jump to navigation

រឿង​ផ្ទាល់ខ្លួន៖ ឃាតករ​ឈាម​ត្រជាក់ 14/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ផ្ទាល់​ខ្លួន.
Tags: , , , ,
trackback

“បុណ្យ​ណូអែល” ឆ្នាំ​ណា​ក៏​ដូច​ឆ្នាំ​ណា​ដែរ ខ្ញុំ​តែងតែ​មាន​អារម្មណ៍​នឹក​ស្រុក​​ កណ្ដោច​កណ្ដែង​ជាង​ពេល​ណា​ទាំង​អស់ មនុស្ស​គ្រប់​គ្នា​ពួក​គេ​ជួបជុំ​ ចំណាយ​ពេល​វេលា​ជាមួយ​​ក្រុម​គ្រួសារ​របស់​ពួក​គេ​ ខ្ញុំ​ចំណាយ​ពេល​វេលា​ច្រើន​បំផុត​នៅ​ក្នុង​ផ្ទះ​តែ​ម្នាក់​ឯង​​ អាន​សៀវភៅ មើល​ទូរទស្សន៍ ចម្អិន​ម្ហូប និង ញ៉ាំ​តែ​ម្នាក់​ឯង។ ក្នុង​រដូវ​នេះ​វា​ពិបាក​ក្នុង​ការ​ដើរ​លេង​តាម​មាត់​បឹង ទន្លេ ស្ទូច​ត្រី ដើរ​ក្នុង​ព្រៃ​មើល​កូន​ទន្សាយ​ ត្បិត​អី​អាកាសធាតុ​ត្រជាក់​ដល់​សូន្យ​អង្សា​។

ស្ទើរ​តែ​គ្រប់​ហាង​លក់​ម្ហូប ហាង​លក់​ផ្សេង​ៗ​ក៏​បិទ​ទ្វារ​ដែរ​ នៅ​តាម​ដង​ផ្លូវ​​ស្ងាត់​ជ្រងំ មាន​ឡាន​ក្រុង ឡាន​តាក់ស៊ី បើក​មួយ​ៗ​ដែល​មើល​ទៅ​កាន់​តែ​នាំ​អារម្មណ៍​អោយ​លន្លង់​លន្លោច​ នឹក​ស្រណោះស្រណោក​​ដល់​ខ្លួន​ ដែល​ជា​ជន​ម្នាក់​មាន​សភាព​ដូច​ជា​សំណាត់​អណ្ដែត​ត្រសែត​​​ ក្នុង​មហា​សាគរ​​ រក​កំពង់​ផែ​​ចត​មិន​បាន​។ ក្នុង​សភាព​មេឃ​កំពុង​តែ​ងងឹត​ស្រាប់ ថែម​ទាំង​មាន​ព្រិល​ធ្លាក់​​វា​ធ្វើ​អោយ​ជីវិត និង អារម្មណ៍​កាន់​តែ​តឹងតែង នៅ​ពេល​នេះ​ខ្ញុំ​តែងតែ​ទៅ​អង្គុយ​ជាមួយ​ជន​ប្រមឹក​​ធំ​ក្លិន​ស្រា​ពេញ​ដង​ខ្លួន​ និង គតិ​ទាំង​មូល ពួក​គេ​ជា​មិត្តភ័ក្ដិ​ ដែល​ខ្ញុំ​តែងតែ​ចំណាយ​ពេល​វេលា​ជាមួយ​ ក្នុង​ខណៈ​ពេល​ដែល​មនុស្ស​គ្រប់​គ្នា​គេ​​បោះបង់​ខ្ញុំ​ចោល។

ក្នុង​ពេល​នេះ​ខ្ញុំ​ហាក់​ដូច​ជា​ពួក​គេ​ដែរ​ដូច​ជា​មនុស្ស​គ្មាន​ក្រុម​គ្រួសារ គ្មាន​ផ្ទះ​សម្បែង គ្មាន​ការងារ​ ព្រោះ​ក្នុង​ពេល​នេះ​ផ្ទះ​សម្បែង ការងារ​ លុយ​កាក់ និង ភាព​ហ៊ឺហា​ លែង​មាន​ន័យ​អ្វី​ទាំង​អស់​សំរាប់​រូប​​ខ្ញុំ​។ ខ្ញុំ​ផ្អែក​ក្បាល និង ដង​ខ្លួន​របស់​ខ្ញុំ​លើ​ពួក​គេ ខ្ញុំ​ទទួល​អារម្មណ៍​បាន​នូវ​ភាព​ស្និទ្ធស្នាល និង ភាព​កក់​ក្ដៅ​ក្នុង​ពំនូក​ព្រិល​​គរ​កំពស់​ត្រឹម​ជង្គង់ ពួក​គេ​ជា​ជន​ប្រមឹក​ព្រោះ​តែ​ភាព​ឯកោ​ ព្រោះ​តែ​សង្គម​មនុស្ស​មិន​ត្រូវ​ការ​ពួក​​គេ ហេតុ​នេះ​ហើយ​ពួក​គេ​ទទួល​អារម្មណ៍​ដឹង​យ៉ាង​ច្បាស់​​ថា​ខ្ញុំ​កំពុង​មាន​រឿង​អ្វី​កើត​ឡើង។

ពួក​គេ​បាន​ត្រឹម​តែ​គ្រវី​ក្បាល ពួក​គេ​ចង់​ជួយ​ស្រោច​ស្រង់​ តែ​ពួក​គេ​មិន​អាច​ព្រោះ​ពួក​គេ​មិនមែន​ជា​ព្រះ​អាទិទេព​មាន​រិទ្ធិ​ដ៏​អស្ចារ្យ​ ដូច​​​​ក្នុង​សៀវភៅ​​ធម៌​សាសនា​និយាយ​កុហក ពួក​គេ​​ជា​រឿយ​ៗ​និយាយ​ដាស់​តឿន​ខ្ញុំ​ថា “កូន​ប្រុស​យប់​ជ្រៅ​ហើយ កូន​ល្មម​ទៅ​ផ្ទះ​ហើយ ក្នុង​ផ្ទះ​​មិន​កក់​ក្ដៅ​ក្នុង​ចិត្ត​ដូច​ទីនេះ​មែន​តែ​កូន​អាច​រស់​បាន” មែន​ហើយ​ខ្ញុំ​រងា​ណាស់ រងា​មែន​ទែន​ រងា​នឹង​​ឃើញ​ពិភពលោក​ដ៏​ធំធេង​ឃើញ​តែ​ពួក​ខ្ញុំ​ប៉ុន្មាន​នាក់​នេះ​កំពុង​តែ​ជជែក​គ្នា លួងលោម​គ្នា​ទៅ​វិញ​ទៅ​មក។

ខ្ញុំ​នឹង​ដើរ​ទៅ​ផ្ទះ​វិញ​ ក្នុង​ផ្ទះ​មាន​ភួយ​ក្រាស់​ដណ្ដប់​លើ​រាងកាយ​ដែល​កំពុង​តែ​ញ័រ​ចំប្រប់ ហើយ​ចុះ​ពួក​គេ ពួក​គេ​ដែល​មាន​អាយុ​ ៦០ ឆ្នាំ ៧០ ឆ្នាំ​ទៅ​ហើយ​នោះ​ តើ​ពួក​គេ​​នៅ​អង្គុយ​ញ៉ាំ​សុរា​ក្រោម​លំអង​ផ្កា​ព្រិល​នេះ ​ដល់​ពេល​ណា? “ស្ដាប់​​​ខ្ញុំ​ណា៎​ថា​ពេល​លោក​ញ៉ាំ​ស្រា​នេះ​អស់​​លោក​នឹង​រក​ជម្រក​កក់​ក្រៅ ដើម្បី​ការពារ​ខ្លួន​ពី​ សត្រូវ​​ឈាម​ត្រជាក់​​គ្មាន​មេត្តា​នេះ លោក​ត្រូវ​សន្យា​ជាមួយ​នឹង​ខ្ញុំ”។

ទី​បំផុត​ “ការ​សន្យា​គ្រាន់​ជា​ការ​សន្យា” នៅ​លើ​ទំព័រ​កាសែត​ពេល​ព្រឹក​​មាន​ដាក់​រូប​របស់​លោក​យ៉ាង​ធំ​ ដោយ​មាន​សរសេរ​អក្សរ​ថា “បុរស​ចំណាស់​​អង្គុយ​ញ៉ាំ​ស្រា​​ស្រវឹង​ដេក​ស្លាប់​​ក្រោម​គំនរ​ព្រិល​​យ៉ាង​អាណោចអាធ័ម”​ ជា​ចុង​ក្រោយ​ខ្ញុំ​មាន​ពាក្យ​ជូនពរ​ដល់​​លោក​ថា​ “សូម​លោក​ជាតិ​ក្រោយ​ទៅ​កើត​​ជា​ទេវតា កុំ​មក​កើត​ជា​មនុស្ស​ទៀត​អី!”៚

Related articles

មតិ»

1. តា ម៉ាប់ - 14/12/2011

ព្រិល​ណឹងជា​ឃាតករ ឬ ក៏​ស្រា ?

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 15/12/2011

ព្រិល។

2. monyrinataro - 15/12/2011

ឃាតករឥតរូបរាង!

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 15/12/2011

សំលាប់​ដោយ​គ្មាន​មេត្តា 😯


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: