jump to navigation

និទាន​កំសាន្ដ៖ អាយីប (ភាគ​ទី ៥ ភាគ​បញ្ចប់) 03/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , ,
trackback

អាយីប ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ទៀត​ដើរ​មើល​អ្វី​ៗ​គ្រប់​យ៉ាង​ក្នុង​នោះ ថ្ងៃ​ទី​ពីរ​នេះ​ក៏​បាន​ធ្វើ​អោយ​ អាយីប រស់​ដោយ​ក្ដី​រំភើប និង ភ្ញាក់ផ្អើល​បំផុត។ អាយីប បាន​ចាក់​សោ​បើក​មើល​​បន្ទប់​មួយ​ៗ​រៀង​រាល់​ថ្ងៃ ដែល​គ្រប់​បន្ទប់​នីមួយ​ៗ​មាន​របស់​របរ​ផ្សេង​ៗ​ពី​គ្នា​ ដែល​ធ្វើ​អោយ អាយីប កែ​អផ្សុក​បាន​រហូត​ដល់​ថ្ងៃ​ទី ២០ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៅ​សល់​តែ​បន្ទប់​មួយ​ប៉ុណ្ណោះ​ដែល ​អាយីប មិន​ទាន់បាន​បើក ហើយ​ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​ដែល​ស្រី​ៗ​ទាំង​អស់​នោះ​ត្រលប់​មក​វិញ​ដែរ អាយីប បាន​ក្រោក​ពី​ព្រលឹម​រៀប​ចំ​ខ្លួន​យ៉ាង​ស្អាត ដើម្បី​ទទួល​ពួក​នាង​ៗ​​។

ជា​រៀងរាល់​ថ្ងៃ​នៅ​ម៉ោង​នេះ​ អាយីប ត្រូវ​ចាក់​សោ​បន្ទប់​ដើម្បី​មើល​របស់​ប្លែក​ៗ​នោះ ដល់​ថ្ងៃ​នេះ​ត្រូវ​អង្គុយ​ត្រមង់ត្រមោច​តែ​ម្នាក់​ឯង​ រង់ចាំ​ស្រី​ៗ​ទាំង​អស់​នោះ ធ្វើ​អោយ​ អាយីប មាន​អារម្មណ៍​សោកសៅ​ក្នុង​ចិត្ត​មែន​ទែន ទោះបី ​អាយីប ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​បន្លប់​តែ​ហាក់​ដូចជា​នៅ​គ្មាន​ប្រសិទ្ធិភាព ទ្រាំ​មិន​បាន​ អាយីប បាន​យក​កូនសោ​ទៅ​ចាក់​បន្ទប់​ចុង​ក្រោយ​មើល។ បន្ទាប់​ចុងក្រោយ​​ហាក់​បី​ដូច​ជា​ ប្លែក​​ពី​បន្ទប់​ផ្សេង​ៗ​ទៀត​វា​មិន​ភ្លឺ​ចិញ្ចែងចិញ្ចាច​ វា​គ្មាន​ធម្មជាតិ​ស្រស់​បំព្រង វា​ជា​បន្ទប់​ដែល​មាន​សភាព​ស្ងាត់ជ្រងំ​ និង ងងឹត​ស្លុប​ខុស​ធម្មតា។

អាយីប បាន​ដើរ​ចូល​ទៅ​ក្នុង​ស្បៃ​ងងឹត​នោះ​ទាំង​មាន​អារម្មណ៍​ញញើត​ញញើម អាយីប មើល​ឃើញ​វត្ថុ​បុរាណ​ជាច្រើន ដែល​មាន​លំអង​ធូលី​គ្របដណ្ដប់​ពាសពេញ ​ហាក់​ដូច​មិន​ដែល​មាន​អ្នកណា​ថែរក្សា​ បោសសំអាត ទាល់​តែ​សោះ អាយីប បាន​បន្ត​មើល​ពី​កន្លែង​មួយ ដល់កន្លែង​មួយ ទីបំផុត​បាន​មក​ដល់​រូប​សំណាក​មួយ​យ៉ាង​ធំ ជា​រូប​សំណាក​សត្វ​សេះ​ពណ៌ខ្មៅ​ស្រិល ឈរ​មាំ​នៅ​ទីនោះ អាយីប ចាប់​អារម្មណ៍​នឹង​សត្វ​សេះ​នោះ​មែន​ទែន អាយីប បាន​យក​ដៃ​បបោស​អង្អែល​ខ្នង​វា ធ្វើ​ដូច​សេះ​មែន​ទែន​អញ្ចឹង ដោយ​ក្ដី​ស្រលាញ់​ពេញចិត្ត​នឹង​វា​ខ្លាំង​ពេក អាយីប បាន​ឡើង​ជិះ​វា​។

អាយីប បាន​ទាញ​រំពាត់​ ដែល​ដាក់​ជាប់​នឹង​ក​សេះ​នោះ ហើយ​វាយ​វា​លេង ភ្លាម​នោះ​ស្រាប់​តែ​សេះ​ថ្ម​រលោង​ស្រិល​នេះ កំរើក​ខ្លួន​ដូច​សេះ​រស់​មែន​ទែន អាយីប បាន​វាយ​វា​មួយ​រំពាត់​ទៀត​ ស្រាប់​តែ​សេះ​នោះ​គ្រលែង​ខ្លួន និង គ្រវីគ្រវាត់​កន្ទុយ​ចុះ​ឡើង ហើយ​ស្រាប់​តែ​កន្ទុយ​របស់​វា​វាត់​ទៅ​ត្រូវ​ភ្នែក​ម្ខាង​របស់ អាយីប ខ្វាក់​ភ្លាម​ទៅ ហើយ​សេះ​នោះ​បាន​ស្ទុះ​បោល​ពេញ​មួយ​ទំហឹង​ ហើយ​ហោះ​ឡើង​ទៅ​លើ​អាកាស​វេហា កប់​ក្នុង​​ពពក។ ការ​ធ្វើ​ដំណើរ​ជាមួយ​សេះ​នៅ​ក្នុង​អាកាស​អស់​ជា​ច្រើន​ថ្ងៃ ជាច្រើន​យប់ រហូត​ដល់​​ព្រលប់​ថ្ងៃ​មួយ​ទើប​វា​ហោះ​បន្ទាប​ខ្លួន​ចុះ​ទៅ​ចំ​កន្លែង​វាលស្មៅ​ដែល អាយីប បន្លំ​ខ្លួន​នៅ​ក្នុង​ស្រោម​ចៀម​កាល​ពី​ពេល​មុន ចុះ​មក​ដល់​ដី​សេះ​នោះ​បាន​គ្រលែង​ខ្លួន​ទំលាក់ អាយីប ទៅ​ដី​ហើយ​វា​ក៏​ហោះ​ទៅ​ក្នុង​អាកាស​បាត់​ទៅ។

អាយីប ពោរពេញ​ដោយ​ក្ដី​ឈឺផ្សា​ផ្លូវ​ចិត្ត និង ផ្លូវកាយ​ ឈឺ​ផ្លូវចិត្ត​ព្រោះ​ស្ដាយ​មិន​បាន​ជួប​រួមរស់​ជាមួយ​ស្រី​អប្សរ​សួគ៌​នៅ​​នគរ ដែល​ល្អ​បរិបូរណ៍​​អស្ចារ្យ ហើយ​ឈឺ​ផ្លូវកាយ​ដោយសារ​របួស​ខ្វាក់​ភ្នែក​ម្ខាង។ ពេលនេះ អាយីប បាន​ចំលើយ​ហើយ​ថា ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​ទាំង ៨ នាក់​នោះ​សុទ្ធ​តែ​ខ្វាក់ភ្នែក​ម្ខាង អាយីប បាន​ដើរ​តំរង់​ទៅ​កន្លែង​បុរស​ខ្វាក់​ភ្នែក​ម្ខាង​ទាំង ៨ នាក់​ហើយ​រួមរស់​ជាមួយ​គ្នា​ជា​រៀង​រហូត​ក្នុង​នាម​ជា​បុរស​ទី ៩ ដែល​មាន​ភ្នែក​ខ្វាក់​ម្ខាង​ដែរ៕៚

Related articles

មតិ»

1. sambatt - 03/12/2011

ខ្ញុំម៉ោមុនគេទៀតហើយ។សូមអរគុណណាស់់ដែលខំសរសេរបានល់់តែដល់់

2. sambatt - 03/12/2011

អរគុណណាស់់ដែលខំសរសេរទាល់់តែបានដល់់ភាគបញ្ចប់់
យ៉ាងឆាប់់រហ័សទាន់់ចិត្តសំរាប់់មិត្តអ្នកអានគ្រប់់គ្នា។

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/12/2011

ទី​បំផុត​ដោះ​បំណុល​គេ​រួច​ហើយ មាន​អារម្មណ៍​ថា​មាន​សេរីភាព​​វិញ​ហើយ 😆

តា ម៉ាប់ - 03/12/2011

សង្ឈឹម​ថា​មាន​រឿង​ថ្មីៗ ទៀត ហេហេហេ ចុះ​រឿង​ណឹង​មាន​មូលន័យ​ទេ​បង?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 03/12/2011

មូលន័យ? អា​ហ្នឹង​អី​គេ? 😆

តា ម៉ាប់ - 04/12/2011

មកធ្វើពើអីណា !

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/12/2011

អត់​យល់​ពាក្យ​ហ្នឹង​មែន​ហ្នឹង 😯

sambatt - 04/12/2011

អត់់យល់់ដែរ,ខ្ញុំ។ជួយប្រាប់់ផង,ពាក្យមូលន័យជាពាក្យថ្មីសំរាប់់ខ្ញុំ។

តា ម៉ាប់ - 05/12/2011

ពាក្យណឹងខ្ញុំចេះយូរហើយ តែ​ដល់​ទៅ​រក​មើល​នៅ​វចនានុក្រម​អត់​មាន ហាហាហា មូលន័យ (តាម​ខ្ញុំ) ជា​ន័យ​ដែល​មូល បាន​ន័យ​ថា​ន័យ​រួម​សម្រាប់​បញ្ជាក់​អីពំ​រឿងទាំង​ស្រុង ។

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 05/12/2011

ពាក្យ​ហ្នឹង​និយាយ​អញ្ចឹង​វា​មិន​ខុស​អី​ទេ​មើល​ទៅ អាច​កាត់​យល់​បាន តែ​គ្រាន់​តែ​មិន​ដែល​លឺ​ស្មាន​តែ​ពាក្យ​នេះ​មាន​ន័យ​អ្វី​ពិសេស​អញ្ចឹង​សួរទៅ​ ព្រោះ​ខ្លាច​ឆ្លើយ​ចាក​ប្រធាន 😳

4. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 04/12/2011

និយាយ​អ្នក​អាន​ទាំង​អស់​កុំ​អន់​ចិត្ត​អី​ ដែល​វា​ត្រូវ​បញ្ចប់​បែប​នេះ 😳

5. ក្មេងស្រែ - 19/12/2011

គាត់​ជួប ហេភីអេនឌីង​របស់​គាត់​ហើយ​បង! ហេសហេសហេស

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 19/12/2011

😆


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: