ក្បាច់វាយក្បាលអង្អែលខ្នងរបស់លោក ហ៊ុន សែន 01/02/2012
Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ទស្សនៈ, ព័ត៌មានជាតិ.Tags: ខេត្តក្រចេះ, ណា ម៉ារាឌី, ទំនាស់ដីធ្លី, ប្រទេសកម្ពុជា, ហ៊ុន សែន, Cambodia
trackback
ក្រោយពេលដែលក្រលេកមើលឃើញថាសន្ទុះនៃការគាំទ្រ “គណបក្ស សម រង្ស៊ី” កើនឡើងដល់ទៅប្រាំដង ក្នុងការបោះឆ្នោតព្រឹទ្ធសភាលោក ហ៊ុន សែន ហាក់ប្រឹងស្ទុះស្ទាធ្វើជាយកចិត្តទុកដាក់ដល់ សុខទុក្ខរបស់ប្រជាជន ដែលត្រូវរងគ្រោះដោយសារក្រុមហ៊ុនអភិវឌ្ឍន៍ ដែលកាលពីថ្មីៗនេះលោកបានប្រកាសអោយក្រុមហ៊ុនរបស់លោកឧកញ៉ា ណា មារឌី បញ្ជូនខ្លួនអ្នកបាញ់ប្រហារ លើប្រជាពលរដ្ឋក្នុងខេត្តក្រចេះ ក្នុងពេលកន្លងទៅនេះមកផ្ដន្ទាទោស ដែលនេះគេចាត់ទុកថាជា “ការវាយក្បាល អង្អែលខ្នង” តែប៉ុណ្ណោះ។
ព្រោះសកម្មភាពរបស់លោក ហ៊ុន សែន ពេលនេះដូចជាលោកទើបក្រោកពីដំណេក ដែលសំឡេងស្រែកយំ សម្រែកដង្ហោយហៅអោយជួយ របស់ជនរងគ្រោះខ្មែរស្លូតត្រង់ ស្រែកស្ទើរបែកបំពង់ក នៅទីក្រុងក៏ដូចជាជនបទ ក្បែរច្រមុះ ភ្នែក ត្រចៀករបស់លោក ហ៊ុន សែន តែសំឡេងនេះគ្មានត្រូវបានលោកចាប់អារម្មណ៍ យកត្រចៀកស្ដាប់ឡើយដូចជាករណីនៅបឹងកក់ ករណីនៅបុរីកីឡា យ៉ាងថ្មីៗនេះជាដើម។
យើងគិតថាសន្តិសុខ ដែលការពារក្រុមហ៊ុនអភិវឌ្ឍន៍កំប៉ិកកំប៉ុកប៉ុន្មាននាក់នោះ បាញ់ប្រជាជនដោយចិត្តខ្លួនឯង? ”គ្មានផ្លូវទេ” ពួកនោះគ្រាន់តែធ្វើការដូរបាយញ៉ាំមួយពេលតែប៉ុណ្ណឹងឯង សកម្មភាពបាញ់ប្រហារលើប្រជាពលរដ្ឋនោះ ប្រាកដជាមានបញ្ជាពីថ្នាក់លើ អញ្ចឹងបើលោក ហ៊ុន សែន ពិតជាចិត្តសឿង ស្រលាញ់អាណិតប្រជាជនមែនម្ដេចក៏មិនអោយគេចាប់លោក ណា ម៉ារាឌី តែម្ដងទៅ?
ប្រជាជនជាទីស្នេហារបស់ខ្ញុំអើយ កើតជាមនុស្សមើលអោយបានវែងឆ្ងាយបន្តិចទៅ ពួកក្រុមហ៊ុនអភិវឌ្ឍន៍ទាំងឡាយនោះ ចេញពីប្រភពណា? តាមការពិតពួកហ្នឹងចេញពីក្រុមលោក ហ៊ុន សែន តែមួយទេ ពួកហ្នឹងហើយដែលធ្វើអោយលោក ហ៊ុន សែន ក្លាយជាមហាសេដ្ឋីថ្នាក់កំពូល ដោយការឆក់ ប្លន់ លក់សម្បត្តិជាតិរបស់ប្រជាជនខ្មែរទាំងអស់គ្នានោះ។ ពួកក្រុមហ៊ុននោះអាចរស់រានមានជីវិត គឺដោយសារតែអំណាចលោក ហ៊ុន សែន ការពារជារហូតមកហ្នឹង អញ្ចឹងហើយបានជាពួកហ្នឹងថ្លើមពាសមេឃ ប្រព្រឹត្តអំពើឆក់ ប្លន់ បំផ្លាញជាតិគ្មានញញើតដៃ ភ័យខ្លាចចំពោះច្បាប់ទម្លាប់បន្តិចនោះ។
ពួកក្រុមហ៊ុនទាំងនោះជាអ្នកវាយសំពងក្បាលអ្នកទាំងអស់គ្នា តែលោក ហ៊ុន សែន និង ក្រុមគណបក្សប្រជាជនកម្ពុជា ជាអ្នកដើរអង្អែលខ្នង ជាមួយនឹងប្រេងកូឡាមួយប្រអប់ ក្រមាមួយ សារុងមួយ មីមួយកញ្ចប់ ដូចជាអ្នកទាំងអស់គ្នាបានឃើញផ្ទាល់នឹងភ្នែកអញ្ចឹងរាល់ពេលដល់យុទ្ធនាការបោះឆ្នោត រាល់ដងនោះអី។ លុយអំណោយទាំងឡាយនោះបានមកពីណាដែរ? គឺបានមកពីអស់លោក ឧកញ៉ា ម្ចាស់ក្រុមហ៊ុនដែលដើរឆក់ ប្លន់ វាយ ទាត់ ធាក់ លក់ជាតិ ហុតឈាម អង្កៀមឆ្អឹង របស់យើងហ្នឹងហើយ។
សូមកុំបណ្ដោយខ្លួន អោយគេបោកប្រាស់យើងច្រើនដងបានទេ! គេបោកប្រាស់យើងម្ដងយើងជេរពួកគេថា “ពួកអាមនុស្សខូច” គេបោកប្រាស់យើងពីរដងយើងអាចជេរគេថា “ពួកអាមនុស្សខិល” ដល់ពេលគេបោកប្រាស់យើងរឿងដដែលៗលើសចំនួនដល់ទៅបីដង អ្នកទាំងអស់គ្នាគួរតែឈប់ជេរ ពួកបោកប្រាស់ទាំងនោះទៅ ងាកមកនោមហើយឆ្លុះមើលមុខខ្លួនឯងហើយជេរខ្លួនឯងវិញថា “ពួកគំនិតមិនកើត ល្ងិតល្ងង់ ភ្លីភ្លើ មានក្រយៅតែនឹងត្រូវគេបោក”៕៚
Related articles
- ព័ត៌មាន ភាសា អង់គ្លេស៖ 25 of the Strangest Foods from Around The World (varychin.com)
- នឹង មាន ការ ហោះហើរ ដោយ ផ្ទាល់ អូស្ត្រាលី – កម្ពុជា (varychin.com)
- បច្ចេកវិទ្យា៖ Convert ឯកសារ Word ទៅ PDF (varychin.com)
មតិ»
No comments yet — be the first.