jump to navigation

រឿង​ផ្ទាល់ខ្លួន៖ ការងារ​បង្កើត​​ទឹកចិត្ត​ 17/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, រឿង​ផ្ទាល់​ខ្លួន, សុភមង្គល.
Tags: , , , , , , , , ,
trackback

មាន​ពាក្យ​មួយ​ឃ្លា​ដែល​ខ្ញុំ​តែងតែ​ចងចាំ​ទុក​ក្នុង​ចិត្ត​គឺ​ “ដើម្បី​អោយ​មាន​ទឹកចិត្ត​នឹង​ការងារ ចូរ​ធ្វើ​ការងារ​ដើម្បី​អោយ​អ្នក​មាន​ទឹកចិត្ត” ការ​ដែល​យើង​សោះអង្គើយ​ មិន​ព្រម​លូក​ដៃ​ចាប់​ធ្វើ​អ្វី​មួយ​ វា​ហាក់​ដូច​ជា​ការ​ជំរុញ​អោយ​ ខ្លួន​យើង​លែង​មាន​ទឹកចិត្ត​នឹង​ធ្វើ​អ្វី​មួយ​អញ្ចឹង។ ដូច​កាល​​ពី​ខ្ញុំ​ទើប​ប្រលង​បាក់ឌុប​ជាប់​ ខ្ញុំ​គ្មាន​លុយ​កាក់​ដើម្បី​រៀន​បន្ត​ នៅ​មហា​វិទ្យាល័យ​ទៀត​នោះ​ទេ មិត្ត​រួម​ថ្នាក់​របស់​ខ្ញុំ​បាន​ទៅ​ភ្នំពេញ​ដើម្បី​បន្ត​ការ​សិក្សា​នៅ​ទីនោះ តែ​ចំណែក​ខ្ញុំ​នៅ​តែលតោល​ក្នុង​ខេត្ត​ក្រចេះ​នៅ​ឡើយ ខ្ញុំ​ហេងហាង​មែនទែន​ព្រោះ​មិន​ដឹង​ធ្វើ​អ្វី​បន្ត​ទៀត មាន​ថ្ងៃ​មួយ​ខ្ញុំ​ទៅ​ផែ​កាណូត​លឿន ​​ផែ​ដែល​មិត្ត​រួម​សាលា​ខ្ញុំ​​ គេ​ជិះ​កាណូត​លឿន​ទៅ​រៀន​នៅ​ភ្នំពេញ នៅ​ទីនោះ​ខ្ញុំ​ហាក់​​​តូច​ចិត្ត​ខ្លួន​ឯង​ដែល​មិន​អាច​ទៅ​រៀន​បន្ត​បាន​នឹង​គេ។ 

នៅ​ពេល​ខ្ញុំ​ទៅ​ផែ​កាណូត​នោះ​ ខ្ញុំ​ឃើញ​កាណូត​លឿន​មក​ដល់​ មួយ​សន្ទុះ​ក្រោយ​ឃើញ​មាន​ភ្ញៀវ​ជាច្រើន​ឡើង​ជណ្ដើរ​ផែ​ថ្ម​នោះ ​មក​លើ​ច្រាំង​មាន​ទាំង​ពួក​បារាំង​អី​ទៀត​ផង ខ្ញុំ​​ឃើញ​ក្មេង​ប្រុស​តូច​ៗ​​មួយ​ហ្វូង​អាយុ​ប្រហែល​ជា​ ១០ ឆ្នាំ​​និយាយ​​អឺងកង ​”Two Dollars One Room, Two dollars one room” ពេល​នោះ​ទើប​ខ្ញុំ​ដឹង​ថា​ក្មេង​ៗ​ទាំង​នោះ​ហៅ​ភ្ញៀវ​ទៅ​កេង​ផ្ទះ​សំណាក់​ ហើយ​ពួក​គេ​ទទួល​បាន​លុយ​ថ្លៃ​ហៅ​ភ្ញៀវ​ពី​ម្ចាស់​ផ្ទះ​សំណាក់ (លុយ​ទឹក​តែ)។ ឃើញ​បែប​នោះ​ វា​ធ្វើ​អោយ​ខ្ញុំ​ចាប់​អារម្មណ៍​រឿង​នេះ ​ហើយ​ក៏​គិត​ថា​ខ្លួន​មិន​​អាច​រៀន​បន្ត​បាន​ ហើយ​ក៏​អត់​មាន​ការងារ​ធ្វើ​ អញ្ចឹង​ហេតុ​ម្ដេច​ក៏​មិន​ទៅ​ហៅ​ភ្ញៀវ​ជាមួយ​ក្មេង​ៗ​ទាំង​នោះ?

នៅ​ថ្ងៃ​បន្ទាប់​ខ្ញុំ​មក​កំពង់​ផែ ​ហៅ​ភ្ញៀវ​បរទេស​នឹង​គេ​​ ដោយ​ទៅ​និយាយ​ជាមួយ​ម្ចាស់​​សណ្ឋាគារ​មួយ​នៅ ជួរ​មាត់​ទន្លេ​មេគង្គ​​គឺ ​”សណ្ឋាគារ​ ឧត្ដម​សម្បត្តិ” ថា​សុំ​ធ្វើការ​ទីនោះ​​ផង​ដោយ​មិន​យក​ប្រាក់​កម្រៃ តែ​សុំ​បាយ​​ថ្ងៃ​ត្រង់​ និង ល្ងាច​ញ៉ាំ​ផង ពួក​គេ​យល់ព្រម​ព្រោះ​តែ​​ទទួល​បាន​អ្នក​ធ្វើការ​ដោយ​មិន​ទទួល​យក​ប្រាក់​កម្រៃ។ មួយ​សប្ដាហ៍​ដំបូង ​ខ្ញុំ​ធ្វើការ​ហៅ​ភ្ញៀវ​នោះ​​ហៅ​តែ​ម្នាក់​ក៏​មិន​បាន​ដែរ​ ព្រោះ​ខ្ញុំ​អត់​សូវ​ហ៊ាន​ចូល​ជាមួយ​ក្មេង​ៗ​ទាំង​នោះ​ទេ ខ្ញុំ​អៀន​ខ្លួន និង ខ្មាស​គេ​ ព្រោះ​មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​ ដែល​មាន​វ័យ​ចំណាស់​ជាង​គេ និង ​ជាប់​បាក់ឌុប​​​ទៅ​ហៅ​ភ្ញៀវ​នៅ​កំពង់ផែ ចំណែក​ក្មេង​ៗ​ទាំង​នោះ​ សុទ្ធ​តែ​មិន​ទាន់​ចប់​សាលា​បឋម​សិក្សា​ផង។

បន្ទាប់​ពី​មួយ​សប្ដាហ៍​ ទើប​ខ្ញុំ​លះបង់​ការ​ខ្មាសអៀន​បាន​​ ហើយ​អាច​ហៅ​ភ្ញៀវ​មក​កេង​សណ្ឋាគារ​នោះ​ ហើយ​បាន​ទទួល​ប្រាក់​កម្រៃ​បាន​ខ្លះ​ ខ្ញុំ​សែន​សប្បាយ​ចិត្ត​បែប​នោះ ព្រោះ​អាច​រក​លុយ​បាន​ដោយ​ខ្លួន​ឯង។ ក្មេង​ៗ​តូច​ៗ​ទាំង​នោះ​ចូលចិត្ត​ខ្ញុំ​ណាស់ ព្រោះ​​ការងារ​ដូច​គ្នា​ហើយ​មាន​តែ ខ្ញុំ​ទេ​ដែល​​ជា​មនុស្ស​ចាស់​ទុំ​​ ហើយ​ពួក​គេ​អាច​សួរ​ភាសា​អង់គ្លេស​ខ្ញុំ​បាន​ទៀត​ផង ក្មេង​ៗ​ទាំង​នោះ​គ្រប់​គ្នា​ហៅ​ខ្ញុំ​ថា “គ្រូ គ្រូ” ពួក​គេ​ចង់​មាន​ន័យ​ថា “លោកគ្រូ លោកគ្រូ”។

ខ្ញុំ​ធ្វើការ​នៅ​សណ្ឋាគារ​​នោះ​យ៉ាង​សប្បាយ​ចិត្ត ការងារ​ក៏​រីកចម្រើន ហើយ​ម្ចាស់​សណ្ឋាគារ​ក៏​ពេញ​ចិត្ត​នឹង​ការងារ​របស់​ខ្ញុំ​ដែរ ខ្ញុំ​ធ្វើការ​នៅ​ទីនោះ​ប្រហែល​បាន​ប្រាំពីរ​ខែ ខ្ញុំ​ធ្លាប់​បាន​ជួប​ភ្ញៀវ​បរទេស​មួយ​ចំនួន​មក​ពី​ប្រទេស​ផ្សេង​ៗ​ខាង​ប៉ែក​អឺរ៉ុប និង អូស្ត្រាលី​ផង​ដែរ។ ក្រោយ​មក​ខ្ញុំ​បាន​ជួប​នឹង​​មិត្តភ័ក្ដិ​មួយ​គូ​ របស់​ខ្ញុំ​មក​ពី​ប្រទេស​បែលហ្សិក ពួក​គេ​តែងតែ អន្ទោកអន្ទោល​អោយ​ខ្ញុំ​ទៅ​រៀន​នៅ​ភ្នំពេញ តែ​ខ្ញុំ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​នៅ​ឡើយ​ទេ តែ ក្រោយ​មក​ពេល​បាន​ពិភាក្សា​​ជាមួយ​នឹង​ ឪពុកម្ដាយ​ចិញ្ចឹម​របស់​ខ្ញុំ​ជនជាតិ​អង់គ្លេស ទើប​ថ្ងៃ​មួយ​គាត់​ប្រាប់​ខ្ញុំ​ថា​ “វ៉ារី អ្នក​ឯង​ទៅ​រៀន​នៅ​ភ្នំពេញ​ទៅ ខ្ញុំ​ជា​អ្នក​ចេញថ្លៃ​សាលារៀន និង ការ​ចំណាយ​គ្រប់​យ៉ាង​សំរាប់​អ្នក​ឯង​នៅ​ទីនោះ”។​

ក្រោយ​មក​ខ្ញុំ​ក៏​មក​រៀន​នៅ​ភ្នំពេញ​នៅ​មហា​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង និង មហា​វិទ្យាល័យ​ន័រតុន ​​ដោយ​ស្នាក់​នៅ​ផ្ទះ​ម្ចាស់​សណ្ឋាគារ ឧត្ដម​សម្បត្តិ​ ​នៅ​មាត់​ទន្លេ​​កាច់​ជ្រុង​ផ្សារ​ចាស់ ជាប់​នឹង​ភោជនីយដ្ឋាន “River House”។​ នៅ​ទីក្រុង​ខ្ញុំ​មិន​ស្គាល់​ទី​កន្លែង​ច្រើន​នោះ​ទេ ទាំង​ចរាចរ​ក៏​មិន​សូវ​យល់​ប៉ុន្មាន​ដែរ ​ហើយ​ក៏​អត់​មាន​មិត្តភ័ក្ដិ​អាច​ជួយ​នាំ​បាន​ដែរ​ ខ្ញុំ​ចង់​រក​កន្លែង​ណា​មួយ​ខ្ញុំ​ត្រូវ​ទៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​ក្បែរ​វត្ត​ភ្នំ​ ដើម្បី​សុំ​សៀវភៅ​លឿង​គេ​មើល​ (Yellow Page) ខ្ញុំ​ស្គាល់​ច្បាស់​ជាង​គេ​គឺប៉ុស្តិ៍​ប្រៃសណីយ៍​ព្រោះ​ឪពុក​ម្ដាយ​ចិញ្ចឹម​របស់​ខ្ញុំ​ធ្លាប់​ប្រាប់​ខ្ញុំ​ម្ដង​អំពី​កន្លែង​នេះ​ កាល​ពី​ពួក​យើង​ដើរ​កាត់​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ។ ​នៅ​ប៉ុស្តិ៍​ប្រៃសណីយ៍​​អ្នក​ធ្វើការ​ទីនោះ​ ដូច​ជា​មិន​សូវ​ដឹង​រឿង​នេះ​ប៉ុន្មាន​នោះ​ទេ គេ​អោយ​ខ្ញុំ​ឡើង​ទៅ​លើ ​ជួប​ជាមួយ​ប្រធាន​ធំ​នៅ​ទីនោះ។ ទម្រាំ​លោក​ប្រធាន​ធំ​អោយ​ខ្ញុំ​មើល​ សៀវភៅ​ពណ៌លឿង​នោះ គាត់​អោយ​ខ្ញុំ​សន្យា​មួយ​ចំនួន​ ដោយ​មិន​ប្រើប្រាស់​សៀវភៅ​នេះ​​រក​មើល​ និង បង្ក​​អំពើ​ឧក្រិដ្ឋ​ណាមួយ​ទេ ខ្ញុំ​សន្យា​នឹង​គាត់​អំពី​រឿង​នេះ។

ចំពោះ​សៀវភៅ​ពណ៌លឿង​ គឺ​សំរាប់​សាធារណជន​គ្រប់​រូប​ប្រើប្រាស់​ តាម​តំរូវការ​​តែ​នៅ​​ប៉ុស្តិ៍​ប្រៃសណីយ៍​​កាល​នោះ​ប្រជាជន​ធម្មតា​ ចង់​មើល​ទាល់​តែ​ជួប​លោក​ប្រធាន ហើយ​​សន្យា​សព្វ​គ្រប់ វា​ជា​រឿង​ចំលែក​បន្តិច​មួយ។ លោក​ប្រធាន​សំលឹង​មើល​ខ្ញុំ​ពី​ក្បាល​ដល់​ចុង​ជើង​ច្រើន​សារ ព្រោះ​ប្រហែល​ជា​មិន​ធ្លាប់​មាន ​អ្នក​មក​រក​សៀវភៅ​លឿង​នោះ​ទេ​ ពី​មុន​មក​មើល​ទៅ ហើយ​សភាព​របស់​ខ្ញុំ​មើល​ទៅ​ដូច​ជា​ស្ទើរ​ស្រែ ស្ទើរ​ក្រុង​បន្តិច​ផង។

ខ្ញុំ​រៀន​នៅ​មហា​វិទ្យាល័យ​អស់​ជាច្រើន​ឆ្នាំ ហើយ​ក៏​រក​ការងារ​ធ្វើ​ខ្លះ​ ជាមួយ​នឹង​អង្គការ​ក្រៅ​រដ្ឋាភិបាល ពេល​ធ្វើការ​នោះ​​​ស្រាប់​តែ​មាន​ស្រី​ជនជាតិ​ស៊ុយអែត​ម្នាក់ ទើប​​មក​ដល់​ស្រុក​ខ្មែរ ហើយ​មក​ធ្វើការ​ទីនោះ​ជាមួយ​ខ្ញុំ​ដែរ​ មនុស្ស​ស្រី​ម្នាក់​នោះ​ឧស្សាហ៍​​ជិះ​ឡាន​ជាមួយ​ខ្ញុំ​ណាស់ ត្បិត​អី​គេ​មក​ធ្វើការ​ជា​ “អ្នក​ស្ម័គ្រចិត្ត” ​​មិន​មាន​ទិញ​ឡាន​បើក​ខ្លួន​ឯង​នោះ​ទេ។ ការ​ចំណាយ​ពេល​ជាមួយ​គ្នា​ច្រើន​ រឿង​មួយ​ក៏​កើត​ឡើង​ដោយ​មិន​បាន​ព្រាង​ទុក​ គឺ​ពួក​យើង​ស្រលាញ់​គ្នា ​ពួក​យើង​ជា​​​សង្សារ​នឹង​គ្នា​ពី​ពេល​នោះ​មក​ ពួក​យើង​ធ្វើការ​ជាមួយ​គ្នា​ មួយ​ឆ្នាំ​នាង​ក៏​​ដាក់​ពាក្យ​ធានា​ខ្ញុំ​ មក​រស់នៅ​ប្រទេស​ស៊ុយអែត​ជាមួយ​គ្នា តែ​ចំណង​ស្នេហា​នោះ​មិន​បាន​យូរ​អង្វែង​នោះ​ទេ ​ពួក​រស់នៅ​ជាមួយ​គ្នា​នៅ​ស្រុក​ខ្មែរ​មួយ​ឆ្នាំ នៅ​ប្រទេស​ស៊ុយអែត​មួយ​ឆ្នាំ សរុប​ទាំង​អស់​ពីរ​ឆ្នាំ​ហើយ​ពួក​យើង​ក៏​បែក​គ្នា​ទៅ។

រឿងរ៉ាវ​ខាង​លើ ​ដែល​បាន​រៀបរាប់​មក​នេះ​ជា​រឿង​ពិត​មួយ​ ដែល​បង្ហាញ​​​អោយ​ឃើញ​នូវ​ការ​ចាប់​យក​ការងារ​ ដើម្បី​បង្កើត​អោយ​មាន​ទឹកចិត្ត​​ធ្វើ​ការងារ និយាយ​អំពី​ដំណើរ​ជីវិត​របស់​មនុស្ស​ទាល់​ច្រក​ម្នាក់​​ តែ​មិន​សុខចិត្ត​ចុះចាញ់​នឹង​ភាព​ក្រខ្សត់​ អង្គុយ​អោប​ក្បាល​ជង្គង់​សម្រក់​ទឹកភ្នែក​នោះ​ទេ​​ តែ​គាត់​ព្យាយាម​បោះ​ជំហាន​​ដើរ​ទោះ​ជា​មាន​ឧបសគ្គ​ ភាព​ខ្មាសអៀន រាំង​ខ្ទប់​ដំណើរ​គាត់​យ៉ាង​ណា​ក៏​មិន​ជាប់​ គាត់​នៅ​តែ​ចចេស​​​បោះ​​មួយ​ជំហាន​​ ហើយ​វា​ក្លាយ​ជា​ជំហាន​​មួយ​យ៉ាង​​វែង​ នឹក​ស្មាន​មិន​ដល់​​ ដែល​​ជា​រឿយ​ៗ​​ក្នុង​ចិត្ត​បុរស​ដែល​មាន​ខ្សែរ​ជីវិត​ដូច​ជា​ចក​អណ្ដែត​ក្នុង​ទន្លេ​នេះ ​តែងតែ​ទន្ទេញ​ពាក្យ​មួយ​ឃ្លា​ថា “មាន​ជីវិត មាន​សង្ឃឹម”៕៚

Before it gets expired, be inpired with PEPY Tours

Related articles

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: