jump to navigation

និទាន​បែប​កំសាន្ដ៖ អាយីប “ភាគ​ទី ១” 21/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , , ,
trackback

រឿង​នេះ​ត្រូវ​បាន​និទាន​អោយ​សិស្ស​ស្ដាប់​ ដោយ​អ្នក​គ្រូ​របស់​ខ្ញុំ ​កាល​ពី​នៅ​សាលា​អនុវិទ្យាល័យ​ក្រចេះ​ក្រុង​ គឺ​អ្នកគ្រូ “លន់ ណារ៉ុង” ដែល​ខ្ញុំ​នៅ​ចងចាំ​នៅ​ឡើយ ព្រោះ​កាល​ពី​នៅ​ក្មេង​ខ្ញុំ​ចូលចិត្ត​ស្ដាប់​រឿង​និទាន​ណាស់ អោយ​តែ​មាន​គេ​និយាយ​អោយ​ស្ដាប់ ខ្ញុំ​អង្គុយ​ចំហ​មាត់​រហូត។ ដោយ​មិន​ចង់​ទុក​កប់​ចោល​ក្នុង​ខួរ​ដែល​តែងតែ​ចងចាំ មិន​ចេះ​ភ្លេច​នេះ​អញ្ចឹង​ថ្ងៃ​នេះ​សូម​​បើក​កកាយ​យក​មក​និទាន​កំសាន្ដ​ម្ដង​ទៀត​ដូច​តទៅ៖

——–មាន​កាល​ដ៏​យូរលង់​ណាស់​មក​ហើយ​ មាន​ស្ដេច​មួយ​អង្គ​ឈ្មោះ “អាយីប” ​ព្រះអង្គ​ចូលចិត្ត​ធ្វើ​ដំណើរ​កំសាន្ត​ខ្លាំង​ណាស់ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​កំសាន្ត​តាម​សំពៅ ដោយ​សារ​ព្រះ​រាជវាំង​របស់​ព្រះអង្គ​ នៅ​ជាប់​នឹង​មាត់​សមុទ្រ។ ជាច្រើន​ដង​ព្រះអង្គ​តែងតែ​ចុះ​សំពៅ​ទៅ​ទិស​ខាងកើត​ប៉ុន្តែ​លើក​នេះ​ ព្រះអង្គ​ចង់​ចុះ​សំពៅ​ទៅ​ទិស​ខាង​លិច​វិញ​ម្ដង ព្រោះ​ព្រះអង្គ​សែន​ឆ្ងល់​ក្នុង​ចិត្ត​ពន់ពេក​ក្រៃ​ ដោយសារ​មាន​សំពៅ​ ចុះ​ទៅ​ទិស​ខាង​លិច​ជាច្រើន ប៉ុន្តែ​មិន​ដែល​ឃើញ​ត្រលប់​មក​វិញ​ទាល់​តែ​សោះ។

ព្រះអង្គ​បាន​អោយ​គេ​រៀប​ចំ​គ្រឿង​បរិភោគ និង របស់របរ​ចាំបាច់​ជា​ច្រើន​ ដើម្បី​ត្រៀម​ក្នុង​ដំណើរ​កំសាន្ត​លើក​នេះ​ ដោយ​បូក​រួម​ទាំង នាម៉ឺន មន្ត្រី អ្នក​មុខ​អ្នកការ អាមាត្រ និង អ្នក​បំរើ​ប្រុស​ស្រី​ជាច្រើន​ទៅ​ជាមួយ​ផង។ ការ​ធ្វើដំណើរ​បាន​ប្រព្រឹត្ត​ទៅ​អស់​ជាច្រើន​ថ្ងៃ​ ដោយ​សុខសប្បាយ គ្មាន​ហេតុការណ៍​អាក្រក់​កើត​ឡើង​នោះ​ទេ ស្រាប់​តែ​ថ្ងៃ​នេះ​មេឃ​ចាប់ផ្ដើម​ងងឹត ហើយ​មាន​ព្យុះ​មួយ​បក់​បោក​មក​យ៉ាង​ខ្លាំង​​ ពុំ​ព្រម​ឈប់ ហើយ​បន្ត​អស់​រយៈពេល​ជាច្រើន​ថ្ងៃ។

ដោយ​សភាព​ងងឹត​មើល​អ្វី​មិន​យល់​ ធ្វើ​អោយ​អ្នក​បើក​សំពៅ​វង្វេងផ្លូវ លែង​ដឹង​ឆ្វេង​លែង​ដឹង​ស្កាំ ប៉ុន្តែ​គាត់​នៅ​តែ​បន្ត​ដំណើរ​នេះ​ទាំង​ងងឹត​ងងុល រហូត​ដល់​មេឃ​ស្រឡះ​លែង​មាន​ព្យុះ​បក់​បោក។ ទោះបី​ជា​មេឃ​ស្រឡះ​មាន​ថ្ងៃ​រះ​បរិបូរណ៍​យ៉ាងណា​ក្តី តែ​អ្នក​បើក​សំពៅ​នៅ​តែ​វង្វេង​មិន​ដឹង​ឆ្វេង​ស្កាំ​នៅ​​ឡើយ មួយសន្ទុះ​ក្រោយ​មក នៅ​ខាង​មុខ​សំពៅ​ដ៏​សែន​ឆ្ងាយ​អ្នក​បើក​សំពៅ​បាន​មើល​ឃើញ ចំណុច​ខ្មៅ​ងើប​ព្រឹម​ៗ​ពី​ផ្ទៃ​ទឹក​ គាត់​ក៏​បាន​រាយការណ៍​​អោយ​ទៅ​ព្រះអង្គ​អោយ​ទ្រង់​បាន​ជ្រាប​ពី​រឿង​នេះ។

ព្រះអង្គ​បាន​ប្រើ​អាមាត្យ​​ម្នាក់​ឡើង​ទៅ​កំពូល​ដង​ក្ដោង​​ដើម្បី​អោយ​ដឹង​ថា ចំណុច​ខ្មៅ ងើប​ព្រឹម​ៗ​ពី​ផ្ទៃ​ទឹក​នោះ​គឺជា​អ្វី? ពេល​ដែល​អាមាត្យ​នោះ​ចុះ​មក​វិញ​បណ្ដើរ វា​យំ​បណ្ដើរ ប៉ុន្តែ​វា​មិន​ទាន់​និយាយ​ថា​មាន​រឿង​អ្វី​កើត​ឡើង​នោះ​ទេ មនុស្ស​ក្នុង​សំពៅ និង ព្រះអង្គ​ឆ្ងល់​ជា​ខ្លាំង​នូវ​អាកប្បកិរិយា ​របស់​អាមាត្យ​ម្នាក់​នោះ វា​ថា​វា​មិន​ហ៊ាន​និយាយ​ប្រាប់​ព្រះអង្គ​នោះ​ទេ ព្រោះ​ខ្លាច​ព្រះអង្គ​អោយ​ទោស​ទៅ​វា

ព្រះអង្គ​ថា​មាន​រឿង​អ្វី​និយាយ​ភ្លាម​ៗ​មក ព្រះអង្គ​នឹង​មិន​យក​ទោស​ពៃ​អ្វី​ទាំង​អស់។ វា​ថា​ចំណុច​ខ្មៅ​​ដែល​ពួក​យើង​បាន​ឃើញ​នោះ​គឺជា កោះ​មេដែក ហើយ​កោះ​នោះ​កំពុង​តែ​ឆក់​សំពៅ​របស់​យើង​ទៅ​កាន់​ទីនោះ​នៅ​វេលា​ថ្ងៃ​ស្អែក ​ពួក​យើង​ទាំង​អស់​គ្នា​ នឹង​ស្លាប់​ជាក់​ជា​មិន​ខាន។ មនុស្ស​ក្នុង​សំពៅ​ទាំងអស់​ចាប់ផ្ដើម​ទ្រហោ​យំ​លាន់​រំពង ព្រោះ​តែ​ខ្លាច​សេចក្ដី​មរណា​ដែល​នឹង​មក​ដល់​នៅ​​ថ្ងៃ​​ស្អែក។

វេលា​ថ្ងៃ​ស្អែក​បាន​មក​ដល់ មនុស្ស​ទាំងអស់​ក្នុង​សំពៅ​មើល​ឃើញ​កោះ​មេដែក កាន់​តែ​ច្បាស់​ឡើង​ៗ ហើយ​ពួក​គេ​ក៏​យំ​កាន់​តែ​ខ្លាំង​ឡើង​ៗ​ផង​ដែរ។ ពេល​សំពៅ​ខិត​កាន់​តែ​ជិត របស់​របរ​ផ្សេង​ៗ​ដែល​ធ្វើ​ពី​ដែក​ដូច​ជា ចាន ឆ្នាំង ពូថៅ លំពែង ដាវ និង គ្រឿង​ដែក​ផ្សេង​ៗ បាន​ហោះ​ទៅ​មុន​បាត់​អស់​ទៅ ដោយសារ​កំលាំង​ឆក់​នៃ​មេដែក។ កាន់​តែ​ខិត​ជិត​ទៅ​ៗ ស្រាប់​តែ​សំពៅ​បាន​បែក​ខ្ញែក​ពី​គ្នា​ ព្រោះ​តែ​កំលាំង​មេ​ដែក​ ឆក់​យក​ដែកគោល​ដែល​ដំ​ភ្ជាប់​ក្ដារ​សំពៅ​នីមួយ​ៗ ធ្វើ​អោយ​មនុស្ស​ទាំង​អស់​ក្នុង​សំពៅ​លិចលង់​ក្នុង​ទឹក​សមុទ្រ​អស់​ទៅ លើកលែង​តែ អាយីប បាន​តោង​បាន​ដុំ​ឈើ​អណ្ដែត​មួយ​ដុំ​ហើយ​ព្រះអង្គ​បាន​ព្យាយាម​ហែល​ចេញ​ឆ្ងាយ​ពី​កោះ​មេដែក ទៅ​ទើរ​លើ​កោះ​មួយ​ទៀត​ ទន្ទឹម​នឹង​កោះ​មេដែក​នោះ​ដែរ។

ដោយ​ការ​នឿយហត់​ក្នុង​ការ​ហែល​ទឹក​ធ្វើ​អោយ អាយីប អស់​កំលាំង​យ៉ាង​ខ្លាំង​ហើយ​ក៏​លង់លក់​លើ​កោះ​នោះ​ទៅ។ នៅ​ពេល ​អាយីប កំពុង​តែ​លង់​លក់ អាយីប បាន​យល់​សុបិន​ឃើញ​មាន​មនុស្ស​ចាស់​សក់​ស​ម្នាក់​បាន​មក​ប្រាប់​ថា “អាយីប ពេល​ដែល​ឯង​ភ្ញាក់​ឡើង ចូរ​ឯង​កាយ​ខ្សាច់​ក្រោម​ខ្នង​របស់​ឯង ឯង​នឹង​ឃើញ​ធ្នូ និង គ្រាប់​វា​មួយ​គ្រាប់ ឯង​ត្រូវ​តែ​យក​គ្រាប់​នេះ​បាញ់​សំដៅ​ទៅ​មនុស្ស​ថ្ម ​ដែល​ជិះ​លើ​ខ្នង​សេះ​នៅ​លើ​កោះ​មេដែក​នោះ​ ទំលាក់​ទៅ​ក្នុង​ទឹក នោះ​ឯង​នឹង​អាច​ជួយសង្គ្រោះ​មនុស្ស​លោក​ ដែល​នឹង​ធ្វើដំណើរ​ដោយ​សំពៅ​ឆ្លងកាត់​ទីនេះ​បាន​ តែ​ចូរ​ឯង​ប្រុងប្រយ័ត្ន ព្រោះ​ធ្នូ​មាន​តែ​មួយ​គ្រាប់​ប៉ុណ្ណោះ។ ​បើ​សិន​ជា​ឯង​បាញ់​មនុស្ស​ថ្ម​នោះ​ធ្លាក់​ក្នុង​ទឹក​ហើយ​ នឹង​មាន​មនុស្ស​ម្នាក់​អុំ​ទូក​មក​យក​ឯង​ទៅ​ តែ​ឯង​មិន​ត្រូវ​នឹក​គុណ​ ដល់​អ្នក​ដែល​បាន​ជួយ​សង្គ្រោះ​ឯង​នោះ​ទេ ចូរ​ឯង​ចងចាំ​បណ្ដាំ​របស់​យើង​ណា”​។ ពេល អាយីប ភ្ញាក់​ឡើង​គាត់…….(អានបន្ត​​នៅ​ភាគ​ទី ២)

Related articles

មតិ»

1. តា ម៉ាប់ - 21/11/2011

លឿន​មក​បង ចង់​ដឹង​ណាស់ !!!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 21/11/2011

ហាហាហា…..ចាំ​ប៉ុន្មាន​ថ្ងៃ​ទៀត​ចាំ​បង​ទំនេរ​បន្តិច​សិន 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: