jump to navigation

ព័ត៌មាន​បន្ថែម​ពី​ករណី​លោក ឈុត វុទ្ធី 29/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: , , ,
trackback

ខាងក្រោម​នេះ​ជា​អត្ថបទ​ទាំង​ស្រុង​ដក​ចេញ​ពី​អត្ថបទ​របស់​លោក “ខ្មែរ​សុវណ្ណភូមិ” ទាក់ទង​នឹង​រឿង​​បាញ់​សំលាប់​លោក ឈុត វុទ្ធី នៅ​ខេត្ត​កោះកុង​ក្នុង​ពេល​ថ្មី​ៗ​នេះ ដែល​ពន្លឺ​នៃ​អាថ៌កំបាំង​នេះ​ មនុស្ស​ទូទៅ​មិន​ទាន់​អាច​សន្និដ្ឋាន​ច្បាស់​លាស់​នៅ​ឡើយ​ថា​ រឿង​ពិត​ប្រាកដ​យ៉ាង​ណា​នៅ​ឡើយ ព្រោះ​​តាម​ការ​អង្កេត​វា​ហាក់​មាន​រឿង​អាថ៌កំបាំង​នៅ​ពី​ក្រោយ​ ការ​បាញ់​ប្រហារ​នេះ ដូច្នេះ​សូម​អាន​អត្ថបទ​ខាង​ក្រោម​នេះ ហើយ​ពិចារណា​លើ​អង្គ​ហេតុ​ដូច​តទៅ៖

ភ្នំពេញ៖ អត្ថបទ​កាសែត ​The Cambodia Daily ចុះផ្សាយ​ជា​ភាសា​អង់គ្លេស នៅ​ថ្ងៃ សៅរ៍ និង ថ្ងៃ​អាទិត្យ ទី ២៨-២៩ ខែ មេសា ឆ្នាំ ២០១២ ដែល​មាន​ចំណង “In Cardamom Mountains, Two Deaths Recounted” បាន​បរិយាយ​យ៉ាង​វែង ពី​ដំណើរ​រឿង ដែល​នាំ​ដល់​ការ​បាញ់សម្លាប់​លោក ឈុត វុទ្ធី ប្រធាន​អង្គការ ការពារ​ធនធាន​ធម្មជាតិ និង ប៉េអឹម​ខេត្ត​កោះកុង លោក អ៊ិត រតនា កាល​ពី​រសៀល​ថ្ងៃ​ទី ២៦ ខែ ​មេសា ឆ្នាំ ​២០១២ លើ​​ជួរ​ភ្នំ​ក្រវាញ ក្នុង​ខេត្ត កោះកុង។​​

តាម​អត្ថបទ​នោះ ស្ត្រី​អ្នក​កាសែត The Cambodia Daily ពីរ​រូប គឺ​កញ្ញា ផន បុប្ផា អាយុ ២៧ ឆ្នាំ និង កញ្ញា Plokhii ជនជាតិ​កាណាដា អាយុ ២៧ ឆ្នាំ បាន​រួម​ដំណើរ​ជាមួយ​លោក ឈុត វុទ្ធី តាម​ឡាន​ឡង់គ្រីស័រ ពណ៌​ឈាម​ជ្រូក​ដ៏​ចាស់​របស់​លោក ពី​ខេត្ត​ពោធិ៍សាត់ ទៅ​កាន់​ខេត្ត​កោះកុង តាម​ជួរ​ភ្នំក្រវាញ។

នៅ​ពេល​ធ្វើ​ដំណើរ​ដល់​ចំណុច​កើតហេតុ នៅ​ជិត​ខ្ទម​តាម​ផ្លូវ​ក្រាល​ក្រួស​ក្រហម លោក ឈុត វុទ្ធី និង ស្ត្រី​អ្នក​កាសែត បាន​ចុះ​ពី​ឡាន​ថតរូប​វល្លិ​មាស ដែល​គរ​នៅ​ជិត​ផ្ទះ​ខ្ទម​មួយ។ ប៉ុន្តែ​នៅ​ពេល​នោះ មាន​បុរស​ម្នាក់ ពាក់​អាវ​យឺត​ដៃ​ខ្លី​ខ្មៅ​លាយ​ខៀវ មក​ប្រាប់​គាត់​ឲ្យ​ឈប់​ថត ហើយ​ដេញ​គាត់​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ។

ស្ថានភាព​បាន​តានតឹង ហើយ​ស្ត្រី​អ្នក​កាសែត​ទាំង​ពីរ ដែល​បាន​សម្ភាសន៍​អ្នក​ភូមិ អំពី​វល្លិ​មាស ក៏​បាន​សម្រេចចិត្ត​វិល​ត្រឡប់​មក​កាន់​ឡាន ដែល​ចត​លើ​ផ្លូវ​ក្រួស​ក្រហម។ នៅ​ពេល​មក​ដល់​ឡាន លោក ឈុត វុទ្ធី បាន​ជជែក​ជាមួយ​នឹង​ទាហាន ដែល​ស្លៀក​ខោអាវ​ប៉ារ៉ា​របស់​អាមេរិក ខណៈ​ដែល​មាន​បុរស​ម្នាក់​ទៀត ស្លៀកពាក់​ស៊ីវិល ក៏​បាន​ឈរ​ជាមួយ​នឹង​លោក ឈុត វុទ្ធី។

នៅ​ពេល​នោះ ទាហាន​ស្លៀកពាក់​ប៉ារ៉ា ដែល​មិន​បាន​ប្រាប់​ពី​អត្តសញ្ញាណ​ខ្លួន​ឯង បាន​ប្រាប់​លោក ឈុត វុទ្ធី និង ស្ត្រី​អ្នក​កាសែត​ពីរ​នាក់​នោះ មិន​ឲ្យ​ចាកចេញ​ពី​តំបន់​នោះ​ឡើយ រហូត​ដល់​មាន​ការ​អនុញ្ញាត​ពី​មេ​របស់​គេ។ ប៉ុន្តែ​ទាហាន​នោះ​មិន​បាន​ប្រាប់​ថា មេ ឬ​ថ្នាក់លើ​គេ​ជា​នរណា? ហើយ​ក៏​មិន​ដឹង​ពេលណា​ទើប​មេ​នោះ​មក​ដែរ។

ទាហាន​នោះ​បាន​រារាំង​មិន​ឲ្យ​លោក ឈុត វុទ្ធី ចូល​ក្នុង​ឡាន​ឡើយ បើ​ទោះបី​ជា​ស្ត្រី​អ្នកកាសែត​បាន​ស្នើសុំ​ទៅ​កាន់​ទាហាន ដើម្បី​ចាកចេញ​ជាមួយ​លោក វុទ្ធី ពី​តំបន់​នោះ​ក៏​ដោយ។

មួយសន្ទុះ​ក្រោយ​មក មាន​បុរស​បី​នាក់​បាន​ជិះ​ម៉ូតូ​ពីរ​គ្រឿង មក​ដល់​កន្លែង​កើត​ហេតុ។ បុរស​ពីរ​នាក់​នោះ ម្នាក់​ស្លៀក​សំលៀក​បំពាក់​ប៉េអឹម និង ម្នាក់​ទៀត​ស្លៀក​ខោអាវ​ទាហាន ព្រមទាំង​ពាក់​ម៉ាស់​បិទមាត់​ផង​ដែរ។

បុរស​ទាំង​បី​នាក់ ដែល​ពីរ​នាក់​ជា​ប៉េអឹម និង ម្នាក់​ជា​ទាហាន មាន​កាំភ្លើង​អាកា ៤៧ កាន់​គ្រប់​ដៃ ហើយ​ទាហាន​ម្នាក់ ដែល​ពាក់​ម៉ាស់​បិទ​មាត់ ធុំ​ក្លិន​ស្រា​យ៉ាង​ខ្លាំង។

ក្រុម​ប៉េអឹម និង ទាហាន​ទាំងនោះ បាន​ប្រាប់​ឲ្យ​លោក ឈុត វុទ្ធី ទៅ​ជាមួយ​ពួកគេ ដើម្បី​ជួប​មេ​របស់​គេ​នៅ​ទីរួមខេត្ត​កោះកុង ហើយ​ក៏​បាន​បណ្ដេញ​លោក វុទ្ធី ចេញ​ឲ្យ​ឆ្ងាយ​ពី​ឡាន។

បុរស​ប៉េអឹម និង ទាហាន​ទាំង ៥នាក់ ក៏​បាន​ដកហូត​យក​កាម៉េរ៉ា ហើយ​ក៏​បាន​រារាំង​មិន​ឲ្យ​លោក ឈុត វុទ្ធី ចូល​ក្នុង​ឡាន ដែល​មាន​ស្ត្រី​អ្នកកាសែត​ពីរ​នាក់​អង្គុយ​ក្នុង​នោះ។ ក្រុម​បុរស​នោះ​បាន​ទាញ​លោក វុទ្ធី ដាច់​ឡេវអាវ។

ដោយ​ក្រុម​បុរស​នោះ បាន​ដកហូត​យក​ម៉ាស៊ីន​ថត​ពីរ​គ្រឿង​ពី​អ្នកកាសែត ពួកគេ​ក៏​បាន​អនុញ្ញាត​ឲ្យ​លោក វុទ្ធី ចូល​ក្នុង​ឡាន ដើម្បី​បើក​ចាកចេញ។ ក៏​ប៉ុន្តែ​ចៃដន្យ​ពេល​នោះ ឡាន​របស់​លោក​វុទ្ធី​អស់​អាគុយ មិន​អាច​បញ្ឆេះ​បាន។ លោក​ក៏​បាន​ពឹង​ឲ្យ​ស្ត្រី​អ្នកយកព័ត៌មាន​ទាំង​ពីរ​នាក់ ជួយ​រុញ ដើម្បី​បញ្ឆេះ​ឡាន។

ពេល​នោះ ក្រុម​ទាហាន​បាន​មក​និយាយ​ឌឺដង​ដាក់​លោក វុទ្ធី និង អ្នកកាសែត ថា​ជា​ខ្ញុំ​កញ្ជះ​របស់​លោក វុទ្ធី នាំ​ឲ្យ​មាន​ការ​ប៉ះ​ពាក្យ​សម្ដី​ជា​ថ្មី។ ក្រុម​ទាហាន​ក៏​បាន​កាច់​សោ​ពន្លត់​ម៉ាស៊ីន​ឡាន​របស់​លោក វុទ្ធី ម្ដង​ជា​ពីរ​ដង ដែល​នាំ​ឲ្យ​ស្ថានភាព​កាន់​តែ​តានតឹង​ឡើង។

ចុងក្រោយ​លោក វុទ្ធី បាន​បញ្ឆេះ​ម៉ាស៊ីន​ឡាន ហើយ​ព្យាយាម​បើក​ចេញ តែ​ត្រូវ​ក្រុម​ទាហាន​ទាំង​នោះ ឈរ​ពាំង​មុខ​ឡាន មិន​ឲ្យ​លោក វុទ្ធី បើកឡាន​ចេញ​ឡើយ។

ក្នុង​ស្ថានភាព​តានតឹង​នោះ ស្ត្រី​អ្នកកាសែត ផន បុប្ផា បាន​រៀបរាប់​ហេតុការណ៍​ប្រាប់​ដល់​និពន្ធ​នាយក កាសែត The Cambodia Daily លោក Kevin Doyle ក្នុង​នោះ ក៏​មាន​សំឡេង​បាញ់​សំដៅ​ឡាន​របស់​លោក ឈុត វុទ្ធី ដែល​លោក​កំពុង​ស្ថិត​នៅ​លើ​កៅអី​តៃកុង។ ក៏​ប៉ុន្តែ​អ្នកកាសែត​ទាំង​ពីរ មិន​រង​របួស​អ្វី​ទេ ហើយ​ក៏​បាន​បើកទ្វារ​ឡាន​រត់​ចូល​ព្រៃ។

ស្ត្រី​អ្នកកាសែត មិន​បាន​ដឹង​ថា គ្រាប់​កាំភ្លើង​នោះ​ចេញ​មក​ពីណា ហើយ​ក៏​មិន​ដឹង​ថា នរណា​ជា​អ្នក​បាញ់​ទេ។

ក្រោយ​ហេតុការណ៍​ផ្ទុះ​អាវុធ​នោះ ស្ត្រី​អ្នកកាសែត​ទាំង​ពីរ​ បាន​វិល​មក​មើល​កន្លែង​កើតហេតុ ឃើញ​លោក ឈុត វុទ្ធី ត្រូវ​គ្រាប់​កាំភ្លើង​នៅ​លើ​កៅអី​តៃកុង​ឡាន។ រី​ឯ​ប៉េអឹម អ៊ិត រតនា ដេក​ដួល​លើ​ដី​មុខ​ឡាន​របស់​លោក ឈុត វុទ្ធី។ អ្នក​ទាំងពីរ​មិន​ទាន់​ស្លាប់​ទេ ភ្លាម​ៗ​នោះ។ ក៏​ប៉ុន្តែ​ក្រុម​ទាហាន និង ប៉េអឹម មិន​បាន​ជួយ​សង្គ្រោះ​ទេ ដោយ​ទុក​ឲ្យ​លោក ឈុត វុទ្ធី និង ប៉េអឹម អ៊ិត រតនា នៅ​កន្លែង​កើតហេតុ​រហូត​ដល់​ស្លាប់ ទោះបីជា​ស្ត្រី​អ្នកកាសែត បាន​ស្នើ​សុំ​យក​ពួក​គាត់​ទៅ​ពេទ្យ​ក៏​ដោយ។

ក្រុម​ទាហាន​ទាំង​នោះ បាន​ឃាត់​មិន​ឲ្យ​ស្ត្រី​អ្នកកាសែត​ទាំងពីរ ចាកចេញ​ពី​កន្លែង​កើតហេតុ​ឡើយ។ ក្នុង​ពេល​នោះ ស្ត្រី​អ្នកកាសែត​ក៏​បាន​ស្តាប់​ឮ​ក្រុម​ទាហាន​និយាយ​គ្នា​ថា “មិន​បាច់​និយាយ​ច្រើន​ទេ សម្លាប់​អ្នក​ទាំង​ពីរ​ចោល​ទៅ”។

ក្រុម​ទាហាន​ក៏​ព្យាយាម​យក​សាកសព​របស់​លោក វុទ្ធី និង ឡាន ទៅ​ប្លុង​ចោល​ក្នុង​ព្រៃ​ជិត​នោះ។ ប្រហែល​ជា ៩០ នាទី​ក្រោយ​មក ក៏​មាន​ប៉ូលិស​មួយ​ក្រុម​ចុះ​ទៅ​កាន់​កន្លែង​កើត​ហេតុ ធ្វើ​កំណត់ហេតុ និង ពិនិត្យ​សាកសព ហើយ​បញ្ជូន​ទៅកាន់​ទីរួមខេត្ត​កោះកុង។

សូម​រម្លឹក​ថា របាយការណ៍​របស់​ប៉េអឹម និង តុលាការ​ខេត្ត​កោះកុង បាន​បង្ហាញ​កាល​ពី​ថ្ងៃ​ទី ២៧ ខែ មេសា ឆ្នាំ ២០១២ ថា ប៉េអឹម អ៊ិត រតនា បាន​បាញ់​សម្លាប់​លោក ឈុត វុទ្ធី ហើយ​ក្រោយ​មក ប៉េអឹម អ៊ិត រតនា បាន​បាញ់សម្លាប់​ខ្លួនឯង។

ប៉ុន្តែ​បើ​អាន​អត្ថបទ ដែល​ជា​ការ​រៀបរាប់​របស់​ស្ត្រី​អ្នកកាសែត The Cambodia Daily គឺ​អាជ្ញាធរ​សមត្ថកិច្ច គួរ​តែ​បន្ត​ស៊ើបអង្កេត និង ស្វែងរក​មុខ​ឃាតករ​ យក​​មក​ផ្ដន្ទា​ទោស​តាម​ច្បាប់ ក្នុង​ឧក្រិដ្ឋកម្ម​សម្លាប់​សកម្មជន​ការពារ​ព្រៃឈើ​នេះ៕

មតិ»

1. ស្រុកស្រែ - 29/04/2012

សត្រូវ​របស់​លោកឈុត វុទ្ធី គឺ​មាន​​​ក្រុមហ៊ុន​បំផ្លាញ​ព្រៃឈើផង និង​សមត្ថកិច្ច​ដែល​រក​ស៊ី​ឈើ​ជា​មួយ​មេ​ឈ្មួញ​​ទុច្ចរិត​ធំៗ គ្រាក់ៗ​ផង… រឿង​ហេតុ​នេះ​​ បើ​ទោះ​ជា​ខាង​សមត្ថកិច្ច​​បាន​ឆ្លើយដោះសារថា​ជា “ឧបទ្ទវហេតុ​​បាញ់​ប្រហារ​” ដ៏​គួរ​អោយ​សោក​ស្តាយ​ក៍​ដោយ… តែ​ខ្ញុំ​មិន​ជឿ​ទេ… នេះគឺ​ជា​អំពើ​ឃាតកម្ម​ បាញ់​សំលាប់​បំបិទមាត់​ ច្បាស់​ណាស់..!!..

2. Democratic - 29/04/2012

មានជនទី៣នៅពីក្រោយជាជនដៃដល់.
គិតទៅប៉ូលីសខ្មែរខ្លាំងមែនយកអាកា៤៧
បាញ់ខ្លួនឯងដល់ទៅ២គ្រាប់ហើយចំសុទ្ធតែកន្លែងសំខាន់ទៀត.
អ្នកនិយាយដូចជាមិនមែនអ្នកធ្លាប់កាន់អាវុធ.

3. ស្រុកខ្មែរ ស្នេហ៍ខ្ញុំ - 29/04/2012

បើ​សិន​ជា​រឿង​ប៉េអឹម​ម្នាក់​នោះ​បាញ់​​លោក ឈុត វុទ្ធី ហើយ​មក​បាញ់​សំលាប់​ខ្លួន​ឯង ចុះ​ពួក​អា​ប៉ូលីស​ប៉ុន្មាន​ក្បាល​នៅ​ក្បែរ​នោះ​ ម៉េច​ក៏​មិន​ចេញ​ឃាត់​ផង បាន​ជា​បណ្ដោយ​អោយ​ ប៉េអឹម ម្នាក់​នោះ​បាញ់​ខ្លួន​ឯង​បាន​ដល់​ទៅ​ពីរ​ដង។

សរុប​សេចក្ដី​ទៅ​ “កុហក” ពួក​អា​អស់​នោះ​ពួក​ពាល​ចំ តែ​អោយ​កាន់​កាំភ្លើង​ច្រងេងច្រងាង​ទៅ​ការពារ​ពួក​អា​ក្រុមហ៊ុន​បំផ្លាញ​ជាតិ។

sunnchantha - 03/05/2012

ខ្ញុំគិតថាពុំមានករណីនេះកើតឡើងនោះទេ​ ពីព្រោះគ្មានក្រុមសម្ថតកិច្ចណា បាញ់សម្លាប់គេហើយសម្លាប់ខ្លួនឯងេទ វាជារឿងកហុកពិតមែន។

4. លឹន - 30/04/2012

ពួកអាតែហង ហ្នឹង វាចាប់​ផ្តើមរលាយម្តងម្មាក់ៗហើយ ដោយសារ​ភាពយយង់ខ្នងរបស់ពួកវា ។​ ពាលរំងាប់ដោយការមិនចង់ពារ តែឈាមសងដោយឈាម បាបកម្មពិតជាមានមែន ពួកអាតិរិឆ្ឆាន​ហ្នឹងវានិងតំរង់ជួរចូលនរកម្តងម្នាក់ៗ អោយសមនិង​ភាពថោកទាប​របស់វា ។


ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: