jump to navigation

ព័ត៌មាន​ដកស្រង់៖ ប្រវត្តិរបស់ខៀវ សំផន 26/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , , , ,
trackback

  • ភាគ​ទី ១

  • ភាគ​ទី ២

  • ដកស្រង់​ចេញ​ពី​ វិទ្យុ​បារាំង​អន្តរជាតិ

ដូចលោកអ្នកស្តាប់​បាន​ជ្រាប​រួចមកហើយ​ថា ខៀវ សំផន ពេល​ត្រឡប់ពី​ប្រទេស​បារាំង​វិញ មិនបាន​ទៅ​ធ្វើការ​ឲ្យ​ក្រុម​កុម្មុយនិស្ត ដូចជា សាឡុត ស និង អៀង សារី នោះទេ។ ខៀវ សំផន បាន​ចូល​ប្រឡុក​ក្នុង​នយោបាយ ហើយ​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត និង​ត្រូវបាន​តែងតាំង​ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម។ ខៀវ សំផន បាន​រត់ចេញ​ពី​ភ្នំពេញ ទៅ​ចូលរួម​ជាមួយ​ពួក​ខ្មែរក្រហម នៅក្រោយ​ព្រឹត្តិការណ៍​បះបោរ​នៅ​ស្រុកសំឡូត ខែមេសា ឆ្នាំ​១៩៦៧។ នៅថ្ងៃនេះ សេង ឌីណា នឹង​រៀបរាប់​ពី​ប្រវត្តិ​របស់ ខៀវ សំផន ក្នុង​ជួរថ្នាក់ដឹកនាំ​ខ្មែរក្រហម។

ខៀវ សំផន កើត​នៅថ្ងៃទី​២៧ ខែ​កក្កដា ឆ្នាំ១៩៣១ នៅ​ខេត្ត​ស្វាយរៀង។ ខៀវ សំផន គឺជា​កូនច្បង ក្នុង​ត្រកូល​អ្នក​ចេះដឹង ដែល​មាន​ឳពុក​ជាចៅក្រម។

នៅឆ្នាំ១៩៤២ ខៀវ សំផន ត្រូវបាន​ជ្រើសរើស​ឲ្យ​ទៅរៀន​នៅ​អនុវិទ្យាល័យ​មួយ​ ដែល​បារាំង​ទើប​បង្កើត​ថ្មី នៅ​ខេត្ត​កំពង់ចាម ឈ្មោះ “វិទ្យាល័យ​ព្រះសីហនុ”។ សាឡុត ស ហ៊ូ នឹម និង ហ៊ូ យន់ ក៏​ត្រូវបាន​ជ្រើសរើស​ទៅរៀន​នៅ​អនុវិទ្យាល័យ​នេះ​ដែរ។ សិស្ស​ដែល​រៀន​នៅ​អនុ វិទ្យាល័យ​កំពង់ចាម​នោះ​បាន​រៀបរាប់​ថា ខៀវ សំផន គឺជា​សិស្ស​ដែល​មាន​បញ្ញា​វ័យឆ្លាត មាន​មហិច្ឆតា​ខ្ពស់ និង​ជា​មនុស្ស​ចូលចិត្ត​នៅ​ដាច់ឆ្ងាយ​ពី​គេ​ឯង។

ក្រោយពី​បញ្ចប់​ការ​សិក្សា​នៅ​អនុវិទ្យាល័យ​កំពង់ចាម ខៀវ សំផន បាន​ចូលរៀន​នៅ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ទីក្រុង​ភ្នំពេញ។ នៅឆ្នាំ​១៩៥៣ ខៀវ សំផន បាន​ទទួល​អាហារូបករណ៍​ទៅរៀន​នៅ​ប្រទេស​បារាំង។ ខៀវ សំផន ទទួលបាន​បរិញ្ញាប័ត្រ​ផ្នែក​វិទ្យាសាស្រ្ត​សេដ្ឋកិច្ច នៅ​សាកលវិទ្យាល័យ Montpelier បន្ទាប់មក​បាន​បន្ត​ការសិក្សា​ថ្នាក់​បណ្ឌិត​សេដ្ឋកិច្ច នៅ​សាកល​វិទ្យាល័យ ​Panthéon-Sorbonne នៅ​ទីក្រុង​ប៉ារីស។ ខៀវ សំផន ទទួល​សញ្ញាប័ត្រ​បណ្ឌិត​សេដ្ឋកិច្ច​ នៅ​ឆ្នាំ១៩៥៨។ នៅក្នុង​និក្ខេបទ​បណ្ឌិត ដែល​មាន​ចំណងជើង​ថា “ការអភិវឌ្ឍ​សេដ្ឋកិច្ច ​និង​ឧស្សាហកម្ម​កម្ពុជា” ខៀវ សំផន បាន​ប្រកាន់យក​នូវ​ទស្សនៈ​ឯករាជ្យ​ម្ចាស់ការ​នៅក្នុង​ការ​អភិវឌ្ឍ​ប្រទេស។

គឺនៅ​ទីក្រុង​ប៉ារីស​នេះ​ហើយ ដែល ខៀវ សំផន បាន​ទទួល​ឥទ្ធិពល​ពី​មនោគមន៍វិជ្ជា​កុម្មុយនិស្ត។​ ខៀវ សំផន បាន​ចូល​ជា​សមាជិក​ក្រុម​និស្សិត​កុម្មុយនិស្ត គឺ​ក្រុមម៉ាក់ស៊ីស ដែល​មាន អៀង សារី និង រ័ត្ន សាមឿន ជាអ្នក​ផ្តើមគំនិត​បង្កើត។ នៅឆ្នាំ១៩៥៦ ខៀវ សំផន បាន​ក្លាយជា​អគ្គលេខាធិការ​នៃ​សមាគម​និស្សិត​ខ្មែរ​នៅ​ប្រទេស​បារាំង។

ក្រោយពី​បាន​វិលត្រឡប់ពី​ប្រទេស​បារាំង មក​ប្រទេស​កម្ពុជា​វិញ នៅឆ្នាំ​១៩៥៩ ខៀវ សំផន បាន​បង្កើត​កាសែត​មួយ​មាន​និន្នាការ​នយោបាយ​ឆ្វេងនិយម។ កាសែតនេះ​សរសេរ​ជា​ភាសា​បារាំង ហើយ​មាន​ឈ្មោះ​ថា “L’Observateur”។ ក្នុងពេល​ជាមួយគ្នា​នោះ ខៀវ សំផន បាន​ធ្វើ​ជា​សាស្រ្តាចារ្យ​នៅ​មហាវិទ្យាល័យ​ច្បាប់​នៅ​ទីក្រុង​ភ្នំពេញ។

ដោយ​កាសែត L’Observateur សរសេរ​រិះគន់​រដ្ឋាភិបាល​សម្តេច​ នរោត្តម សីហនុ កាសែត​នេះ​ត្រូវបាន​បិទ​ទៅវិញ​ នៅ​ឆ្នាំ១៩៦០ ពោលគឺ​បង្កើត​បាន​តែ​ប្រមាណ​មួយឆ្នាំ​ប៉ុណ្ណោះ។ លើស​ពី​នោះ​​ទៅទៀត យោងតាម​លោក Raoul Jennar នៅថ្ងៃទី១៣ កក្កដា ឆ្នាំ១៩៦០ ខៀវ សំផន ដែល​ជា​ចាងហ្វាង​កាសែត L’Observateur ត្រូវបាន​ប៉ូលិស​ចាប់​វាយ សម្រាត​ខោអាវ នៅលើ​ដងផ្លូវ​សាធារណៈ​ ក្នុង​ទីក្រុង​ភ្នំពេញ។ ខៀវ សំផន ត្រូវបាន​ប៉ូលិស​ចាប់ដាក់​គុក​រយៈពេល​ជាង​​មួយខែ ដោយ​គ្មាន​ការ​ជំនុំជម្រះ​អ្វី​ទាំងអស់។

ពីរឆ្នាំក្រោយមក ពោលគឺ នៅ​ឆ្នាំ​១៩៦២ ខៀវ សំផន បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​មណ្ឌល​កណ្ដាល ហើយ​ត្រូវបាន​តែងតាំង​ជា ​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ក្នុង​រដ្ឋាភិបាល​ព្រះអង្គម្ចាស់ នរោត្តម កន្តុល។ ក៏ប៉ុន្តែខៀវ សំផន បាន​លាលែង​ចេញពី​តំណែង​ជា​រដ្ឋលេខាធិការ​ នៅ​ខែ​កក្កដា ឆ្នាំ១៩៦៣ ក្រោយពី​មាន​ព្រឹត្តិការណ៍​បះបោរ​របស់​សិស្ស​វិទ្យាល័យ នៅ​ខេត្ត​សៀមរាប។ សម្តេច នរោត្តម សីហនុ បាន​ចោទប្រកាន់​ថា ពួក​ឆ្វេងនិយម​គឺជា​អ្នក​នៅ​ពីក្រោយ​ចលនា​បះបោរ​នេះ។ សម្តេច នរោត្តម សីហនុ បាន​ចេញផ្សាយ​នូវ​បញ្ជី​ឈ្មោះ​​ អ្នក​នយោបាយ​ឆ្វេងនិយម​៣៤រូប ដែល​ព្រះអង្គ​កោះហៅ​ឲ្យ​មក​បង្កើត​រដ្ឋាភិបាល​ ក្នុង​នោះ​ ក៏មាន​ឈ្មោះ ខៀវ សំផន ផងដែរ រួមជាមួយ​នឹង​ឥស្សរជន​ខ្មែរ​កុម្មុយនិស្ត​មួយ​ចំនួន​ទៀត។ ដោយ​ភ័យខ្លាច​ប៉ូលិស​របស់​សម្តេច នរោត្តម សីហនុ លប​ធ្វើ​ឃាត ពួក​ខ្មែរ​កុម្មុយនិស្ត ដែល​មានឈ្មោះ​ក្នុង​បញ្ជី​នេះ ដូចជា សាឡុត ស និង អៀង សារី ជាដើម បាន​រត់​គេចខ្លួន​ចេញ​ពី​​ទីក្រុង​ភ្នំពេញ ទៅ​លាក់ខ្លួន​នៅក្នុងព្រៃ។ ឯ ខៀវ សំផន វិញ ថ្វីដ្បិតតែ​បាន​លាលែង​ចេញពី​តំណែង​ ជា​រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម តែ​បន្ត​នៅ​ធ្វើជា​សមាជិក​សភា​មណ្ឌល​កណ្ដាល​ដដែល។ នៅខែ​កញ្ញា ឆ្នាំ១៩៦៦ ខៀវ សំផន បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​មួយ​អាណត្តិ​ថ្មីទៀត។ អ្នកនយោបាយ​និន្នាការ​ឆ្វេងនិយម​ពីររូប​ផ្សេងទៀត គឺ ហ៊ូ នឹម និង ហ៊ូ យន់ ក៏​បាន​ជាប់ឆ្នោត​ជា​តំណាងរាស្រ្ត​ដែរ នៅ​ពេលនោះ។

ក្រោយពី​ព្រឹត្តិការណ៍​បះបោរ​នៅ​សំឡូត​ នៅខែ​មេសា ឆ្នាំ១៩៦៧ សម្តេច នរោត្តម សីហនុ បាន​​ធ្វើការ​ចោទប្រកាន់​ជា​សាធារណៈ​លើ ខៀវ សំផន ហ៊ូ យន់ និង ហ៊ូ នឹម ថា​ជា​អ្នកញុះញង់​ឲ្យមាន​អំពើ​បះបោរ​នេះ ហើយ​ថែមទាំង​គំរាម​ថា​នឹង​យក​អ្នកទាំងបី​នេះ ទៅកាត់ទោស​នៅ​តុលាការ​សឹក​ទៀតផង។ ខៀវ សំផន រួម​ជាមួយ ហ៊ូ នឹម និង ហ៊ូ យន់ ក៏បាន​រត់​គេចខ្លួន​ចូល​ក្នុង​ព្រៃ។

ក្រោយ​ពេល​ ខៀវ សំផន ហ៊ូ នឹម និង ហ៊ូ យន់ ​បាត់ខ្លួន​ពី​ភ្នំពេញ លន់ នល់ ដែល​ពេលនោះ​ជា​នាយករដ្ឋមន្រ្តី បាន​អះអាង​ថា អ្នកទាំងបី​រូប​នេះ​បាន​ស្លាប់បាត់​ទៅហើយ។

ហេតុដូចនេះហើយ​បាន​ជា​ពេលដែល ខៀវ សំផន ហ៊ូ នឹម និង​ហ៊ូ យន់​​បាន​លេចមុខ​មកវិញ ក្នុង​ជួរ​ថ្នាក់ដឹកនាំ​ខ្មែរក្រហម គេបាន​ហៅ​អ្នកទាំងបីនាក់​នេះ​ថា “ខ្មោច​ទាំងបី”។

នៅពេល​រត់ចេញ​ពី​ភ្នំពេញ ខៀវ សំផន បាន​រត់​ទៅ​ជាមួយ ហ៊ូ យន់។ ចំណែក ហ៊ូ នឹម​ ស្ថិតនៅ​ភ្នំពេញ​នៅឡើយ។ នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុ​អាស៊ីសេរី ខៀវ សំផន បាន​ឲ្យដឹង​ថា គាត់​បាន​រត់ចេញ​ពី​ភ្នំពេញ តាម​ផ្លូវជាតិ​លេខ៣ ឆ្ពោះទៅ​ស្រុក​អង្គតាសោម ខេត្ត​តាកែវ។ រួចហើយ បន្តដំណើរ​ទៅ​ជួប​តាម៉ុក នៅ​ភូមិ​ជាងទង ឃុំ​ជាងទង ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ។

ខៀវ សំផន និង ហ៊ូ យន់ បាន​ស្នាក់នៅ​ភូមិ​ជាងទង អស់​រយៈពេល​៤ខែ ទើប​បន្តដំណើរ​ចូល​ទៅក្នុង​ព្រៃ។ រហូតដល់​ក្រោយ​ព្រឹត្តិការណ៍​រដ្ឋប្រហារ ឆ្នាំ​១៩៧០ ទើប​ខៀវ សំផន បាន​ជួប​ជា​មួយ​ សាឡុត ស នៅក្នុង​ខេត្ត​កំពង់ធំ។ ខៀវ សំផន ធ្លាប់បាន​​​អះអាង​ថា ចាប់ពី​ពេល​បែក​ពី​ សាឡុត ស ពី​វិទ្យាល័យ​កំពង់ចាម​មក គាត់​មិនដែល​ជួប​ សាឡុត ស វិញទេ ហើយ​ក៏​មិន​បាន​ដឹង​​ដែរ​ថា សាឡុត ស គឺ​ជា​មេដឹកនាំ​ខ្មែរក្រហម។

ក្រោយ​ពេល​រណសិរ្ស​រួបរួមជាតិ​កម្ពុជា ត្រូវបាន​បង្កើតឡើង ដែល​មាន​សម្តេច នរោត្តម សីហនុ ជា​ប្រធាន ខៀវ សំផន ត្រូវបាន​តែងតាំង​ជា​អនុប្រធាន​រណសិរ្ស​នេះ។ បន្ទាប់មក ក្រោយពេល​ដែល​រាជរដ្ឋាភិបាល​រួបរួមជាតិ​កម្ពុជា​ ត្រូវបាន​បង្កើតឡើង​នៅ​ប៉េកាំង នៅ​ថ្ងៃទី៥ ខែ​ឧសភា ឆ្នាំ​១៩៧០ ខៀវ សំផន ត្រូវបាន​តែងតាំង​ជា​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ។​ ខៀវ សំផន បន្តកាន់​តំណែងនេះ រហូតដល់​ខែ​មេសា ឆ្នាំ​១៩៧៥ ទើប​ផ្លាស់ទៅ​ធ្វើជា​អគ្គ​បញ្ជាការ​កងទ័ពជាតិ​វិញ ប៉ុន្តែ រក្សា​តំណែង​ជា​ឧបនាយក​រដ្ឋមន្រ្តី​ដដែល។ ចំណែក​ឯ​តំណែង​​ជា​រដ្ឋមន្រ្តី​ការពារជាតិ ត្រូវបាន​ផ្ទេរ​ទៅឲ្យ សុន សេន ជាអ្នក​គ្រប់គ្រង​វិញ៕

នៅខែ​មេសា ឆ្នាំ​១៩៧៦ មួយឆ្នាំ​ក្រោយ​ពី​ខ្មែរក្រហម​បាន​ឡើង​កាន់អំណាច ខៀវ សំផន ត្រូវបាន​តែងតាំង​ឲ្យធ្វើ​ជា​ប្រមុខរដ្ឋ នៃ​កម្ពុជា​ប្រជាធិបតេយ្យ ជំនួស​សម្តេច នរោត្តម សីហនុ ដែល​បាន​សុំ​លាឈប់​ពី​តំណែង។ ក្នុងពេល​គ្នានោះ ខៀវ សំផន ក៏​ត្រូវបាន​តែងតាំង​ឲ្យ​ចូល​ជា​សមាជិក​ពេញសិទ្ធិ​ នៃ​គណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនិស្ត​ កម្ពុជា​ផងដែរ។

នៅក្រោយពេល​ដែល​របប​កម្ពុជា​ប្រជាធិបតេយ្យ​ត្រូវបាន​ដួលរលំ​ នៅ​ឆ្នាំ​១៩៧៩ ខៀវ សំផន បាន​ឡើង​មក​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​នៃ​កម្ពុជា​ប្រជាធិបតេយ្យ​ជំនួស ប៉ុល ពត។ ខៀវ សំផន បាន​ចេញមុខ​តំណាង​ភាគី​ខ្មែរក្រហម ក្នុង​ការ​ចរចា​ជាមួយ​សម្តេច នរោត្តម សីហនុ និង សឺន សាន ដើម្បី​បង្កើត​ជា​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី ដែល​មាន​ខ្មែរក្រហម ហ្វ៊ុនស៊ីនប៉ិច និង​រណសិរ្ស​រំដោះ​ប្រជាជន​ខ្មែរ។ នៅក្នុង​រដ្ឋាភិបាល​ចម្រុះ​នេះ សម្តេច នរោត្តម សីហនុ តំណាង​ហ្វ៊ុនស៊ីនប៉ិច គឺជា​ប្រមុខរដ្ឋ សឺន សាន តំណាង​រណសិរ្ស​រំដោះ​ប្រជាជន​ខ្មែរ ជា​នាយករដ្ឋមន្រ្តី ហើយ ខៀវ សំផន តំណាង​កម្ពុជា​ប្រជាធិបតេយ្យ គឺជា​ឧបនាយក​រដ្ឋមន្រ្តី និង​ជា​រដ្ឋមន្រ្តី​ការបរទេស។

នៅក្នុង​កិច្ចចរចា​ស្វែងរក​សន្តិភាព ធ្វើឡើង​នៅ​ទីក្រុង​ប៉ារីស ប្រទេស​បារាំង ខៀវ សំផន បាន​ចូលរួម ក្នុង​ឋានៈ​ជា​មេដឹកនាំ​ភាគី​កម្ពុជា​ប្រជាធិបតេយ្យ។ នៅក្នុង​កិច្ចប្រជុំ​ក្រៅផ្លូវការ​រវាង​ភាគី​រដ្ឋកម្ពុជា និង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី ដែល​បាន​បើកធ្វើ​នៅ​ទីក្រុងហ្សាការតា ប្រទេស​ឥណ្ឌូណេស៊ី ពី​ថ្ងៃទី៩ ដល់​ថ្ងៃទី១០ កញ្ញា ឆ្នាំ១៩៩០ ក្រុមប្រឹក្សាជាតិ​ជាន់ខ្ពស់ ត្រូវបាន​បង្កើតឡើង ដោយមាន​សមាជិក​១២រូប។ ៦រូប​មកពី​ភាគី​រដ្ឋកម្ពុជា និង​៦រូប​ទៀត មកពី​ភាគី​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី។ ភាគីនីមួយៗ​នៅក្នុង​រដ្ឋាភិបាល​ចម្រុះ​ត្រីភាគី បញ្ជូន​តំណាង​២រូប​របស់​ខ្លួន​ឲ្យមក​ធ្វើជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់​នេះ។ ខៀវ សំផន និង សុន សេន គឺ​ជា​តំណាង​របស់​ភាគី​ខ្មែរក្រហម។

ក្រោយពេល​ដែល​កិច្ចព្រមព្រៀង​សន្តិភាព​ត្រូវបាន​ចុះ នៅ​ទីក្រុង​ប៉ារីស ខៀវ សំផន រួមជាមួយ សុន សេន បាន​ធ្វើដំណើរ​ចូលមក​ទីក្រុង​ភ្នំពេញ នៅ​ថ្ងៃទី២៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៩១ ដើម្បី​បំពេញ​មុខងារ​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ជាន់ខ្ពស់។ ក៏ប៉ុន្តែ គ្រាន់តែ​មកដល់​ភ្នំពេញ​ភ្លាម បាតុកម្ម​ដ៏ធំ​មួយ​បាន​ផ្ទុះឡើង ប្រឆាំង​នឹង ខៀវ សំផន និង សុន សេន។ បាតុកម្ម​នេះ​បានរាលដាល​ជា​អំពើ​ហិង្សា រហូត​បាន​បណ្តាល​ឲ្យ​ ខៀវ សំផន ទទួល​រង​របួស​នៅត្រង់​ក្បាល។ ដោយមាន​អន្តរាគមន៍​ពី​សំណាក់​លោក ហ៊ុន សែន ដែល​ពេលនោះ​ជា​នាយករដ្ឋមន្រ្តី​នៃ​រដ្ឋកម្ពុជា ខៀវ​ សំផន និង សុន សេន ត្រូវបាន​ជម្លៀស​តាម​រថពាសដែក ឆ្ពោះទៅកាន់​ព្រលានយន្តហោះ​ពោធិចិនតុង នៅ​រសៀល​ថ្ងៃ​ដដែល ដើម្បី​ឡើង​យន្តហោះ ចាកចេញ​ពីភ្នំពេញ ទៅ​ទីក្រុង​បាងកក​ ប្រទេស​ថៃ។

ក្រោយពេល​ដែល​ ក្រុម​ខ្មែរក្រហម​ដកខ្លួន​ចេញពី​កិច្ចព្រមព្រៀង​សន្តិភាព​ក្រុង​ប៉ារីស និង​ធ្វើពហិការ​មិន​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ជាតិ រៀបចំ​ដោយ​អ៊ុនតាក់ នៅ​ឆ្នាំ១៩៩៣ ខៀវ សំផន នៅតែ​បន្ត​កាន់តំណែង​ជា​នាយករដ្ឋមន្រ្តី​កម្ពុជា​ប្រជាធិបតេយ្យ​ដដែល។ ប៉ុន្តែ ពេលនោះ ក្រុម​ខ្មែរក្រហម​បាន​ក្លាយ​ទៅជា​ក្រុម​ឧទ្ទាម ដែល​នៅ​ក្រៅ​ច្បាប់។​

នៅឆ្នាំ១៩៩៨ ខៀវ សំផន បាន​ផ្តាច់ខ្លួន​ចុះចូល​ជាមួយ​រដ្ឋាភិបាល ហើយ​បាន​រស់នៅ​ជា​ប្រជាជន​សាមញ្ញ​មួយរូប នៅ​ទីក្រុង​ប៉ៃលិន ដែលជា​អតីត​ទីតាំង​របស់​ខ្មែរក្រហម។ នៅ ក្រោយពេល​ដែល​សភា​កម្ពុជា​អនុម័ត​ច្បាប់​បង្កើត​តុលាការ​ពិសេស ដើម្បី​កាត់ទោស​អតីត​មេដឹកនាំ​ខ្មែរក្រហម ខៀវ សំផន បាន​ចេញផ្សាយ​នូវ​លិខិតចំហ​ចំនួន​ពីរច្បាប់ និង​បាន​សរសេរ​សៀវភៅ​ចំនួន​ពីរក្បាល ក្នុងគោលដៅ​ បញ្ជាក់​ពី​ការ​មិនជាប់​ពាក់ព័ន្ធ​ទៅនឹង​បទឧក្រិដ្ឋ​នានា ដែល​ត្រូវបាន​ប្រព្រឹត្ត​នៅពេល​ដែល​ពួក​ខ្មែរក្រហម​កាន់អំណាច ហើយ​ព្យាយាម​ទម្លាក់​ការ​ទទួលខុសត្រូវ​ទៅលើ​ ប៉ុល ពត តែ​ម្នាក់ឯង។

នៅក្នុង​បទសម្ភាសន៍​ជាមួយ​វិទ្យុបារាំង​អន្តរជាតិ ខៀវ សំផន បានអះអាង​ថា គាត់​​រត់​ទៅ​ចូលរួម​​តស៊ូ​ជាមួយ​ពួកខ្មែរក្រហម គឺ​ធ្វើ​ដោយ​បង្ខំចិត្ត​តែប៉ុណ្ណោះ ហើយ​នៅ​ក្នុង​ជួរថ្នាក់ដឹកនាំ​របស់​ខ្មែរក្រហម គាត់​គ្មាន​តួនាទី​ដឹកនាំ​អ្វី​ទាំងអស់។

ប៉ុន្តែ ទោះជា​យ៉ាងណា ខៀវ សំផន ធ្លាប់បាន​អះអាង​ម្តងហើយ​ ម្តងទៀត​ថា គាត់​មិនខ្លាច​ការ​កាត់ទោស ពី​សំណាក់​តុលាការ​ខ្មែរក្រហម​ទេ។ ក៏ប៉ុន្តែ នៅ​ថ្ងៃទី១៣ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ មួយថ្ងៃ​ក្រោយពី​អតីត​មេដឹកនាំ​ជាន់ខ្ពស់​ខ្មែរក្រហម​ពីររូប គឺ អៀង សារី និង អៀង ធីរិទ្ធិ ត្រូវបាន​អង្គជំនុំជម្រះ​វិសាមញ្ញ​ចាប់ខ្លួន ខៀវ សំផន ត្រូវបាន​គេ​អះអាង​ថា​បាន​តក់ស្លុត​ រហូតដល់​ធ្លាក់ខ្លួន​ឈឺ​ ហើយ​ត្រូវបាន​រដ្ឋាភិបាល​ដឹកតាម​ឧទ្ធម្ភាគចក្រ​យក​មក​ព្យាបាល​ នៅ​ទីក្រុង​ភ្នំពេញ។

មួយសប្តាហ៍​ក្រោយមក ពោលគឺ នៅ​ថ្ងៃទី១៩ ខែ​វិច្ឆិកា ឆ្នាំ​២០០៧ ខៀវ សំផន ត្រូវបាន​ប៉ូលិស​ចាប់ខ្លួន​ តាមដីកា​របស់​តុលាការ​ខ្មែរក្រហម ហើយ​ត្រូវ​តុលាការ​ឃុំខ្លួន​បណ្តោះអាសន្ន ដោយ​ចោទប្រកាន់​ពី​បទឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្សជាតិ និង​ឧក្រិដ្ឋកម្ម​សង្រ្គាម។ ខៀវ សំផន បាន​ជ្រើសរើស​មេធាវី​ពីររូប​ឲ្យ​ការពារ​គាត់ គឺ បណ្ឌិត សាយ បូរី អតីត​សមាជិក​ក្រុមប្រឹក្សា​ធម្មនុញ្ញ និង​ជា​អតីត​ប្រធាន​គណៈមេធាវី​កម្ពុជា និង​មួយរូប​ទៀត គឺលោក Jacques Vergès មេធាវី​ជនជាតិ​បារាំង ដែល​ល្បីល្បាញ​ខាង​ការពារ​ឧក្រិដ្ឋជន​សង្រ្គាម និង​ភេរវជន។ មេធាវី​ទាំងពីរ​រូប​នេះ គឺ ខៀវ សំផន ខ្លួនឯង​ជា​អ្នកសម្រិតសម្រាំង​​ជ្រើសរើស​ដោយខ្លួនឯង តាំងពី​មុនពេល​ ដែល​តុលាការ​ធ្វើការ​ចោទប្រកាន់​ទៅទៀត។

នៅក្នុងចំណោម​មេដឹកនាំ​ខ្មែរក្រហម ដែល​ត្រូវបាន​តុលាការ​ពិសេស ធ្វើការ​ចោទប្រកាន់ គេ​រំពឹង​ថា ការ​ជំនុំជម្រះ​លើ ខៀវ សំផន នឹងជា​ដំណើរការ​ស្វិតស្វាញ​ជាងគេ ព្រោះ​តែ​គាត់​មាន​មេធាវី​ជំនាញ​ខាង​ការពារ​ឧក្រិដ្ឋជន​សង្រ្គាម។ ប៉ុន្តែ នៅទីបំផុត ខៀវ សំផន ជា​មនុស្ស​មាន ឬ​គ្មានទោស គឺ​ជា​សេចក្តីសម្រេច​របស់​ចៅក្រម​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ៕

 -ដោយ៖ សេង ឌីណា

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: