jump to navigation

ព័ត៌មាន​ដកស្រង់៖ លោក អៀង សារី ស្នើសុំ​សម្តេច​សីហនុ លោកហ៊ុនសែន ​ព្រះអង្គម្ចាស់​​រណឫទ្ធិ ​និង លោក ជា ស៊ីម​ធ្វើជាសាក្សី​ 09/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
trackback

ដកស្រង់​ចេញ​ពី៖ វិទ្យុ​បារាំង​ខេមរភាសា

លោក អៀង សារី ​តាមរយៈ​សហ​មេធាវី​ការពារ​ក្តី ​គឺ​លោក​មេធាវី អាង​ឧត្តម និង​លោក​មេធាវី Michael G. Karnavas បាន​ស្នើសុំ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលា​ដំបូង​យាង​និង​កោះអញ្ជើញ​ សម្តេច​ព្រះវររាជបិតា ​នរោត្តម ​សីហនុ​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក​ជាស៊ីម ដើម្បី​ធ្វើ​ជា​សាក្សី និង​ផ្តល់​សក្ខីកម្ម នៅក្នុង​តុលាការ​ខ្មែរក្រហម​។​ នោះ​គឺ​ដើម្បី​បញ្ជាក់​ពី​ព្រះរាជក្រឹត្យ​លើកលែង​ និង​អនុគ្រោះ​ទោស​សម្រាប់​លោក អៀង សារី ​កាលពី​ឆ្នាំ​១៩៩៦​។ ​ជា​ការស្នើ​សុំ​ដែល​អង្គជំនុំ​ជម្រះ​សាលាដំបូង ​របស់​តុលាការ​ខ្មែរក្រហម បានសម្រេច​បដិសេធ​។ ​តែ​សហ​មេធាវី​ការពា​រក្តី​លោក​អៀង​សារី បាន​ដាក់ពាក្យ​ប្តឹង​ឧទ្ធរណ៍ ​ជំទាស់​នៅ​កាន់​តុលាការ​កំពូល​រួចហើយ​។

អតីតរដ្ឋមន្ត្រី​ការបរទេស ខ្មែរក្រហមលោក អៀង សារី តាមរយៈ​មេធាវី​របស់​លោក បាន​ស្នើ​សុំ​ឲ្យ​អង្គជំនុំ​ជម្រះ​សាលាដំបូង យាង និង​កោះ​អញ្ជើញ​សម្តេច​ព្រះវររាជ​បិតា នរោត្តម សីហនុ​, លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​, ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ និង​លោក ជា ស៊ីម ធ្វើ​ជា​សាក្សី ដែល​ត្រូវបាន​ស្នើសុំ ដើម្បី​ផ្តល់​សក្ខីកម្ម នៅពេល​សវនាការ។

ការស្នើ​សុំ​ដូច្នេះ ដោយសារ​លោក អៀង សារី ផ្អែក​លើ​ព្រះរាជក្រឹត្យ​លើកលែង​ទោស និង​អនុគ្រោះ​ទោស​ កាលពី​ឆ្នាំ​១៩៩៦​។ ​នោះ​គឺ​សម្តេចព្រះ នរោត្តម សីហនុ បាន​ឡាយ​ព្រះហស្ត​លេខា លើ​ព្រះរាជក្រឹត្យ​លើកលែងទោស តាម​ការស្នើសុំ​ពី​អតីត​សហនាយករដ្ឋមន្ត្រី​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ​និង​ លោក​នាយករដ្ឋមន្ត្រី​ហ៊ុន​សែន​។ ព្រះរាជក្រឹត្យ​លើកលែង​ទោស​នោះ​ ក៏​មាន​ការយល់ព្រម​ ពី​រដ្ឋសភា​ដែល​កាលណោះ​លោក​ជា​ស៊ីម ជា​ប្រធានរដ្ឋសភា​។

ញត្តិ​ដែលមាន ២២ ទំព័រ ជា​ភាសា​ខ្មែរ ចុះ​ថ្ងៃ​ទី​៩​ឧសភា ឆ្នាំ​២០១១ និង​ត្រូវបាន​ផ្សព្វផ្សាយ​នៅពេល​នេះ ​បង្ហាញថា​ ក្រមនីតិវិធី​ព្រហ្មទណ្ឌ​កម្ពុជា​បាន​តម្រូវ​ឲ្យ​អង្គជំនុំជម្រះ​សាលាដំបូង​ អាច​ប្រើប្រាស់​នគរបាល​យុត្តិធម៌​ ប្រសិនបើ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន​ ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ​ និង​លោក ជា ស៊ីម មិន​ប្រតិបត្តិ​តាម​ការកោះអញ្ជើញ​ដែល​បាន​ចេញ​ផ្ញើ​ជូន​ពួកគាត់។

លើសពីនេះ​ទៀត មេធាវី​ការពារ​លោក​អៀង​សារី ក៏បាន​លើកឡើង​ថា កិច្ចព្រមព្រៀង​បង្កើត​តុលាការ​ខ្មែរក្រហម ​រដ្ឋាភិបាល​កម្ពុជា ​ដែល​រួមមាន លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​សែន និង​លោក​ជាស៊ីម ​ត្រូវតែ​ជួយ​តុលាការ​ខ្មែរក្រហម​ ក្នុងករណី​មាន​សំណើសុំ​ជំនួយ​ណាមួយ​។ ​ក្នុងនោះ ពុំ​មាន​បញ្ញត្តិ​ណាមួយ​ រារាំង​អង្គជំនុំជម្រះ​សាលាដំបូង​ មិន​ឲ្យ​ស្នើសុំ​សម្តេច​ព្រះវររាជបិតា​ នរោត្តម សីហនុ មិន​ឲ្យ​ព្រះអង្គ ចូល​ធ្វើ​សក្ខីកម្ម​នោះឡើយ​។

លោក នេត្រ ភ​ក្ត្រា​ អ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម​ បាន​លើកឡើង​ថា អង្គជំនុំជម្រះ​សាលា​ដំបូង​ បាន​ច្រានចោល​ការស្នើសុំ​របស់​លោក​អៀង​សារី​ និង​បាន​បញ្ជាក់ថា​ ការជំនុំជម្រះ​ក្តី​នៅក្នុង​ឆ្នាំ​១៩៧៩ ​លើ​លោក​អៀង​សារី គឺ​វា​មិន​រំខាន​ដល់​ការ​ធ្វើ​ការចោទប្រកាន់​លោក​អៀង​សារី នៅ​តុលាការ​ខ្មែរក្រហម​ទេ​។ ​ចំណែក​ការលើកលែងទោស ក៏​មិន​មាន​អ្វី​ជះ​ឥទ្ធិពល ​លើ​ការជំនុំជម្រះ​ក្តី​នៅ​ពេល​នេះ​ឡើយ​។

ក្រោយ​ពី​ការសម្រេច​ដូច្នេះ សហ​មេធាវី​ការពារ​ក្តី​របស់​លោក អៀង សារី បាន​ដាក់​ពាក្យ​បណ្តឹង​ជំទាស់​ទៅកាន់​តុលាការ​កំពូល​។ ​តែ​ការសម្រេច​យ៉ាងណា​នោះ គឺ​មិន​ទាន់​ដឹង​នៅ​ឡើយ​ទេ​។​ កាលពី​ខែ​សីហា ឆ្នាំ​១៩៧៩ លោក អៀង សារី ត្រូវបាន​កាត់ទោស និង​ផ្តន្ទាទោស​ កំបាំងមុខ ​ចំពោះ​ការប្រព្រឹត្ត​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ ក្នុង​របប​ខ្មែរក្រហម​។ ​សាលក្រម​របស់​តុលាការ​ប្រជាជន​បដិវត្ត​ក្រុងភ្នំពេញ បាន​ផ្តន្ទាទោស​ប្រហារជីវិត​ លោក អៀង សារី​ និង​បាន​រឹបអូស​ទ្រព្យសម្បត្តិ​ទាំងអស់​របស់​គាត់​។

ជា​ការកត់សម្គាល់​ការផ្សព្វផ្សាយ​ពី​ញត្តិ​របស់​លោក​អៀង​សារី នៅពេលនេះ បាន​ធ្វើឡើង ខណៈ​ដែល​សំណុំរឿង​០០២ ដែល​រួមមាន​៖ លោក នួន​ជា​ លោក​ខៀវ​សំផន​ លោក​អៀង​សារី និង​លោកស្រី អៀង​ធីរិទ្ធ នឹង​ត្រូវ​អង្គជំនុំជម្រះ​សាលាដំបូង របស់​តុលាការ​ខ្មែរក្រហម បើក​សវនាការ​ជំនុំជម្រះ​លើ​អង្គសេចក្តី ចាប់ពី​ថ្ងៃ​ទី​២១​វិច្ឆិកា ឆ្នាំ​២០១១៕

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: