jump to navigation

ខ្មែរ​ក្រៅ​ស្រុក​ល្មម​ប្រព្រឹត្ត​ខ្លួន​អោយ​សមរម្យ 06/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មាន​ជាតិ.
Tags: , , , , ,
trackback

ថ្ងៃ​នេះ​ចង់​និយាយ​អំពី “ខ្មែរ​រស់នៅ​ស្រុក​ក្រៅ” ទោះ​នៅ​ស្រុក​ណា​ក្ដី​ ពេល​ត្រលប់​ទៅ​ស្រុក​ខ្មែរ​វិញ ទៅ​វិស្សមកាល​ម្ដង​ៗ​គួរ​ប្រព្រឹត្ត​ខ្លួន​អោយ​សមរម្យ​បន្តិច​ទៅ ព្រោះ​អីឡូវ​រឿង​អាស្រូវ​ខ្មែរ​នៅ​ស្រុក​ក្រៅ​​នេះ​ វា​ស្អុយ​សុសសាយ​ខ្លាំង​ពេក​ទៅ​ហើយ។ ​ម្នាក់​ៗ​​ខំ​សន្សំ​លុយ​ទម្រាំ​តែ​បាន​ទៅ​លេង​ស្រុក​ម្ដង​ៗ​វា​ពិបាក ពេល​ត្រលប់​មក​វិញ ​ដូច​មិន​សូវ​លឺ​ធ្វើ​រឿង​​អ្វី​ប្រពៃ​ប៉ុន្មាន​នោះ​ទេ ក្រៅ​តែ​អំពី​​មក​អួត​ប្រាប់​ “បង​ឯង​ដឹង​ហ្អេ ខ្ញុំ​យក​ស្រី​ម្ដង​បី​នាក់​មក​ដេក” ខ្លះ​ទៅ​​”ខ្ញុំ​ដាក់​ស្រី​មួយ​ឡាន​បួន​នាក់​ នាំ​ទៅ​កំពង់សោម” និយាយ​សើច​យ៉ាង​កក្អឹក ពេញ​ដោយ​មោទនភាព​នឹង​អំពើ​ថោកទាប​ ស្មោកគ្រោក​របស់​ខ្លួន។

បើ​និយាយ​អំពី​ខ្មែរ​នៅ​ស្រុក​ក្រៅ​មួយ​ប៉ែក​ទៀត​ គឺ​ពួក​ខាង​អ៊ំ​ប្រុស​ៗ​សក់​ល្បាយ​អាចម៍​ខ្លា ហើយ​អ្នក​មួយ​ចំនួន​ខ្ញុំ​ត្រូវ​ហៅ​ដល់​តា​បាន​ត្រូវ ពួក​គាត់​​លឺ​តែ​ដៀល​ត្មះ​​​ដល់​ចៅ​ប្រពន្ធ (ប្រពន្ធ​អាយុ​ស្មើ​ចៅ​) ​របស់​ពួក​គាត់​ ដែល​ទើប​តែ​បែកចេញ​ពី​គាត់​ថ្មី​ៗ​ក្រោយ​ពេល​បាន​មក​រស់នៅ​ក្រៅ​ស្រុក​ជាមួយ​ ពួក​គាត់​មួយ​រយៈ​កាល។ ពួក​គាត់​​ត្មះ​តិះដៀល​ដល់​អតីត​ប្រពន្ធ​ក្មេង​របស់​ពួក​គាត់ “ស្រី​សាវា ស្រី​​ក្បត់ ស្រី​ល្មោភ​តណ្ហា……” និង ពាក្យ​អាក្រក់​​លើស​នេះ​ច្រើន​ទៀត។ ខ្ញុំ​ដូច​មិន​យល់​ពី​ចាស់​ៗ​អស់​ហ្នឹង ពួក​គាត់​គិត​យ៉ាង​ដូច​ម្ដេច​ គាត់​រំពឹង​ថា​យ៉ាង​ម៉េច​បានជា​ទៅ​ចំណាយ​លុយ​ សន្ធឹកសន្ធាប់​ទៅ​រៀបការ​ជាមួយ​ស្រី​ក្មេង​ៗ​ ទាំង​នោះ​ដែល​មាន​អាយុ​ប្រហែល​ត្រឹម ២០ ឆ្នាំ​នោះ? បើប្រៀប​ធៀប​នឹង​អាយុ​ពួក​គាត់​គឺ​ខុស​គ្នា​ បី ទៅ​ បួន​ដង​ឯណោះ។

ចំពោះ​ចិត្ត​ខ្ញុំអត់​មាន​អ្វី​ទោមនស្ស​ នឹង​ស្រី​ៗ​ក្មេង​ទាំង​នោះ​ទេ ​ព្រោះ​ពេល​ពួក​គេ​មក​ដល់​ប្រទេស​ដែល​គេ​អោយ​តំលៃ​លើ​សិទ្ធិ​ សេរីភាព ជា​ធំ​នេះ​ ពួក​គេ​នឹង​ប្រើប្រាស់​សិទ្ធិ​របស់​ពួក​គេ​ម្ដង​ទៀត​ ក្នុង​ការ​ជ្រើសរើស​របស់​ដែល​ខ្លួន​ពេញ​ចិត្ត របស់​ដែល​ខ្លួន​គិត​ថា​​សក្ក​សម​​ព្រោះ​បញ្ហា​ជីវិត​ប្ដី​ប្រពន្ធ​នេះ ​វា​ខុស​គ្នា​នឹង​បញ្ហា​ម្ហូប​អាហារ ចំពោះ​ម្ហូប​អាហារ​ទោះ​ពេល​ខ្លះ​យើង​មិន​ចូលចិត្ត​​ម្ហូប​នោះ​ តែ​អាច​បង្ខំ​លេប​​ម្ដង​ម្កាល តែ​ចំនែក​ជិវិត​ជា​ប្ដី​ប្រពន្ធ​នេះ​វា​អាច​បង្ខំ​ចិត្ត​លេប​បាន​យូរ​ប៉ុណ្ណា? យើង​គិត​ដូច្នេះ​មនុស្ស​ម្នាក់​ដែល​យើង​មិន​ស្រលាញ់ ហើយ​អោយ​ម្នាក់​នោះ​មក​អោប ថើប និង រួម​ដំណេក​ជាមួយ​ តើ​អ្នក​មាន​អារម្មណ៍​យ៉ាង​ណា?

ពេល​ខ្លះ​ខ្ញុំ​និយាយ​ជាមួយ​ពួក​អ៊ំ​ៗ​នោះ​ថា “លោក​អ៊ំ​ហេតុ​ម្ដេច​ក៏​ទៅ​ជ្រើសរើស​ពួក​គាត់​ទាំង​នោះ​មហា​សែន​ក្មេង​ម្លេះ ខ្លះ​អាយុ​មិន​ទាន់​ដល់ ២០ ឆ្នាំ​ផង?” ពួក​គាត់​ឆ្លើយ​មក​ខ្ញុំ​វិញ​ជា​របៀប​អ្នក​ចេះ​ដឹង​ថា “ស្នេហា​វា​មិន​ប្រកាន់​អាយុ ជាតិសាសន៍ ពណ៌​សំបុរ​ ស្នេហា​វា​កើត​ឡើង​ដោយ​ឯកឯង”។ ការ​ឆ្លើយ​តប​របស់​ពួក​គាត់​ដូច​ជា​សមហេតុសមផល​ម៉្យាង តែ​គ្រាន់​តែ​ឆ្ងល់​ថា​ស្នេហា​ពួក​គាត់​ កើត​ឡើង​ដោយ​ឯកឯង​ហ្នឹង​អី​ក៏​ចេះ​ម្លេះ កើត​ឡើង​តែ​ជាមួយ​ស្រី​ក្មេង​ៗ ស្រី​ស្អាត​ៗ ហេតុអ្វី​មិន​ដែល​ឃើញ​ស្នេហា​ដែល​កើត​ឯក​ឯង​របស​ពួក​គាត់​ទៅ​លើ​មនុស្ស​ស្រី​អាយុ ៥០ អាយុ ៦០ ឆ្នាំ​ផង​ទៅ? សរុ​ប​សេក្ដី​ទៅ​គឺ​ថា​ ពាក្យ​របស់​ពួក​គាត់​វា​ជារឿង​និទាន​បោក​ក្មេង​តែ​បុណ្ណោះ។

មើល​ទៅ​ប៉ុណ្ណឹង​ហើយ​លោក​អ៊ំ​ៗ ពួក​នាង​មិន​ចង់​នៅ​ជាមួយ​លោក​អ៊ំ​បង្ខំ​គេ​ធ្វើ​អ្វី? ខ្ញុំ​គិត​ថា​​លោក​អ៊ំ​ខ្លួន​ឯង​ទេ​​ជា​មនុស្ស​ព្រើល​នោះ អ្វី​ដែល​​អ៊ំ​ៗ តា​ៗ និយាយ​ថា​ស្នេហា​នោះ​មើល​ទៅ​វា​ហាក់​មិនមែន​ទេ ខ្ញុំ​គិត​ថា​នោះ​ជា “តណ្ហា​ស្រើបស្រាល” របស់​ពួក​អ៊ំ​ៗ តា​ៗ​ច្រើន​ជាង​ “ចាស់​ហើយ​នៅ​តែ​ព្រើល​មិន​មើល​ប្រាណ” ហើយ​បញ្ហា​មួយ​ទៀត​កុំ​ចេះ​តែ​ទាញ​ប៊ិច ក្រដាស តែង​កំណាព្យ​ដៀល​ត្មះ​​​បង្ហោះ​តាម​អ៊ីនធឺណិត​ ​វា​នាំ​អោយ​មនុស្ស​ទាំង​ឡាយ​គេ​រកាំ​ចិត្ត និង ខូច​សតិ​អារម្មណ៍​​ក្មេង​ៗ​ដែល​ទើប​តែ​ធំ​ស្វែង​រក​ចំណេះដឹង​ និង ភាព​ល្អ​ៗ​មក​ដាក់​ខ្លួន៕

Related articles

មតិ»

1. Samady KS - 06/11/2011

ចំណុច​នេះ​ត្រឹម​ត្រូវ​ណាស់ ចំណែក​រឿង​រៀប​ការ​នោះ​វា​មិន​សំខាន់​ទេ​ព្រោះ​ថា​ភាគ​ច្រើន​គឺ​ស្រលាញ់​ហើយ ​បើ​មិន​ចឹង​ទេ​គេ​មិន​រៀប​ការ​ឡើយ​ គេ​គ្រាន់​តែ​​ជះ​ទឹក​លុយ​ប៉ុណ្ណោះ​។

តែ​អ្វី​ដែល​ខ្ញុំ​តែង​កត់​សម្គាល់​ឃើញ​នោះ​ភាគ​​ច្រើន​គឺ អំណួត គិត​ថា​ខ្លួន​អស្ចារ្យ​ជា​អ្នក​ក្រៅ​ស្រុក​ មាន​លុយ ហឺហា ជា​ដើម​ (​​មួយ​ចំនួន​ប៉ុណ្ណោះ​)

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/11/2011

រឿង​រៀបការ​​របស់​ពួក​គាត់​បោកប្រាស់​ ឆ្នាំ​នេះ​រៀបការ​ខេត្ត​នេះ ឆ្នាំ​ក្រោយ​ខេត្ត​នោះ ចំណាយ​លុយ​រៀបការ​ដូច​ចំណាយ​លុយ​ទិញ​កូន​ក្រមុំ​អ្នក​ភូមិ​មក​ដេក​ស្រប​ច្បាប់​មួយ។

មាន​បង​ប្អូន​ខ្ញុំ​ម្នាក់​រៀបការ​ជាមួយ​ប្រុស​ម្នាក់​មក​ពី​អាមេរិក រៀបការ​ហើយ​ដើរ​សប្បាយ ចំណាយ​ខ្លួន​ទទេ។ ខ្លួន​ក៏​បង់ កិត្តយស​ក៏​បាត់ អនាគត​ក៏​រលាយ ទៅ​អាមេរិក​ក៏​មិន​បាន​ទៅ។

2. somada - 06/11/2011

សូមឲ្យមនុស្សប្រុសក្នុងលោកមានគំនិតដូចម្ចាស់ប្លក ហើយក៏សូមឲ្យស្រ្តី ៗ គិតឲ្យបានវែងឆ្ងាយមុននឹងធ្វើអ្វីមួយ ដើម្បីកុំឲ្យក្លាយជាចំណីតណ្ហា​របស់មនុស្សប្រុសតទៅទៀត ។

3. ស្រុកស្រែ - 06/11/2011

បែបនេះហៅថា មនុស្សប្រុស ចិត្តមិនប្រែប្រួល… គឺពីក្មេងស្រឡាញ់ស្រីក្មេង… ដល់ខ្លួនចាស់ទៅ នៅតែស្រឡាញ់ស្រីក្មេងដដែល អត់ប្រែប្រួលរហូត…

4. ពត៌មានទូរស័ព្ទ - 06/11/2011

មិនទាំងអស់ទេ មានអ្នកខ្លះគំនិតល្អជាង អ្នកនៅក្នុងស្រុកមួយចំនួនទៀតផង ដឹងហើយថាអ្នកនៅស្រុកក្រៅ អត់មានរឿង កេងប្រវ័ញ ជញ្ជក់ឈាម ពុករលួយ គឺថាពួកគេមានបាន ដោយកំលាំងញើសឈាម សុទ្ឋ ការងារទីនេះ។ ជាពិសេសលោកអ៊ំចាស់ៗ ដែលមកជាន់ដីអាមេរិចតំបូងៗ ជាមនុស្សតស៊ូបំភុត សំរាប់អណាគតកូនចៅ គិតមើលថា ពួកគាត់ ធ្វើ ពីម៉ោង ៥ព្រឹក រហូតដល់ម៉ោង ១២ កណ្តតលអធ្រាត ដើម្បីបានប្រាក់ ថ្លៃផ្ទះ ទឺគភ្លើង ធានារ៉ាប់រង នឹងកូនចៅ ជួនកាលត្រូបប្រពន្ឋលែងចោល ជីវិតពួគគាត់គឺយ៉ាប់ តែម្តង ។ អីចឹងហើយពេលខ្លះ ខ្ញុំឃើញពួកគាត់ទៅ លែងស្រុកម្តង ៗហើយមានរយះពេល តិច គាត់គឺមិនខុសពី ដូចជា ប្រែតដែលគេព្រលែង មកឋានកណ្តាល ដែលជាប់ឃុំ១០ ទៅ ២០ឆ្នាំទេ ។

ខ្ញុំធ្លាប់ស្តីអោយអ្នកមួយចំនួន បើមិនទាន់ប្រលូកស្ថានភាពបែបណាមួយ កុំទាន់និយាយ ក្រែងលោអាចនឹងជ្រុលជាងគេផងក៍មិនដឹង។

5. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 06/11/2011

“ចិត្ត” ជា​ដើមចម​ ល្អ រឺ អាក្រក់​ កើត​ចេញ​ពី​ចិត្ត អញ្ចឹង​ដើម្បី​គ្រប់គ្រង​អំពើ​អាក្រក់​របស់​ខ្លួន គួរ​រៀន​គ្រប់គ្រង​ចិត្ត​ខ្លួន​ឯង​។

អំពើ​ល្អរបស់​មនុស្ស​ភាគច្រើន​គេ​មើល​​មិន​សូវឃើញ​ទេ តែ​​បើ​អំពើ​អាក្រក់​វិញ​អ្នក​ណា​ក៏​ស្រែក អ្នកណា​ក៏​ថា នេះ​ជា​ចំនុច​គួរ​ប្រុងប្រយ័ត្ន ហើយ​អំពើ​អាក្រក់​វា​ក៏​ជះ​ឥទ្ធិពល​ដល់​អំពើ​ល្អ​បាន​យ៉ាង​ងាយ​ ​ដូច​ពាក្យ​ខ្មែរ​ថា “ត្រី​មួយ​កន្ត្រក​ស្អុយ​មួយ​ស្អុយ​ទាំង​អស់”។ វា​មិន​យុត្តិធម៌​សំរាប់​ត្រី​ល្អ​ទាល់​តែ​សោះ​ក្នុង​ការ​វិនិច័្ឆយ​បែប​នេះ តែ​ពិបាក​គេច​ផុត​បន្តិច​ហើយ​នូវ​ការ​ជះ​ក្លិន​​មក​លើ​ខ្លួន​នោះ។

ចំពោះ​ខ្ញុំ​គិត​ថា​ទោះ​ស្ថិត​ក្នុង​ស្ថានភាព កាលៈទេសៈ​ណា​ក៏​ដោយ អំពើ​មិន​កប្បី​នៅ​តែ​មិន​កប្បី មិន​អាច​និយាយ​ថា​ដោយសារ​តែ​គាត់​​គិត​តែ​ធ្វើការ​មិន​ដែល​បាន​ទំនាក់ទំនង​ស្អិត​ល្មួត​ជាមួយ​មនុស្ស​ស្រី អញ្ចឹង​ពេល​គាត់​ទៅ​ស្រុក​ខ្មែរ​ចំណាយ​លុយ​ទិញ​មនុស្ស​ស្រី​មក​បំរើ​ចំណង់​របស់​ខ្លួន​មួយ​យប់​បី​ បួន​នាក់​នោះ វា​មិន​អី​ អាច​អនុគ្រោះ​អោយ​បាន​នោះ​ទេ ការ​ចំណាយ​លុយ​ដើម្បី​ទិញ​ផ្លូវ​ភេទ​ជា​រឿង​មិន​កប្បី​មួយ និង ខុស​ច្បាប់​ទៀត​ផង។

វា​មិន​ខុស​អី​ក្នុង​សង្គម​ស្រុក​យើង​បើ​ម្នាក់​ៗ​ថា​​ដោយ​សំអាង​ថា​ដើម្បី​ក្រពះ​ ដើម្បី​ប្រពន្ធ កូន សុខចិត្ត​សំលាប់​អ្នក​ដទៃ ពុករលួយ លក់​ជាតិ អញ្ចឹង​វា​មិន​អី​នោះ​ដែរ​ទេ បើ​មនុស្ស​ម្នាក់​ៗ​សុទ្ធ​តែ​សំអាង​លើ​ហេតុផល​ដើម្បី​នេះ ដើម្បី​នោះ ដោយសារ​នេះ ដោយសារ​នោះ លែង​គិត​ពី​សីលធម៌ គុណធម៌ ច្បាប់​ទំលាប់ អញ្ចឹង​សង្គម​វា​នឹង​ទៅ​ជា​ស្មោកគ្រោក ច្របូកច្របល់ ​ស្អុយគគ្រុក​ពេញ​ហ្នឹង​ជា​មិន​ខាន។

6. Lovepeehs05 - 07/11/2011

តាៗ គាត់អ្នកមានលុយច្រើន ក្មេងៗឬចៅៗ អ្នកចង់បានលុយ បើទៅរកកំឡោះៗ មិនសូវមានលុយ គិតយ៉ាងម៉េចចឹង ? បើដើរតាពីស តាពាសគេថាអញ្ចេះអញ្ចុះ ខុសទំនៀមទំលាប់ខ្មែរ ។ រឿងនេះប្រហែលជា មិនមានច្រើនទេមើលទៅ ។ កាលពីប៉ុន្មានឆ្នាំមុន បានឃើញតាម្នាក់ អាយុ ៧១ ឆ្នាំ មានយាយអាយុ ២៣ ឆ្នាំ ហើយមកជូនដំណើរតា ឡើងយន្តហោះ ពីរនាក់ម្តាយអាយុ ៥៦ ឆ្នាំ ខ្ញុំស្មានថា យាយរបស់តា តែតាគាត់ប្រាប់ថា ទេៗ គាត់ហ្នឹងម្តាយក្មេកខ្ញុំ ! ហើយគាត់ថានោះជាយាយខ្ញុំ យាយគាត់អាយុ ២៣ ឆ្នាំ សើចញឹមៗ ខ្ញុំថតបងប្អូនខាងខ្ញុំទេ តែគ្រវាស ខេមរាទៅជាប់ទាំងអស់គ្នា មានអីមើលទៅសំគ្នាគាត់ដែរតើ តានឹងចៅ តែមិនមែនកៀកកើយដូចគេក្មេងៗនៅស្រុកក្រៅទេ ។ បើគិតទៅម្យ៉ាងដែរ លុយអាត្រែតគាត់ ប្រហែល ៨០០ ដុល្លាមួយខែ គាត់ចំណាយតែ ៣០០ ដុល្លាផ្ញើរអោយចចៅកំណាន់ចិត្ត របស់គាត់ ក៏គ្រាន់បើជាង ប្រាក់ខែ ស៊ីឈ្នួលគេដែរ មិនថាអញ្ចឹង ? រឿងនេះខ្ញុំពិបាកនឹងនិយាយថា ខាងណា ត្រូវឬខុសណាស់ វាម្យ៉ាងម្នាក់ គឺស្រេចតែសាមីខ្លួនគេ យល់ឃើញទៅចុះ ខាតឬចំណេញ មានកិត្តិយស ឬខាតបាត់បង់ យ៉ាងណា អោយតែមាន ការយល់ព្រមរៀងៗខ្លួន កុំអោយតែប្រើអំពើហឹង្សាដាក់គ្នាបានហើយ ! មិនថាអញ្ចឺង ? តាត្រូវយល់ចិត្តចៅៗ ចៅៗត្រូវយល់ចិត្តតា ៗ បើមិនចេះច្របាច់ជើងតាទេ តាៗគាត់កំណាញ់លុយហើយ ! បើចេះច្របាច់ជើង ចេះអែបអប តាៗគាត់ថា អស់អីអស់ទៅ លុយអាត្រែត គាត់ថាទុកតែ ៣០០ បានហើយ ៥០០ អោយចៅ ទុកទិញម៉ូតូជិះ ទៅរៀន ទិញអាយផូន ទិញសម្លៀកបំពាក់ អីៗផ្សេងៗទៀត បើអញ្ចឹងវិញ គិតយ៉ាងណាដែរ ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 07/11/2011

😆 ពេល​ដំបូង​អញ្ចឹង​ហើយ​រាង​ផ្អែម​ល្ហែម​បន្តិច តែ​ពេល​ចៅ​ប្រពន្ធ​រត់​ចោល​ពេល​បាន​ទៅ​រស់នៅ​អាមេរិក​ជាមួយ​ លោក​តា លែង​ផ្អែម​ទៀត​ហើយ​ ដើរ​និយាយ​រឿង​ចៅ​ប្រពន្ធ​ប្រាប់​គេ​គ្រប់​គ្នា ជួន​តែង​កំណាព្យ​កាព្យ​ឃ្លោង​បង្ហោះ​តាម​អ៊ីនធឺណិត​ឯណា​ឯណី​ណោះ បាន​ត្រឹម​តែ​អ្នក​អាន​គេ​ដៀល​ថា “ចាស់​ហើយ​នៅ​ឡប់ឡិន​អោយ​វា​ស្រឡះ​ទៅ​”។ ចាស់​ខ្លះ​មិន​រាង​ទេ របូត​មួយ​រក​មួយ​ក្មេង​ជាង​មុន​ទៀត តែ​បើ​ចង់​មក​អាមេរិក​ទាល់​តែ​បង្កើត​កូន​អោយ​តា​មួយ ពីរ នៅ​ស្រុក​ខ្មែរ​សិន​បាន​តា​យក​មក ហ៊ឺ……តា​ៗ​ស្រុក​អីឡូវ​ឆ្កួត​លីលា​ លែង​ចេះ​ខ្មាស់​អៀន​អស់​ហើយ បើ​មក​ស្រុក​ខ្មែរ​ម្ដង​ៗ​ឃើញ​ស្រី​ក្មេង​សំលឹង​មើល​ចង់​បាក់​ក​ហើយ។

7. Lovepeehs05 - 07/11/2011

រឿងនិមួយៗប្រហែលជាខុសគ្នា បើតាមធ្លាប់ឮតាមវិទ្យុ ឃើញថាគ្រោះថ្នាក់ ណាស់ ដោយសារការផ្លះប្តូរលឿនពេក ដូចករណីយកសាំងចាក់ដុតគ្នា យ៉ាងសាហាវ ព្រៃផ្សៃបំផុត ដែលមិនគួរកើតមានឡើយ ។ រឿងនេះប្រហែលមកពី មិនគោរពកិច្ចសន្យា ឬកុហក់បោកប្រាសគ្នា ដោយចេតនា ឬដោយមានគេចាក់ចុច បង្ករអោយមានកើតរឿងនេះឡើង ធ្វើអោយតាៗមិនទាន់កាន់សិល ជ្រុលខ្លួនអស់លុយកាក់ច្រើន តូចចិត្តខ្មាសគេ កើតឆេវដោយទង្វើដែលមិនបានដឹងមុន ឬគិតទុកជាមុននោះអាចគ្រោះថ្នាក់ខ្លាំងណាស់ ។

តាៗគួរតែគិតពិចារណា អោយបានវែងឆ្ងាយ មុននឹងធ្វើអ្វីមួយ ដែលពាក់ព័ន្ធរឿងនេះ មិនមែនជារឿងកុនល្ខោនឡើយ រឿងអាស្រូវនឹង អាចកើតឡើងបានគ្រប់ពេលវេលា ដោយការច្រណែននិន្ទារ ដោយចង់ បំបាក់មុខមាត់គ្នា ដោយអំពើទុច្ចរិតផ្សេងៗ តែរឿងទាំងអស់នោះ មិនមែនល្អសម្រាប់តាៗឡើយ ! យកល្អតាៗគួរតែចៀសវាង ដូចមិនមានអ្វីល្អសម្រាប់ពួកគាត់ទេ !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

មែន​ហើយ​លឺ​ថា​តា​ម្នាក់​មក​ពី​អាមេរិក មក​ដណ្ដឹង​ប្រពន្ធ​នៅ​ស្រុក​ខ្មែរ ជិត​ដល់​ថ្ងៃ​ការ​ដែរ​ហើយ​ តែ​ខាង​ស្រី​សុំ​ផ្ដាច់​វិញ ព្រោះ​តែ​តា​ចូលចិត្ត​ដើរ​ជល់​មាន់​។ ដល់​ពេល​គេ​ផ្ដាច់​តា​មាន​កំហឹង​ម៉ឺន​អង្សារ​ទិញ​សាំង​មក​ដុត​នាង​គូរ​ដណ្ដឹង និង ប្អូន​ថ្លៃ​ស្រី​ទាំង​រស់។ នាង​ជា​គូរ​ដណ្ដឹង​ស្លាប់​ក្រោយ​មក​ទៀត ពេល​បាន​ទៅ​ដល់​មន្ទីរពេទ្យ​ប៉ុន្មាន​ថ្ងៃ។

ខ្ញុំ​មិន​ដឹង​ថា​ការ​ឈឺចាប់​ក្នុង​ចិត្ត​តាមាន​ប៉ុណ្ណា​នោះ​ទេ? តែ​តា​គួរ​សំលឹង​មើល​ខ្លួន​ឯង​ដែរ ថា​មូលហេតុ​អ្វី​បាន​គេ​ផ្ដាច់ ហើយ​ម៉្យាង​គាត់​ជា​មនុស្ស​ចាស់​ទុំ​ម្នាក់ មក​ពី​ប្រទេស​ដែល​គេ​ប្រើប្រាស់​ច្បាប់​ស្រុក តែ តា​ចាត់ការ​តាម​ច្បាប់​ព្រៃ​ទៅ​វិញ។

អ្នក​ខ្លះ​អាច​គិត​ថា​មក​ពី​នាង​ធ្វើ​អោយ​តា​ឈឺ​ចិត្ត​ខ្លាំង​ពេក​មើល​ទៅ តែ​ចំពោះ​ខ្ញុំ​ទោះ​មូលហេតុ​ប៉ុណ្ណា​​ក៏ដោយ ក៏​មិន​ត្រូវ​ចាត់ការ​មនុស្ស​​របៀប​​មហា​ព្រៃផ្សៃ​ហួស​ប្រមាណ​អញ្ចឹង​ដែរ វា​មាន​ខុស​អី​ពី​តិរិច្ឆាន វា​មាន​ខុស​អី​ពី​ ប៉ុល ពត ហ៊ីត្លែ….។

8. sambatt - 08/11/2011

ចំណងជើង៖ខ្មែរក្រៅស្រុកល្មមប្រព្រឹត្តខ្លួនអោយសមរម្យ។
ដាក់់ចំណងជើងអញ្ចឹងអ អាចប៉ះពាល់់ ដល់់ ខ្មែរក្រៅស្រុកទូទៅ
ទេដឹង? ខ្មែរក្រៅស្រុកមានច្រើនណាស់់ ប៉ុន្តែអ្នកដែលបានទៅលេង
ស្រុកខ្មែរក៏មិនច្រើនប៉ុន្មានដែរធៀបនឹងខ្មែរដែលមិនដែលទៅលេងសោះ។
ចំណែកខ្មែរជាប្រុសព្រានទៅលេងស្រុកខ្មែរដើម្បីតុណ្ហាផ្លូវភេទនោះ រឹតតែតិចបើធៀបនឹងចំនួនខ្មែរក្រៅស្រុកទំាងអស់់។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

ខ្ញុំ​មាន​បំណង​ដាក់​អោយ​ប៉ះពាល់ ទាំង​អត្ថបទ​ក៏​ខ្ញុំ​មាន​បំណង​អោយ​ប៉ះពាល់​ដែរ ខ្ញុំ​អត់​មាន​ចេតនា​អាក្រក់​ទេ តែ​ខ្ញុំ​ចង់​អោយ​ខ្មែរ​ក្រៅ​ស្រុក​ទាំង​ឡាយ​បាន​អាន​អត្ថបទ​នេះ បញ្ចេញ​មតិ​អោយ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ បកស្រាយ​អោយ​មនុស្ស​ទូទៅ​បាន​ដឺងការ​ពិត​ថា​វា​យ៉ាង​ដូចម្ដេច ព្រោះ​មាន​អត្ថបទ​​មួយ​ចំនួន​របស់​អ្នក​ផ្សេង​និយាយ​ចំ​ៗ​តែ​ម្ដង​ លាប​ពណ៌​មិន​ល្អ​អោយ​ខ្មែរ​ក្រៅ​ស្រុក​ទូទៅ ដែល​វា​មិនមែន​ជា​ការ​ពិតដែល​មាន​ក្នុង​ដួងចិត្ត​របស់​ខ្មែរ​ក្រៅ​ស្រុក។

ហើយ​ទន្ទឹម​គ្នា​នេះ​ក៏​នឹង​ចង់​ដាស់​តឿន​ដល់​ខ្មែរ​ក្រៅ​ស្រុក​មួយ​ចំនួន​ណា​នោះ ដែល​ប្រព្រឹត្ត្​ខ្លួន​មិន​កប្បី​ពិសេស​ពេល​ទៅ​លេង​ស្រុក​ខ្មែរ គួរ​ធ្វើ​អោយ​ត្រឹមត្រូវ​ឡើង​វិញ ព្រោះ​កេរ្តិ៍​ឈ្មោះ​អាស្រូវ​វា​ជះ​ក្លិន​ដល់​អ្នក​ល្អ​ជាច្រើន​ទៀត។ កាល​ពី​មុន​ម្នាក់​ៗ​មាន​មោទនភាព​ណាស់​ដែល​រស់នៅ​បរទេស​ ហើយ​បាន​ទៅ​លេង​ស្រុក​ខ្មែរ តែ​អីឡូវ​ខ្ញុំ​ទៅ​ស្រុក​ខ្មែរ​ម្ដង​ៗ​ខ្ញុំ​មិន​ហ៊ាន​ប្រាប់​គេ​ថា​ខ្ញុំ​មក​ពី​បរទេស​ទេ។

9. sambatt - 08/11/2011

ភាសិតមួយដែលថាត្រីមួយកន្រកស្អុយ មួយ ស្អុយទំាងអស់,
និយាយន័យត្រង់់ ៖ត្រីក្នុង កន្រ្តកសុទ្ធតែត្រីងាប់់។ មែន ពួកប្រេតមួយ
ចំនួនតូចវាធ្វើអោយស្អុយក្លិនដល់់គេឯង គ្រប់់គ្នា។ត្រីស្អុយទំាងនោះគួរ
តែឈប់់ទៅលេងស្រុកខ្មែរ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

ត្រីស្អុយ​អស់​ហ្នឹង​អោយ​តែ​សន្សំ​លុយ​បាន​ប្រុច​ទៅ​ស្រុក​ខ្មែរ​ហើយ ពួក​ហ្នឹង​ទៅ​ញឹកញាប់​ជាង​ពួក​យើង​ឆ្ងាយ​ណាស់។

10. kc - 08/11/2011

គ្រឿងញៀនមានច្រើន តែសំរាប់់ ពួកគេហ្នុង គឺស្រីជាគ្រឿងញៀនខ្លំាងជាងគេ។ចឹងហើយតើ បានជាប្រទេស
មួយចំនួនបានក្លាយជាទីដៅទេសចរផ្លូវ ភេទ ដូចជាថៃ ខ្មែរ ជាដើម។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

ច្បាប់​ធូ​ររលុង តុលាការ​ពុករលួយ តំលៃ​សេវាកម្ម​ថោក នេះ​ហើយ​ដែល​ប្រទេស​ក្នុង​អាស៊ី​ប៉ុន្មាន​ប្រទេស​នេះ​ “អាស៊ី​អាគ្នេយ៍” ជា​គោលដៅ​សំរាប់​ពេក​គេ​ទាំង​នោះ ទាំង​បរទេស ទាំង​ខ្មែរ​ខ្លួន​ឯង។

11. sambatt - 08/11/2011

(ភ្លេចឡកចូល)
គ្រឿងញៀនមានច្រើន តែសំរាប់់ ពួកគេហ្នុង គឺស្រីជាគ្រឿងញៀនខ្លំាងជាងគេ។ចឹងហើយតើ បានជាប្រទេស
មួយចំនួនបានក្លាយជាទីដៅទេសចរផ្លូវ ភេទ ដូចជាថៃ ខ្មែរ ជាដើម។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

ហាហាហា…….ខ្ញុំ​កំពុង​ឆ្ងល់​ថា​ម៉េច​បាន​ជា​ មតិ មួយ​ហ្នឹង​ចូល​រួច​ អត់​ឃើញ​ផ្ញើ​ការ​សុំ​អនុញ្ញាតិ​មក​អ៊ីមែល​ខ្ញុំ​សិន ស្មាន​តែ​ វើតប្រែស មាន​បញ្ហា 😆

12. ស៊ីដាចាន់ - 08/11/2011

ចេះឆ្ងល់ចឹងកើតបើស្រីក្មេងៗស្រុកនេះគេនិយមពួកល្បាយអាច់ខ្លាមានលុយ
ឡានទំនើបៗសុទ្ធតែលុចសីស្សតើយកកំលោះស៊ីសៀងឬ?
យ៉ាប់ណាស់ស្រីៗស្រុកយក្សឥឡូវនេះ.ណាមួយច្បាប់ស្រុកយក្សធូររលុង
ខុយហើយច្បាប់ស្រុកយក្សនេះមិនអាចឈ្នះលុយឡានរបស់អស់និងបានទេ.

13. ស្រុកស្រែ - 08/11/2011

ហេហេ… លោកស្រុកខ្មែរ ស្នេហ៍ខ្ញុំ! រឿងចិញ្ចឹមស្រីក្មេងនេះ កុំបន្ទោសខ្មែរក្រៅខ្លាំងពេក តាមពិតទៅ ខ្មែរក្នុងស្រុកក៍មិនណយដែរ។ អ្វីដែលខុសគ្នានោះ គឺអស់លោកអ្នកធំៗក្នុងស្រុក ពេលមានស្រីក្មេង ឬលួចចិញ្ចឹមស្រីក្មេង គឺម្នាក់ៗលាក់គ្នាអោយខ្វេរ… គឺមិនហ៊ានដឹកបង្ហាញគេផ្តេសផ្តាសទេ ព្រោះខ្លាចមាន់ចងជើងគាត់ ឬខ្លាកំណាចក្នុងផ្ទះតាមរករឿងព្យាបាទស្រីក្មេងទាំងនោះ នាំអោយខានបានលិទ្ធ ឬខានបានឆាន់ត្រង់…។ ផ្ទុយទៅវិញ អ្នកប្រុសៗវ័យចំណាស់មួយចំនួនដែលមកពីក្រៅ ពេលមានស្រីក្មេង គឺដឹកអួតសំញ៉ែញតែម្តង។ ស្រួលចំណាំណាស់។ និយាយតាមត្រង់ចុះ ពេលឃើញបុរសចំណាស់ៗ បណ្តើរស្រីក្មេងៗចូលហាងគុយទាវពេលព្រឹកម្តងៗ ខ្ញុំតែងតែលួចមើលសើច ហើយទាយមិនខុសទេ គឺអ្នកប្រុសដែលរស់នៅក្រៅប្រទេសហើយ។ មិត្តភក្តិខ្ញុំតែងហៅអ្នកប្រុសចំណាស់ដែលបណ្តើរស្រីក្មេង មកបង្អួតពួកស្ទាវទាំងនោះថាជា “ពួកដាច់ដាប”…

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 08/11/2011

គុំ​ពួក​ហ្នឹង​យូរ​ហើយ អីឡូវ​ទាន់​មាន​ឱកាស​សរុប​ម្ដង​ទៅ 😳


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: