាន​វិលត្រឡប់​ទៅ​កំពង់ធំវិញ​ទេ ប៉ុន្តែ ត្រឡប់​​ទៅ​ស្នាក់​នៅ​ក្នុង​វត្ត​ឧណ្ណាឡោម​ ​ដែលជា​កន្លែង​​ធ្លាប់​​ស្នាក់​នៅ កាល​នៅ​ជា​សិស្ស។

អតីតព្រះសង្ឃ​នៅ​វត្ត​ឧណ្ណាឡោម ដែលជា​មិត្ត​ជិតស្និទ្ធិ​របស់ កាំង ហ្កេចអ៊ាវ បាន​ឲ្យ​ដឹង​ថា អ្នក​នៅ​វត្ត​ឧណ្ណាឡោម អ្នក​ណា​ក៏​ដឹង​ដែរ​ថា កាំង ហ្កេចអ៊ាវ គឺ​ជា​ខ្មែរក្រហម។ កាំង ហ្កេចអ៊ាវ ដែល​មាន​ឈ្មោះ​ក្រៅ​មួយ​ទៀត​ថា គៀវ មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធិ​ជាមួយ ខៀវ សំផន ជាមួយ ជួន ជឿន និង​ជា​ពិសេស ជាមួយ សុក ធួក ហៅ វ៉ន វ៉េត ដែល​សុទ្ធសឹង​តែ​បាន​ក្លាយ​ជា​មេដឹកនាំ​ជាន់ខ្ពស់​នៃ​របប​ខ្មែរ​ក្រហម (ខៀវ សំផន ក្លាយ​ជា​ប្រមុខ​រដ្ឋ ជួន ជឿន ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល និង​វ៉ន វ៉េត ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​សេដ្ឋកិច្ច)។

  • ការ​រត់​ចូល​ព្រៃ​​ធ្វើ​បដិវត្តន៍

នៅឆ្នាំ១៩៧៣ កាំង ហ្កេចអ៊ាវ បាន​រត់​ចេញ​ពី​ភ្នំពេញ ទៅ​ចូល​រួម​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​តាម​បណ្តោយ​ជួរ​ភ្នំក្រវ៉ាញ។ កាំង ហ្កេចអ៊ាវ បាន​ចាប់​ផ្តើម​ប្រើ​ឈ្មោះ​បដិវត្តន៍​ថា ឌុច ហើយ​ត្រូវ​បាន វ៉ន វ៉េត តែង​តាំង​ឲ្យ​ធ្វើ​ជា​មេគុក ដែល​មាន​លេខ​សម្ងាត់​ថា ម១៣ ស្ថិត​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ។ ក្រោយ​មក ឌុច បាន​បង្កើត​គុក​មួយ​ទៀត ដែល​មាន​លេខ​សម្ងាត់​ថា ម៩៩ ស្ថិត​នៅ​ជើង​ភ្នំ​ឱរ៉ាល់។

បើទោះជាពេលនោះ ពួក​ខ្មែរ​ក្រហម​នៅ​មិន​ទាន់​ឡើង​កាន់​អំណាច​ក៏​ដោយ តែ​គុក​ដែល ឌុច កាន់កាប់ មានទីតាំង​​ស្ថិត​នៅ​ក្នុង​តំបន់​រំដោះ ដូច​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​ខ្មែរ​ក្រហម​ពេញ​ទី។ មាន​អ្នក​ទោស​រាប់​ម៉ឺន​នាក់​បាន​ជាប់​នៅ​គុក​ទាំង​ពីរ​ខាង​លើ​នេះ។ គឺ​ចាប់​ពេល​នោះ​ហើយ​ដែល ឌុច បាន​ចាប់​ផ្តើម​ដក​ពិសោធន៍​របៀប​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​អ្នក​ទោស។

ក្នុងពេលនៅតស៊ូ​ក្នុង​ព្រៃ ឌុច បាន​រៀបការ​ជាមួយ​នឹង ឈឹម សុផល ហៅ រ៉ុម ដែល​រស់​នៅ​ក្នុង​ភូមិ​​មួយ ក្បែរ​កន្លែង ឌុច ធ្វើការ។

  • នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ

ក្រោយពេលដែលខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឌុច ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស២១ ហៅ គុក​ទួល​ស្លែង នៅ​ក្រុង​ភ្នំពេញ។

យោងតាមឯកសារ​នៅ​គុក​ទួល​ស្លែង ដែល​បច្ចុប្បន្ន​រក្សា​ទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថ្នាក់​លើ​របស់ ឌុច គឺ សុន សេន ហៅ ខៀវ អតីត​គ្រូ​បង្រៀន​របស់ ឌុច ​នៅ​វិទ្យាស្ថាន​គរុកោសល្យ និង នួន ជា ហៅ បងនួន អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា។ នៅ​ក្នុង​ឯកសារ​ទាំង​នេះ គេ​ឃើញ​មាន​ហត្ថលេខា​របស់ ឌុច លើ​កំណត់​ហេតុ​បញ្ជូន​ទៅ​ថ្នាក់​លើ និង​ចំណារ​របស់ ឌុច បញ្ជា​ឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់ ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នក​ទោស​ជា​ដើម។

នៅចន្លោះឆ្នាំ១៩៧៨ ដល់​ដើម​ឆ្នាំ​១៩៧៩ គឺ​ជា​រយៈពេល​ដែល​ខ្មែរ​ក្រហម​បង្កើន​ប្រតិបត្តិការ​បោស​សំអាត​ផ្ទៃ​ក្នុង​ បក្ស​ខ្លាំង​ក្លា​ជាង​គេ។ ក្នុង​ពេល​នោះ​ មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​យ៉ាង​ច្រើន​​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ ឌុច ធ្វើ​ទារុណកម្ម​សួរចម្លើយ​នៅ​គុក​ទួលស្លែង។ ឌុច បាន​​រៀប​ចំ​​ចង​ក្រង​ឯកសារ​ជា​ច្រើន​ស្តីពី​ប្រវត្តិរូប និង​ចម្លើយ​សារភាព​របស់​អ្នក​ទោស។ គឺ​ឯកសារ​ទាំង​នេះ​ហើយ ដែល​បាន​ក្លាយ​ទៅ​ជា​ភស្តុតាង​យ៉ាង​សំខាន់ ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ ខ្មែរ​ក្រហម។

  • ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម

នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឌុច ស្ថិត​ក្នុង​ចំណោម​មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​ចុង​ក្រោយ​គេ​បង្អស់ ដែល​បាន​រត់​ចេញ​ពី​ភ្នំពេញ។ ឌុច បាន​ទៅ​ដល់​ប្រទេស​ថៃ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​១៩៧៩។ នៅ​ក្នុង​អំឡុង​ពេល​នោះ មិន​សូវ​មាន​ព័ត៌មាន​ច្បាស់លាស់​សរសេរ​ពី​ជីវិត​របស់ ឌុច នោះ​ទេ។ នៅ​ក្នុង​ឯកសារ​ខ្លះ ដូចជា សៀវភៅ​របស់​លោក Nic Danlop ដែល​មាន​ចំណងជើង​ថា “The Lost Executioner” ឬ ពេជ្ឈឃាត​បាត់​ខ្លួន បាន​សរសេរ​ថា ឌុច បាន​ទៅ​នៅ​ជួបជុំ​គ្រួសារ​របស់​គាត់​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ស្រុក​សំឡូត។ ឌុច ត្រូវ​បាន បង​ទីពីរ នួន ជា ដក​តំណែង​ក្នុង​ហេតុផល​​ថា ឌុច មិន​បាន​កម្ទេច​ឯកសារ​នៅ​គុក​ទួល​ស្លែង​ឲ្យ​អស់​មុន​នឹង​រត់​ចេញ​ពី​​ភ្នំពេញ។ ក្រោយ​មក ឌុច បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​គណិតវិទ្យា​ នៅ​សាលា​រៀន​មួយ ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ស្ថិត​ក្នុង​ទឹក​ដី​ថៃ។

នៅឆ្នាំ១៩៨៦ ឌុច ត្រូវ​បាន​មេដឹកនាំ​ខ្មែរ​ក្រហម ​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន ​ភាសាខ្មែរ នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ក្រុង​ប៉េកាំង ប្រទេស​ចិន។ មួយ​ឆ្នាំ​ក្រោយ​មក ឌុច បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ ហើយ​បាន​ដូរ​ឈ្មោះ​ទៅ​ជា ហង្ស ពិន វិញ។ ឌុច បាន​ទៅ​បម្រើ​ការ​នៅ​ការិយាល័យ​របស់ ប៉ុល ពត ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​៥០៥។

ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ឌុច បាន​នាំ​គ្រួសារ​ទៅ​រស់​នៅ​ភូមិ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។ ឌុច បាន​វិល​ត្រឡប់​ទៅ​ប្រកប​របរ​ជា​គ្រូ​បង្រៀន​វិញ។ នៅ​ឆ្នាំ​១៩៩៥ ក្រោយ​ពី រ៉ុម ជា​ប្រពន្ធ​បាន​ស្លាប់​ដោយ​សង្រ្គាម ឌុច បាន​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ស្វាយ​ចេក​វិញ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល ឌុច បាន​ថ្វាយ​ខ្លួន​ជឿ​ព្រះ​យេស៊ូវ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ បន្ទាប់​មក ឌុច បាន​ក្លាយ​ទៅ​ជា​គ្រូ​គង្វាល​ជំនួយ នៅ​ក្នុង​​ព្រះវិហារ​មួយ​ឈ្មោះ Golden Western Cambodian Christian Church។

នៅឆ្នាំ១៩៩៧ ក្រោយ​ពី​មាន​ការ​បែក​បាក់​នៅ​ក្នុង​ចំណោម​ជួរ​ថ្នាក់​ដឹក​នាំ​ខ្មែរ​ក្រហម ឌុច បាន​រត់​ចេញ​ពី​ស្វាយ​ចេក ទៅ​កាន់​ប្រទេស​ថៃ។ ឌុច បាន​បម្រើ​ការ​ក្នុង​អង្គការ​មនុស្សធម៌​ផ្នែក​សុខាភិបាល​មួយ នៅ​ក្នុង​ជំរំ Ban Ma Muang។ រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប ឌុច ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ ដោយ​ខ្លាច​គេ​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​ថា​ជាអតីត​មេ​គុក​ទួល​ស្លែង ឌុច មិន​បាន​ត្រឡប់​ទៅ​ស្រុក​ស្វាយ​ចេក​វិញ​ទេ។ ឌុច បាន​ទៅ​ធ្វើ​ការ​ឲ្យ​អង្គការ​គ្រីស្ទាន​មួយ ឈ្មោះ World Vision នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់​ដំបង។

  • ការ​ចាប់​ខ្លួន

នៅឆ្នាំ១៩៩៩ អ្នកកាសែត​បរទេស​ពីរ​រូប គឺ Nate Thayer និង Nic Dunlop បាន​ទៅ​ជួប​សម្ភាស​ជាមួយ ឌុច។ ក្រោយ​ពី​បទសម្ភាសន៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​ទស្សនាវដ្តី​ សេដ្ឋកិច្ច​ចុង​បូព៌ា (ឬ​តាម​ភាសា​អង់គ្លេស​ថា Far Eastern Economic Review) ឌុច​ ក៏​បាន​ចូល​សារភាព ប្រគល់​​ខ្លួន​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​។ ចាប់​ពី​ពេល​នោះ​មក ឌុច ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ខ្លួន​នៃ​តុលាការ​យោធា ក្នុង​ក្រុង​ភ្នំពេញ។

នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវ​បាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា ទៅ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ។ ឌុច ត្រូវ​បាន​តុលាការ​ពិសេស​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ថ្វី​ដ្បិត​តែ ឌុច មិន​មែន​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ ក្នុង​ឋានៈ​ជា​ប្រធាន​គុក​ទួល​ស្លែង ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ ឌុច ត្រូវ​បាន​ចាត់​បញ្ជូល​ក្នុង​ចំណោម​ “អ្នក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម នៅ​ក្នុង​របប​ខ្មែរ​ក្រហម” ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា១ នៃ​ច្បាប់​ស្តី​ពី​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ។

  • ឌុច សារភាពកំហុស តុលាការ​សម្រាល​ទោស​​ត្រឹម​ជាប់​គុក ៣៥​ឆ្នាំ

នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១០ អង្គជំនុំជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រកាស​សាលក្រម សម្រេច​ឲ្យ​ កាំង ហ្កេចអាវ ហៅ ឌុច ជាប់​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរ លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។ ក៏ប៉ុន្តែ ដោយ​ ឌុច បាន​សារភាព​កំហុស និង​បាន​សហការ​ជាមួយ​តុលាការ ចៅក្រម​​បាន​សម្រេច​ផ្តន្ទាទោស ឌុច ឲ្យ​ជាប់​ពន្ធនាគារ​តែ ៣៥​ឆ្នាំ​ប៉ុណ្ណោះ។

ពី​រយៈពេល ៣៥​ឆ្នាំ​នេះ ត្រូវ​កាត់​បន្ថយ ៥​ឆ្នាំ បន្ថែម​ទៀត ដោយ​តុលាការ​យល់​ឃើញ​ថា ការ​ឃុំខ្លួន​ឌុច នៅ​ក្នុង​តុលាការ​យោធា​កម្ពុជា ពី​ឆ្នាំ​១៩៩៩ គឺ​ជា​ការ​ឃុំខ្លួន​ខុស​នីតិវិធី។ ទី​បញ្ចប់ ទោសរបស់ ឌុច នៅ​សល់​តែ ៣០​ឆ្នាំ​ប៉ុណ្ណោះ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន ពោល​គឺ​ពី​ឆ្នាំ​១៩៩៩មក។

បើ​រាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម ឌុច នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​តែ​ជាង ១៨​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ដល់​ពេល​ផុត​​ទោស ឌុច នឹង​មាន​អាយុ​ ៨៦​ឆ្នាំ។ ប្រសិន​បើ​ ឌុច អាច​នៅ​រស់​លើស​ពី ៨៦​ឆ្នាំ ឌុច​ នឹង​អាច​ដើរចេញ​ពី​គុក​​ ហើយ​អាច​រស់នៅ​ដោយ​មានសេរីភាព​វិញ​បាន។

ហេតុ​នេះ​ហើយ​បាន​ជា​ជនរងគ្រោះ ​បាន​នាំគ្នា​សម្តែងការ​មិនពេញ​ចិត្ត ​ចំពោះ​ការ​សម្រេច​ទោស​នេះ។ នៅ​ក្រោយ​ពេល​ប្រកាស​សាលក្រម​ ឌុច ភ្លាម លោក​ ជុំ ម៉ី អតីត​អ្នកទោស​គុក​ទួលស្លែង​​បាន​ផ្ទុះកំហឹង​យ៉ាងខ្លាំង​ចំពោះ​​ការសម្រេច​ទោស​លើ​ ឌុច។ លោក ជុំ ម៉ី ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​ឲ្យ ឌុច ជាប់គុក​អស់មួយជីវិត​គាត់​សុខចិត្ត។

ដើម្បី​ជំទាស់​នឹង​ការ​សម្រេច​ទោស​​លើ ឌុច ដោយ​សាលាដំបូង សហព្រះរាជអាជ្ញា ព្រមទាំង​ដើមបណ្តឹង​រដ្ឋប្បវេណី ក៏​បាន​ដាក់ពាក្យ​បណ្តឹងសាទុក្ខ​ ទៅកាន់​តុលាការ​កំពូល​ជា​បន្តទៀត។ ក្រោយ​ពី​បាន​បើក​សវនាការ​ជំនុំជម្រះ កាលពី​ចុងខែ​មីនា ឆ្នាំ​២០១១ តុលាការ​កំពូល​​គ្រោង​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹងសាទុក្ខ​​លើ​សំណុំរឿង ឌុច នៅ​មុន​ដំណាច់​ឆ្នាំ។ សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​ជា​សេចក្តី​សម្រេច​បិទផ្លូវតវ៉ា។

ក៏ប៉ុន្តែ លោក វ៉ាន់ ណាត អតីត​អ្នកទោស​មួយរូប ដែល​ធ្លាប់​ជាប់ឃុំ​​ក្នុង​គុក​ទួលស្លែង ប្រាកដ​ជា​មិន​បាន​ស្តាប់​​ ការ​​សម្រេច​ចុងក្រោយ​នេះ​ទេ ដោយលោក​បាន​ទទួលមរណភាព​ដោយ​ជំងឺ កាលពីថ្ងៃ៥ កញ្ញា ២០១១។ ទោះជាយ៉ាងណា លោក វ៉ាន់ ណាត ធ្លាប់បាន​​​ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ចំនួន​ឆ្នាំ​ដែល ឌុច ជាប់គុកមិនសំខាន់ទេ សម្រាប់​រូបលោក។ អ្វី​ដែល​សំខាន់ គឺ​នៅត្រង់ថា តើ​ ឌុច ខ្លួនឯង​ដឹង​ខ្លួនខុស​ ឬ​អត់?

-ដោយ សេង ឌីណា

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: