jump to navigation

ជីវិត​លោក ជុន ចាន់បុត្រ 15/02/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: ,
trackback

ថ្វីបើ​បច្ចុប្បន្ន​លោក ជុន ចាន់បុត្រ មាន​ការងារ​ខ្ពស់​ជា​អនុ​ប្រធាន​វិទ្យុ​ អាស៊ី​សេរី ហើយ​ក៏ជា​អ្នក​សម្រប​សម្រួល​ដែល​សំបូរវោ​ហារ​សាស្រ្ត ពូកែសួរ​ដេញ​ដោល​ចាក់ឆ្កិះ​ឆ្កៀល ធ្វើអោយ​តំណាង​រាស្រ្តមក​ពី​គ្រប់​គណបក្ស​នយោ​បាយ​ស្ទើរឆ្លើយ​មិន​រួច​ម្តងៗ​ក៏ដោយ​ ក៏ប៉ុន្តែ​បើក្រ​ឡេក​មើល​ក្រោយ​វិញ លោក គឺជា​កូន​កំព្រា​ម្នាក់​ប៉ុណ្ណោះ ដោយ​សារ​តែឪពុក​ម្តាយ​បង​ប្អូន ត្រូវបាន​របបអាវ​ខ្មៅ​សម្លាប់​អស់គ្មាន​សល់​។

លោក ​ជុន ចាន់បុត្រ (ឈ្មោះពិត ហួត វុទ្ធី) កើត​នៅថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​១៩៦២ នៅ​ក្នុង​ស​ង្កាត់​លេខ៥ មាន​ទីតាំ​ង​នៅ​​​ជិ​ត​​ផ្សារ​​ដើមគរ​ក្នុងរាជ​ធានី​ភ្នំពេញ។ លោកជាកូន​ទី៣ ក្នុង​ចំណោម​បងប្អូន​បង្កើត​៥នាក់ ប្រុស​៣ ស្រី២​ និង​មានឪពុក​ជាមន្រ្តី​រាជការ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ហើយ​ម្តាយ​របស់​លោក​ជាមេ​គ្រួសារ ដែល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់។ ដោយ​ជាប់​ឈាមជ័រ​ជា​មន្រ្តី​រាជការ​នេះ​ហើយ​ទើប​ឪពុក​លោក​ត្រូវ​បាន​ប៉ុល​ពត​សម្លាប់​នៅគុក​ទួល​ស្លែង អតីត​មន្ទីរ​ស-២១ ។

លោក​បានរំលឹក​ប្រវត្តិ​ដ៏ជូចត់​ថា ក្រោយ​ពីចាប់​កំណើត​អាយុបា​ន​៧ឆ្នាំ ពោល​គឺនៅ​ឆ្នាំ១៩៦៩ លោក ត្រូវបាន​ឪពុក​ម្តាយ​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ប៉ុន្តែ​រៀន​មិន​ទាន់ បាន​មួយ​ឆ្នាំ​ចប់ថ្នាក់​ទី១​ត្រឹម​ត្រូវ​ផង ប្រទេស​ជាតិ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពីសម័យ​សង្គម​រាស្រ្ត​និយម ទៅ​ជា របប​សា​ធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ លន់ ណុល។ លោកថា​ក្នុងវ័យ​ជាកុមារ​របស់​លោក លោក​មិន​ដែល​ស្គាល់​អ្វី ក្រៅ​ពី​ក្រុង​ភ្នំពេញ​មួយ​ក្រវេច​នេះ​ទេ ព្រោះ​ថា​សម័យ​នោះ​នៅ​ភាគ​ខាង​កើត​ទន្លេ​មេគង្គ ជាកន្លែង​កាន់​កាប់​ដោយ​ខ្មែរ​ក្រហម នៅពោធ៏ចិន​តុង នៅគីឡូ​ម៉ែត្​រលេខ​៧ ឬស្សី​កែវ ក៏សុទ្ឋ​តែ​ជាតំបន់​ដែល​ខ្មែរ​ក្រហម​ព័ទ្ធ​ជិត​ជុំ។ ស្នូរ​អាវុធ​ផ្ទុះ​ត្រូវ​បាន​គេលឺ​ស្ទើរ​មិន​ដាច់​ជារៀង​រាល់​ថ្ងៃ។

ជា​អកុសល​រហូត​ដល់​ឆ្នាំ​១៩៧៥ នៅពេល​ដែល​កម្ពុជា​ប្តូរ​ទៅជា​របប​កម្ពុជា​ប្រជាធិប​តេយ្យ ក្រោម​របប​អាវ​ខ្មៅ​ខ្មែរក្រហម​នោះ ប្រជាជន​ក្នុង​ទីក្រុង​ទាំង​មូល ត្រូវ​បា​នពួក​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ទៅ​តាម​ខេត្ត​ទាំង​អស់​ក្រោម​ហេតុ​ផល​ថា ខ្លាច​អាមេរិក​កាំង​ទម្លាក់​គ្រាប់​បែក។ ដោយ​ឡែក​គ្រួសារ​ឪពុក​ម្តាយ​​របស់​លោក​ត្រូវ​បាន​ខ្មែរ​ក្រហម ជម្លៀស​ទៅរស់​នៅស្រុក​កំណើត នៅឃុំ​ព្រែក​អំបិល​ ស្រុកស្​អាង ខេត្ត​កណ្តាល។ ទៅដល់​ទីនោះ​មិនទាន់​បានមួយ​ខែផង កុមារ ចាន់​បុត្រ ត្រូវ​គេ​ជម្លៀស​បន្ត​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​បងស្រី នៅ​ក្នុង​សហករណ៍​មួយ​នៅ​ក្នុង​ឃុំប្រាសាទ ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បា​ត់​ដំបង​។ រីឯ​ឪពុក​ម្តាយ​និង​បង​ប្អូន​ដ៏ទៃ​ទៀត ត្រូវខ្មែរ​ក្រហ​ម​បញ្ជូន​អោយ​មក​ធ្វើ​ការ​នៅឯ​ភ្នំពេញ​វិញ​។

ជិវិត​ស្ទើរស្លាប់​សម័យ​ប៉ុល​ពត

នៅទីនោះ​ហើយ​ដែល​លោក​ចា​ន់បុត្រ​ថា គាត់ឆ្លង​កាត់​ការ​ស្លាប់​ម្តង​រួច​ទៅ​ហើយ ដោយ​អត់​អាហារ។ លោក​រៀប​រាប់​ថា ពួក​យើង​ត្រូវគេ​អោយ​រស់​នៅ​ក្នុង​រោង​រួមប្រក់​ស្បូវ​មួយ ដែល​គេ​ខណ្ឌ​​ចែក​គ្រួសារ​នីមួយៗ​ដោយ​ស្បូវ​មួយ​កណ្ដប។ របប​អាហារ​ដែលគេ​ចែក​អោយ​នោះ ជួនកាល​មាន​តែ​ស្រូវ​ស្រងែ​មួយ​ស្លាប​ព្រា​បាយ​ទុកបុក​សម្រាប់​ដាំ​បបរ​ពី​រពេល​​ក្នុងមួយ​ថ្ងៃ។ ខ្ញុំនៅ​​ចាំរឿង​មួយ​ដែល​មិន​អាច​ភ្លេច​បាន នៅពេល​ដែល​ដាច់​បាយ​មែន​ទែន​នៅ​ក្នុង​ឆ្នាំ១៩៧៧ មិត្តភក្រ័​របស់ខ្ញុំម្នាក់​ដែល​មាន​អាយុ​ជាង​១០​ឆ្នាំ​ស្របាល​គ្នា ដេក​ស្លាប់​ដោយ​សារ​អត់​បាយ ទន្ទឹម​នឹងខ្ញុំ ដោយ​តែខ័ណ្ឌ​ចែក​ពីគ្នា​តែ​ដោយ​ស្បូវ​មួយ​កណ្តប​ប៉ុណ្ណោះ។

ដោយ​សារ​ចង់​បាន​របប​អង្ករ​របស់​កូន ​ម្តាយ​របស់​មិត្តខ្ញុំនោះ ​លាក់​សព​នោះ​មិន​អោយ​គេដឹង​។ ពីរបីថ្ងៃ​ក្រោយ​មក ដោយ​ធុំក្លិន​ពេក ទើបខ្ញុំ​សុំ​អោយ​ម្តាយ​របស់​មិត្ត​ដែល​ស្លាប់​នោះ ប្រាប់​មេកង​ខ្មែរ​ក្រហម។ គេ​ក៏​យក​សព​នោះ​ទៅ​បោះ​ចោល​បណ្តែត​តាម​ទឹក​ទន្លេ​បាត់​ទៅ។ ក្រោយ​នោះ​បន្តិច ក៏ដល់​វេន​ខ្ញុំម្តង។ ដោយសារ​ចង់ឆ្ងា​ញ់​មាត់ម្តង ពេល​ល្ងាច​មួយ​នោះ ដោយ​រង់​ចាំ​គេ​មក​ចែក​របប​អង្ករ​យូរ​ពេក ខ្ញុំប្រាប់​បង​ស្រីថា ខ្ញុំសំងំ​គេង​ហើយ​កុំដាស់​​ហូប​បបរ​អី ពេល​ព្រឹកស្អែក​ចាំ​ហូប​សរុប​ម្តង ​ដោយគិត​ថាដេក​លក់អោយ​បាត់​ឃ្លាន។ ​ប៉ុន្តែ​ដោយ​ខ្សោយ​និង​ខ្សោះ​ជាតិ​បាយ​ខ្លាំង​ពេក នៅ​ពេល​ទាបភ្លឺ​ខ្ញុំក៏ចាប់​ផ្តើម​រឹង​ថ្គាម លែង​ដក​ដង្ហើម​ចូល​បាន ហើយ​ដក​​ចង្ការ​មាន់​រក​ខ្យល់​ស្លាប់។ បង​ស្រីខ្ញុំ​ដឹង​ទាន់ ក៏ចាប់​បញ្រ្ច​ក​ទឹក​បបរ ទើប​មាន​កំលាំង​ដឹង​ខ្លួន រស់​ឡើង​វិញ​សារ​ជាថ្មី។

ក្រោយ​ពីដាច់​ពី​របប​ប៉ុល​ពត

ក្រោយ​មក​ទៀត​ជិត​ដល់​ពេល​ដាច់ របប​ប៉ុលពត បងថ្លៃខ្ញុំ​ក៏បាន​ស្លាប់​ដោយ​សារ​អត់​បាយ។ បន្ទាប់​មក​បង​ស្រីខ្ញុំ​ក៏ស្លាប់​ចោល​ទៀត។ រហូត​ដល់កង​រំដោះ​ចូល​មក នៅឆ្នាំ​១៩៧៩ ​​ខ្ញុំបាន​ដើរ​ថ្មើ​ជើង​ពី​បាត់​ដំបង​​មក​ខេត្ត​សៀម​រាប។ រួចក៏​បន្ត​ដំណើរ​ចូល​មក​ដល់​ក្រុង​ភ្នំពេញ​ដោយក្តី​សង្ឃឹមថា​នឹង​បាន​ជួប​ឪពុក​ម្តាយ​​បងប្អូន​ដែល​ខ្មែរ​ក្រហម ថាយក​មក​អោយ​ធ្វើការ​នៅ​ភ្នំពេញ​នោះ។ បេស​កក​ម្ម​ចំបង​របស់​ខ្ញុំ​នា​ពេល​នោះ គឺស្វែង​រក​គ្រួសារ។ ព្រឹក​ឡើង​ខ្ញុំរៀបចំ​ខ្លួន​ចេញ​ទៅ​ចាំ​មើល​រក​ឪពុក​ម្តាយ​បង​ប្អូន​តាម​គ្រប់​ច្រក​ចូល​ភ្នំពេញ។ ថ្ងៃ​ខ្លះ​ទៅចាំច្រក​ពោធិចិន​តុង ពេលខ្លះ​ទៅ​ចាំនៅ​ច្រកឬស្សី​កែវ ផ្លូវ​ជាតិ​លេខ​ប្រាំ ពេលខ្លះ​ច្រកតាខ្មៅ ខេត្ត​កណ្តាល ហើយ​សង្ឃឹម​ថា​នឹងឃើញ​ពួក​គាត់។ ថ្ងៃទីមួយ​មិន​ឃើញ សង្ឃឹម​ថាស្អែក​ថ្មីអាច​នឹង​បាន​ជួប។ ខ្ញុំសំលឹង​ទន្ទឹង​រកមើល​ក្រុម​គ្រួសារ​អស់រយៈ​ពេល​៤-​៥ខែ ពោរ​ពេញ​​ដោយក្តី​សង្ឃឹម។ ទីបំផុត​សេចក្តី​សង្ឃឹម​ត្រូវ​រលាយ​បាត់ ពេល​ដែល​ខ្ញុំ​បាន​ដឹង​ថា​ពួក​គាត់​ត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ចោល​នៅគុ​កទួល​ស្លែង ឬ​មន្ទីរ​ស២១។

តាមពិត​គ្រួសារ​ខ្ញុំត្រូវ​ខ្មែរ​ក្រហម​សម្លាប់​ចោល តាំង​ពីប៉ុល​ពត​ចូល​ដំបូង​ម៉្លេះ ដោយ​កាល​នោះ​គេ​បាន​ហៅ​អ្នកចេះ​ដឹង​មកដើម្បី​ធ្វើការ ប៉ុន្តែ​គេ​ប្រមូល​អ្នកចេះ​ដឹង​មក​សម្លាប់​សោះ ព្រោះ​ថា​ពេល​នោះ​ឪពុក​របស់​លោក ជា​អតីត​មន្រ្តី​រាជការ​ក្នុង សម័យ​សង្គម​រាស្រ្ត​និយម និង​សម័យ​លន់ ​ណុល។

ចាប់​ផ្តើម​ជីវិត​ពីបាត​ដៃ​ទទេ

ជីវិត​ចាប់ផ្តើម​អស់​សង្ឃឹម​ចាប់​ផ្តើម​ជាថ្មី លែង​ទន្ទឹងរង់​ចាំគ្រួសារ​ទៀត​ហើយ រហូត​ដល់អាយុ​១៦ឆ្នាំ យុវជន ជុន ចាន់​បុត្រ បាន​ចូលរៀន​បន្ត​នៅ​សាលា​វិចិត្រ​សិល្បះ​ផ្នែក​គំនូរ និង​សូន្យ​រូប ប៉ុន្តែ​អ្វី​ដែល​ចោទ​ជា​បញ្ហា​សម្រាប់​យុវជន​ឯកោ​នេះ គឺត្រូវ​ប្រឹង​រស់ដោយ​ខ្លួន​ឯង ពេល​ទំនេរ​ពីការ​សិក្សា​ថ្ងៃសៅរ៍-អាទិត្យ ទៅស៊ី​ឈ្នួល​គេរត់​តុកា​របាន​ម្តងពី​២០ទៅ​៣០រៀល គ្រាន់​ចាយ​ប្រចាំ​សប្តាហ៏ ក្រៅពី​នោះ​យក​បាយ​ម៉ាណ​បិទ​ធ្វើ​ស្រោម​សំបុត្រ ផ្ញើ​គេ​លក់​តាម​តូប (សម័យនោះ​មិន​ទាន់​មាន​ស្រោម​សំបុត្រ​លក់​ស្រាប់​ដូចឥឡូវ​នេះទេ) ពេលខ្លះ​លក់​ដាច់ ពេល​ខ្លះ​ល​ក់មិន​ដាច់​ប្រមូល​លុយ​ឥត​បាន ដាច់​បាយ​ហូប​តែ​បបរ​ចា​ដូវ​មួយថង់​គ្រាន់​សម្រន់​ក្រពះ​រួចមួយ​ពេលៗ​ទៅ។

ធ្មេច​បើកៗ​រ​ហូត​ដល់ឆ្នាំ​១៩៨២ ខណៈ​ប​ញ្ចប់​ការ​សិក្សា​ថ្នាក់​បាក់​ឌុប ថ្នាក់​ទី១០​សម័យ​នោះ លោក​បាន ប្រលង​ជាប់​ទៅ​រៀន​គរុកោសល្យ​គ្រូ​នៅ​ប្រទេស​រុស្ស៊ី រហូត​ឆ្នាំ១៩៨៧​ក៏ត្រឡប់​មក​វិញ ចូល​ធ្វើជា​សាស្រ្តា​ចារ្យ​ផ្នែក​អក្សរ​សាស្រ្ត នៅ​សាកល​វិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​។

ឆ្នាំ​១៩៩១ លោក​ក៏បាន​ឆ្លៀតពេល​ពីការ​បង្រៀន មក​ធ្វើការ​នៅ​អង្គការ​យូណេ​ស្កូជា​អ្នក​ឯក​ទេស​ជាតិ សម្រប​សម្រួល​ជាមួយ​ភាគី​អន្តរជាតិ និង​ភាគីជាតិ​ទាំងបួន​គណ​បក្ស​រហូត​បញ្ចូល​ប្រាសាទ​អង្គរ​​ ចូល​ក្នុង​បញ្ជី​បេតិ​កភណ្ឌ​ពិភព​លោក នៅ​ក្នុង​ឆ្នាំ​១៩៩១នោះ​តែម្តង។ ក្នុង​ពេល​ជាមួយ​គ្នា​នោះ លោក​បន្ត​រៀន​យក​គរុកោ​សល្យ គ្រូភា​សាអង់​គ្លេស​បាន​នៅឆ្នាំ១៩៩៣​ មួយទៀត​ពីប្រទេស​អូស្រ្តា​លី​។

ការ​ប្រលូក​ការងារ​នៅ​ក្រៅ​ប្រទេស

ក្រោយ​ពីមា​ន​ស្នាដៃ លោក​ត្រូវ​បាន​គេតែង​តាំង​អោយ​ទៅជា​មន្រ្តី​អន្តរជាតិរ​បស់អង្គការ​យូណេស្កូ និង​បញ្ជូន​ពីកម្ពុជា​ ទៅ​បំពេញ​ការងារ​ជាអ្នក​ឯកទេស​ផ្នែក​វប្បធម៌​របស់​អង្កការ​នេះ ប្រចាំ​ការិយា​ល័យ​តំបន់ តាំង​នៅ​ក្រុង​អ៊ីស្លាម​ម៉ាបាត ប្រទេស​ប៉ាគី​ស្ថាន​ មាន​ប្រាក់​ខែ​១ម៉ឺន​ដុល្លារ។ ២ឆ្នាំ​ក្រោយ​ពោល​គឺនៅឆ្នាំ​១៩៩៥ លោក​បាន​ប្រលង​ជាប់​អាហារូប​ករណ៏ Fullbright រូចទៅ​សិក្សា​នៅ​សហរដ្ឋ​អា​មេរិក រហូត​ពីរ​ឆ្នាំ​ក្រោយ​មក​ទៀត​ទើប​ប្រលង​ជាប់​ថ្នាក់​អនុបណ្ឌិត​ ផ្នែក​វិទ្យា​សាស្រ្ត​នយោបាយ​នៅទី​នោះ។ ​នៅឆ្នាំ១៩៩៨​ លោក​បាន​ដាក់ពាក្យចូល​វិទ្យុ​អាស៊ី​សេរី​ ទទួល​បាន​តំណែង​ជាប្រធាន​ស្តីទីនៅ​ក្នុង​ទីក្រុងវ៉ាស៊ីន​តោន។

ប៉ុន្តែនៅ​ឆ្នាំ២០០៦ លោក​ក៏ត្រលប់​មក​ធ្វើការ​នៅ​អង្គការ​យូណេ​ស្កូ​នៅ​ក្រុង​បាង​កក ប្រទេស​ថៃ​វិញ រហូត​ដល់ឆ្នាំ​២០០៩​​​ ទើប​ត្រឡប់​ចូលវិទ្យុ​អាស៊ីសេរី​នៅក្រុងវ៉ាស៊ីន​តុនម្តង​ទៀត ទទួល​តំណែង​ជា​អនុប្រធាន​ធ្វើការ​មកទល់​សព្វថ្ងៃ​នេះ ហើយ​ពេលប្រទេស​កម្ពុជា​រៀបចំ​បោះឆ្នោត​ម្តងៗ​គេតែបញ្ជូន​លោក​មកកម្ពុជា​ជានិច្ច។

លោក ជុន ច័ន្ទបុត្រ រៀបការ​នៅក្នុងឆ្នាំ​១៩៨៧ ជាមួយ​និស្សិត​សាលា​វិចិត្រ​សិល្បះ​ផ្នែក​របាំ ម្នាក់ ​ឈ្មោះ ជុន សុវណ្ណនី​ ដែល​លោក​បាន​ស្គាល់​គ្នា​តាំង​ពីពេល​ដែល​លោក​រៀន​នៅ​ទី​នោះ​ផ្នែក​គំនូរនិង​សូន្យរូប​។​

បច្ចុប្បន្ន​លោក​ ជុន ចាន់បុត្រ​ មាន​កូន​ប្រុស​៣នាក់ បច្ចុប្បន្ន​កូន​ច្បង​រៀន​ចប់​ថ្នាក់​បរិញ្ញាបត្រ័​ផ្នែក​ចុង​ភៅ​ កូន​ទី២​រៀន​ផ្នែក​វិស្វករ​ប្រេង​កាត ចំណែក​កូន​ពៅ​ទើប​តែ​អាយុ​១០ឆ្នាំ រស់​នៅ​ក្នុងរដ្ឋ Maryland ក្រុងវ៉ា​ស៊ីន​​តោន​សហរដ្ឋ​អា​មេរិក​។ លោក​ថា​ដោយ​សារ​តែ​ចង់បាន​កូន​ស្រី​ខំ​តាម ទើប​នៅមាន​កូនប្រុស​ប្អូន​អាយុ១០ឆ្នាំ​ក្រោយ​ទៀត​ដូច្នេះ​។

ក្រៅ​ពីការខិត​ខំពុះ​ពារ​រាល់ការ​លំបាក ​ដើម្បី​ចូលរួម​ក្នុង​កិច្ចការថែរក្សា​​សម្បត្តិវប្បធម៌ខ្មែរ ការអភិវឌ្ឍន៍​សង្គមជាតិ និងម​នុស្សជាតិ​ទូទៅ លោក ជុន ច័ន្ទបុត្រ គឺ​ជា​ឪពុក​ដ៏ល្អ និងគ្រូ​ដ៏ល្អ ដែលគ្រប់​គ្នា​ជឿទុក​ចិត្ត​ដោយ​ភាពកក់​ក្តៅ និង​ប្រាថ្នា​ចង់​ជួប​គ្រប់​វេលា លោក​ថា​ការងារ​បច្ចុប្បន្ន​នេះ​លោក​មិន​លំអៀង​ទៅ​គណបក្ស​ណា​មួយ​នោះ​ឡើយ ប៉ុន្តែ​គ្រាន់​តែចង់​លើក​ស្ទួយ​លទ្ឋិ​ប្រជា​ធិប​តេយ្យ និង​ការ​គោរ​ពសិទ្ឋិ​មនុស្ស​នៅ​កម្ពុជា​ប៉ុណ្ណោះ​៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: