jump to navigation

និទាន​កំសាន្ដ៖ អាយីប (ភាគ​ទី ២) 23/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , , , ,
trackback

បាន​កាយ​ខ្សាច់​ក្រោម​ខ្នង​របស់​គាត់ គាត់​បាន​ឃើញ​ធ្នូ និង​ គ្រាប់​វា​មួយ​គ្រាប់​នៅ​ជាមួយ​គ្នា​ អាយីប​បាន​សំលឹង​មើល​ទៅ​កោះ​មេដែក​នោះ គាត់​បាន​ឃើញ​មនុស្ស​ថ្ម​ ជិះ​លើ​ខ្នង​សេះ​​ដូច ​អ្វី ​ដែល​តា​ចាស់​សក់​ស​បាន​ប្រាប់​គាត់​ក្នុង​សុបិន អាយីប​បាន​ព្យាយាម​តំរង់​បាញ់​ទៅ​មនុស្ស​ដែល​ជិះ​លើ​ខ្នង​សេះ​នោះ ​ធ្លាក់​ពី​លើ​ខ្នង​សេះ​​រមៀល​ធ្លាក់​ទឹក​បាត់​ទៅ។ ភ្លាម​នោះ​កោះ​មេដែក​បាន​លិច​ទៅ​ក្នុង​ទឹក​សន្សឹម​ៗ បន្តិច​ម្ដង​ៗ រហូត​បាត់​ស្រមោល។

ភ្លាម​នោះ​គាត់​បាន​ឃើញ​មនុស្ស​ម្នាក់​ដែល​មាន​សំបុរ​ខ្មៅ​ស្រិល និង សណ្ឋាន​ដូច​ធ្វើ​ពី​ដែក​បាន​ចែវ​ទូក​តំរង់​មក​កោះ ​ដែល​គាត់​នៅ អាយីប​បាន​ឡើង​ជិះ​ទូក​នោះ​ដោយ​មិន​មាន​និយាយ​ស្ដី​មួយ​ម៉ាត់​ទាល់​តែ​សោះ ចំណែក​ទូក​នោះ​សោត​គឺ​គ្មាន​បាត​នោះ​ទេ ដែល​អាច​អោយ អាយីប​មើល​ឃើញ​ទឹក​យ៉ាង​ច្បាស់​ក្រឡែត​ តែ​អាយីប​គ្មាន​បាន​បង្ហាញ​ប្រតិកម្ម​បន្តិច​នោះ​ទេ។

ការ​ធ្វើ​ដំណើរ​អស់​ជាច្រើន​ថ្ងៃ ច្រើន​យប់ គ្មាន​ឈប់​ឈរ​បាន​ធ្វើ​អោយ អាយីប​នឹក​ស្រណោះ​ខ្លួន​ពន់ពេក​ក្រៃ អាយីប បាន​នឹង​ក្នុង​ចិត្ត​ថា៖ “ឱ!​អ្នក​ដ៏​មាន​គុណ​ដែល​បាន​ជួយ​សង្គ្រោះ​ជីវិត​ខ្ញុំ ខ្ញុំ​នឹង​មិន​ភ្លេច​ដល់​គុណ​អ្នក​នោះ​ទេ” គ្រាន់​តែ​នឹក​ប៉ុណ្ណេះ ទូក និង មនុស្ស​ដែក​ដែល​ចែវ​ទូក​នោះ​បាន​លិច​ស្រឹម​ទៅ​ក្នុង​សមុទ្រ​បាត់​ទៅ។ អាយីប បាន​ព្យាយាម​ហែល​ទឹក​សំដៅ​រក​កន្លែង​អាច​សំចត​បាន តែ​មិន​អាច​មើល​ឃើញ​កោះ​ត្រើយ ហើយ​ក៏​មិន​ដឹង​ហែល​ទៅ​ខាង​ណា​នោះ​ដែរ អាយីប មាន​អារម្មណ៍​ថា​ខ្លួន​បាន​លិច​ស្រឹម​ទៅ​ក្នុង​ទឹក​បាត់​ទៅ។

ពេល​អាយីប​ដឹង​ខ្លួន​ឡើង​វិញ គាត់​បាន​ឃើញ​ខ្លួន​គាត់​ទើរ​នៅ​លើ​កោះ​មួយ គាត់​ក៏​មិន​ដឹង​ថា​គាត់​អាច​ហែល​មក​ដល់​កោះ​នោះ​ តាម​​របៀប​ណា​នោះ​ទេ ហើយ​គាត់​ក៏​មិន​ខ្វល់​ចង់​ដឹង​នោះ​ដែរ។ នៅ​លើ​កោះ​នោះ​សុទ្ធ​តែ​ខ្សាច់ ហើយ​មាន​តែ​ដើមឈើ​តែ​មួយ​ដើម​ធំ និង កូន​រុក្ខជាតិ​តូច​ៗ​ប៉ុណ្ណោះ​ ដែល​ដុះ​នៅ​ទីនោះ អាយីប​បាន​ដើរ​ទៅ​ជ្រក​ក្រោម​ដើមឈើ​ធំ​នោះ​គ្រាន់​បាន​ជា​ម្លប់ ការពារ​កំដៅ​ព្រះអាទិត្យ ដែល​ចែង​ចាំង​ពេញ​ទំហឹង​មក​លើ​កោះ​នោះ។

កំពុង​តែ​សំរាក​ក្រោម​ម្លប់​ឈើ​ ដ៏​ត្រឈឹង​ត្រឈៃ​​ ស្រាប់​តែ​អាយីប​បាន​ឃើញ​សំពៅ​មួយ​យ៉ាង​ធំ បើក​សំដៅ​មក​កោះ​នោះ​ អាយីប អរ​ផង ភ័យ​ផង តែ​គាត់​មិន​ក្ដី​ក្លាហាន​គ្រប់​គ្រាន់ ដើម្បី​បង្ហាញ​ខ្លួន​គាត់​អោយ​គេ​បាន​ឃើញ​នោះ​ទេ។​ អាយីប បាន​ឡើង​លើ​ដើមឈើ ដើម្បី​អង្កេត​មើល​ហេតុការណ៍​ គាត់​បាន​ឃើញ​ពល​សេនា​ជាច្រើន​ចុះ​ពី​សំពៅ រួម​នឹង​ក្មេង​ជំទង់​ម្នាក់​ ដែល​ទំនង​ជា​កូន​សេដ្ឋី​ក៏​ចុះ​មក​ជាមួយ​ដែរ អ្នក​ទាំង​អស់​នោះ​បាន​ដើរ​សំដៅ​ដើមឈើ​ដែល​ អាយីប កំពុង​លាក់​ខ្លួន។

អាយីប​ បាន​ឃើញ​ពល​សេនា​ទាំង​អស់​កាយ​ខ្សាច់ នៅ​ក្បែរ​ដើមឈើ​នោះ ហើយ​បាន​បើក​គំរប​មួយ​ដែល​មាន​រូង​ចូល​ទៅ​ក្នុង។​ ចំណែក​ពល​សេនា​មួយ​ក្រុម​ទៀត​ បាន​ជញ្ជូន​របស់​របរ​ជាច្រើន​ចូល​ក្នុង​រូង​នោះ​ដែរ មួយ​សន្ទុះ​ក្រោយ​មក​ពួក​គេ​បាន​ចេញ​មក​វិញ ហើយ​កាយ​ខ្សាច់​លុប​រូង​នោះ​វិញ ហើយ​ឡើង​សំពៅ​បើក​ចេញ​បាត់​ទៅ តែ​​អាយីប​មិន​បាន​ឃើញ​ក្មេង​ប្រុស​នោះ​ចេញ​ត្រលប់​ទៅ​វិញ ជាមួយ​ពួក​គេ​នោះ​ទេ។ អាយីប ប្រាកដ​ក្នុង​ចិត្ត​ថា​ក្មេង​ប្រុស​នោះ​ពិត​ជាក់​ជា​នៅ​ក្នុង​រូង​នោះ​មិន​ខាន គាត់​បាន​កាយ​ខ្សាច់​នោះ​ចេញ​ គាត់​បាន​ចូល​ទៅ​ក្នុង​រូង​នោះ គាត់​បាន​ឃើញ​ទ្វារ​យ៉ាង​មាំ បិទ​ដាក់​គន្លឹះ​ពី​​ខាង​ក្នុង​គាត់​បាន​គោះ​ទ្វារ សំលេង​ក្មេង​ជំទង់​ស្រែក​ពី​ក្នុង “អ្នកណា​គេ?” អាយីប​ថា “គ្នា​ឯង​ទេ យើង​ជា​មិត្ត មិនមែន​សត្រូវ​នោះ​ទេ”។

​ទ្វារ​បន្ទប់​បាន​របើក​ឡើង​ក្មេង​ប្រុស​នោះ​បាន​នាំ​ អាយីប ចូល​ទៅ​ខាង​ក្នុង អាយីប ឃើញ​ខាង​ក្នុង​សុទ្ធ​តែ​គ្រឿង​បរិភោគ គាត់​សប្បាយ​ចិត្ត​យ៉ាង​ខ្លាំង ព្រោះ​មិន​បាន​បរិភោគ អស់​ជាច្រើន​ថ្ងៃ​នោះ​ផង​គាត់​បាន​បរិភោគ​ជាមួយ​ក្មេង​នោះ​យ៉ាង​ឆ្ងាញ់​ពិសា។ បន្ទាប់​ពី​បរិភោគ​ ឆ្អែត​ហើយ អាយីប​ ចាប់ផ្ដើម​សួរ​សំនួរ​ដែល​គាត់​បាន​ឆ្ងល់​នោះ “ហេតុអ្វី​បាន​ជា​គេ​យក​ឯង​មក​កប់​ចោល​ទីនេះ តែ​កុំ​បារម្ភ​អី យើង​ជា​មិត្ត​នឹង​គ្នា យើង​នឹង​ជួយ​ឯង​អោយ​ចេញ​ពី​ទីនេះ” ក្មេង​ជំទង់​នោះ​បាន​និយាយ​ថា “ខ្ញុំ​ជា​កូន​សេដ្ឋី​ម្នាក់​មាន​សម្បត្តិ​ស្តុក កាល​ពី​ឪពុក​ម្តាយ​ខ្ញុំ​បាន​រៀបការ​ហើយ ពួក​គាត់​មិន​មាន​កូន​នោះ​ទេ គាត់​បាន​ទៅ​បួងសួង ហើយ​ពួក​គាត់​បាន​បុត្រ​តាម​ក្តី​ប្រាថ្នា នោះ​គឺ​រូប​ខ្ញុំ​នេះ​ឯង តែ​គ្រូ​ហោរា​បាន​ទស្សន៍ទាយ​​ថា​ខ្ញុំ​មាន​អាយុ​តែ​ត្រឹម ១៥ ឆ្នាំ​ប៉ុណ្ណោះ នៅ​ចំនួន ១៥ ថ្ងៃ​ចុង​ក្រោយ​ដែល​ខ្ញុំ​នឹង​ចូល​វ័យ ១៦ ឆ្នាំ កំឡុង​ពេល​នោះ​ខ្ញុំ​នឹង​ត្រូវ​ស្លាប់​ទៅវិញ គឺ​ស្លាប់​ដោយ​សារ ស្ដេច​អាយីប​ជា​អ្នក​សំលាប់ ហេតុនេះ​ហើយ​បាន​ជា​ឪពុកម្ដាយ​របស់​ខ្ញុំ​ យក​ខ្ញុំ​មក​កប់​នៅ​លើ​កោះ​ដ៏​សែន​ឆ្ងាយ​នេះ កោះ​ដែល​មិន​មាន​អ្នកណា​មក​ដល់​នេះ ដើម្បី​គេច​ពី​ការ​តាម​សំលាប់​របស់​ស្ដេច អាយីប”។

អាយីប បាន​គិត​ក្នុង​ចិត្ត​ថា “ហោរា​នោះ​គឺ​ពិត​ជា​ធ្វើ​កំហុស​មួយ​យ៉ាង​ធំ​​ ក្នុង​ការ​ទស្សន៍ទាយ​​បែប​នោះ អញ​ឯណា​ទៅ​ដាច់​ចិត្ត​សំលាប់​វា បើ​វា​គួរ​អោយ​ស្រឡាញ់ ស្អាត​បាត និង ចិត្ត​ល្អ​យ៉ាង​នេះ” អាយីប​មិន​បាន​ប្រាប់​ថា​គាត់​គឺជា ស្ដេច​អាយីប ដែល​ក្មេង​នោះ​ទើប​តែ​បាន​និយាយ​នោះ​ទេ ព្រោះ​កុំ​អោយ​វា​ភ័យ គាត់​បាន​និយាយ​លួងលោម​ក្មេង​ជំទង់​នោះ​ថា “សូម​កុំ​បារម្ភ​អី យើង​នៅ​ទីនេះ យើង​នឹង​ការពារ​ឯង​ តែ​ឯង​ត្រូវ​អោយ​យើង​ហូប​ម្ហូប​ជាមួយ​ឯង​ផង ហើយ​ពេល​សំពៅ​មក​វិញ សូម​អោយ​យើង​ដោយសារ​ជាមួយ​ឯង​ទៅ​ជួប​នឹង​ឪពុកម្ដាយ​ឯង និង គ្រូ​ហោរា​នោះ​ផង ដើម្បី​អរគុណ​ពួក​គេ”​ ក្មេង​ប្រុស​នោះ​បាន​យល់ព្រម​តាម​ការ​ស្នើ​របស់​​អាយីប​ដោយ​រីករាយ។

ការ​រស់នៅ​ជាមួយ​គ្នា​ពី​មួយ​ថ្ងៃ ទៅ​មួយ​ថ្ងៃ អាយីប​កាន់​តែ​មានចិត្ត​ស្រឡាញ់ ក្មេង​នោះ​ច្រើន​ឡើង​ដោយសារ​ភាព​ឆ្លាត​វាងវៃ និង ចិត្ត​ល្អ​កម្រ​​រក​បាន​របស់​វា​……សូម​អាន​ភាគ​ទី ៣

Related articles

មតិ»

1. តា ម៉ាប់ - 24/11/2011

លឿន ៗៗៗ សរសេរ​ឲ្យ​ចប់​ហ្មង​មក​បង ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 24/11/2011

ទៅ​មើល​រឿង​ភាគ​ថៃ​កំដ​អារម្មណ៍សិន​ទៅ 😆

តា ម៉ាប់ - 25/11/2011

អត់ដែល​មើល​ទូរទស្សន៍​សោះ​អីឡូវនេះ

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 25/11/2011

ល្អ អាន​ល្អ​ជាង​ ចំណេញ​បាន​គិត បាន​ជ្រាប​ចូល​ក្នុង​សាច់​រឿង​បាន​
ជ្រៅ​ជាង 😆 ចាំ​សរសេរ​រឿង​អាសអាភាស​មួយ ទាំង​អ្នក​សរសេរ​ និង អ្នក​អាន​រមួល​ខ្លួន តែ​អ្នក​សរសេរ​រមួល​ខ្លួន​មុន​គេ 😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: