jump to navigation

ព័ត៌មាន​ដកស្រង់៖ ប្រវត្តិ​សង្ខេប​របស់ អៀង សារី 07/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ប្រវត្តិសាស្ត្រ​ខ្មែរ, ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , ,
trackback

ភាគ​ទី ១

ដកស្រង់​ចេញ​ពី៖ វិទ្យុ​បារាំង​ខេមរភាសា

បន្ទាប់ពី ប៉ុល ពត និង នួន ជា នៅ​សប្តាហ៍នេះ សេង ឌីណា នឹង​លើកយក​ប្រវត្តិ​មេដឹកនាំ​ខ្មែរក្រហម​មួយរូប​ទៀត មក​ជម្រាប​ជូន​លោក​អ្នកស្តាប់ គឺ អៀង សារី។ អៀង សារី គឺជា​អតីត​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស ​នៃ​របប​ខ្មែរក្រហម ហើយ​បច្ចុប្បន្ន​ត្រូវបាន​តុលាការ​ខ្មែរក្រហម​ ចោទប្រកាន់​ពីបទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។ តើ អៀង សារី មានប្រវត្តិយ៉ាងណា?

អៀង សារី គឺជា​មេដឹកនាំ​ខ្មែរក្រហម​ដែល​ចេញមុខ​ចេញមាត់​ជា​សាធារណៈ​ច្រើន​ជាងគេ ព្រោះ​គាត់​គឺ​ជា​អ្នក​ទទួលបន្ទុក​កិច្ចការ​បរទេស។ ចំណែក​ក្នុង​បក្ស​វិញ អៀង សារី ជា​សមាជិក​គណៈអចិន្រ្តៃយ៍ ដែល​ជា​ស្ថាប័ន​មាន​អំណាច​កំពូល​ក្នុងការ​សម្រេច​កិច្ចការ​នានា ក្នុង​អំឡុង​របប​កម្ពុជា​ប្រជាធិបតេយ្យ។ ក្នុង​ចំណោម​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម អៀង សារី គឺជា​មនុស្ស​ស្និទ្ធ​នឹង ប៉ុល ពត ជាងគេ។ អៀង សារី និង ប៉ុល ពត បាន​ស្គាល់គ្នា និង​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ​នឹងគ្នា តាំងពី​ពេល​រៀន​នៅ​ភ្នំពេញ រហូត​បាន​អាហាររូបករណ៍​ទៅរៀន នៅ​ប្រទេស​បារាំង​ជាមួយគ្នា។ ប្រពន្ធ​របស់ អៀង សារី និង​ប្រពន្ធ​របស់ ប៉ុល ពត គឺជា​បងប្អូន​បង្កើត​នឹងគ្នា។ ក្រោយពេល​វិលត្រឡប់​ពី​ប្រទេស​បារាំង ប្តី-ប្រពន្ធ អៀង សារី និង ប៉ុល ពត រស់នៅ​ក្នុង​ផ្ទះ​ជាមួយគ្នា នៅ​ក្រុង​ភ្នំពេញ។ ជាទូទៅ អៀង សារី ត្រូវបាន​គេ​ស្គាល់​ថា ជា​មេដឹកនាំ​លំដាប់​ទីបី នៃ​របប​ខ្មែរក្រហម បន្ទាប់ពី នួន ជា ដែល​ជា​អនុលេខា​បក្ស។

  • តើ អៀង សារី ជា​នរណា?

អៀង សារី មាន​ឈ្មោះ​កំណើត​ថា គីម ត្រាង កើត​នៅ​ឆ្នាំ​១៩២៥ នៅ​ខេត្ត​ត្រាវិញ កម្ពុជាក្រោម។ គីម ត្រាង ត្រូវបាន​ឳពុកម្តាយ ប្តូរឈ្មោះ​មកជា អៀង សារី នៅពេល​មក​រៀន​នៅ​កម្ពុជា ដើម្បី​ឲ្យ​មាន​សូរសៀង​ជា​ឈ្មោះ​ខ្មែរ។ អៀង សារី បាន​បន្ថយ​អាយុ​បួនឆ្នាំ ដោយ​ប្តូរ​ឆ្នាំ​កំណើត​ពី​១៩២៥ មក ១៩២៩​វិញ ដើម្បី​បាន​ចូលរៀន​នៅ​សាលា​បឋមសិក្សា។

នៅឆ្នាំ១៩៤៥ អៀង សារី បាន​ចូលរៀន​នៅ​វិទ្យាល័យ​ស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ អៀង សារី បាន​ប្រឡូកចូល​ក្នុង​នយោបាយ នៅ​ឆ្នាំ១៩៤៦ ដោយ​បាន​ដឹកនាំ​ក្រុម​និស្សិត​ប្រឆាំង​នឹង​អាណានិគម​បារាំង។ មួយឆ្នាំក្រោយមក អៀង សារី បាន​ជួប​ជាមួយ សាឡុត ស ពេលដែល សាឡុត ស បាន​វិលត្រឡប់ពី​អនុវិទ្យាល័យ​ព្រះសីហនុ ខេត្ត​កំពង់ចាម មក​រៀន​នៅ​សាលា​បច្ចេកទេស ហៅ “សាលាដែក” ក្នុង​ខ័ណ្ឌ​ឫស្សីកែវ។ អៀង សារី និង សាឡុត ស ក៏បាន​រាប់អានគ្នា​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ។ យោងតាម លោក​កេង វ៉ាន់សាក់ សាឡុត ស និង អៀង សារី បាន​ចូលរួម​យ៉ាង​សកម្ម​ជួយ​គណបក្ស​ប្រជាធិបតេយ្យ ក្នុង​យុទ្ធនាការ​ឃោសនា​បោះឆ្នោត នៅ​ឆ្នាំ១៩៤៧។

នៅឆ្នាំ១៩៥០ អៀង សារី ទទួលបាន​អាហារូបករណ៍​ទៅរៀន​នៅ​ប៉ារីស ប្រទេស​បារាំង ពោលគឺ មួយឆ្នាំ​ក្រោយ​សាឡុត ស។ អៀង សារី ក៏​មិនខុស​ពី សាឡុត ស ប៉ុន្មាន​ដែរ បាន​ទទួល​អាហារូបករណ៍​ ចេញ​ទៅរៀន​នៅ​ប្រទេស​បារាំង ដោយសារ​ពួកគេ​គឺជា​សកម្មជន​គណបក្ស​ប្រជាធិបតេយ្យ ដែល​ពេលនោះ កាន់កាប់​ក្រសួង​អប់រំ​ជាតិ។

ក៏ប៉ុន្តែ ផ្ទុយពី សាឡុត ស ដែល​ទទួលបាន​អាហារូបករណ៍​ទៅរៀន​ផ្នែក​បច្ចេកទេស​អេឡិចត្រូនិច អៀង សារី បាន​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​វិទ្យាល័យ ដើម្បី​ប្រឡង​យក​សញ្ញាប័ត្រ​បាក់ឌុប។ ឯកសារ​ជាច្រើន​បាន​សរសេរ​ថា ក្រោយពី​ប្រឡង​បាក់ឌុប​ជាប់ហើយ អៀង សារី បាន​ទៅរៀន​នៅ​វិទ្យាស្ថាន​សិក្សា​នយោបាយ​ក្រុង​ប៉ារីស (Institut d’Etudes Politiques de Paris)។ ក៏ប៉ុន្តែ នៅក្នុង​បញ្ជី​ឈ្មោះ​អតីត​និស្សិត​ដែល​បញ្ចប់​ការ​សិក្សា​ទទួល​បាន​សញ្ញាប័ត្រ​ពី​វិទ្យាស្ថាន​នេះ គេ​មិនឃើញ​មាន​ឈ្មោះ អៀង សារី នោះទេ។ នេះ​មានន័យ​ថា អៀង សារី រៀន​មិនបាន​ចប់ ទទួល​សញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​នយោបាយ ពី​វិទ្យាស្ថាន​នេះ​ទេ។

មិនយូរប៉ុន្មាន ក្រោយពី​បាន​មកដល់​ក្រុង​ប៉ារីស អៀង សារី និង​មិត្តភ័ក្តិ​ម្នាក់ទៀត គឺ រ័ត្ន សាមឿន ក៏បាន​ផ្តួចផ្តើម​គំនិត​បង្កើត​ក្រុម​និស្សិត​កុម្មុយនិស្ត​មួយក្រុម ដែល​មាន​ឈ្មោះ​ថា “ក្រុមម៉ាក់ស៊ីស”។ ក្រុមនេះ​តែងតែ​ជួបប្រជុំគ្នា​នៅក្នុង​ផ្ទះ​របស់ លោក​កេង វ៉ាន់សាក់។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី​ លោកកេង វ៉ាន់សាក់ ដែល​ធ្លាប់​ស្គាល់​ អៀង សារី យ៉ាងច្បាស់​តាំងពី​កាល​នៅ​ភ្នំពេញ បាន​អះអាង​ថា អៀង សារី គឺជា​មនុស្ស​មាន​ចរិត​កោងកាច និង​ផ្តាច់ការ។

អៀង សារី បាន​រៀបការ​ជាមួយ ខៀវ ធីរិទ្ធិ នៅ​ឆ្នាំ១៩៥១ នៅ​​ពេល​កំពុង​រៀន​នៅ​​ប៉ារីស។

នៅឆ្នាំ១៩៥២ ក្រោយពី​រដ្ឋាភិបាល​សង្គម​រាស្រ្តនិយម បាន​កាត់ផ្តាច់​អាហារូបករណ៍​ អៀង សារី រួមជាមួយ​មិត្តភ័ក្តិ​មួយចំនួន​ទៀត ដូចជា ហ៊ូ យន់ និង សុន សេន ជាដើម បាន​សម្រេចចិត្ត​បន្ត​ស្នាក់នៅ​ប្រទេស​បារាំង​តទៅទៀត។ ចំណែក​ឯ សាឡុត ស និង រ័ត្ន សាមឿន ដែល​ជា​ដៃគូ​របស់ អៀង សារី បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញមុន។

នៅឆ្នាំ១៩៥៧ ទើប​អៀង សារី និង អៀង ធីរិទ្ធិ វិលត្រឡប់ពី​ប្រទេស​បារាំង​វិញ ហើយ​បាន​ទៅ​រស់នៅ​ក្នុងផ្ទះ​ជាមួយគ្នា​នឹង សាឡុត ស និង​ខៀវ ប៉ុណ្ណារី ដែល​ត្រូវជា​បងស្រី​បង្កើត​របស់ អៀង ធីរិទ្ធិ។

អៀង សារី បាន​ចូលធ្វើ​ជា​គ្រូ​បង្រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ​ឈ្មោះ “វិទ្យាល័យ​កម្ពុជបុត្រ”។ ក្នុងពេល​ជាមួយគ្នា អៀង សារី បាន​លបលួច​ធ្វើការ​ដោយ​សម្ងាត់​ឲ្យ​ពួកកុម្មុយនិស្ត ដែល​ពេលនោះ​បាន​បង្កើត​បក្សមួយ​ដាក់​ឈ្មោះថា “ប្រជាជន” ដើម្បី​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ។

នៅខែកញ្ញា ឆ្នាំ១៩៦០ អៀង សារី បាន​ក្លាយជា​សមាជិក​គណៈអចិន្ត្រៃយ៍​បក្ស​ពលករ​កម្ពុជា អតីត​បក្ស​ប្រជាជន​បដិវត្តន៍​ខ្មែរ។ នៅពេលនោះ ក្នុង​ចំណោម​សមាជិក​គណៈអចិន្ត្រៃយ៍ អៀង សារី គឺជា​មនុស្ស​តែម្នាក់គត់ ដែល​មិនមែន​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​ឥណ្ឌូចិន។ ការណ៍​ដែល អៀង សារី បាន​ចូល​ក្នុង​ស្ថាប័នកំពូល​នៃ​បក្ស​កុម្មុយនិស្ត​នៅពេលនោះ ប្រហែល​ដោយសារ​តែ អៀង សារី គឺជា​មិត្តភ័ក្តិ​របស់ សាឡុត ស ដែល​នៅពេលនោះ គឺជា​មេដឹកនាំ​លំដាប់​ទីបី ក្នុង​បក្ស និង​ជា​ជំនួយការ​ផ្ទាល់​របស់ ទូ សាមុត ដែល​ជា​លេខាបក្ស។

នៅក្រោយពេល​ដែល ទូ សាមុត បាត់ខ្លួន ហើយ សាឡុត ស បាន​ក្លាយជា​លេខាបក្ស នៅ​ខែកុម្ភៈ ឆ្នាំ១៩៦៣ អៀង សារី ក៏បាន​ឡើងជា​មេដឹកនាំ​លំដាប់​ទីបី បន្ទាប់ពី នួន ជា ដែលជា​អនុលេខា​បក្ស។ នៅឆ្នាំ​ដដែល​នោះ អៀង សារី បាន​រត់ចេញ​ពី​ភ្នំពេញ ទៅ​លាក់ខ្លួន​ក្នុង​ព្រៃ​ជាមួយ សាឡុត ស។ គេ​សង្កេតឃើញ​ថា ជាទូទៅ អៀង សារី តែងតែ​នៅ​ជាប់​ជាមួយ​នឹង​ សាឡុត ស។ នៅពេល​ដែល សាឡុត ស ទៅ​លាក់ខ្លួន​ក្នុង មន្ទីរ១០០ ក្នុង​ស្រុក​ក្រូចឆ្មារ អៀង សារី ក៏​នៅ​ទីនោះ​ដែរ។ អៀង សារី បាន​ប្រើ​ឈ្មោះ​បដិវត្តន៍ថា “មិត្តវ៉ាន់”។

ភាគ​ទី ២

ដូចដែល​លោក​អ្នកស្តាប់​បាន​ជ្រាប​រួច​មកហើយ កាលពី​សប្តាហ៍​មុន ថា អៀង សារី គឺជា​មនុស្ស​ស្និទ្ធនឹង ប៉ុល ពត បំផុត។ អតីត​មេដឹកនាំ​ខ្មែរក្រហម​ទាំងពីររូប​នេះ​បាន​ស្គាល់ និង​រាប់អាន​គ្នា​ជា​មិត្តភ័ក្តិ​យ៉ាង​ជិតស្និទ្ធ តាំងពី​ឆ្នាំ១៩៤៧ មុនពេល​ពួក​គេ​ចេញ​ទៅរៀន​នៅ​ប្រទេស​បារាំង​ម្ល៉េះ។ អៀង សារី តែងតែ​ទៅណា​មកណា​ជាប់​ជាមួយ ប៉ុល ពត ជានិច្ច។ ពេល ប៉ុល ពត ឡើង​ធ្វើជា​លេខា​បក្ស​កុម្មុយនស្ត អៀង សារី ឡើងជា​មេដឹកនាំ​លំដាប់​ទីបី​ក្នុង​បក្ស។ ពេល ប៉ុល ពត ឡើងធ្វើ​ជា​នាយករដ្ឋមន្រ្តី អៀង សារី ក៏​ឡើងជា​ឧបនាយករដ្ឋមន្រ្តី។ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ អៀង សារី បាន​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ប្រមូល​កៀងគរ​បញ្ញវន្ត​ខ្មែរ​ពីបរទេស​យកទៅ​ សម្លាប់។

នៅក្រោយ​រដ្ឋប្រហារ​ឆ្នាំ១៩៧០ អៀង សារី ត្រូវបាន​តែងតាំង​ឲ្យ​ធ្វើជា​ប្រេសិត​ពិសេស​ទទួលបន្ទុក​ផ្នែក​ទំនាក់ទំនង​រវាង​សមរភូមិមុខ​នៅ​កម្ពុជា និង​សម្តេច នរោត្តម សីហនុ ប្រមុខ​រាជរដ្ឋាភិបាល​រួបរួមជាតិ ដែល​មាន​ស្នាក់ការ​នៅ​ទីក្រុង​ប៉េកាំង។ ក៏ប៉ុន្តែ យោងតាម​លោកស្រី Elizabeth Becker តួនាទី​ពិត​របស់ អៀង សារី នៅពេលនោះ គឺ​ឃ្លាំមើល​សកម្មភាព​របស់​សម្តេច នរោត្តម សីហនុ។

នៅពេល​ដែល​កងទ័ព​ខ្មែរក្រហម​ដណ្តើម​កាន់កាប់​ទីក្រុង​ភ្នំពេញ នៅថ្ងៃទី​១៧ មេសា ១៩៧៥ អៀង សារី កំពុង​ស្ថិតនៅ​ទីក្រុង​ហាណូយ ប្រទេស​វៀតណាម។ មួយសប្តាហ៍​ក្រោយមក ទើប​អៀង សារី ធ្វើដំណើរ​ពី​ហាណូយ​មកដល់​ភ្នំពេញ។ អៀង សារី ត្រូវបាន​តែងតាំង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស នៃ​រាជរដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា ជំនួស សារិន ឆាក។ ក្រោយពី​រដ្ឋាភិបាល​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​បង្កើតឡើង​ នៅ​ឆ្នាំ១៩៧៦ អៀង សារី បាន​ក្លាយជា​ឧបនាយករដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការបរទេស។ អៀង សារី គឺជា​មនុស្ស​តែ​ម្នាក់គត់ ដែល ប៉ុល ពត មាន​ទំនុកចិត្ត​ឲ្យ​ធ្វើជា​តំណាង​បដិវត្តន៍​នៃ​កម្ពុជា​ប្រជាធិបតេយ្យ នៅលើ​ឆាក​អន្តរជាតិ។

យោងតាម​សក្ខីកម្ម​នៃ​បញ្ញវន្ត​ខ្មែរ​មួយចំនួន ដែលបាន​រួចជីវិត​ពី​របប​ខ្មែរក្រហម​ ដូចជា​លោក ពិន យ៉ាថៃ និង អ៊ុង ធុងហឿង ជាដើម អៀង សារី ក្នុង​ឋានៈ​ជា​រដ្ឋមន្រ្តី​ការបរទេស គឺជា​អ្នក​បញ្ចុះបញ្ចូល​បញ្ញវន្ត​ខ្មែរ ដែល​កំពុង​នៅ​ក្រៅ​ប្រទេស ជាពិសេស នៅ​ប្រទេស​បារាំង ឲ្យ​វិលត្រឡប់​ចូលមក​កម្ពុជា​វិញ ដើម្បី​ជួយ​កសាង​ប្រទេស។ បញ្ញវន្ត​ខ្មែរ វិល​ត្រឡប់​មក​ប្រទេស​កម្ពុជា​តាម​ការ​បញ្ចុះបញ្ចូល​នេះ ភាគច្រើន​សុទ្ធតែ​ត្រូវបាន​ខ្មែរក្រហម​ យកទៅ​សម្លាប់ចោល។

នៅក្នុងពេល​ដែល​ប្រជាជន​កម្ពុជា ​រាប់លាន​នាក់​ត្រូវបាន​ពួក​ខ្មែរក្រហម​ ជម្លៀស​ចេញពី​ទីក្រុង​ឲ្យ​ទៅ​ធ្វើ​ស្រែ​ចម្ការ ពង្រាត់​ប្រពន្ធ​ពីប្តី កូន​ពី​ឳពុកម្តាយ ឲ្យទៅនៅ​តាម​កងចល័ត ឬ​តាម​សហករណ៍​ផ្សេងៗគ្នា ក្រុមគ្រួសារ​របស់ អៀង សារី បែរជា​រស់នៅ​ជួបជុំគ្នា ក្នុង​ភូមិគ្រឹះ​ដ៏ស្កឹមស្កៃ​ក្នុង​ទីក្រុង​ភ្នំពេញ មានទឹក មានភ្លើង មាន​អ្នក​បើកឡាន មាន​អង្គរក្ស និង​អ្នកបម្រើ​ឆ្វេងស្តាំ​ទៅវិញ។

យោងតាម​លោកស្រី Elizabeth Becker កូនៗ​របស់ អៀង សារី ដែល​រៀន​មិនទាំង​បាន​សញ្ញាបត្រ​អ្វី​ធំដុំ​ផងនោះ សុទ្ធតែ​បាន​ធ្វើជា​កម្មាភិបាល​ខ្មែរក្រហម ដូចជា កូនស្រីច្បង​ធ្វើជា​គ្រូពេទ្យ កូនស្រី​ពីរទៀត​ធ្វើជា​ឱសថការី និង​កូនប្រុស​ធ្វើជា​អ្នក​បើក​យន្តហោះ។ នេះឬ​ ជា​សង្គម​ស្មើភាព គ្មាន​អ្នកមាន គ្មាន​អ្នកក្រ គ្មាន​អ្នក​ជិះជាន់​គេ និង​គ្មានអ្នក​ដែល​ត្រូវគេ​ជិះជាន់ ដែល​ក្រុម​មេដឹកនាំ​ខ្មែរក្រហម​តែងតែ​ប្រកាសក្តែងៗ​នោះ?

ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ដួលរលំ នៅថ្ងៃទី៧ មករា ឆ្នាំ១៩៧៩ អៀង សារី ក៏ដូចជា​មេដឹកនាំ​ខ្មែរក្រហម​ផ្សេងៗទៀត​ដែរ បាន​ទៅ​បង្កើត​ចលនាតស៊ូ​ប្រដាប់អាវុធ នៅតាម​បណ្តាយ​ព្រំដែន​ខ្មែរ-ថៃ ដើម្បី​ប្រឆាំង​នឹង​វត្តមាន​កងទ័ព​វៀតណាម និង​រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា។

ក្នុងចំណោម​មេដឹកនាំ​ខ្មែរក្រហម​ទាំងអស់ អៀង សារី គឺជា​មនុស្ស​តែម្នាក់គត់​ដែល​ត្រូវបាន​តុលាការ​ប្រជាជន​បដិវត្តន៍​កម្ពុជា កាត់ទោស​ជាមួយ ប៉ុល ពត ពីបទ​ប្រល័យ​ពូជសាសន៍។

ចាប់ពី​ឆ្នាំ១៩៧៩​មក អៀង សារី លែងសូវ​ចេញមុខ​ចេញមាត់​តំណាង​ខ្មែរក្រហម​ដូចមុន​ទៀតហើយ ដោយ​ទុក​នាទី​ជា​អ្នកនាំពាក្យ​ឲ្យ ខៀវ សំផន ជា​អ្នក​ទទួលខុសត្រូវ​វិញ។

នៅឆ្នាំ១៩៩៦ អៀង សារី បាន​ផ្តាច់ខ្លួន​ចេញពី​ក្រុមឧទ្ទាម​ខ្មែរក្រហម ហើយ​ចុះចូល​ជាមួយ​រដ្ឋាភិបាល។​ ក្នុងពេល​ជាមួយគ្នា​នោះ អៀង សារី បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ ចោទប្រកាន់ សាឡុត ស ហៅ ប៉ុល ពត ដែល​ត្រូវជា​បងថ្លៃ និង​ធ្លាប់ជា​មិត្តភ័ក្តិ​ចិត្តមួយ​ថ្លើមមួយ​របស់ខ្លួន​នោះ ថា​ជា​មនុស្ស​ផ្តាច់ការ។ អៀង សារី បាន​លើកឡើង​ទៀត​ថា ក្នុង​រយៈពេល​ដែល​ខ្មែរក្រហម​កាន់អំណាច ប៉ុល ពត គឺ​ជា​អ្នក​សម្រេច​រាល់​កិច្ចការ​អ្វីៗ​ទាំងអស់ រួមទាំង​ការ​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ការ​កាប់សម្លាប់​បញ្ញវន្តខ្មែរ ដោយ​ចោទថា​ជា​ភ្នាក់ងារ​ចារកិច្ច​បរទេស និង​ការ​កម្ចាត់​ បោសសម្អាត​បក្ស​កុម្មុយនិស្ត​កម្ពុជា។

អៀង សារី បាន​បញ្ជាក់​ថា ដោយមកពី​មើលឃើញ​​ការ​ដឹកនាំ​បែបផ្តាច់ការ​របស់​ ប៉ុល ពត​ នេះ​ហើយ ទើប​គាត់​សម្រេចចិត្ត​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល​កម្ពុជា។ ក៏ប៉ុន្តែ បើ ប៉ុល ពត គឺជា​មនុស្ស​តែម្នាក់​ដែល​ដឹកនាំ​បែប​ផ្តាច់ការ សម្លាប់​មនុស្ស ក្នុង​ចន្លោះ​ឆ្នាំ១៩៧៥ ដល់​ឆ្នាំ១៩៧៩ ហើយ អៀង សារី ជា​អ្នក​ប្រឆាំង​នឹង​ការ​សម្លាប់​មនុស្ស​ពិតមែន ហេតុអ្វី​បានជា​ក្រោយពី​របប​កម្ពុជា​ប្រជាធិបតេយ្យ​ដួលរលំ នៅឆ្នាំ​១៩៧៩ អៀង សារី នៅតែ​បន្ត​ធ្វើជា​មេដឹកនាំ​ខ្មែរក្រហម​តទៅទៀត? ហេតុអ្វី​បានជា​ត្រូវ​រង់ចាំ​រហូតដល់​ទៅជិត​២០ឆ្នាំ ទើប អៀង សារី ចេញមុខ​មក​ថ្កោលទោស​ ប៉ុល ពត បែបនេះ? ការទម្លាក់កំហុស​ដាក់គ្នា​ទៅវិញទៅមក ជាពិសេស​ ទៅលើ​ ប៉ុល ពត ដែល​បាន​ស្លាប់បាត់​ទៅហើយ​នោះ គឺជា​ទម្លាប់​ទៅហើយ របស់​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ដែល​នៅ​រស់រាន​មានជីវិត ហើយ​ដែល​កំពុង​ប្រឈមមុខ​នឹង​ការ​កាត់ទោស​ពី​សំណាក់​តុលាការ​ខ្មែរក្រហម។

ជាថ្នូរនឹង​ការ​ចុះចូល​ជាមួយ​រដ្ឋាភិបាល អៀង សារី ត្រូវបាន​ព្រះបាទ សម្តេចព្រះ​នរោត្តម សីហនុ លើកលែងទោស​ឲ្យ​រួចផុត​ពី​ទោស​ប្រហារ​ជីវិត ដែល​តុលាការ​ប្រជាជន​បដិវត្តន៍ នៃ​របប​សាធារណរដ្ឋ​ប្រជាមានិត​កម្ពុជា​បាន​កាត់ទោស កាលពី​ខែ​សីហា ឆ្នាំ១៩៧៩។ ពីពេលនោះមក អៀង សារី បាន​រស់នៅ​សោយសុខ នៅ​ក្រុងប៉ៃ​លិន ដែល​កូនប្រុស​របស់​គាត់​ធ្វើជា​អភិបាលរង​ក្រុង។ បន្ទាប់មក អៀង សារី និង​ប្រពន្ធ អៀង ធីរិទ្ធ បាន​មក​រស់នៅ ក្នុង​វីឡា​ដ៏ស្កឹមស្កៃ​មួយ នៅក្នុង​ក្រុង​ភ្នំពេញ ដោយ​មាន​ទាំង​អង្គរក្ស​យាម​ឆ្វេងស្តាំ​ផង។

នៅថ្ងៃទី១២ ខែ​វិច្ឆិកា ឆ្នាំ២០០៧ អៀង សារី និង អៀង ធីរិទ្ធ ជាភរិយា​ត្រូវ​បាន​អង្គជំនុំជម្រះ​វិសាមញ្ញ​នៃ​តុលាការ​កម្ពុជា ទទួលបន្ទុក​ជំនុំជម្រះ​អតីត​មេដឹកនាំ​ខ្មែរក្រហម​ ចេញដីកា​ចាប់ខ្លួន ពី​ភូមិគ្រឹះ​របស់​គាត់ នៅ​ទីក្រុង​ភ្នំពេញ។ អៀង សារី ត្រូវបាន​តុលាការ​ចោទប្រកាន់​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម ហើយ​ត្រូវបាន​តុលាការ​ចេញដីកា​ឃុំខ្លួន​បណ្តោះអាសន្ន​ រហូតមកទល់​ពេលនេះ ដោយរង់​សវនាការ​ ជំនុំជម្រះ៕

ដោយ៖ សេង ឌីណា

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: