jump to navigation

រឿង​និទាន​របស់ កែម ឡី 18/07/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កែម ឡី, កំប្លែង​ភាសា​ខ្មែរ.
Tags:
trackback

រឿងកំប្លែងទី 1: អ្នកវិភាគអត់ចេះអ្វីទេ

មានបុរសពីរនាក់ ធ្វើការធំបានជជែកគ្នាពីបញ្ហាសង្គម និងនយោបាយខ្មែរនៅថ្ងៃទី 27 មិថុនាឆ្នាំ 2016។

បុរសឈ្មោះបញ្ហាបានលើកឡើងថា៖ សង្គមយើងឥឡូវសប្បាយណាស់ មានកន្លែងផឹកសុីគ្រប់ទីកន្លែងលេងល្បែងសុីសងតាមចិត្ត និង មានកន្លែងទិញគ្រឿងញៀនបានទៀតផង។

បុរសឈ្មោះពូកែស្តាប់បានសួរថា ហេតុអ្វីបានជាលោកកែមឡីចេះគ្រប់មុខនិងនិយាយត្រូវ ៗ និងចំ ៗ ម្លេះ? បុរសម្នាក់ទៀតបានបដិសេធភ្លាម ថាទេលោកកែមឡីគាត់មិនដឹងអ្វីច្រើនទេគាត់អត់ចេះអ្វីច្រើនទេ ប៉ុន្តែដោយសារតែយើងបង្កើតបញ្ហាច្រើនពេក និយាយត្រង់ណាក៏ត្រូវដែរ។

បញ្ហាមួយមិនព្រមដោះស្រាយ ទៅនាំគ្នាបង្កើតបញ្ហារាប់រយជំពូកថែមទៀត ។ ដូចនេះមិនចាំបាច់តែលោកកែមឡីនិយាយទេ សូម្បីតែកុមារតូចៗក៏និយាយមិនខុសដែរ ព្រោះបញ្ហាសង្គមច្រើនហួសហេតុ គ្រប់ទីកន្លែង។

រឿងកំប្លែងទី 2: តើមន្រ្តីស្អាតស្អំមានរាងបែបណា?

មន្រ្តីបីនាក់បានជជែកគ្នាពីកន្លែងការងារ មន្រ្តីម្នាក់ឈ្មោះថាស្អាតស្អំបាននិយាយថា ខ្ញុំធ្វើការជាង 20 ឆ្នាំហើយនៅតែជាបុគ្គលិកការរិយាល័យដដែលនិងកាំប្រាក់ឡើងបានពីរបីកាំ។ មន្រ្តីម្នាក់ទៀតឈ្មោះថាជើងពីរបានឆ្លើយថា មកពីមិត្តឯងចេះតែជំនាញបច្ចេកទេសមួយមុខ ។

មិត្តឯងមិនអាចឡើងធំនិងបានកាំប្រាក់ច្រើនបានទេលុះត្រាតែចេះជំនាញនយោបាយមួយទៀត។ មន្រ្តីស្អាតស្អំបានសួរបន្តថាចេះជំនាញនយោបាយយ៉ាងដូចម្តេចទៅ? មន្រ្តីជើងពីរបានស្តីបន្ទោសឱ្យថាងាប់ហើយ ធ្វើការជាង២០ឆ្នាំអត់ចេះជំនាញនយោបាយ ! ជំនាញនយោបាយចេះលុតចេះក្រាបចេះលើកជើងមេចេះដើរជើងទាចេះកាន់ស្បែកជើងចេះហែហមចុះមូលដ្ឋានជាមួយមេ ចេះរុកកួនគេឲ្យធ្លាក់ពីតំណែងដើម្បីមានឱកាសឡើងខ្លួនឯង ចេះអែបអបមេចេះហៃអើតាមមេចេះរៀនប្រើពាក្យស្រេចតែមេមេថាត្រូវគឺត្រូវមេថាខុសគឺខុស និងសុខចិត្តស្ថិតនៅក្រោមបាតជើងមនុស្សម្នាក់ ឬមេឱ្យតែបានជាន់គេមួយអង្គភាពឬមួយនគរ។ ល។ តើមិត្តឯងដឹងហើយឬនៅ!

មន្រ្តីម្នាក់ទៀតឈ្មោះថាមន្រ្តីជើងបីមានប្រសាសន៍ថា មិត្តឯងចេះតែបច្ចេកទេស និងចេះតែជំនាញនយោបាយដូចសំឡាញ់ជើងពីរ មិនទាន់គ្រប់គ្រាន់ទេ! មិត្តត្រូវចេះជំនាញទីបីមួយទៀត។

មិត្តស្អាតស្អំបានសួរបន្តថាជំនាញទី 3 ស្អីទៅ? មិត្តជើងបីបានឆ្លើយថាទោះជាអ្នកមិនដែលរៀនសេដ្ឋកិច្ចក៏ដោយ ឲ្យតែធ្វើការជារាជការប្រាក់ខែតិចបែបនេះត្រូវចេះជំនាញសេដ្ឋកិច្វ ។

ជំនាញសេដ្ឋកិច្ចត្រូវចេះសុំបុងសាំងចេះដាក់ឈ្មោះបេសកកម្មចេះយកសម្ភារៈលក់ចេះរៀបចំសិក្ខាសាលាចេះរត់ការសុំលិខិតស្នាមចេះសូកមេចេះដាក់ស្រោមសំបុត្រឱ្យមេពេលការបុណ្យខួបកំណើតបង្កក់កូនចេះជួយកូនប្រពន្ធមេ ចេះយកការងារក្រុមហ៊ុនយើងមកធ្វើកន្លែងការងារ ចេះរៀបចំមេរៀនបង្រៀនតាមមហាវិទ្យានៅក្នុងម៉ោងការងារ ចេះធ្វើការពីរកន្លែងនិងចេះសេដ្ឋកិច្ចជាន់ខ្ពស់។

បុរសស្អាតស្អំបានសួរទៀតថា ចេះសេដ្ឋកិច្ចជាន់ខ្ពស់យ៉ាងដូចម្តេច ? សេដ្ឋកិច្ចជាន់ខ្ពស់លក់អាគាររដ្ឋឱ្យមេខ្លះចាប់ដីរដ្ឋឱ្យមេខ្លះបើកក្រុមហ៊ុន ឲ្យមេមានភាគហ៊ុនដោយមិនចាំបាច់ដាក់ដើមទុន បើកសាលារៀននិងក្រុមហ៊ុនធំ ៗ ដើម្បីលាងលុយឱ្យមេ។

មន្រ្តីស្អាតស្អំបានឆ្លើយថាស្លាប់ហើយ ខ្ញុំមិនចេះជំនាញទាំងពីរនេះទេព្រោះខ្ញុំមិនដែលរៀន ។ មន្រ្តីឈ្មោះជើងពីរនិងជើងបីប្រាប់ថាបើមិត្តមិនចេះទេ អ្នកគួរសុំឈប់សម្រាកអត់យកប្រាក់ខែទៅ ឬសុំឈប់ធ្វើការងាររដ្ឋរហូតទៅ។ បើមិនដូចនេះទេមិត្តអាចខកចិត្តអស់មួយជីវិត។

សូមជនរួមជាតិ មេត្តាចូលរួមជួយឲ្យរដ្ឋាភិបាលរៀបចំនីតិវិធីច្បាស់លាស់ក្នុងការជ្រើសរើស តែងតាំង ដំឡើងឋានៈដល់មន្រ្តីរាជការនិងកងកម្លាំងដោយផ្អែកតាម : ជំនាញវិជ្ជាជីរៈសមត្ថភាពបទពិសោធន៍គុណភាពការងារនិងប្រជាប្រិយភាពផ្ទៃក្នុង និងជួយចូលរួមលុបបំបាត់នូវការជ្រើសរើស និងតែងតាំងដោយផ្អែកលើខ្សែបក្សសាច់ញាតិនិងមាសប្រាក់។

រឿងកំប្លែងទី 3 ស្តីពីតើយួនបោះឆ្នោតឱ្យគណបក្សណា

ស្រី្តវៀតណាមបីនាក់បានឈ្លោះប្រកែកគ្នាយ៉ាងតឹងសរសៃកដោយសារតែរឿងបោះឆ្នោត ។

ស្រ្តីវៀតណាទី 1 ឈ្មោះតើយហៅផល្លាបានលើកឡើងថាឥឡូវរកសុីអត់បានលក់អត់សូវដាច់ និងប្អូនប្រុសខ្ញុំមកបីខែហើយរកការងារធ្វើអត់បាន ។

ស្ត្រីវៀតណាទី 2 ឈ្មោះហ្វឿងហៅចិន្តា បានលើកឡើងថាអ្នកធំកម្ពុជារវល់ឈ្លោះគ្នាពិបាករកសុីលក់ដូរ ទៅណាមកណាពិបាកខ្ញុំខំបោះឆ្នោតឱ្យគណបក្សយើងហើយថាបានសុខតែនៅតែរកសុីអត់បាន។ បងស្រីខ្ញុំទើបមកពីយួនអត់មានម៉ូយនិងលក់កាហ្វេនំបាញ់ហយអត់ដាច់។

ស្រ្តីវៀតណាមទី 3 ឈ្មោះប៊ិនហៅបូផាបានរអ៊ូរហើយឈ្លោះជាមួយស្ត្រីទី 2 យ៉ាងខ្លាំងហើយនិយាយទាំងកំហឹងថាមកពីឯងបោះឆ្នោតឱ្យគណបក្សយើងបានជាវៀតណាមមកកាន់តែច្រើនឡើង ៗ ពិបាករកសុីណាស់។ បើខ្មែរវិញគាត់អត់សូវចេះលក់ដូរដូចយើងទេ បើបោះឆ្នោតឱ្យគណបក្សយើង ពួកយើងមកកាន់តែច្រើននាំឲ្យការងារកាន់តែរចង្អៀត និងពិបាករកសុី។ បងខ្ញុំពីមុនរកត្រីនៅឆ្នុកទ្រូនិងចុងឃ្នៀសរកត្រីបាន 20 គីឡូក្នុង 1 ថ្ងៃតែឥឡូវពួកយើងមកពេញទឹករកត្រី 1 ថ្ងៃអត់បានប្រាំគីឡូទេរកសុីអីទៅ។

ឥឡូវមើលទៅហាងយួនច្រើនឡានក្រុងយួនច្រើននិងអ្នករកសុីអេតចាយយួនច្រើននាំឱ្យទីផ្សារចង្អៀតពិបាករកសុី។

ដូចនេះយើងត្រូវបោះឆ្នោតឲ្យគណបក្សគេវិញម្តងទៅ មុខជាគេឱ្យយួនមកថ្មីៗខុសច្បាប់អត់ចេះនិយាយខ្មែរទៅវិញអស់ហើយយើងមកយូរហើយចេះខ្មែរច្បាស់គេអត់ដេញយើងនោះយើងងាយស្រួលរកសុីសប្បូរការងារហើយអត់មានរឿងដូចរាល់ថ្ងៃទេ។

រឿងកំប្លែងទី 4: មីងស្រុកស្រែអាចធ្វើជារដ្ឋមន្រ្តីបាន

លោកពូនៅស្រុកត្រាំកក់ខេត្តតាកែវក្បែរអង់តាសោមឈ្មោះពូសំបាននិយាយនៅហាងកាហ្វេថារដ្ឋមន្រ្តីមួយៗរៀនបានច្រើនមានបទពិសោធន៍ក្នុងការងារចេះគ្រប់គ្រងរដ្ឋបាលទូទៅមានជំនាញពិតប្រាកដអ្វីមួយ និងមានទេពកោសល្យក្នុងការដឹកនាំទើបអាចធ្វើរដ្ឋមន្រ្តីបាន ។

កុមារឈ្មោះចយបានឆ្ងល់ថា ខ្ញុំឃើញមុខពូរដ្ឋមន្រ្តីច្រើននាក់នៅលើវេទិការាល់ថ្ងៃ អង្គុយមួយព្រឹក ៗ តើអង្គុយក្រោយគេចាំបាច់ចេះអ្វីដែរ?

ពូសំបានពន្យល់កុមារថាពួកគាត់អង្គុយស្តាប់យោបល់អនុសាសន៍ជួបពលរដ្ឋ និងត្រឡប់ទៅវិញចុះហត្ថលេខាលើឯកសារនានា ហៅកូនចៅប្រជុំបកស្រាយអនុសាសន៍បន្ថែមនៅអង្គភាព ។ ល។ អត់បានសម្រាកទេក្មួយ។ កុមារចយបានសួរបន្ថថាចុះបើវេទិការាល់ថ្ងៃនៅខេត្តឆ្ងាយចំណាយពេលទៅនិងមកអស់ពីរបីថ្ងៃម្តង ៗ មានពេលឯណាធ្វើការទៅលោកពូ? ពូសំទល់ប្រាជ្ញាបានបន្ទោសឱ្យក្មេងថានៅក្មេងកុំចេះដឹងច្រើនពេកគិតតែរៀនទៅនេះជារឿងលោកធំទេ!

លោកពូម្នាក់ទៀតឈ្មោះសុខ អង្គុយក្បែរនោះបានសួរមីងម្នាក់ឈ្មោះសុវណ្ណរី មីង ៗ មីងឯងចេះជិះឡានថ្លៃបាំងក្រោយទេ? មីងឆ្លើយថារឿងអីមិនចេះជិះនោះ។ ចុះមីងឯងចេះអង្គុុយលើវេទិកាខាងក្រោយគេ ចាំសើចចាំគាំទ្រចាំលើកដៃទេ? មីងឆ្លើយថាចេះស្ទាត់មិនចាំបាច់រៀនទេ។ ចុះមីងឯងចេះចុះហត្ថលេខាលើក្រដាសស្នាមទេ? មីងឌឺឱ្យថាសូម្បីតែពូឯងក៏ចេះដែរមើលទៅនោះ។ សួរយ៉ាប់ណាស់ពូនេះ!

កុមារចយបានឆ្លើុយកាត់ភ្លាមថាបើសម្ពោធរាល់ថ្ងៃជិះឡានល្អបាំងក្រោយទៅហែហមគេ ចុះហត្ថលេខាលើឯកសារដែលគេរៀបចំឲ្យស្រេចនោះ មិនចាំបាច់រៀនច្រើនចេះដឹងច្រើនពេកទេពូ ខ្ញុំអាយុ១៥ឆ្នាំក៏អាចធ្វើរដ្ឋមន្រ្តីបានដែរ ។ មីងសុវណ្ណរីបានឆ្លើយយ៉ាងលឿនថាខ្ញុំក៏ហ៊ានធ្វើដែរបើមួយថ្ងៃ ៗ ដើរតែតាមគេដង្ហែគេអង្គុយអមគេអត់មានពេលធ្វើការងារស្នូលបែបនេះនោះ។

រឿងកំប្លែងទី 5: សិស្សនិងគ្រូនិយាយរឿងនយោបាយក្នុងសាលា

នៅថ្ងៃមួយ សាស្រ្តាចារ្យមហាវិទ្យាល័យម្នាក់ឈ្មោះគ្រូភ័យខ្លាច ក្រោយពីបានទទួលការណែនាំពីគណបក្សយើងមក គាត់មានការភ័យខ្លាចយ៉ាងខ្លាំងក៏បានប្រជុំប្រាប់ដល់សិស្សថាសូមប្អូន ៗ ឈប់ជជែក ឬនិយាយរឿងនយោបាយក្នុងសាលាពីព្រោះយើងមិនមែនជាអ្នកនយោបាយទេ ។

សិស្សទាំងអស់ក្នុងថ្នាក់ក៏នៅស្ងៀមហើយមានសិស្សម្នាក់ឈ្មោះថាក្លាហានបានអង្គុយឆ្ងល់និងសួរទៅគ្រូវិញថា ខ្ញុំខ្លាចគេបណ្តេញចេញពេលនិយាយរឿងនយោបាយ ខ្ញុំត្រូវតែប្រយ័ត្នប៉ុន្តែសុំសួរលោកគ្រូមួយតើឈប់និយាយទាំងគ្រូនាយកសាលាទាំងសិស្សនិងទាំងបុគ្គលិកសិក្សាមែនទេលោកគ្រូ? លោកគ្រូបានឆ្លើយដោយក្តីរីករាយថាទាំងអស់គ្នាគ្មានអ្នកណាធំជាងច្បាប់ទេ!

សិស្សឈ្មោះក្លាហានបានសួរបន្តថាតើច្បាប់ណាលោកគ្រូ? លោកគ្រូក៏ចាប់ផ្តើមខឹងហើយឆ្លើយតបវិញទាំងហិង្សាថាកុំចេះដឹងច្រើនពេកប្រយ័ត្នប្រលងធ្លាក់។ សិស្សទាំងអស់ភ័យក៏នៅស្ងៀមស្ងាត់ទាំងអស់គ្នា។

លុះព្រឹកឡើង ប្រធានយុវជនបានប្រាប់លោកសាស្រ្តាចារ្យថា ឲ្យសិស្សទាំងអស់ទៅចុះឈ្មោះធ្វើប័ណ្ណគណបក្សយើង ។ លោកសាស្រ្តចារ្យបានអញ្ជើងសិស្សទាំងអស់ទៅសាលប្រជុំ ហើយប្រាប់ថាទៅប្រជុំបណ្តាញយុវជនបក្សយើង និងធ្វើប័ណ្ណគណបក្សយើង។

 សិស្សទាំងអស់នៅស្ងៀមហើយក៏នាំគ្នាទៅបណ្ណាល័យ និងអានសៀវភៅដោយមិនបានធ្វើតាមគ្រូប្រាប់ ។ គ្រូក៏ខឹងហើយបានសួរទៅសិស្សវិញថាហេតុអ្វីបានមិនទៅធ្វើប័ណ្ណ? សិស្សឈ្មោះប្រាជ្ញាបានឆ្លើយថាលោកគ្រូខ្ញុំមិនហានទៅទេខ្លាចធ្លាក់ដោយសារតែចូលគណបក្សនិងនិយាយរឿងនយោបាយ។

លោកគ្រូទល់ប្រាជ្ញា។

នៅរៀងរាល់ថ្ងៃពុធ គ្រូបង្រៀនវិទ្យាសាស្រ្តនយោបាយបានមកបង្រៀនហើយបានលើកឡើងពីស្ថានការណ៍នយោបាយនៅក្នុងប្រទេស ។ ពេលនោះសិស្សទាំងអស់បានដើរចេញហើយឆ្លើយថាខ្លាចធ្លាក់ដោយសារតែរៀននិងនិយាយរឿងនយោបាយ។ គ្រូទល់ប្រាជ្ញាក៏បានប្រាប់សិស្សវិញថា មិនអ្វីទេព្រោះនយោបាយនេះយើងនិយាយស្រាល ៗ ទេ។

សិស្សទាំងអស់ព្រមចូលរៀន ហើយមានសិស្សម្នាក់ឈ្មោះគណបក្សបានសួរគ្រូវិញថា ខ្ញុំ និងមិត្តភក្តិទាំងអស់ឆ្ងល់អ្វីទៅនយោបាយលោកគ្រូ ?

គ្រូបានឆ្លើយថា:

ងាប់ហើយរៀនជិតចប់ហើយមិនស្គាល់អ្វីជានយោបាយ! គ្រូមានការរន្ធត់ណាស់ ដោយបង្រៀនសិស្សមិនបានផ្តល់និយមន័យច្បាស់លាស់ដល់សិស្ស ។ សិស្សម្នាក់ឈ្មោះយល់ដឹងដោយខ្លាចគ្រូថាមិនចេះបានឆ្លើយថា ខ្ញុំឃើញគេបង្ហោះតាមប្រព័ន្ធសង្គម និងបកស្រាយនយោបាយក្នុងស្រុុកយើងដូចនេះ :

នយោបាយប្រៀបបាននឹងសហគមន៍រីកចម្រើនមួយ នៅពេលដែលបុគ្គលិកអង្គការមួយឃើញក្មេងកំព្រា ចាស់ជរាជនពិការនិងអ្នកក្រីក្រច្រើននោះបានទៅប្រាប់មេសហគមន៍និងអ្នកមានមុខងារទទួលខុសត្រូវ។ មេសហគមន៍ក៏អញ្ជើញក្រុមដឹកនាំសហគមន៍តំណាងពលរដ្ឋនិងអាជីវករ និងអ្នកពាក់ព័ន្ធមកប្រជុំដើម្បីដោះស្រាយ ។ យើងអាចរៀបចំផែនការវិធីសាស្រ្តនិងសកម្មភាពជួយពួកគាត់។ នេះជានយោបាយត្រូវទេលោកគ្រូ!

សិស្សម្នាក់ទៀតឈ្មោះថាច្បាស់លាស់បានឆ្លើយកាត់ថា ទេ! នយោបាយដូចគ្រួសារសុភមង្គលមួយដែលពេលកូនអត់ទៅរៀន ឪពុកត្រូវស្វែងរកមូលហេតុឲ្យច្បាស់ថា ហេតុអ្វីបានជាកូនអត់ទៅរៀននិងត្រូវជូនកូនទៅរៀន។ នៅពេលដែលអ្នកបម្រើប្រាក់ខែហូបមិនគ្រប់ ម្តាយត្រូវពិភាក្សាជាមួយអ្នកបម្រើហើយរកវិធីដំឡើងប្រាក់ខែជូនគាត់លើសពីនេះករណីលោកយាយលោកតាមេគ្រួសារត្រូវរៀបចំថែទាំនិងគាំពារពួកគាត់ឱ្យបានទន់ភ្លន់និងគោរពពួកគាត់។

សិស្សម្នាក់ទៀតឈ្មោះថាប្អូនអសីលធម៌បានឆ្លើយថា ទេនយោបាយគឺជេរគ្នាប្រមាថគ្នាចោទគ្នាលាបពណ៌គ្នាសម្លុតគ្នាលួចសម្លាប់គ្នាគម្រាមចាប់ដាក់ពន្ធនាគារ។ ល។

សិស្សស្រ្តីម្នាក់ទៀតបានលើកឡើងថាទេនយោបានដូចគ្រួសារមួយ:

នៅពេលដែលកូនៗឬពលរដ្ឋកំពុងរងទុក្ខលំបាក ម្តាយដែលដើរតួនាទីជានាយករដ្ឋមន្រ្តីត្រូវតែបម្រើ និងដោះស្រាយជូនគាត់ ហើយឪពុកដែលដើរតួនាទីជាថៅកែត្រូវតែសហការជាមួយបងៗដែលជាសហជីពការពារ និងលើកទឹកចិត្តកម្មករឬកូន ៗ ចំណែកបង ៗ ឬកងកម្លាំងត្រូវជួយការពារប្អូនគ្រប់គ្នា ។

រឿងកំប្លែងទី 6 មេទ័ពនិងនយោបាយ

នៅក្នុងអង្គភាពទ័ពមួយដែលមានពលប្រមាណ២០០០នាក់ មានមេទ័ពធំម្នាក់និងមេទ័ពរង 4 នាក់។

រសៀលគងភ្នំបុរសឈ្មោះ ចម្រើនជាកូនទាហានបានត្រឡប់មកផ្ទះជាមួយរបបប្រចាំឆ្នាំ ខោអាវទាហានពីរសម្រាប់សម្ភារៈនិងស្បៀងឧបត្ថមមួយចំនួន។ ប្រពន្ធឈ្មោះរចនាមានកូនប្រុសប្រាំនាក់បានសួរទៅប្តីថាបង ហេតុអ្វីបានជាមួយឆ្នាំនេះមានរបបតែប៉ុណ្ណឹង ? បើប្រៀបធៀបឆ្នាំមុនៗបានច្រើនជាងនេះឆ្ងាយណាស់ ?

ប្តីឆ្លើយដោយទឹកមុខស្លេកស្លាំងថាអូនឆ្នាំនេះជាឆ្នាំបោះឆ្នោត និងមេទ័ពបងគាត់សន្សំទុកយកទៅចែកពលរដ្ឋនៅភូមិព្រៃស្លាដែលជាក្រុមការងារគាត់នៅទីនោះ ។
ប្រពន្ធបានសួរបន្តទៀងថាប្រាក់ខែបានតែ 80 មឺុនរៀលរបបកូនម្នាក់ៗបានតែ 2 មុឺនប្រាំពាន់រៀលក្នុងមួយខែតើហូបគ្រប់ដែរអីបង? ហេតុអ្វីប្រាក់ខែអត់គ្រប់ចំនួន?
ប្តីបានឆ្លើយថាឆ្នាំបោះឆ្នោត មេទ័ពបងសន្សំទុកចែកពលរដ្ឋមុនបោះឆ្នោត !

ប្រពន្ធបន្តទៀតថាអូនឆ្ងល់ណាស់មេបងបានគិតទេថាកងទ័ព 2000 នាក់ ប្រពន្ធកូនកងទ័ពគ្រប់អាយុបោះឆ្នោតសរុប 2 មុឺននាក់ ហេតុអ្វីបានជាមេបងមិនយកចិត្តទុកដាក់ពលទាហានក្នុងអង្គភាពនេះ ? ហេតុអ្វីមិនដំឡើងប្រាក់ខែឲ្យពលទាហានឲ្យគ្រប់ និងរស់នៅបានសេចក្តីសុខទៅវាចំណេញសន្លឹកឆ្នោតជាង។ ហេយអ្វីចាំបាច់ប្រមូលពីអង្គភាពពីកូនទាហាន ចំណាយពេលចុះទៅភូមិដែលមានតែពលរដ្ឋប្រមាណ១០០គ្រួសារ និងមានអ្នកបោះឆ្នោតតែ 400 នាក់ក្នុងភូមិ។ មេបងដឹងទេ? ប្តីឆ្លើយថាគាត់ដឹងតើតែស្រេចតែថ្នាក់លើបញ្ជា!

ប្តីឆ្លើយបន្តថាស្រេចតែមេអូនដឹងទេវិន័យទ័ពមេថាយ៉ាងម៉េចត្រូវធ្វើតាម។ កុំចេះដឹងច្រើនមើលតែកូនទៅ។ បងបើមេបងឱ្យចូលរន្ធក្តាមបងចូលដែរឬ? ត្រូវតែចូលនេះជាវិន័យទ័ព។ ប្រពន្ធឆ្លើយងាប់ហើយបងជាប្តីអូនគួរឆ្លាតជាងនេះបន្តិចទៅ! បងគួរតែប្រាប់មេរបស់បងឱ្យយកចិត្តទុកដាក់កងទ័ព និងគ្រួសារទ័ពដែលជាកម្លាំងបោះឆ្នោតធំជាង មូលដ្ឋានភូមិដែលមេបងចុះជាប្រចាំនោះ។ ផែនការអុងកាឡុងហើយបង!

ប្រពន្ធបន្តថាបងធ្វើបែបនេះគឺចាក់អង្ករចោលខំសន្សំអង្កាមទុក។ ធ្វើបែបនេះត្រីរ៉ស់ក៏រួចទន្សាយក៏រួចណាបង។

បើបងធ្វើមេវិញតើបងគិតយ៉ាងដូចម្តេច? ប្រាប់អូនមក! ប្រាប់ត្រូវនៅជាមួយគ្នាបន្តទៀតប៉ុន្តែបើឆ្លើយខុសត្រូវបែកគ្នាព្រោះខ្ញុំត្រូវការប្តីឆ្លាត!

បើបងធ្វើមេវិញបងយកចិត្តទុកដាក់ជីវភាពពលទាហានជួយគ្រួសារទាហាននិងរៀបចំផែនការពីរទី 1 ផែនការយុទ្ធសាស្រ្តទ័ពនិងទី 2 ផែនការកសាងសេដ្ឋកិច្ចគ្រួសារកងទ័ព។ ចំណែកពលរដ្ឋតាមភូមិទុកឲ្យក្រុមប្រឹក្សា និងក្រុមការងារថ្នាក់ខេត្ត។ លើសពីនេះ បងមិនត្រឹមតែមិនកេងប្រវ័ញ្ចពីកូនទ័ពទេ បងថែមទាំងហានលក់ផ្ទះលក់ដី លក់អ្វីៗដែលបងមានដើម្បីសេចក្តីសុខយុទ្ធមិត្តបង ។

បង និងអូនមិនអាចធ្វើនាក់មានស្តុកស្តម្ភលើគំនរទុក្ខមិត្តរួមអាវុធបងទេ ។ តែអកុសល់បងមិនមានសំណាងធ្វើមេទ័ព។

សេចក្តីសុខរបស់ទ័ពបងភាពមានបានរបស់គ្រួសារយើង ត្រូវតែជាភាពមានបានរបស់កងកម្លាំងបងណាអូន ! បងមិនអាចសប្បាយវិឡារឡានដីឡូហឺុហារនិងសម្ភារនិយមហួសហេតុ នៅពេលដែលឃើញកងទ័ពបងរងទុក្ខវេទនានោះទេ ។

រឿងកំប្លែងទី 7 បានតែថាអត់ធ្វើ

ដៃ និងជើងរបស់មនុស្សនៅពេលធ្វើការសំណង់ហត់នឿយតែងតែខឹងនឹងមាត់ ព្រមទាំងស្តីបន្ទោសឲ្យមាត់ថាបានតែហូបយករស់ជាតិ ហើយឆ្ងាញ់តែឯងមិនព្រមជួយធ្វើការងារ។ មាត់នៅពេលហូបអាហាររាល់ថ្ងៃតែងតែរអ៊ូថាក្រពះចាំតែត្រងយកអាហារដែលមិនព្រមជួយទំពារ ។

 លើសពីនេះក្រពះ និងពោះវៀនក៏បានច្រណែនទៅសរីរាង្គដទៃទៀត ដូចជាថ្លើមសរសៃឈាម។ ល។ ចំណែកឯសរសៃឈាមនៅមិនសុខបានមួម៉ៅទៅនឹងសរីរាង្គនានាដូចជាដៃ ជើងដែលសរសៃឈាមខំប្របាច់ឈាមយកទៅចិញ្ចឹម ។ ដូចនេះសិរីរាង្គមានមុខងារសំខាន់ៗ រៀងៗខ្លួនដើម្បីអាចចិញ្ចឹមខ្លួនប្រាណមនុស្សឲ្យរស់បាននិងដំណើរការទៅរលូន ។

ក្នុងសាលារៀនមាននាយកសាលាគ្រូកីឡាសិស្សគ្រូបង្រៀនបុគ្គលិកសិក្សាសន្តិសុខនិងអ្នកអនាម័យជាដើម។ ល។ មុខងារគ្រប់គ្រងបង្រៀនធ្វើអនាម័យយាមសន្តិសុខមានមុខងាររៀងៗខ្លួនមិនអាចបន្ទោសជ្រុងណាមួយថាបានតែថានោះទេ។

នៅក្នុងសង្គមមានព្រះមហាក្សត្រជាប្រមុខរដ្ឋមានរដ្ឋាភិបាលជាអ្នកប្រតិបត្តិទូទៅប្រមូលពន្ធអភិវឌ្ឍន៍ផ្តល់សេវាសាធារណ: ។ ល។ ចំណែកសភា គណបក្សប្រឆាំងមានតួរនាទីតាមដានរដ្ឋាភិបាល តាក់តែងច្បាប់តំណាងពលរដ្ឋ។ ល។ គណបក្សទាំងអស់មិនមានតួនាទីប្រតិបត្តិ ឬធ្វើទេ។ លើសពីនេះ ក្រុមប្រឹក្សាធម្មនុញ្ញមានតួនាទីពិនិត្យច្បាប់ ធម្មនុញ្ញភាពនៃច្បាប់និងតាមដានការអនុវត្តន៍គជប។

មិនអាចថាពួកគាត់បានតែថាទេ

អង្គការសង្គមសុីវិលមានតួនាទីស្រាវជ្រាវ អនុវត្តកម្មវិធីគម្រោងថ្មីៗ និងរួមចំណែកផ្តល់សេវាជូនពលរដ្ឋលើផ្នែកនានាដែលរដ្ឋាភិបាលមិនបានបំពេញ និងមិនមានលទ្ធភាពបំពេញ។ អង្គការសិទ្ធិមនុស្សមានតួនាទីការពារជនរងគ្រោះ តាមដានករណីរំលោភសិទ្ធិមនុស្សផ្តល់សេវាច្បាប់។ ល។ ផ្នែកឯកជក្រុមហ៊ុនមសនតួនាទីធ្វើជំនួញមុខរបរនិងរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ។

មិនអាចថាបានតែថាទេ

តុលាការមានតួនាទីជម្រះក្តីផ្តល់យុត្តិធម៌ជូនជនរួមជាតិរីឯ ឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រមមានតួនាទីតាមដាន និងត្រួតពិនិត្យលើដំណើរការកាត់ក្តីនៃអង្គចៅក្រម ។ មិនអាចទៅប្រត្តិបត្តិដូចរដ្ឋាភិបាលបានទេ ហើយក៏មិនអាចថាពួកគាត់បានតែថាដែរ។

គ្រូមានតួនាទីបង្រៀនសិស្សមិនមែនជាអ្នកចូលប្រលងទេ។ មិនអាចថាគ្រូបានតែថាឬបានតែបង្រៀនទេ។

ព្រះសង្ឃបានបណ្តុះសីលធម៌លើកកម្ពស់សាសនាជំនឿនិងរួមចំណែកបណ្តុះសីលធម៌ស្អាតស្អំ។ ល។

មិនអាចថាបានតែថាទេ

គណបក្សប្រឆាំងមានតួនាទីប្រឆាំង និងតួនាទីជាសមាជិកសភាដែលមានចែងក្នុងច្បាប់ ។ គណបក្សប្រឆាំងមិនមានតួនាទីប្រតិបត្តិទេ ។ បើគណបក្សក្រៅរដ្ឋាភិបាលទៅប្រតិ្តបត្តិវិញ ច្បាស់ជាអ្នកថាខុសច្បាប់ហើយ។

មិនអាចថាបានតែថាទេ

ពលរដ្ឋមានតួនាទីមកទទួលសេវាសាធារណ:ប្រកបដោយគុណភាព តាមដានការអនុវត្តរបស់េដ្ឋាភិបាលចូលរួមតាក់តែងច្បាប់តាមរយៈតំណាង បំពេញតួនាទីជាពលរដ្ឋសកម្មក្នុងការជំរុញឲ្យរដ្ឋាភិបាលទទួលខុសត្រូវលើសកម្មភាពរបស់ខ្លួន និងសុខទុក្ខរបស់ពលរដ្ខព្រមទាំងមានតួនាទីជ្រើសរើសតំណាងល្អនិងអ្នកបម្រើរបស់ខ្លួនស្អាតស្អំនិងដែលមានគុណភាព។ ពលរដ្ឋមានតួនាទីតវ៉ាធ្វើបាតុកម្មដោយអហិង្សា និងមានតួនាទីរិះគន់អំពើអសកម្មរបស់អ្នបម្រើគឺរដ្ឋាភិបាល រួមទាំងនាយករដ្ឋមន្រ្តីនិងតំណាងរបស់ខ្លួនគឺតំណាងរាស្រ្តនិងក្រុមប្រឹក្សាគ្រប់កម្រិត។

មិនមែនបានតែថានោះទេ

អ្នកស្រាវជ្រាវ មានតួនាទីផលិតព័ត៌មានតាមលក្ខណវិទ្យាសាស្រ្ត និងផ្សព្វផ្សាយព័ត៌មានជូនសាធារណជនអ្នកគ្រប់គ្រងអ្នកតាក់តែងច្បាប់អ្នកធ្វើសេចក្តីសម្រេចចិត្ត។ មិនមែនជាអ្នកប្រត្តិបត្តិទេ។ បើអ្នកស្រាវជ្រាវទៅប្រមូលពន្ធដារនិងចាប់ឈើខុសច្បាប់ច្បាស់ជាអ្នកចោទថាខុសច្បាប់ហើយ។

ដូចនេះរដ្ឋាភិបាលមានតួនាទីធ្វើ និងភ្នាក់ងារផ្សេងទៀតមានតួនាទីរៀងៗខ្លួន ។ ការដែលសម្តែងថា បានតែថាអាចមានប្រសិទ្ធិភាពនៅពេលពលរដ្ឋមិនទាន់យល់ និងមិនទាន់ទទួលបានព័ត៌មានច្រើន។

នយោបាយប្រជាភិថុគួរតែបោះបង់

រឿងកំប្លែងទី 8 ដូចតែគ្នាទេពូអើយ

ក្រុមការងារមួយក្រុមបានទទួលបញ្ជាចុះមូលដ្ឋាន និងឲ្យលើកឡើងពីអ្នកនយោបាយមានស្រីច្រើន ។ លោកម្នាក់ឈ្មោះជ្រួលជ្រើមបានជួបប្រធានភូមិមេឃុំចៅហ្វាយស្រុក និងអ្នកមុខអ្នកការក្នុងខេត្តជាច្រើនរូបក្នុងវេទិកាគណបក្សមួយ ។

លោកជ្រួលជ្រើមបានប្រជុំក្រុមការងារថា យើងត្រូវលើកពីស្នេហាក្រៅគ្រួសាររបស់មេគណបក្សគេ ថាមេដឹកនាំគណបក្សគេមានស្រីច្រើននិងមានស្នេហាលួចលាក់។ ប្រធានភូមិឈ្មោះបីបានឆ្លើយថា កុំអីព្រោះពលរដ្ឋក្នុងភូមិបានដឹងថាខ្ញុំមានប្រពន្ធបី និងក្រុមការងារយើងមានដូចគ្នា។ ម្យ៉ាងទៀតយប់មិញបងយកមួយដែរហើយពលរដ្ឋដឹងគ្រប់គ្នា។ មេក្រុមបានស្រែកថាមិនអីទេពលរដ្ឋមិនយល់ទេយើងជាអ្នកធំបុគ្គលណាតវ៉ានិងឡើងសួរយើងកត់ឈ្មោះទុកហើយថតរូបចំណាំទៅរួចស្រេចហើយ។

ព្រឹកឡើងឈ្មោះមួយដែរជាមេក្រុមបានលើកឡើងថាបងប្អូនទាំងអស់គ្នាស្តាប់ឱ្យច្បាស់ សូមបងប្អូនពិចារណាកុំគាំទ្រគណបក្សគេ ព្រោះមេដឹកនាំគេមានប្រពន្ធច្រើននិងមានស្រ្តីក្រៅថែមទៀត។ មេភូមិមេឃុំនិងអ្នកដទៃចាប់ផ្តើមមុខស្ងួតអ្នកខ្លះដើរចេញនិងអ្នកខ្លះទៀតដាក់មុខចុះក្រោម។

ក្មេងស្រីអាយុ 19 ឆ្នាំឈ្មោះស្រីរ័ត្នសម្តែងមតិថាល្អណាស់លោកពូប្រធានភូមិនេះមានប្រពន្ធបីដូចនេះខ្ញុំឈប់គាំទ្រនិងបោះឆ្នោតឱ្យហើយ។

ប្អូនស្រីម្នាក់ដែលមានឪពុកជាអភិបាលស្រុកមានប្រពន្ធពីរបានបញ្ចេញយោបល់ដោយក្តីរំភើបថា ខ្ញុំចាប់ពីពេលនេះទៅឈប់បោះឆ្នោតឲ្យគណបក្សយើងហើយពីព្រោះឪពុកខ្ញុំធ្វើបាបម្តាយខ្ញុំណាស់ដោយគាត់មានប្រពន្ធច្រើន។

ស្រ្តីបម្រើការកំសាន្តសប្បាយម្នាក់បានក្រោកឈរ និងលើកឡើងថា ពូឯងយប់មិញដេកជាមួយខ្ញុំមិនទាន់ឲ្យលុយផង ហើយសន្យាថាចាំយប់ទី 2 ។

ទើសចិត្តពេកជំនួយការឡើយជួយ

ជំនួយការឡើងពន្យល់ម្តងថា សូមបងប្អូនបន្តបោះឆ្នោតឲ្យគណបក្សយើងព្រោះដូចរូបខ្ញុំមិនដែលមានស្រីទេ សូម្បីតែប្រពន្ធក៏អត់មានដែរ។ ប្អូនប្រុសម្នាក់ឡើងតតាំងថាពូអត់មានស្រីនិងអត់មានប្រពន្ធមែនតែពូស្រឡាញ់បុរសដូចគ្នា។
ចប់អង្គប្រជុំ

ដូចតែគ្នាទេពូអើយ

ហូបលៀសល្អៀសខ្លួន

រឿកំប្លែងទី 9 តើអ្នកស្រោចផ្កានិងថៅកែមួយណាឆ្លាតជាង!

ពូសៅរ៍ជាអ្នកបម្រើនៅក្នុងផ្ទះពូសុខ ថ្ងៃមួយព្រះអាទិត្យបានបញ្ចេញកម្ដៅយ៉ាងខ្លាំង ពូសៅរ៍ក៏ចាប់ផ្តើមស្រោចផ្កាយ៉ាងសកម្ម ដែលបណ្តាលឲ្យថៅកែកោតសរសើរនិងពេញចិត្តខ្លាំងណាស់ ចេះស្រោចផ្កាបានល្អប៉ុន្តែមួយសន្ទុះក្រោយមកស្រាប់តែមានភ្លៀងធ្លាក់យ៉ាងខ្លំាង ដែលអ្នកស្រោចផ្កាក៏សម្រេចចិត្តឈប់ស្រោច។
ថៅកែក៏ចេញមកមើលម្តងទៀតមិនឃើញអ្នកបម្រើស្រោចផ្កាក៏ស្រែកសួរថា វាយ៉ាងម៉េចបានជាឯងមិនស្រោចផ្កាបន្តទៀត អ្នកបម្រើប្រាប់ថាភ្លៀងមកហើយថៅហ្វាយមិនបាច់ស្រោចទេថៅកែបានបន្ទោសថា បើខ្លាចទទឹកខ្លួនម៉េចបានជាមិនយកឆ័ត្រមកបាំងទៅ ហើយស្រោចបន្តពូសៅរ៍ដោយសាតែខ្លាចអំណាចរបស់ថៅកែ ក៏ស្រោចផ្កាបន្តទាំងមានភ្លៀងខ្លាំង។

ក្នុងសង្គមមួយដែលមានអំណាចប្រមូលផ្តុំលើបុគ្គលដែលមិនមានការគិតសុីជម្រៅបែបយុទ្ធសាស្ត្រនិងបែបចូលរួមនោះ ប្រព័ន្ធដឹកនាំរដ្ឋនោះបើទោះជាបទបញ្ជានោះខុសនិងប្រកបដោយគ្រោះថ្នាក់យ៉ាងណាក៏ដោយ ក៏អ្នកនៅក្នុងប្រព័ន្ធនោះត្រូវតែធ្វើតាមជាចាំបាច់ ប្រសិនណាភ្លៀងធ្លាក់ខ្លាំងក៏ដោយ។

ភ្លៀងក៏ស្រោចឱ្យតែមេបញ្ជា។

រឿងកំប្លែងទី 10 មុងជ្រលក់មានលក់នៅផ្សារដែរ

ម្នាក់ងារសុខភាពម្នាក់ឈ្មោះពូលក់មុង បានផ្សព្វផ្សាយដល់ពលរដ្ឋដែលរស់នៅតាមតំបន់ព្រៃភ្នំថាសូមបងប្អូនមកទទួលមុងជ្រលក់ដែលការពារជម្ងឺគ្រុនចាញ់ដោយឥតគិតថ្លៃ ! ហើយមុងនេះមិនមានលក់នៅទីផ្សារទេ។ តឹងតែងណាស់ព្រោះធ្លាប់មានអំពើពុករលួយកន្លងមក ។

គ្រូងនដែលបានចូលរួមក្នុងកម្មវិធីដែរ បានសួរភ្នាក់ងារសុខភាពខេត្តថា តើលោកចែកឲ្យមួយគ្រួសារចំនួនមុងប៉ុន្មាន ? ពូលក់មុងបានឆ្លើយថាមួយគ្រួសារបាន 2 ទៅបីមុង។ លោកគ្រូងនបានសួរបន្តថាចុះគ្រួសារខ្ញុំមានសមាជិក 11 នាក់ដេកអត់គ្រប់ទេ? ពូលក់មុងឆ្លើយថាទិញនៅផ្សារខ្លះទៅ! គ្រួងនបានបន្តថា ហេតុអ្វីបានមិនព្រមផ្តល់គ្រប់ៗគ្នាតែម្តងទៅព្រោះមុងនេះជាមុងពិសេសការពារមូសកុំឲ្យខាំបាន និងលោកពេទ្យថាអត់មានលក់នៅផ្សារទេ។

ភ្នាក់ងារសុខភាពបានឆ្លើយថាមាននៅផ្សារខោអាវតូបលេខ 30 ។ គ្រូងនបានចោទសួរបន្តលោកគ្រូឯងថាមុងនេះពិសេសនិងអត់មានលក់នៅផ្សារទេចុះហេតុអ្វីដឹងលេខតូប! ភ្នាក់ងារសុខភាពឆ្លើយថាចេះដឹងច្រើនពេកហើយគេឱ្យយកទៅកុំសួរច្រើនពេក។

លោកគ្រូងនឈប់ហ៊ានសួរក៏ត្រឡប់មកផ្ទះវិញដោយចេះតែគិតថាគ្រួសារខ្លះមានសមាជិក 2 នាក់បានមុង 3 តែខ្ញុំបាទមានសមាជិក១១នាក់បានតែ៣ដែរ ។

លុះព្រឹកឡើងកូនលោកគ្រូងនក្តៅខ្លួនរួចទៅមណ្ឌលសុខភាព។ បុគ្គលិកបានពិនិត្យហើយឃើញថាមិនមានគ្រុនចាញ់ទេគ្រាន់តែក្តៅខ្លួនតិចតួច។ ពេទ្យបានឲ្យថ្នាំប៉ារ៉ាសេដតាម៉ុលលេខ២៥០ មីលីក្រាមចំនួន 3 គ្រាប់សម្រាប់កុមារ។ គ្រូងនបានសួរពេទ្យបន្តបានថ្នាំតិចណាស់! គ្រូពេទ្យបានផ្តល់យោបល់ថាថ្នាំនេះមួយគ្រាប់តម្លៃ 4000 រៀលតាមបញ្ជីរ! គ្រូងនបានភ្ញាក់ផ្អើលថា ថ្នាំនេះខ្ញុំធ្លាប់ទិញនៅផ្សារជិតនេះតែ៧០០រៀលទេគ្រូពេទ្យ គឺលេខដូចគ្នាបេះបិទហើយមកពីបារាំងទៀតផង។

 គ្រូពេទ្យបានយល់ព្រមតាមគ្រូងនហើយខ្សិបប្រាប់ថាថ្លៃណាស់ខុសទីផ្សារមែនបើគេឱ្យមណ្ឌលសុខភាពនិងមន្ទីរពេទ្យទិញខ្លួនឯងវិញអាចសល់លុយច្រើន និងអាចមានលទ្ធភាពកែប្រែគុណភាពសេវាសុខភាពបានល្អជាងនេះ លោកគ្រូ។ សូមទោសខ្ញុំមិនហ៊ានតវ៉ាទេគេអ្នកធំចប់យោបល់

រឿងកំប្លែងទី 11 បានប៉ុណ្ណឹងហើយចង់បានអ្វីទៀត

នៅក្នុងពិធីបុណ្យផ្កាមួយនៅភូមិយើងមានអ្នកមុខ អ្នកការជាច្រើនកុះករមកជួបជុំគ្នាសប្បាយរីករាយ និងមានពិធីថ្លែងការរបស់អ្នកធំមួយចំនួន ។

អ្នកធំម្នាក់ឈ្មោះ 570 នាក់បានឡើងថ្លែងថា បងប្អូនទាំងអស់គ្នានាំគ្នាសប្បាយកុំគិតអ្វី កុំខ្វល់យើងដឹងតែពីសប្បាយនិងរួបរួមគ្នា។ យើងបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត?

មីងម្នាក់ឈ្មោះថាអស់ស្រែបានស្រែកយំហើយមានប្រសាសន៍ថាលោកធំខ្ញុំនិងបងប្អូនខ្ញុំកាលពីឆ្នាំ 1979 មកមានដីស្រែ 50 អាអត់ជំពាក់លុយគេ មានត្រីក្នុងស្រែក្រោយផ្ទះសម្រាប់ហូប មានអុសក្រោយផ្ទះសម្រាប់ដាំបាយមានបងប្អូនកូនចៅរស់នៅជួបជុំគ្នា និងធ្វើស្រែមួយឆ្នាំអាចហូបបានពីរឆ្នាំ ប៉ុន្តែឥឡូវបាតដៃទទេ។ លោកធំសួរវិញថាបងស្រីចេះតែថាបងស្រីបក្សប្រឆាំងទេដឹង?

ពូម្នាក់ទៀតឈ្មោះរងគ្រោះបានឡើងបន្ទរថាបាតដៃទទេព្រោះស្រែខ្ញុំនិង ស្រែរបស់បងប្អូនយើងក្នុងភូមិឥឡូវជារបស់ពូដា ពូណាពូខេនិងលោកពូមីក្រូហិរញ្ញវត្ថុនានាអស់ហើយមិនសង្ឃឹមថាអាចយកមកវិញបានទេភាពធ្ងន់ធ្ងរជាងនេះធ្វើស្រែមួយឆ្នាំសងថ្លៃជីការប្រាក់ថ្លៃពូជឈ្នួលភ្ជួរអត់គ្រប់ផង!

ពូ 570 ស្តីបន្ទោស!

ចេះតែថាបានតែថាបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត? កុមារម្នាក់ឈ្មោះឆ្លាតរស់នៅក្នុងភូមិរៀនថ្នាក់បឋមសិក្សា បានបញ្ចេញយោបល់ថាពូ ៗ ពូ ៗ ឡានពូស្អាតខ្សែកពូស្អាតប្រពន្ធពូក្មេងខ្ញុំចង់បានប៉ុណ្ណឹងដែរ! កប់យោបល់

អ្នកធំម្នាក់ទៀតឈ្មោះថាពូវិឡារ 5 បានឡើងជួយថាមិនអ្វីទេចាំគណបក្សយើងជួយឥឡូវយើងធ្វើសាលារៀនផ្លូវមន្ទីរពេទ្យស្ពានថ្នាល់។ ល។ យើងជាប់ឆ្នោតជួយឲ្យបងប្អូនមានជីវភាពធូរធារ ! យើងបានប៉ុណ្ណឹងហើយចង់បានអ្វីទៀត?

និស្សិតម្នាក់ឈ្មោះដឹងច្បាស់ដែលរៀននៅភ្នំពេញបានមានមតិថាពូវិឡារ! ខ្ញុំរៀននៅភ្នំពេញស្នាក់នៅវត្តនិងចង់បានវិឡារដូចលោកដែរ។ ពូមានវិឡារ 5 ធំ ៗ ចង់បានអ្វីទៀត។ និស្សិតបានបន្តថាធ្វើធំយូរប៉ុណ្ណឹងហើយចង់ធ្វីអ្វីទៀត? កាន់អំណាចយូរប៉ុណ្ណឹងហើយចង់កាន់អ្វីទៀត? ពុករលួយយូរប៉ុណ្ណឹងហើយនៅពុករលួយអ្វីទៀត? កាប់ព្រៃឈើស្ទើរអស់ហើយនៅកាប់ធ្វើអ្វីទៀត ? យួនហូរចូលពេញស្រុកហើយនៅឱ្យហូរចូលធ្វើអ្វីទៀត?

រឿងកំប្លែងខ្លីទី 12 ដើមពោធិ៏ម្លប់ល្អតែរន្ទះបាញ់

ជាដើមឈើម្យ៉ាងដែលផ្តល់ម្លប់ល្អមានការគោរពនិងជំនឿពីពលរដ្ឋ និងជាទីកន្លែងដែលមានការគោរពបែបសាសនាពីជនរួមជាតិជាទូទៅ ។

ក្រុមសិល្បករនិងសិល្បការីមួយក្រុមបានមកជួបជុំគ្នាសម្ដែង និងធ្វើយ៉ាងដូចម្តេចឲ្យទស្សនិកជនសប្បាយរីករាយក្នុងកម្មវិធីកំសាន្តយប់នេះ ។

ក្រោយពីអ្នកចំរៀងល្បី ៗ ច្រៀងចប់នៅចុងកម្មវីធីដល់ពេលក្រុមអាយ៉ៃឆ្លងឆ្លើយម្តង។ តារាល្បីស្រី្តម្នាក់បានសួរតារាល្បីប្រុសថា បងខ្ញុំអត់ដែលទៅប្រទេសគេទេ! តើពេលជិះយន្តហោះលើអាកាស តើយើងធ្វើយ៉ាងដូចម្តេចបានដឹងដល់ប្រទេសនីមួយៗ ?

តារាប្រុសឆ្លើយថាងាយណាស់ពេលលូកដៃចេញក្រៅយន្តហោះដឹងថាត្រជាក់ខ្លាំងហើយកកញើសទៀតមានន័យថាដល់តំបន់សីុប៊េរីប្រទេសរុស្សុី។ តារាស្រី្តសួរបន្តចុះពេលដល់ប្រទេសអាហ្វ្រិកលូកដៃចេញក្រៅទៅយ៉ាងដូចម្តេចដែរ? តារាប្រុសបានឆ្លើយថាក្តៅខ្លាំងឬខ្លោចដៃ។ ចុះដល់វៀតណាម? ងាយចំណាំទេអូនពេលលូកដៃចេញក្រៅបាត់នាឡិកាដៃគឺយួនហើយ។ បង !!!!! គ្រាន់តែនាឡិកាដៃសោះក៏បាត់ដែរ? ចុះដីយើងនិង មរតកយើងទុកចោលពេលសង្គ្រាមទៅជាយ៉ាងណាទៅ ? មិនចាំបាច់សង្គ្រាមទេអូនយើងនៅពេញស្រុកដូចសព្វថ្ងៃនេះ ក៏យួននៅតែរំកិលចូលយកជារៀងរាល់ថ្ងៃដែរអូន ! ឲ្យតែយើងមិនរួមគ្នាការពារឲ្យបានហ្មត់ចត់នោះ ។

ចុះបើជិះយន្តហោះមកដល់ស្រុកយើងយ៉ាងដូចម្តេចដែរ ? ជាប់ខ្នោះណាអូន! អូស ……. វាមិនដែលទេបង !!!!!! គ្រាន់តែលូកដៃចេញក្រៅយន្តហោះក៏ជាប់ខ្នោះដែរនោះស្រេចហើយ! នែ !!! បើមិនដឹងសួរខ្ញុំតំណាងម្នាក់ជាប់មិនទាន់ចេញផងគ្រាន់តែចុះពីលើយន្តហោះមក។

អូនមើលទៅគ្រាន់តែបងថាផ្លូវថ្នល់ស្រុកយើងធ្វើជាប់រហូតក៏ធ្លាប់មានបញ្ហា។ មានពេលមួយនោះបងគ្រាន់តែនិយាយថាដីខ្មែរស្រែយួនក៏មានបញ្ហាឬអង្គរវត្តខ្មែរផ្លែផ្កានៅយួនក៏គេតាមដានបងថាភ្នំបូកគោខ្មែរបង់តែឱ្យយួនក៏មានបញ្ហាផ្សារខ្មែរបន្លែយួនក៏គេចោទថាពួកបក្សប្រឆាំងដែរណាអូន។ ល។

យ៉ាប់យ៉ាងនេះផងបង?

ចុះហេតុអ្វីបានជាបងឈប់និយាយហើយឥឡូវនេះ ? បងកាលពីមុននិយាយល្អណាស់! បងមានទេពកោសល្យណាស់បងអាចជួយសង្គមយើងបានច្រើន។ បងអើយសីល្ប សំខាន់ណាស់អាចជួយសង្គមបានច្រើនតាមរយៈអាយ៉ៃអាជិពរបស់បងប្រកបដោយការអប់រំ ។

អូនដឹងទេ? ពូជមាន់ជល់ចង់តែជល់ទេណា ប៉ុន្តែឥឡូវយើងជ្រកក្រោមដើមពោធិព្រឹក្សគេ បើដើរចេញពីដើមពោធិ៏ប៉ះថ្ងៃក្តៅខ្លោចហើយចេញពីដើមពោធិ៏ឱ្យឆ្ងាយបន្តិចខ្លាចរន្ទះបាញ់។ អូនដឹងទេបងប្អូនយើងសិល្បករ និងសីល្បការីភាគច្រើនចង់ចេញពីដើមពោធិ៏ណាស់ តែខ្លាចរន្ទះបាញ់។ រន្ទះអីសាហាវម្លេះបង? ដាច់អាជីព! គេតាមដាន! អាចលូកដៃចេញក្រៅជាប់ខ្នោះទៀត។ ដូចនេះហើយបានជាបងប្អូនយើងលែងហ៊ាន!

មិនអីទេ! យើងនាំគ្នាយកខ្មោច បិសាចចេញពីដើមពោធិ៏ទៅទើបយើងរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរ ធានាបានអធិបតេយ្យភាពនិងបូរណភាពទឹកដីពេញលេញ។

រឿងកំប្លែងទី 13 រឿងស្តេចឃ្មុំនិងរុយ

ពេលជួបវិបត្តិក្នុងការដណ្តើមកម្រងផ្កាគ្នានៃសម័យអន្តរកាល ស្តេចឃ្មុំ និងរុយបានធ្លាក់ចូលក្នុងក្អមមួយដ៏ជ្រៅដែលពិបាករកមធ្យោបាយចេញឲ្យរួច។

រុយនិងស្តេចឃ្មុំបានជជែងគ្នាក្នុងក្អមដើម្បីរកច្រកចេញឲ្យផុតពីក្អម និងមានសេរីភាពដូចគេដូចឯង។

សត្វរុយឈ្មោះថាឆ្លាតដែលជាប្រភេទសត្វស្លាបមួយប្រភេទ តែពុំមានទ្រនិចឬពិសបានប្រាប់ស្តេចឃ្មុំថា យើងត្រូវហើរក្បែរៗជញ្ជាំងក្អមបន្តិចម្តងៗទៅរហូតដល់កក្អម មាត់ក្អមនិងហើរទៅខាងលើបានរួចខ្លួន។ សត្វរុយក៏ខំព្យាយាមដោយប្រើប្រាស់ការគិតបែបសីុជម្រៅ និងប្រើប្រាជ្ញាស្មារតីរួមទាំងភាពឆ្លាតវៃរបស់ខ្លួនដោយភាពស្លូតត្រង់ ស្មោះត្រង់ ទន់ភ្លន់តែស្វិតស្វាញនិងមិនធ្វើឲ្យអ្នកដទៃឈឺចាប់ដោយសារខ្លួនឡើយ រហូតដល់បានរួចខ្លួន។ សត្វរុយមានការសប្បាយចិត្តរីករាយនិងទទួលបានការគោរពកោតសរសើរពីមិត្តភក្តិដ៏ច្រើនលើសលប់។ សត្វរុយបានក្លាយជាគំរូដល់សំឡាញ់ដ៏ទៃ ។

រីឯស្តេចឃ្មុំឈ្មោះថាពូខ្លាំង បានស្រែកសម្លុតសត្វរុញដោយក្តីក្តៅក្រហាយថា ខ្ញុំមានទ្រនិច មានពិសដែលមិនមានអ្វីមករារាំងខ្ញុំបានឡើយ ត្រូវតែកម្ទេចឲ្យអស់បើមានសត្វណាប្រឆាំង និងខ្ញុំត្រូវប្រើកម្លាំង និងពិសរបស់ខ្ញុំបើទោះជាត្រូវចំណាយអស់ប៉ុណ្ណាក៏ដោយឲ្យតែខ្ញុំឈ្នះ ឱ្យតែខ្ញុំបានសេចក្តីសុខនិងបងប្អូនកូនចៅខ្ញុំបានសេចក្តីសុខទោះអ្នកណាស្លាប់ឱ្យស្លាប់ទៅ។

លើសពីនេះអ្នកណាក៏ដោយឱ្យតែមិនឱ្យខ្ញុំបានសុខអ្នកនោះក៏មិនបានសុខដែរ។ កងជំនួយដែលមានឈ្មោះថាព្រាបសបានមកជួយ ហើយប្រាប់ថាក្រុមខ្ញុំអាចជួយបានខ្ញុំអាចដាក់បង្អោងជាជំនួយបានសូមឡើងតាមនេះមកមានសុវត្ថិភាពហើយ។ តែស្តេចឃ្មុំបានសម្លុតក្រុមព្រាបស និងស្រែកដោយពុំមានការទទួលខុសត្រូវថា មិនខ្វល់ជំនួយអ្វីទេមិនមែនខ្ញុំស្លាប់ទេ ខ្ញុំត្រូតែកម្ទេចក្អមឲ្យអស់បើទោះជាត្រូវវិនិយោគអស់តម្លៃត្រឹមណាក៏ដោយ ។

បក្សពួកស្តេចឃ្មុំបានបន្ទរសរសើរលើកជើងស្តេចឃ្មុំថាត្រូវហើយល្អណាស់ជយោ !!! គតិបណ្ឌិត !!! យើងត្រូវតែកម្ទេចក្អមឱ្យអស់។ ចាំមើលតើវាខ្លាំងត្រឹមណា! ទីបំផុតស្តេចឃ្មុំបានទិចបាតក្អមជញ្ជាំងក្អមកក្អម និងប្រើប្រាស់ពិសរបស់ខ្លួនទិចគ្មានសល់ រហូតដល់ស្តេចឃ្មុំអស់កម្លាំងហេវហត់ដង្ហើមចង្រិតសន្លប់និងបាត់បង់ជីវិតដោយកេរ្តិ៏ឈ្មោះកិតិ្តយសស្អុយរលួយពេញចម្ការសត្វ។

បើតាមក្រមង៉ុយបានបញ្ជាក់ថា:

អាងព្រើលអាងប្រាជ្ញអាងកោងអាងកាច

អាងកាប់អាងចាក់អាងជើងអាងដៃ

អាងវ៉ៃអាងធាក់អាងគុកច្រវ៉ាក់

អាងម៉ាសុីនកាត់ក

រឿងកំប្លែងទី 14 ឆ្នាំវកឆ្នាំស្វាមានឱកាសច្រើន

ឆ្នាំនេះឆ្នាំវក ឆ្នាំស្វាមានឱកាសច្រើនឡើងតំណែងធំករណីស្វាប៉ាហ៊ី ហ្វឹកហាត់រៀនក្បួនយុទ្ធសាស្រ្តនិង ធ្វើអ្វីៗបានសម្រេចស្រមទៅតាមសាស្រ្តាចារ្យបង្ហាត់ស្វានៅសកលវិទ្យាល័យរាជសី ។

ស្វាជាសត្វមានប្រយោជន៍បំផុតនិងត្រូវរក្សាព្រៃឈើសួនឧទ្យានជាតិ និងតំបន់អភិរក្សសត្វស្វាគ្រប់ប្រភេទ ។ ស្វាមានច្រើនប្រភេទដូចជាស្វាក្រិសស្វាខុលស្វាខោស្វាព្រហ្មណ៍ស្វាអង្កត់ និងជាពិសេសស្វាមួយប្រភេទមានប្រាជ្ញាដែលប្រទេសមួយចំនួនរួមទាំងប្រទេសកម្ពុជាផងដែរ ចូលចិត្តយកស្វាមកបង្ហាត់ណាស់ព្រោះស្វាខុសពីមនុស្សត្រង់ថានៅពេលហាត់ដល់កម្រិត សត្វស្វាធ្វើតាមគ្រូឬម្ចាស់គ្រប់ដប់ ។

តែមនុស្សតែងតែប្រៀបធៀបស្វាទៅជាមនុស្សខូច មនុស្សឱកាសនិយម ចូលចិត្តធ្វើគ្រប់យ៉ាងឲ្យតែបានតំណែងធំ ហើយធ្វើបាបអ្នកនៅក្រោមការគ្រប់គ្រងរបស់ខ្លួន ។

ស្វាក្រិសបានលើកឡើងប្រាប់ស្វាខុលថា ខ្ញុំពេលជួបម្ចាស់ម្តងៗបើទោះមើលឃើញម្ចាស់ប្រព្រឹត្តអំពើពុករលួយក៏ដោយ ក៏ធ្វើមិនឃើញព្រោះខ្លាចអត់បានឡើងធំនិងមិនទទួលបានលាភពីមេឬម្ចាស់។ មានភ្នែកតែសុខចិត្តធ្វើមិនឃើញ។

ចំណែកស្វាខុលបានអួតអាងដាក់ស្វាខោថាខ្ញុំបានឮពេញត្រចៀកថាមេខ្ញុំលក់អាគារឬភូមិដ្ឋាន និងបានចំណែកច្រើន តែខ្ញុំុសុខចិត្តបិទត្រចៀកធ្វើមិនដឹងមិនឮដោយសារតែគេឲ្យម្នាក់៥០០ដុល្លារ ទិញចេកឱ្យហូបដែរ។
ទន្សោងគោព្រៃតូចសុីតាមតូចធំសុីតាមធំសីុតាមតាមជើងភ្នំផឹកទឹកដងអូរទាំងអស់គ្នា។

ស្វាខោបាននិយាយប្រាប់ស្វាព្រហ្មណ៍ដោយក្តីអស់សង្ឃឹមថា ធំក្លិនចំហាយសាយស្អុយចេញពីច្រកព្រំដែននានាតែសុខចិត្តបិទ ច្រមុះនិង ធ្វើមិនដឹងក្លិនឲ្យតែបានលុយប្រាក់លាភខ្លះៗគ្រាន់ចិញ្ចឹមខ្លួន និងគ្រួសារ។

រីឯស្វាព្រហ្មណ៍វិញមានរូបរាងស្អាតបានលូកដៃស្ទាបទៅដឹងថាមានស្ថានភាពរឹង មិនងាយកែប្រែនិងមិនងាយផ្លាស់ប្តូរភាពឃោរឃៅនេះទេ តែស្វាព្រហ្មណ៍បែរជាប្រាប់ដល់ស្វាកណ្តូងថាមិនអ្វីទេ ទៅបន្តិចម្តង ៗ និងនៅទន់ល្អទេ។

កាយកប់ត្រឡប់ពីសទៅខ្មៅដើម្បីចោទចាប់សម្លាប់

ស្វាកណ្តូងបានហូបចំណីរស់ជាតិល្វីងក្នុងរបបនេះ តែបែរជាប្រាប់ស្វាអង្កត់ថាផ្អែមល្អណាស់របបនេះ។

ចំណែកស្វាអង្កត់មានប្រាជ្ញាស្មារតីល្អឆ្លាតវៃមានសមត្ថភាពនិងគុណភាពតែធ្វើមិនខ្វល់ពីជនរងគ្រោះជនក្រីក្រចាស់ជរាកុមារកំព្រារាប់សែននាក់និងជនពិការគ្រប់ប្រភេទទៅវិញ។ ស្វាអង្កត់បែរជាប្រាប់គេឯងថាចូលស្ទឹងតាមបទចូលស្រុកតាមប្រទេស។ ធ្វើមិនដឹងមិនឮទៅវិញ និងថែមទាំងថាវិញ្ញាណទាំងប្រាំមួយមិនបានប្រើទេ បើចង់រស់ស្រួលត្រូវធ្វើតែតាមមេទៅឬស្រេចតែលោកប្រធានសម្រេច។

ស្វាទាំងប្រាំពីរបានលើកឡើងថា ពួកយើងបានត្រូវសាស្រ្តាចារ្យល្បីនៅសកលវិទ្យាល័យរាជសីបង្ហាត់ឡើងស្ទាត់ជំនាញហើយ យើងត្រូវតែលុតក្រាបនៅលើវេទិកាសម្តែង ស្វាប៉ាហ៊ីទាំងនោះព្យាយាមរាំច្រៀងតាមចង្វាក់ភ្លេង ដែលគេបានរៀបចំឱ្យសម្ដែងតាមទីក្រុងជនបទ និងហ៊ានសម្លាប់មនុស្សឲ្យតែម្ចាស់បញ្ជា។ ស្វាប៉ាហ៊ីបន្តថា យើងសុខចិត្តស្ថិតនៅក្រោមបាតជើងមនុស្សម្នាក់ ឱ្យតែបានត្រួតមនុស្សមួយនរគ។

លើសពីនេះទៅទៀតយើងត្រូវតែងាកចុះងាកឡើងងើមចុះងើមឡើងធ្វើមុខស្ញេញស្ញាញតាមមេបញ្ជានិងខ្សែញាក់។

ឆ្នាំវកឆ្នាំស្វា ពួកយើងមានឱកាសច្រើនក្នុងការទទួលតំណែងថ្មី ករណីធ្វើស្វាប៉ាហ៊ីបានសម្រេច។

មានក្រុមទន្សាយបានមកប្រាប់ពួកស្វាទាំងប្រាំពីរថា ពួកឯងគួរប្រើប្រាស់ការយល់ឃើញវិញ្ញាណរបស់យើងទាំង 6 ឱ្យបានសមស្របនិងស្អាតស្អំបំផុត និងប្រើប្រាស់សមត្ថភាពខ្លួនឯងផ្ទាល់តាមរយៈការចូលរួម ជៀសជាងតាមបញ្ជាដែលមិនត្រឹមត្រូវនិងនាំឱ្យមហន្តរាយដល់សង្គមជាតិនិងពលរដ្ឋយើង។

ទន្សាយប្រាជ្ញាបានលើកឡើងបន្តថាយើងគ្រប់រូបត្រូវរក្សានូវគុណតម្លៃកេរ្តិ៏ឈ្មោះនិងសេចក្តីថ្លៃថ្នូររបស់ខ្លួន និងមានសេចក្តីក្លាហានហ៊ានប្រឈមបញ្ហាគ្រប់បែបយ៉ាង ក៏មិនត្រូវធ្វើស្វាប៉ាហីដែរ។

សូមបន្តតាមដានរឿងកំប្លែងទី 15 បន្តទៀតនិងរហូតដល់ 99 រឿង

សូមទទួលនូវការគោរពដោយក្តីរីករាយនិងសូមបន្តការចូលរួមជាពហុមតិការរិះគន់បើទោះជាមតិខ្លះមិនសូវមានសីលធម៌ក្តី។ រាល់មតិយោបល់របស់លោកអ្នកខ្ញុំបាទបានអានវិភាគគ្រប់ជ្រុងជ្រោយ។

 មតិប្រកបដោយសីលធម៌ត្រូវបានទទួលការគោរពច្រើនពីខ្ញុំបាទ និងពីជនរួមជាតិ។ អត្តបទនិងរឿងនីមួយៗក្រោយពីលោកអ្នកបានផ្តល់យោបល់មកខ្ញុំបាទបានរៀនសូត្រច្រើននិងធ្វើការកែប្រែខ្លះៗនូវគំនិតណាល្អមុនធ្វើការបោះពុម្ភជាសៀវភៅជាសម្លេងនិងខ្សែភាពយន្តខ្លី។

រឿងកំប្លែងទី 15 ល្មោភអំណាចឬស្តង់ដារពីរ

វប្បធម៌ និងអំណាចបុគ្គលតែងតែមានឥទ្ធិពលលើគ្រួសារ សហគមន៍និងសង្គមជាតិទាំងមូលប្រសិនណាមិនមានតុល្យភាពអំណាចរវាងតុលាការសភា និងរដ្ឋាភិបាលដើម្បីទប់ស្កាត់មហិច្ឆតាបុគ្គលទេនោះ ។ មនុស្សមានការលោភលន់គិតប្រយោជន៍ផ្ទាល់ខ្លួន និងតែងតែប្រើប្រាស់អំណាចបុគ្គលលើសលប់ទៅលើអ្នកទន់ខ្សោយ និងអ្នកគ្មានអំណាច។

នៅក្នុងគ្រួសារហិង្សាមួយឪពុកធ្វើការធំឈ្មោះមិនខ្វល់ បានទទួលភ្ញៀវនៅក្នុងផ្ទះរួចហើយភ្ញៀវត្រឡប់ទៅផ្ទះវិញបាត់ ។ តែឪពុកមិនបានយកកែវទុកឱ្យស្រួលទេក៏ទុកចោលលើកម្រាលព្រំនោះ។ មួយម៉ោងក្រោយមកកូនវាសនាបានត្រឡប់មកពីវិទ្យាល័យវិញ ក៏ដើរចូលផ្ទះមិនបានមើលក្រោមហើយជ្រុលជាន់បែកកែវតែម្តងទៅ ។ ឪពុកបានស្តីបន្ទោសយ៉ាងខ្លាំងរហូតបានប្រើអំពើហិង្សាលើកូនវាសនាយ៉ាងធ្ងន់ធ្ងរទៀតផង ។ កែវនេះថ្លៃណាស់ដើរមិនមើល ឪពុកបានសួរថាហេតុអ្វីបានជាឯងមិនប្រុងប្រយ័ត្ន ។

ផ្ទុយទៅវិញនៅថ្ងៃបន្ទាប់ វាសនាបានហូបទឹករួចក៏ប្រញាប់ទៅសម្រាក ហើយភ្លេចកែវទឹកនៅលើកម្រាលព្រំតាមផ្លូវជិតទ្វារចូលចំកន្លែងដែលឪពុកភ្លេចលើកមុន ។ ឪពុកឈ្មោះថាមិនខ្វល់បានមកពីធ្វើការក៏ដើរមិនបានមើលក្រោម ទាត់កែវបែកតែម្តងទៅ។ ឪពុកបានស្តីបន្ទោសកូនវាសនាយ៉ាងខ្លាំងម្តងទៀតថា ហេតុអ្វីបានជាទុកកែវមិនបានឲ្យត្រឹមត្រូវ ? ស្រែកជេរប្រកបដោយពាក្យអសីលធម៌ និងរហូតដល់ប្រើហិង្សាលើកូនយ៉ាងឃោរឃៅម្ដងទៀត។

កូនមានការគិតសុីជម្រៅក៏សួរទៅឪពុកថាពុកធ្វើការធំនិងមានអ្នកនៅក្រោមឱវាទច្រើននិងមានពលរដ្ឋជាច្រើនទៀតផង នៅពេលលោកឪពុកបានធ្វើដូចនេះលើអ្នកដទៃរាល់ថ្ងៃដោយពុំបានពិចារណាដូចខ្ញុំនេះ មានអ្នករងគ្រោះច្រើនណាស់ ដែលរងគ្រោះដោយការមិនបានគិតឲ្យបានច្បាស់លាស់របស់លោកឪពុក កូនបានសួរបន្តថាតើពេលណាឪពុកឈប់ធ្វើបែបនេះ។

លោកឪពុកជេរប្រមាថគេថាជាពាក្យធម្មតាតើដល់ពេលគេជេរវិញពុកគិតយ៉ាងម៉េចដែរ!

លោកឪពុកឱ្យគេកាប់ឈើស្ទើរវិនាស និងក្លាយជាអ្នកមានលុយរាប់ពាន់លានបែរជារួចខ្លួន តែគេកាប់បន្តិចបន្តួចបែរជាជាប់ពន្ធនាគារ ។ តើយ៉ាងដូចម្តេចទៅ?

គេប្រើពាក្យមិនសូវល្អរបស់ឧត្តមមន្រ្តីម្នាក់ដាក់មន្ត្រីសាធារណៈ ឪពុកដកគេពីតំណែងតើឪពុកជេរគេគំរាមគេរាល់ថ្ងៃយ៉ាងណាដែរ?

ករណីការប្រព្រឹត្តិនេះរបស់ឪពុកម្នាក់ឯងបានជះឥទ្ធិលខ្លាំងបែបនេះទៅហើយ ចុះមន្រ្តីរបស់ឪពុកបានរៀនតាមធ្វើតាមតើមានភាពអយុត្តិធម៌បែបណាដែរ! ឪពុកបានឆ្លើយទាំងបំពានថាកុំចេះឯងជាកូនយើងជាឪពុកយើងជាអ្នកធំចង់ធ្វើអ្វីក៏បាននរណាប្រឆាំងត្រូវចាប់ដាក់ពន្ធនាគារ។

លោកឪពុកតែងតែប្រព្រឹត្តិបែបមាន់ដែលឪពុកចង់សម្លាប់យកមកហូបឪពុកតែងតែចោទថាមាន់នោះឈឺឬមានជម្ងឺបើទោះមាន់នោះជាឬធម្មតាក៏ដោយ។ តែផ្ទុយទៅវិញពេលដែលមាន់ឪពុកចង់រក្សាទុកបើទោះជាមាន់នោះឈឺក៏ឪពុកត្រូវឱ្យគេយកទៅព្យាបាលដែរ។

មនុស្សមានកំហុសច្រើនលើសលប់លោកឪពុកថា គេថាមនុស្សល្អឡើងតំណែងនិងទទួលបានការកោតសរសើរតែផ្ទុយទៅវិញមនុស្សស្អាតស្អំស្មោះត្រង់ទន់ភ្លន់មានភាពជាអ្នកដឹកនាំល្អបើកចំហរនិងតាមគោលការណ៍ប្រជាធិបតេយ្យលោកឪពុកចោទគេថាមនុស្សឆ្គួតឡប់ល្ងង់និងមិនចេះធ្វើការទៅវិញ។ តើឪពុកជាមនុស្សបែបណា?

អ្នកដឹកនាំល្អត្រូវមានទំនួលខុសត្រូវខ្ពស់ ដោះស្រាយបញ្ហាដោយខ្លួនឯងមិនបន្ទោសអ្នកក្រោមនិងមិននាំរឿងដល់ថ្នាក់លើ។

រឿងកំប្លែងទី 16 យាយចាស់ៗអាយុ 70 ឆ្នាំមានកូនខ្ចី

ការសិក្សាសុខភាពបន្តពូជស្រ្តីអាយុ 49 ឆ្នាំ 15 ដល់ គឺជាស្រ្តីក្នុងវ័យបន្តពូជដែលអាចបង្កកំណើតកូនចៅបាន ។ ផ្ទុយទៅវិញស្រ្តីដែលមានអាយុលើសពី 50 ឆ្នាំ ភាគច្រើនលើសលប់អស់រដូវនិងលែងមានលទ្ធភាពបង្កកំណើតបាន បើទោះណាពួកគាត់នៅសកម្មផ្លូវភេទក៏ដោយ ។

ចុះហេតុអ្វីបានជាយាយចាស់ៗខ្មែរអាយុ៧០ឆ្នាំ 80 ឆ្នាំ និងជាង៨០ឆ្នាំបច្ចុប្បន្ននៅមានកូនខ្ចីម្នាក់ៗរហូតដល់៣ទៅ៥នាក់យ៉ាងនេះទៅវិញ ?

នៅភូមិព្រៃស្លាឃុំព្រៃព្នៅស្រុកពារាំងខេត្តព្រៃវែងនៅវេលាម៉ោងប្រមាណ 4 រសៀលមានយាយម្នាក់ឈ្មោះយាយពេជ្រសីុឡាត់ មានអាយុ៧២ឆ្នាំបានបណ្តើរកូនតូចៗ៤នាក់ ក្នុងនោះមានកូនមួយតូចជាងគេអាយុ 6 ខែមកផ្សារព្រៃស្លា។

នៅពេលនោះ មនុស្សជាច្រើនចាប់ផ្តើមឆ្ងល់ថាហេតុអ្វីបានជាយាយមានកូនខ្ចី ?

ពូម្នាក់ឈ្មោះគ្រូងនបានសួរថាហេតុអ្វីបានជាយាយមានកូនខ្ចី? ចៅទេដឹង? យាយបានស្រក់ទឹកភ្នែកយំយ៉ាងរន្ធត់និយាយមិនចេញ ដោយសារលោកយាយទទួលការលំបាកហួសហេតុក្នុងជីវិត ។ គ្រូងនក៏ឈប់សួរហើយ សុំជម្រាបលាលោកយាយដោយទឹកចិត្តអាណិតអាសូរក្រៃលែង ។

បែរមកកូនទាំង 4 នាក់ ខំស្រែកយំទ្រហឹងសុំយាយទិញនំហូបទាំងបីទាំង៤នាក់ តែជាអកុសលយាយបានឆ្លើយប្រាប់កូនវិញថាអត់លុយទេ មានតែលុយខ្ចីគេតិចតួចសម្រាប់ទិញម្ហូប និងបន្លែ។ ទិញម្ហូបរួចហើយ យាយក៏ប្រញាប់ត្រឡប់ទៅវិញដោយដៃម្ខាងបីកូន ដៃម្ខាងទៀតយួរបន្លែផងដឹកដៃកូនបីបួននាក់ផង។ គួរឱ្យអាណិតអាសូរក្រៃលែង។

មានបុរសម្នាក់មកពីភ្នំពេញ ឈ្មោះមួយរយរាត្រីបានស្នាក់អាស្រ័យនៅភូមិនេះមួយយប់ដែរ និងបានសួរលោកយាយបន្តថាតើមានមនុស្សចាស់ៗច្រើនទេមានកូនតូចៗនិងកូនខ្ចីដូចលោកយាយ? លោកយាយយំបណ្តើរ ឆ្លើយបណ្តើរទាំងទឹកភ្នែកហូរយ៉ាងខ្លាំង ។ ប្អូនមើលទៅកាលពីមុនមានស្រែមានត្រីក្រោយផ្ទះមានអុសដុតនៅព្រៃអង្គក្នុងភូមិ មានកូនចៅរស់នៅផ្តល់ភាពកក់ក្តៅក្នុងគ្រួសារណាស់ ។ អស់ហើយអស់សង្ឃឹម! ខ្ញុំបានមើលឃើញរីកចម្រើនណាស់ស្រុកយើង តើនរណាជាអ្នកទទួលផលពីការរីកចម្រើននេះ ? បើម្នាក់ៗក្នុងភូមិមានស្ថានភាពបែបនេះ !

លោកយាយបានបន្តថាកាលពីដើម កូនស្រីទៅរៀនមានបងប្អូនជាប្រព័ន្ធការពារយ៉ាងមាំ (ប្រព័ន្ធការពារគ្រួសារ) និងចេញទៅណាមកណាមានអ្នកជិតខាងអ៊ំុពូមីងជួយថែរក្សាគ្នាទៅវិញទៅមកពេលមានអាសន្នម្តង ៗ មានការជួយគ្នាទៅវិញទៅមកល្អណាស់តែឥឡូវប្រែប្រួលអស់រលីងហើយ (ប្រព័ន្ធការពារសហគមន៍) ។

 លោកប្អូនដឹងទេពីសង្គមមុនកូនចៅទៅណាមកណាគ្មានការព្រួយបារម្ភទេសុវត្ថិភាពល្អប៉ុន្តែសង្គមនេះព្រួយណាស់ព្រោះកូនចៅអាចជាប់អន្ទាក់ដូចជាគ្រឿងញៀនកេងប្រវ័ញ្ចផ្លូវភេទពួកចោរកម្ម និងនៅសុខៗគេចោទថាចូលកក្នុងក្រុមសង្គមងងិត (កង្វះនៃសុវត្ថិភាពសង្គមឬរលុងសុទ្ធនៃរដ្ឋធានីសង្គម) ។

មកដល់ត្រឹមនេះ លោកយាយបានបន្តយំយ៉ាងខ្លាំងដោយរៀបរាប់ថា តាមពិតមិនមែនកូនខ្ញុំទេគឺសុទ្ធតែចៅទេ។ យាយតាចាស់ៗគ្រប់ភូមិ គ្រប់ស្រុកស្ទើរទូទាំងប្រទេសមានចៅតូចៗម្នាក់៥ទៅ៦នាក់ដោយសារតែកូនៗ ចាកចោលស្រុកអស់ហើយ ទៅសុីឈ្នួលធ្វើការងារតាមផ្ទះគេនៅកូរ៉េ ម៉ាឡេសុីនិងថៃវេទនាណាស់ប្អូន។

អ្នកខ្លះទៅធ្វើការចំប៉ះអ្នកល្អបានរស់នៅស្រួលតែភាគច្រើន ដូចកូនខ្ញុំប៉ះម្ចាស់ផ្ទះចិត្តឃោរឃៅ មិនមានលុយផ្ញើមកផ្ទះទេ។

 កូនខ្ញុំបានប្រាប់ថាសេដ្ឋកិច្ចថៃធ្លាក់ចុះក្រោយរដ្ឋប្រហារយោធា ការងារមិនទៀងទាត់ ពេលខ្លះអត់ការងាររហូត៦ខែក្នុងមួយឆ្នាំ អត់មានលុយផ្ញើមកផ្ទះចិញ្ចឹមកូនចៅនិងមិនមានលុយសងការប្រាក់លោកដាទេ។

ដោយសារក្រពេកទើបឱ្យកូនទៅធ្វើខ្ញុំគេ តើមានបងប្អូនខ្មែរណាចង់ឲ្យកូនរបស់ខ្លួនទៅសុីឈ្នួលតាមផ្ទះគេទេ ?

យាយបន្តយំ និងនិយាយដោយក្តីអស់សង្ឃឹមក្នុងជីវិត

រឿងកំប្លែងទី 17 ពុករលួយដល់បាតដាល

សង្គមដែលរីកចម្រើនរុងរឿង ចាប់ផ្តើមពីការកសាងប្រព័ន្ធយុត្តិធម៌សង្គម និង ប្រព័ន្ធសុច្ចរិតភាពខ្ពស់តាមរយៈកម្មវិធីបណ្តុះគ្រាប់ពូជល្អ មានគុណភាពនិងភាពស្មើគ្នាចំពោះមុខច្បាប់។

នៅក្នុងកិច្ចប្រជុំអន្តរប្រទេសមួយបុរសបីនាក់មកពីប្រទេសវៀតណាមថៃនិងខ្មែរ បានយកឱកាសពេលសម្រាកជជែកគ្នាពីបញ្ហាពុករលួយនៅប្រទេសរៀងៗខ្លួន ។

បុរសវៀតណាមឈ្មោះ ង្ងៀងតន់បានចាប់ផ្តើមនិយាយប្រាប់មិត្តភក្តិដែលអង្គុយជាមួយគ្នាថា ស្រុកខ្ញុំតឹងតែងណាស់មិនងាយពុករលួយទេចង្អៀតណាស់ហើយបើគេចាប់បានមិនថាឡើយរដ្ឋមន្រ្តីសូម្បីតែលេខាបក្សក៏ជាប់ទោសដែរ។ ទោសខ្លះរហូតដល់ប្រហាជីវិតទៅទៀត។ លាក់ការខ្ពស់រស់បានយូរនិងអ្វីៗធ្វើដោយសម្ងាត់ធ្វើក្រោមតុមិនអាចបើកចំហបានទេ។

បុរសថៃម្នាក់ឈ្មោះប្រាថ្នាឆៃលើកឡើងភ្លាមថា ប្រទេសខ្ញុំពុករលួយដោយចំហ អ្នកធំបើកក្រុមហ៊ុនរកសុីដោយសហការជាមួយមន្រ្តីរដ្ឋ យកអំណាចមករកសុីបែបប្រជាភិថុតលួចពន្ធដារបង់ពន្ធតិចតួច និងយកលុយចំណេញធ្វើកិច្ចការសង្គមកិច្ចជូនពលរដ្ឋ ។ អ្នកធំអាចរកសីុដោយចំហបានមានន័យថាក្រោមតុក៏បានលើតុក៏បាន។

បុរសខ្មែរឈ្មោះថាតម្លាភាពបានលើកឡើងថា នៅស្រុកខ្ញុំពុករលួយប្រកបដោយតម្លាភាព ក្រោមតុក៏បានលើតុក៏បានទាំងតុក៏បានលើអាកាសក៏បានលើដីក៏បានក្នុងដីក៏បាននិងដល់បាតដាលក៏បានដែរ។

បុរសវៀតណាមនិងថៃចាប់ផ្តើមឆ្ងល់ ហើយសួរព្រមគ្នាថាតើក្រោមដីពុករលួយយ៉ាងដូចម្តេចទៅ ?

បុរសខ្មែរឆ្លើយថាមិនជឿនលឿនមែនឯង បើកក្រុមហ៊ុនសុំអាជ្ញាប័ណ្ណស្រាវជ្រាវរករ៉ែក្រោមដី ហើយយើងអាចប្រកបមុខរបរអាជីវកម្មរ៉ែក្រោមដីបានហើយ ។ ពេលអស់រ៉ែក្រោមដីប្រាប់និងរាយការណ៍ថាអត់មានរ៉ែទេរួចសុំមួយកន្លែងទៀតទៅ។ ថៃសួរបន្តចុះបើពេលគេដឹងថាបានរ៉ែហើយខូចកេរ្តិ៍ឈ្មោះធ្វើដូចម្តេចទៅ។ បិទចោលរួចបើកមួយទៀតចប់ហើយ។ វៀតណាមក៏ភ្ញាក់ឆ្លើយថាងាប់ហើយងាយដូចនេះផង! ខ្មែរឆ្លើយថាពុករលួយដល់បាតដាល។ លើសពីនេះទៅទៀតសូម្បីស្លាប់ហើយក៏ពុករលួយបានដែរ? ថៃសួរបន្តយ៉ាងដូចម្តេចទៅបើស្លាប់ហើយ?

ធ្វើចេតិយអស់រាប់សែនដុល្លារត្រូវការលុយឱ្យមន្រ្តីជួយឧបត្ថមនិងពុករលួយបន្ថែមនិងពេលខ្លះបញ្ចុះមាសពេជ្រក្រោមចេតិយទៀតក៏ត្រូវការលុយពុករលួយដែរ។

ពុករលួយដល់បាតដាល

វៀតណាមនិងថៃចង់ដឹងនិងរៀនសូត្រតាមបានសួរបន្តថា

ចុះធ្វើការធំអាចបើកក្រុមហ៊ុនបានដែរទេនៅខ្មែរ ? ងាប់ក្រុមគ្រួសារមួយនោះរាប់រយក្រុមហ៊ុន ! ឱ្យមនុស្សផ្សេងឈរឈ្មោះទៅឬកូនចៅសាច់ញាតិយើងរកសុីជំនួយទៅ! ពុករលួយដល់បាតដាលព្រោះនរណាហ៊ាន! ល្បងលមើលទៅ!

រឿងកំប្លែងទី 18 ស្មានតែគេមើលមិនឃើញ

នៅក្នុងចក្រវាលមានបុរសម្នាក់ឈ្មោះហួសស្តាយថេកអូវើជាបុរសលោភលន់ដែលតែងតែចង់បានចង់មានចង់ត្រួតត្រានិងគិតថាអ្វីៗជារបស់គាត់និងក្រុមគ្រួសារតែម្នាក់គាត់។ ថ្ងៃមួយបុរសមានចិត្តលោភលន់បានទៅរៀនវិជ្ជាសីលពីលោកតាឥស្សីនៅខេត្តចក្ររាសីស្ថិតនៅផ្កាយព្រះអាទិត្យដែលជាផ្លូវនៃផ្កាយព្រះគ្រោះ ។

បុរសបានរៀនចេះចាំស្ទាត់ ក៏ត្រឡប់មកសាកវិជ្ជានៅពិភពថ្មីដែលព្យាយាមប្រមូលទ្រព្យធន ទ្រពសម្បត្តិពីអ្នកស្រុកតាមវិជ្ជាពិសេសដែលអ្នកស្រុកពិបាកដឹង និងឃើញ។ ដោយសារតែមហិច្ចតាគ្មានទីបញ្ចប់ បុរសបានព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីគ្រប់គ្រងទ្រព្យធនទាំងអស់ដែលមានដោយអាថិកំបាំងបំផុតដែលមិនអាចឲ្យលេចឭខ្ចរខ្ចាយបានឡើយ ។

ជាអកុសលនៅថ្ងៃមួយ បុរសបានសមាធិបំបាំងខ្លួនមិនឲ្យពលរដ្ឋធម្មតាមើលដឹងដោយសាកដើរស្រាតដោយខ្លួនទទេយ៉ាងសង្ហា និងសប្បាយរីករាយ។ ដើរស្រាតពីភូមិមួយទៅភូមិមួយទៀតពីស្រុកមួយទៅស្រុកមួយទៀតដោយនឹកស្មានថាគ្មាននរណាមើលឃើញ។ ពលរដ្ឋនិងមន្រ្តីមើលឃើញច្បាស់តែដោយខ្លាចវិជ្ជាសីលមិនហ៊ានស្តី។

ដោយសារតែភ្លេចវិជ្ជាគុណមួយចំណុច បុរសយើងបានដើរស្រាតដែលពលរដ្ឋគ្រប់រូបមើលឃើញទាំអស់នូវអ្វីដែលខ្លួនមាន ។

ងាប់ហើយស្មានតែគេមិនដឹងនិងមើលមិនឃើញ។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: