jump to navigation

រឿង​ពិត៖ វិប្បដិសារី​​ជេរ​ស្ដី​គ្មាន​ស្បើយ​ 25/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ដក់ស្រង់, រឿង​ពិត.
Tags: , , ,
trackback

ឆ្នាំ ១៩៨៥ ភ្នាក់ងារ​នៃ​ប្រទេស​កូរ៉េ​ខាងជើង បាន​មក​ជួប អូ គីល ណាម ហើយ​ផ្ដល់​យោបល់​អោយ​គាត់​ចាកចេញ​ពី​ស្រុក ដោយ​ភ្នាក់ងារ​ទាំង​នោះ​ថា​នឹង​ផ្ដល់​អោយ​គាត់ ​នូវ​ការងារ​ដ៏​សំខាន់​មួយ​ធ្វើការ​ជា​អ្នក​សេដ្ឋកិច្ច ​សំរាប់​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង និង សន្យា​ថា​នឹង​ផ្ដល់​ការ​ព្យាបាល​ឥត​គិត​កម្រៃ​សំរាប់​ប្រពន្ធ​របស់​គាត់​ដែល​មាន​ជម្ងឺ​ថ្លើម​ប្រភេទ “បេ”។

“អូ” ព្រម​ទទួល​យក​ដង្វាយ​នោះ​យ៉ាង​អស់​ពី​ចិត្ត​។ គាត់​បាន​បញ្ចប់​សាលា​បណ្ឌិត​នៅ​ប្រទេស​អាល្លឺម៉ង់ លើ​ផ្នែក​សេដ្ឋកិច្ច​បែប​ម៉ាក​និយម។ គាត់​បាន​ត្រលប់​មក​ផ្ទះ​របស់​គាត់​នៅ​កូរ៉េ​ខាងត្បូង​ គាត់​បាន​ធ្វើការ​យ៉ាង​សកម្ម​ជាមួយ​នឹង​ក្រុម​ខាងឆ្វេង​និយម ក្នុង​ការ​ប្រឆាំង​នឹង​របប​ដឹកនាំ​ផ្ដាច់ការ​ក្នុង​ប្រទេស​នេះ។

ភរិយា​របស់​គាត់​​មាន​ឈ្មោះ​ថា ស៊ីន ស៊ុក ចា មាន​ការ​តក់ស្លុត​នឹង​គំនិត​ក្នុង​ការ​ទៅ​ធ្វើការ​នៅ​កូរ៉េ​ខាង​ជើង ហើយ​នាង​បាន​ប្រឆាំង​នឹង​គំនិត​នេះ​តាំង​តែ​ពី​ដំបូង “តើ​បង​ដឹង​ទេ​ថា​ទីកន្លែង​នោះ​វា​យ៉ាង​ម៉េច​​ទេ​បង​សម្លាញ់? បង​មិន​ដែល​ទៅ​ទីនោះ​សូម្បី​តែ​ម្ដង ហេតុអ្វី​ក៏​បង​ធ្វើ​ការ​សំរេចចិត្ត​ដ៏​ពោរពេញ​ដោយ​ការ​ធ្វេសប្រហែស​បែប​នេះ?”។

“អូ” បាន​ឆ្លើយ​ថា​ទោះ​បី​យ៉ាង​ណា​​វា​នៅ​តែ​ជា​កូរ៉េ​ដូច​តែ​គ្នា​ហ្នឹង ពួក​គេ​មិន​អាច​ឃោរឃៅ​នោះ​ទេ។

ដូច្នេះ​ហើយ​នៅ​ចុង​ខែ តុលា ឆ្នាំ ១៩៨៥ “អូ” និង ប្រពន្ធ និង កូន​ស្រី​ពីរ​នាក់​របស់​គាត់​បាន​ធ្វើ​ដំណើរ​តាម​ក្រុង​បឺលីន​ខាង​លិច និង ក្រុង​មូស្គូ ហើយ​ក៏​ទៅ​ដល់​ទីក្រុង​ព្យុងយ៉ាង​នៃ​កូរ៉េ​ខាង​ជើង។

នៅ​ពេល​ដែល​ពួក​គេ​បាន​មក​ដល់​ប្រលានយន្តហោះ​នៅ​ព្យុងយ៉ាង “អូ” ចាប់ផ្ដើម​មើល​ឃើញ​ថា ​គាត់​បាន​ធ្វើ​កំហុស​មួយ​ក្នុង​ការ​មក​ទីនេះ។ មន្ត្រី​គណបក្ស​កុម្មុយនិស្ត​ និង ក្មេង​ៗ​កាន់​បាច់​ផ្កា​ដើម្បី​មក​ជួប​ពួក​គេ ប៉ុន្តែ​ទោះ​បី​ជា​អាកាសធាតុ​ត្រជាក់​នៃ​កូរ៉េ​ខាងជើង​ក្នុង​ខែ​ វិច្ឆិកា​ក្ដី ក្មេង​ៗ​ទាំង​នោះ​មិន​មាន​ពាក់​ស្រោមជើង ហើយ​ខោអាវ​ប្រពៃណី​របស់​ពួក​គេ​ស្ដើង​ណាស់ ហើយ​ពួក​គេ​រងា​ញ័រញាក់ “ពេល​ខ្ញុំ​ឃើញ​បែប​នេះ​ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​ណាស់ ហើយ​ប្រពន្ធ​របស់​ខ្ញុំ​ចាប់ផ្ដើម​យំ”។

មន្ត្រី​គណបក្ស​កុម្មុយនិស្ត​បាន​បើកឡាន​ជូន “អូ” និង គ្រួសារ​ទៅ​កន្លែង​មួយ​​ ដែល​ពួក​គេ​ប្រាប់​ថា​ជា​ផ្ទះ​សំណាក់។ អគារ​នោះ​នៅ​ក្នុង​ជុំរុំ​ ក្នុង​ដងភ្នំ​ដែល​យាម​ការពារ​ដោយ​ទាហាន​ជាច្រើន។ អត់​មាន​ការ​ព្យាបាល​ជំងឺ​ថ្លើម​ដល់ ស៊ីន នោះ​ទេ ហើយ​ក៏​គ្មាន​ការងារ​សំរាប់​អោយ​ “អូ” ធ្វើការ​​ជា​អ្នក​សេដ្ឋកិច្ច​ដែរ តែ​ចំនួន​ច្រើន​ខែ​មក​កូរ៉េ​ខាងជើង​បាន​បញ្ចុះបញ្ចូល​ ពួក​គេ​អោយ​បង្រៀន​ដល់​មេដឹកនាំ​របស់​ខ្លួន​គឺ គីម អ៊ីល ស៊ុង ដែល​ជា​ស្ថាបនិក​នៃ​របប​សព្វ​ថ្ងៃ​នេះ។

“អូ” និង ប្រពន្ធ​របស់​គាត់​ចាប់ផ្ដើម​ធ្វើ​ការ​អោយ​ស្ថានីយ​ទូរទស្សន៍​កូរ៉េ​ខាង​ជើង “ប្រពន្ធ​របស់​ខ្ញុំ​ចាប់ផ្ដើម​ជា​អ្នក​ផ្សាយ​ព័ត៌មាន​ ប៉ុន្តែ​នាង​មិន​អាច​ធ្វើការ​នោះ​បាន​យូរ​នោះ​ទេ សុខភាព​របស់​នាង​កាន់​តែ​យ៉ាប់យ៉ឺន​ឡើង​ៗ ហើយ​ក្នុង​ពេល​តែ​មួយ​ នាង​ត្រូវ​បាន​គេ​រិះគន់​យ៉ាង​ខ្លាំង​ពី​កូរ៉េ​ខាង​ជើង។

“អូ” កាន់​តែ​បាត់បង់​ឯករាជ្យ​ភាព​របស់​ខ្លួន​បន្តិច​ម្ដង​ៗ “ខ្ញុំ​ចាប់ផ្ដើម​អាន​អត្ថបទ​តាម​តែ​សេចក្ដី​បង្គាប់​របស់​គណបក្ស នៅ​ទី​បញ្ចប់​ខ្ញុំ​ហាក់​បី​គ្រាន់​តែ​ សត្វ​សេក​មួយ​ក្បាល​តែ​ប៉ុណ្ណោះ”។

នៅ​ពេល​ដែល​ខ្ញុំ​នៅ​ទីនោះ​ ខ្ញុំ​បាន​ជួប​នឹង​ជនជាតិ​កូរ៉េ​ខាងត្បូង​ផ្សេង​ទៀត ដែល​ត្រូវ​បាន​គេ​ចាប់​ពង្រត់ រួម​ទាំង​អ្នក​ធ្វើការ​លើ​យន្តហោះ​ពីរ​នាក់ និង អ្នក​ដំណើរ​ពីរ​នាក់​ផ្សេង​ទៀត​ មក​ពី​ក្រុមហ៊ុន​អាកាសចរណ៍​កូរ៉េ ដែល​ត្រូវ​បាន​បាន​ប្លន់​ដោយ​កូរ៉េ​ខាង​ជើង​ក្នុង​ឆ្នាំ ១៩៦៩។

“អូ” ត្រូវ​បាន​ធ្វើ​ដំណើរ​ទៅ​បំពេញ​បេសកកម្ម​នៅ​បរទេស។ គាត់​ត្រូវ​បាន​គេ​អោយ​ដាក់​មូលដ្ឋាន​នៅ​ក្នុង​ស្ថានទូត​កូរ៉េ​ខាង​ជើង នៅ​ទីក្រុង​ កូផេនហាហ្ក្រិន (Copenhagen) នៃ​ប្រទេស​ ដាណឺម៉ាក ដែល​ជា​កន្លែង​មួយ​ដែល​គាត់​អាច​ធ្វើ​ ដូច​អ្វី​ដែល​គេ​ធ្លាប់​បាន​ធ្វើ​ដាក់​គាត់​កាល​ពី​មុន​គឺ បញ្ឆោត​សិស្ស​កូរ៉េ​ខាងត្បូង​ នៅ​ប្រទេស​អាល្លឺម៉ង់​ទៅ​ស្ថានទូត​កូរ៉េ​ខាងជើង។

នៅ​ពេល​ដែល​ ស៊ីន បាន​លឺ​អំពី​គម្រោងការ​នេះ ​នាង​មាន​ការ​ខឹង​សម្បារ​យ៉ាង​ខ្លាំង “ខ្ញុំ​ចងចាំ​ថា​ពីរ​នាក់​យើង​និយាយ​គ្នា​អំពី​រឿង​នេះ ​យ៉ាង​ថ្នម​ៗ​នៅ​ក្នុង​ភួយ ខ្ញុំ​បាន​ប្រាប់​ប្រពន្ធ​របស់​ខ្ញុំ​ថា ​​ដោយ​ការ​បំពេញ​បេសកកម្ម​នេះ​ហើយ​ យើង​អាច​ថែរក្សា​ជីវភាព​របស់​យើង ​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងជើង​បាន​អង្វែង ប៉ុន្តែ​នាង​បាន​ទះ​កំផ្លៀង​របស់​ខ្ញុំ”។

ស៊ីន បាន​និយាយ​ថា​ ពួក​គេ​ទាំង​ពីរ​នាក់​សម​នឹង​ទទួល​លទ្ធផល​បែប​នេះ ដោយសារ​តែ​កំហុស​របស់​ប្ដី​នាង តែ​ប្ដី​របស់​គាត់​មិន​អាច​ដាក់​អន្ទាក់​អ្នក​ផ្សេង​ទៀត​បែប​នេះ​ទេ។

“នាង​បាន​ប្រាប់​ខ្ញុំ​ថា​ខ្ញុំ​ត្រូវ​តែ​ស្វែង​រក​ផ្លូវ​មួយ​ដើម្បី​រត់​គេច នៅ​ពេល​ទៅ​ដល់​ អឺរ៉ុប ដែល​នៅ​ទីនោះ​អាច​មាន​ផ្លូវ​មួយ​អាច​ជួយ​សង្គ្រោះ​គ្រួសារ​បាន”។

នៅ​ពេល​មក​ដល់​ប្រលានយន្តហោះ​នៅ កូផេនហាហ្ក្រិន “អូ” បាន​រត់​បាត់​ពីរ​ការ​គ្រប់គ្រង​របស់​កូរ៉េ​ខាង​ជើង។ “ខ្ញុំ​បាន​មក​ដល់​កន្លែង​អន្តោប្រវេសន៍ ខ្ញុំ​មាន​ក្រដាស​មួយ​ចម្រៀក​ ដែល​ខ្ញុំ​អាច​សរសេរ​ថា “ជួយ​ខ្ញុំ​ផង”។ ខ្ញុំ​បាន​ពន្យល់​ថា​លិខិត​ឆ្លង​ដែន​ ដែល​ពួក​គេ​កំពុង​មើល​នោះ​មិនមែន​ជា​លិខិត​ឆ្លងដែន​ពិត​ប្រាកដ​ទេ ឈ្មោះ​ពិត​របស់​ខ្ញុំ​គឺ អូ គីល ណាម ដែល​លិខិត​ឆ្លង​ដែន​របស់​ខ្ញុំ​ត្រូវ​បាន​គេ​ដកហូត ​នៅ​កូរ៉េ​ខាង​ជើង​បាត់​ទៅ​ហើយ។

បន្ទាប់​ពីរ​ចំនួន​ពីរ​ខែ​ក្នុង​គុក​នៅ​ប្រទេស​ ដាណឺម៉ាក អជ្ញាធ័រ​នៃ​ប្រទេស​ដាណឺម៉ាក បាន​បញ្ជូន​ “អូ” ទៅ ប្រទេស​អាល្លឺម៉ង់។ នៅ​ទីនោះ​គាត់​បាន​ព្យាយាម​រក​ដំណោះស្រាយ​ សំរាប់​គ្រួសារ​របស់​គាត់ តែ​មិន​មាន​សំណាង​នោះ​ទេ “កំហុស​ដ៏​ធំ​របស់​ខ្ញុំ​គឺ​មក​ពី​ខ្ញុំ​ មិន​ទៅ​អោយ​ដល់​ក្រសួង​ការបរទេស​អាល្លឺម៉ង់​ដោយ​ផ្ទាល់”។

ចំពោះ ស៊ីន និង កូន​ស្រី​ទាំង​ពីរ​របស់​នាង និង ការ​រត់​របស់​ “អូ” គឺជា​មហន្តរាយ។ ប្រពន្ធ និង កូន​របស់​គាត់​​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​នៅ ជំរុំ​ឃុំឃាំង​មនុស្ស​យូដុក (Yodok concentration camp) ដែល​កន្លែង​នោះ​ហើយ​ដែល​រដ្ឋាភិបាល​កូរ៉េ​ខាង​ជើង ​ដាក់​គុក​សត្រូវ​របស់​ពួក​គេ។ ស្ថានភាព​ក្នុង​ជំរុំ​ទាសករ​នេះ​ត្រូវ​បាន​គេ​អោយ​ដឹង​ថា​ អាក្រក់​ដូច​គ្នា​នឹង​ ណាហ៊្សី នៅ​ប្រទេស​អាល្លឺម៉ង់ និង ហ្គ្រូឡក របស់​ស្តាលីន។

ក្នុង​ពេល​នោះ​​ “អូ” គ្មាន​ដំណឹង​អ្វី​ទាំង​អស់​ពី​ជោគវាសនា​របស់​គ្រួសារ​របស់​គាត់។ បន្ទាប់​នៅ​ក្នុង កុម្ភៈ ឆ្នាំ ១៩៩១ គាត់​បាន​លៃលក​រក​ឃើញ​រូបថត​ចំនួន​ប្រាំមួយ​សន្លឹក​ របស់​ប្រពន្ធ​របស់​គាត់ និង កូន​ស្រី ហើយ​បិទ​ភ្ជាប់​នឹង​ខ្សែ​អាត់​ដែល​មាន​សារ​ពី​ពួក​គេ​ផង​ដេរ។

“នៅ​លើ​ខ្សែ​អាត់​នោះ ​កូន​ស្រី​របស់​ខ្ញុំ​ប្រាប់​ខ្ញុំ​អំពី​តើ​ពួក​គេ​នឹក​ខ្ញុំ​ប៉ុណ្ណា ហើយ​ប្រពន្ធ​របស់​ខ្ញុំ​និយាយ​ថា​ប្រហែល​ជា​មិន​មាន​រឿង​អី​នោះ​ទេ ​ប្រសិន​ជា​ខ្ញុំ​ត្រលប់​ទៅ​វិញ​អីឡូវ”។

“អូ” សង្ស័យ​ថា ​នេះ​គ្រាន់​តែ​ការ​ដាក់​អន្ទាក់​មួយ​ប៉ុណ្ណោះ​ “កូរ៉េ​ខាង​ជើង​កំពុង​តែ​ព្យាយាម ​បញ្ឈប់​ខ្ញុំ​ក្នុង​ការ​ត្រលប់​ទៅ​កូរ៉េ​ខាង​ត្បូង​វិញ ព្រោះ​ខ្ញុំ​មាន​បទ​ពិសោធន៍​ ក្នុង​ការ​ធ្វើការ​ផ្នែក​ឃោសនា។ ខ្ញុំ​បាន​ដឹង​រឿង​ជាច្រើន​អំពី​ការ​សំងាត់​របស់​ពួក​គេ រួម​ទាំង​កា​ពិត​អំពី​ប្រជាជន​មក​ពី ​កូរ៉េ​ខាងត្បូង​ត្រូវ​បាន​គេ​ចាប់​ជំរិត​ ហើយ​យក​ពួក​គេ​ទៅ​កូរ៉េ​ខាង​ជើង ដើម្បី​ធ្វើការ​នៅ​ទីនោះ។”

តែ​ទោះយ៉ាងនោះក៏ដោយ​ណា​​ រឿង​ពិត​ដែល​គាត់​មិន​អាច​ទាក់ទង​គ្រួសារ​របស់​គាត់ ​គឺ​មក​ពី​ពួក​គេ​ស្លាប់​បាត់​អស់​ទៅ​ហើយ “នៅ​ពេល​នោះ​ ខ្ញុំ​បាន​បោះបង់​ចោល​ក្ដី​សង្ឃឹម​ទាំង​ស្រុង​ទៅ​ហើយ ខ្លួន​ប្រាណ​របស់​ខ្ញុំ​ទាំង​មូល​ បាក់​ស្រុត​ទ្រុឌទ្រោម​អស់​ហើយ”។

នៅ​ឆ្នាំ ១៩៩២ គាត់​បាន​វិល​ត្រលប់​ទៅ​កូរ៉េ​ខាងត្បូង​វិញ “ខ្ញុំ​មាន​អារម្មណ៍​ថា​មរណភាព​នៃ​ជីវិត​របស់​ខ្ញុំ​មិន​នៅ​ឆ្ងាយ​ពី​ខ្ញុំ​ប៉ុន្មាន​នោះ​ទេ ខ្ញុំ​គ្រាន់​តែ​ចង់​នៅ​ក្បែរ​បង​ប្រុស​របស់​ខ្ញុំ​ និង ប្អូន​ស្រី​របស់​ខ្ញុំ​ នៅ​លើ​គ្រែ​មរណ​របស់​ខ្ញុំ”។

“អូ” មិន​បាន​ស្លាប់​នោះ​ទេ ហើយ​ក៏​មិន​ដែល​លឺ​ដំណឹង​ពី​ប្រពន្ធ និង កូន​ស្រី​របស់​គាត់​ម្ដង​ទៀត​ដែរ។ គាត់​មិន​ដឹង​ថា​តើ​ពួក​គេ​នៅ​រស់រាន​មាន​ជីវិត រឺ ថា​តើ​ពួក​គេ​បាន​ស្លាប់​ក្នុង​ជុំរុំ​ឃុំឃាំង​មនុស្ស​បាត់​ទៅ​ហើយ។

“ខ្ញុំ​មាន​អារម្មណ៍​ថា​ ខ្ញុំ​មុខ​តែ​នឹង​មិន​បាន​ជួប​គ្រួសារ​របស់​ខ្ញុំ​ម្ដង​ទៀត​នោះ​ទេ ប៉ុន្តែ​នេះ​គ្រាន់​តែ​ជា​ក្ដី​សង្ឃឹម​មួយ ពន្លឺ​នៃ​ក្ដី​សង្ឃឹម​នៅ​ក្នុង​រូង​ដ៏​សែន​ងងឹត​មួយ”។

“ខ្ញុំ​សង្ឃឹម​ថា​ នឹង​មាន​ថ្ងៃ​មួយ​​ខ្ញុំ​បាន​ជួប​គ្រួសារ​ខ្ញុំ​ម្ដង​ទៀត អោប​ពួក​គេ ក្រសោប​ពួក​គេ​ ហើយ​បង្ហូរ​ទឹកភ្នែក​នៃ​សុភមង្គល ប្រសិន​ជា​វា​ពិត​ជា​កើត​មាន​មែន​ វា​នឹង​ក្លាយ​ថ្ងៃ​ជា​ដ៏​សប្បាយ​រីករាយ​បំផុត​សំរាប់​ជីវិត​របស់​ខ្ញុំ៕៚

-ដកស្រង់​ចេញ​ពី ប៊ីប៊ីស៊ី ក្នុង​ចំណង​ជើង​ថា The terrible price of a Korean defection

មតិ»

1. ភរិយានិងម្ដាយម្នាក់ - 26/04/2012

បានចូលអាន​តាំងពី​ម្សិលម៉ិញ តែអត់បានខាំមាន់(បញ្ចេញមតិ​) ថ្ងៃនេះសុំចេញវាចារ​បន្តិច៖ មើលហើយព្រឺសំបុរ នឹកឃើញ​ថា ដូចស្រុកយើងសម័យ​អាពតចឹង( ហ៊ី! និយាយមើលតែខ្លួនឯងកើត​ទាន់អាពត​)

ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 26/04/2012

ពិត ស្ថានភាព​ក្នុង​ប្រទេស កូរ៉េ ខាងជើង​ដូច​ស្ថានភាព​សម័យ​ ប៉ុល ពត មែន។ ពួក​មេ​ធំ​ជា​អ្នក​សំរេចចិត្ត​ថា​ត្រូវ​សំលាប់ រឺ មិន​សំលាប់ មិន​បាច់​ឆ្លង​កាត់​តុលាការ​អី​ទាំង​អស់។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: