jump to navigation

ផៃ ស៊ីផាន ជា​នរណា​ហើយ​មាន​ក្តី​ប្រាថ្នា​អ្វីខ្លះ? 08/04/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags:
trackback

ដកស្រង់​ទាំង​ស្រុង​ពី​ភ្នំពេញ​ប៉ុស្ដិ៍

ក្នុង​វ័យ ៦១​ឆ្នាំ ស្ថិត​នៅ​ក្នុង​ការិយាល័យ​អ្នក​នាំ​ពាក្ស​របស់​រដ្ឋាភិបាល នៅ​ក្នុង​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី លោក ផៃ ស៊ីផាន បាន​បញ្ចេញ​នូវ​វោហារសាស្ដ្រ​បង្ហាញ​ពីភាព​ស្មោះ​ត្រង់​ចំពោះ​រដ្ឋាភិបាល​និង​ការងារ​របស់​លោក​ដែល​ជា​អ្នក​នាំ​ពាក្យ។ លោក​បញ្ជាក់​ថា រាល់​ការងារ​ដែល​លោក​ធ្វើ គឺ​ដើម្បី​សន្តិភាព និង​លទ្ធិ​ប្រជាធិបតេយ្យ​សម្រាប់ កម្ពុជា។

មនុស្ស​ដែល​គ្មាន​ស្រុក​កំណើត​ម្នាក់​នេះ កើត​នៅ ឆ្នាំ​១៩៥៣ នៅ​កណ្ដាល​បឹង​ទន្លេ​សាប​ក្នុង ឃុំ​ឆ្នុកទ្រូ ខេត្ត​កំពង់ឆ្នាំង ដែល​ឪពុក​របស់​លោក​ទទួល​មរណភាព​ចំ​ពេល​ដែល​លោក​កើត។

នៅ​ក្នុង​វ័យ​ប្រាំ​បួន​ឆ្នាំ កុមារ ផៃ ស៊ីផាន បាន​ស្នាក់នៅ​វត្ត ដែល​ស្ថិត​នៅ​ក្រោម​ការ​ឧបត្ថម្ភ​របស់​ឪពុក​ចិញ្ចឹម​ដែល​ពេល​នោះ​លោក​បាន​សិក្សា​នៅ​សាលា ទេព​បាណន់ នៅ​ក្នុង ខេត្ត​បាត់ដំបង។ នៅ​អំឡុង ឆ្នាំ​១៩៧២ លោក​បាន​បញ្ចប់​មហា​វិទ្យាល័យ​អក្សរសាស្រ្ដ​និង​មនុស្ស​សាស្រ្ដ សេដ្ឋកិច្ច និង​នីតិសាស្រ្ត នៅ ទីក្រុង​ភ្នំពេញ។ រវាង ឆ្នាំ​១៩៧០ ដល់ ឆ្នាំ​១៩៧៥ លោក ស៊ីផាន បាន​ចូល​រួម​នៅ​ក្នុង​ចលនា​យុវជន​ប្រឆាំង​នឹង​កុម្មុយនីស្ត ហើយ​បាន​ចូល​បម្រើ​ជា​ទាហាន អាមេរិក បណ្ដើរ​ក្នុង​ពេល​ដែល​លោក​នៅ​កំពុង​សិក្សា។ លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​បាន​ចូល​រួម​បម្រើ​ការងារ​នយោបាយ​ការ​បរទេស​សហរដ្ឋ​អាមេរិក ប្រឆាំង​កុម្មុយនីស្ត ដែល​ប្រើ​ទឹក​ដី ឥណ្ឌូចិន ខ្ញុំ​ឆ្លង​កាត់​ប្រតិបត្តិការ​តាម ខេត្ត​កំពង់ចាម កំពង់ធំ ដែល​ជា​តំបន់​ឆ្លង​កាត់​របស់​យួន​ខាង​ជើង»។

ក្រោយ ឆ្នាំ​១៩៧៥ នៅ​ក្នុង​របប​ខ្មែរ​ក្រហម ដែល​បាន​សម្លាប់​មនុស្ស​មួយ​លាន​ប្រាំ​ពីរ​សែន​នាក់​នោះ លោក ស៊ីផាន បាន​ក្លាយ​ជា​កសិករ​គំរូ​ម្នាក់​នៅ​តំបន់​ភ្នំ ធិបតេយ្យ ម្តុំ ក្រាំងស្វាត ខេត្ត​បាត់ដំបង ដែល​បាន​ចូល​រួម​កសាង​ផ្លូវ​ថ្នល់ ជីក​ប្រឡាយ។ តំបន់ កោះ​ក្រឡ គឺជា​វាល​ពិឃាដ​មួយ​ដែល​បាន​សម្លាប់​មនុស្ស​រាប់​រយ​នាក់ ក្នុង​មួយ​យប់ៗ។ លោក​បន្ត​ថា៖ «នៅ​ចុង ឆ្នាំ​១៩៧៩ ខ្ញុំ​ត្រូវ​បាន​គេ​ចាប់​ចង​យក​ទៅ​សម្លាប់ តែ​សំណាង​ល្អ​ចំ​ពេល​ដែល​ទាហាន វៀតណាម បើក​ការ​វាយ​ប្រហារ មក​ដល់​តំបន់​ខ្ញុំ ទើប​ខ្ញុំ​រួច​ខ្លួន»។

នៅ​ពេល​នោះ​លោក ស៊ីផាន បាន​ភៀស​ខ្លួន​ទៅ​ជំរំ ខៅអ៊ីដាង នៅ​តាម​ជាយ​ដែន ថៃ ហើយ​ក្រោយ​មក​បាន​ចេញ​ទៅ សហរដ្ឋ​អាមេរិក។ នៅ​អំឡុង ឆ្នាំ​១៩៨០ លោក ស៊ីផាន បាន​ទៅ​ដល់ សហរដ្ឋ​អាមេរិក ហើយ​បាន​ចាប់​ផ្ដើម​បន្ត​ការ​សិក្សា​បណ្ដើរ​ធ្វើ​ការ​បណ្ដើរ​នៅ​ក្នុង​ហាង​សាច់​មាន់​បំពង និង​ហាង​ដូណាត់។ បី​ឆ្នាំ​ក្រោយ​មក លោក​បាន​ចាប់​ផ្ដើម​ធ្វើ​ជា​អ្នក​ជំនួញ​ដោយ​ខ្លួន​ឯង ដោយ​បើក​ហាង ដូណាត់ និង​ក្រុមហ៊ុន​សំណង់​និង​អភិវឌ្ឍន៍។

នៅ​ក្នុង​អំឡុង ឆ្នាំ​១៩៨៨ លោក ផៃ ស៊ីផាន បាន​ចាប់​ផ្ដើម​ចូល​ប្រឡូក​ក្នុង​ចលនា​នយោបាយ​ដោយ​ចូល​រួម​ធ្វើ​ការងារ​ច្រើន ក្នុង​ការ​សម្រប​សម្រួល​ឲ្យ​មាន​ការ​ចរចា​រវាង ខ្មែរ​និង​ខ្មែរ នៅ​មុន​កិច្ច​ព្រម​ព្រៀង ទីក្រុង​ប៉ារីស។

លោក​បាន​បញ្ជាក់​ថា៖ «ខ្ញុំ​ជា​អ្នក​មាន​លុយ​ម្នាក់​ខ្ញុំ​ជា​អ្នក​ស្រឡាញ់​សង្គម​ម្នាក់​ខ្ញុំ​ចង់​រក​សន្តិភាព​ដល់​ប្រទេស​ខ្មែរ ព្រោះ​នៅ​សហរដ្ឋ​អាមេរិក ខ្ញុំ​ស្គាល់​គេ​ច្រើន​ណាស់​ខ្ញុំ​ជាប់​ជា​សភា​ពាណិជ្ជកម្ម​នៅ​ក្នុង​សហគមន៍។ ខ្ញុំ​បាន​ផ្ដល់​ទីតាំង​ឲ្យ​អ្នក​នយោបាយ​ខ្មែរ​បាន​ជួប​ចរចា​គ្នា​ដើម្បី​ចូល​រួម​ស្វែង​រក​សន្តិភាព។

លោក ផៃ ស៊ីផាន បាន​ឲ្យ​ដឹង​ថា លោក​គឺ​ជា​អ្នក​ដែល​បង្កើត​គណបក្ស​ប្រជាជន​កម្ពុជា​ដំបូង​គេ​បំផុត នៅ​សហរដ្ឋ​អាមេរិក ដើម្បី​លើក​ទឹក​ចិត្ត​ឲ្យ​ខ្មែរ​ជួយ​ខ្មែរ ព្រោះ​ពេល​នោះ ជំនួញ​របស់​លោក​បាន​ជោគជ័យ​ហើយ។ «ពេល​នោះ​ខ្ញុំ​គិត​ថា បើ​បាន​ជួយ​ខ្មែរ​ម្នាក់​មាន​ន័យ​ថា កាត់​បន្ថយ​យួន​បាន​ម្នាក់ ទីពីរ​ខ្ញុំ​ចង់​ពន្យល់​សហរដ្ឋ​អាមេរិក​ថា គណបក្ស​ប្រជាជន មិន​មែន​កុម្មុយនីស្ត​ទេ​គឺ​គណបក្ស​នេះ​ចង់​បាន​អធិបតេយ្យ​និង ឯករាជភាព»។ នៅ​ក្នុង​ចលនា​នយោបាយ​ការ​បរទេស​ជាមួយ​សហរដ្ឋ​អាមេរិក លោក​មិន​ទទួល​យក​ជំនួយ​ជា​អាវុធ ពី​អាមេរិក​ទេ គឺ​លោក​ត្រូវ​ការ​ឲ្យ អាមេរិក ជួយ​នាំ​សន្តិភាព​ចូល​ប្រទេស​ខ្មែរ បំណង​ដើម្បី​ចៀសវាង​ការ​បែក​បាក់​រវាង​ខ្មែរ​និង​ខ្មែរ។

លោក​បាន​បញ្ជាក់​ទៀត​ថា ខ្មែរ​នៅ​ឯ​បរទេស ច្រើន​យល់​ថា គណបក្ស​ប្រជាជន​ជា​អាយ៉ង​យួន ហើយ​បាន​ធ្វើ​ឲ្យ ប្រទេស​កម្ពុជា រង​ទុក្ខ​យ៉ាង​ធ្ងន់​ធ្ងរ​ដោយ​សារ​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​និង​ការ​ទូត។

លោក ស៊ីផាន បាន​ថ្លែង​បន្ត​ទៀត​ថា៖ «ខ្ញុំ​គិត​ថា ហ្គីតា យួន បើ​លេង​ភ្លេង​ខ្មែរ គឺ​ខ្មែរ​ហើយ​បើ​យើង​យល់​ថា យួន​គ្រប់​គ្រង​ប្រទេស​ខ្មែរ​យើង​ហើយ ហេតុ​អី​ក៏​មិន​ជួយ​គ្នា​បណ្ដេញ​បរទេស​ចេញ នេះ​ហើយ​គឺជា​មូល​ហេតុ​ដែល​ខ្ញុំ​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា»។

នៅ​អំឡុង ឆ្នាំ​១៩៩០ លោក ស៊ីផាន បាន​ចេញ​ចូល​ស្រុក​ខ្មែរ ដើម្បី​ការងារ​នយោបាយ​ក្នុង​លក្ខណៈ​ស្ម័គ្រ​ចិត្ត។ «ខ្ញុំ​បាន​បង្កើត​កម្មវិធី​វិទ្យុ​ខ្មែរ អាមេរិកាំង នៅ​ប៉ុស្តិ៍​វិទ្យុ អប្សរា ដើម្បី​ពន្យល់​ពី​ច្បាប់ និង​លទ្ធិ​ប្រជាធិបតេយ្យ»។ លោក ស៊ីផាន បាន​ជាប់​ជា​សមាជិក​ព្រឹទ្ធសភា​របស់​គណបក្ស​កាន់​អំណាច​ក្នុង​អាណត្តិ ទីមួយ​ប៉ុន្តែ​នៅ ឆ្នាំ​២០០១ លោក​ត្រូវ​បាន​គណបក្ស​ប្រជាជន​បណ្ដេញ​ចេញ​ពី​បក្ស ដោយ​ពុំ​បាន​ដឹង​អំពី​មូល​ហេតុ​រហូត​ដល់​សព្វ​ថ្ងៃ​នេះ។ ប្រាំ​មួយ​ខែ នៅ​មុន​ការ​បោះឆ្នោត ឆ្នាំ​២០០៨ លោក​បាន​ចូល​ទៅ​បម្រើ​ការងារ​នយោបាយ​ឲ្យ​គណបក្ស សម រង្សី ប៉ុន្តែ​ត្រូវ​បញ្ឈប់​បេសកកម្ម​ក្រោយ​ការ​បោះឆ្នោត​ហើយ​បាន​បន្ត​ការងារ​ជាមួយ​លោក កឹម សុខា នៅ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា​ដើម្បី​រៀបចំ​កម្មវិធី​វិទ្យុ​សំឡេង​ប្រជាធិបតេយ្យ VOD។ លោក ផៃ ស៊ីផាន បាន​ជួប​លោក សុខ អាន នៅ​អំឡុង ឆ្នាំ​២០០៨ ហើយ​ក៏​បាន​ទទួល​យក​ការងារ​នៅ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ហើយ​បង្កើត​បាន​ជា​មជ្ឈមណ្ឌល​ព័ត៌មាន។ លោក​និយាយ​ទៀត​ថា៖ «នៅ​ពេល​នេះ​យើង​គ្មាន​ជីវិត​ឯកជន​ទេ គឺ​ធ្វើ​ការ​សម្រាប់​រដ្ឋាភិបាល​ទាំង​ស្រុង​ដើម្បី​មហាជន»។ «ពាក្យ​សម្ដី​ដែល​ខ្ញុំ​និយាយ​គឺជា​សម្ដី​របស់​រដ្ឋាភិបាល ដើម្បី​ពន្យល់​ដល់​មហាជន​ក្នុង​ឋានៈ​ជា​អ្នក​នាំ​ពាក្យ​របស់​ទីស្ដីការ​គណៈ​រដ្ឋ​មន្ត្រី ដូច្នេះ​យើង​ត្រូវ​តែ​យល់​ពី​គោល​នយោបាយ​របស់​រដ្ឋាភិបាល។​អ្នក​សារព័ត៌មាន ជា​សហសេវិក​របស់​ខ្ញុំ​ដែល​ត្រូវ​បង្ហាញ​ឲ្យ​គេ​យល់»។

លោក​គូស​បញ្ជាក់​ថា៖ «ខ្ញុំ​រីករាយ​នឹង​ការងារ​របស់​ខ្ញុំ ដោយ​សារ​ឯកឧត្តម ឧប​នាយក​រដ្ឋ​មន្ត្រី សុខ អាន ផ្ដល់​សេរីភាព​ឲ្យ​ខ្ញុំ​បាន​និយាយ​ទៅ​កាន់​មហាជន​ដែល​ជា​ជំហរ​របស់​រដ្ឋាភិបាល។ ទោះ​ជា​មាន​ការ​ចំអក​ឡកឡឺយ​ពី​មហាជន​ក៏​ដោយ ខ្ញុំ​មិន​ដែល​ចាត់​ទុក​ខ្មែរ​ណា​ជា​សត្រូវ​ទេ»៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: