jump to navigation

រង់ចាំ 11/10/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ពិត.
Tags: , ,
trackback

មាន សុភមង្គល មានគ្រួសារគឺជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ។ តាមរូបសម្បត្ដិ សមត្ថភាព និងជីវភាពគ្រួសាររបស់ខ្ញុំ ខ្ញុំអាចជ្រើសរើសនារីស្អាតមកធ្វើជាភរិយាបានយ៉ាងងាយ ប៉ុន្ដែខ្ញុំបែរជាបោះបង់ភាពជាយុវវ័យ បោះបង់ចោលនូវឱកាសសាងគ្រួសារដោយមិនដឹងខ្លួន អស់រយៈពេលជាង២០ឆ្នាំហើយ នេះមិនមែនមកពីខ្ញុំវក់នឹងការងារ ឬការសប្បាយនោះទេ គឺខ្ញុំកំពុងតែរង់ចាំនារីម្នាក់ ដែលខ្ញុំមិនធ្លាប់គិតថា «ស្រឡាញ់» ហើយខ្ញុំក៏មិនដឹងខ្លួនថា ខ្ញុំមានចិត្ដស្រឡាញ់នាង ឬក៏អត់នោះដែរ ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំខឹងនឹងនាងណាស់ ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការណាត់ បើនាងចង់ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ឲ្យខ្ញុំដឹង ជាង២០ឆ្នាំហើយថ្ងៃណាក៏ខ្ញុំទៅចាំនាងនៅមុខមន្ទីរពេទ្យ កាល់ម៉ែត្រដែរ ពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំលើកចុងក្រោយ ប៉ុន្ដែនាងបែរជាមិនមក នាងទុកឲ្យខ្ញុំរង់ចាំនាង ចាំហើយចាំទៀត មួយថ្ងៃ មួយខែ មួយឆ្នាំ រហូតដល់ជាង២០ឆ្នាំ ។ នាងខឹងនឹងខ្ញុំដែលបោកប្រាស់នាងមែនទេ ? នាងចង់សងសឹកមែនទេ ?

ទេខ្ញុំជឿជាក់លើចិត្ដស្រឡាញ់ របស់នាងចំពោះខ្ញុំទោះស្នេហានេះមានរយៈពេលខ្លីក៏ដោយ ខ្ញុំចេះតែមានអារម្មណ៍មួយថា នាងកំពុងតែរង់ចាំខ្ញុំនៅទីនោះ ។

ខ្ញុំចាំថាកាលពី២០ ឆ្នាំមុន ខ្ញុំស្ថិតក្នុងវ័យ២២ឆ្នាំ ជានិស្សិតមហាវិទ្យាល័យ ខ្ញុំមានរូបរាងសង្ហា ជាកូនអ្នកមានទ្រព្យសម្បត្ដិ មានប្រាក់ចាយមិនខ្វះ ខ្ញុំអាចទាក់ទងស្រីស្អាតបានជាច្រើន ប៉ុន្ដែស្នេហាសម្រាប់ខ្ញុំ បីដូចជាការញ៉ាំអំពៅ គឺពេលដែលអស់រស់ជាតិហើយ ខ្ញុំនឹងខ្ជាក់វាចោលដោយគ្មានស្រណោះ ។ ព្រហ្មលិខិតបានតម្រូវឲ្យខ្ញុំស្គាល់នារីម្នាក់ឈ្មោះ «នីតា» ដែលនាងទើបតែផ្លាស់មកពីខេត្ដចូលមករៀនថ្នាក់ជាមួយខ្ញុំ មើលទៅនាងក៏ស្អាតណាស់ដែរ តែសម្រស់របស់នាងត្រូវបិទបាំងដោយទឹកមុខស្លេកៗ មើលទៅដូចជាអ្នកជម្ងឺ បើឲ្យខ្ញុំស្រឡាញ់នោះ ប្រហែលជាទៅមិនរួចទេ តែមើលលេងសើចអាចខ្លះ ។

នៅថ្ងៃ ដំបូងដែលនាងបានបង្ហាញខ្លួននៅក្នុងថ្នាក់របស់ខ្ញុំ កែវភ្នែកទាំងគូរបស់នាងតែងតែលួចសម្លឹងមកខ្ញុំ ដែលអាចបញ្ជាក់ឲ្យឃើញថា នាងកំពុងតែចាប់អារម្មណ៍មកលើខ្ញុំ វារឹតតែធ្វើឲ្យខ្ញុំបានចិត្ដ និងមើលស្រាលចំពោះនាង ។ រាល់ថ្ងៃ សង្កេតមើលនាងយូរទៅ នាងហាក់បីដូចជាមនុស្សចម្លែក មើលទៅរាងកាយនាងដូចជាទន់ខ្សោយ តែចិត្ដរបស់នាងរឹងមាំណាស់ នាងជាមនុស្សរួសរាយ រាក់ទាក់ នាងធ្វើខ្លួនហាក់បីដូចជាស្រឡាញ់ពិភពលោកនេះណាស់ មិត្ដរួមថា្នក់របស់ខ្ញុំអ្នកណាក៏ស្រឡាញ់ចូលចិត្ដនាងដែរ តែសម្រាប់រូបខ្ញុំ នាងដូចជាគ្មានអ្វីអស្ចារ្យនោះទេ ពីព្រោះខ្ញុំយល់ថា នាងក៏ដូចជាស្រីៗដទៃអញ្ចឹងដែរ គឺលង់ស្នេហ៍កំលោះសង្ហាដូចជារូបខ្ញុំនោះដូចតែគ្នា ។ ថ្ងៃមួយ ខ្ញុំបានភ្នាល់ជាមួយមិត្ដខ្ញុំថា ខ្ញុំនឹងធ្វើឲ្យនាងស្រឡាញ់ខ្ញុំក្នុងរយៈពេលបីខែ ហើយនាងនឹងយំអង្វរខ្ញុំនៅពេលដែលខ្ញុំបោះបង់នាងចោល ។

– ពួកឯងជឿទេ គ្នាអាចធ្វើឲ្យស្រីមុខស្លេកម្នាក់នេះលង់ស្នេហ៍គ្នាបាន (ខ្ញុំនិយាយដោយភាពជឿជាក់) ។

– អ្ហេ ឬមួយក៏ឯងចាប់អារម្មណ៍នឹងនីតាបានជានឹកចង់ទាក់ទងនាង តែមើលទៅនាងដូចជាមិនត្រូវនឹងចំណូលចិត្ដឯងសោះ ។

– គ្រាន់តែចង់លលេងទេ ពីព្រោះឮល្បីថានាងចិត្ដរឹងណាស់ ។

– អូខេ បើឯងឈ្នះ ពួកគ្នានឹងប៉ាវឯងចូលខារ៉ាអូខេ…។

ខ្ញុំ ចាប់ផ្ដើមទាក់ទងនាងដោយសុំលេខទូរស័ព្ទរបស់នាងពីមិត្ដនាង ។ ថ្ងៃដំបូងដែលខ្ញុំបានទូរស័ព្ទទៅនាង ខ្ញុំបានសួរនាំនាងទៅតាមវិធីរបស់ខ្ញុំ មើលទៅនាងដូចជាសប្បាយចិត្ដណាស់ ពេលបាននិយាយជាមួយខ្ញុំ ការពិតទៅនាងដូចជាចិត្ដងាយណាស់ បែបនេះដូចជាមិនសូវសប្បាយ តែចាត់ទុកថា លេងកែអផ្សុកទៅចុះ ។

ថ្ងៃទីបីនៃល្បែងរបស់ខ្ញុំ….

-នីតា ដឹងទេខ្ញុំពិតជាពេញចិត្ដនាងណាស់ ។ គឺខ្ញុំ….ខ្ញុំស្រឡាញ់នាង…

– ខ្ញុំក៏ស្រឡាញ់លោកដែរ គឺស្រឡាញ់យ៉ាងពិតប្រាកដ ។

នេះជាចម្លើយដែលធ្វើឲ្យខ្ញុំស្មានមិនដល់ វាហាក់បីដូចជាលឿនពេក ហួសពីគម្រោងរបស់ខ្ញុំ ។

-នីតាមិនគិតមើលសិនទេ អ្ហេ ?

– សម្រាប់ខ្ញុំ ខ្ញុំមិនស្ដាយក្រោយ និងមិនបណ្ដែតបណ្ដោយពេលវេលាឡើយ ចំពោះការនិយាយពាក្យថា ស្រឡាញ់ទៅមនុស្សដែលខ្ញុំស្រឡាញ់ បើខ្ញុំដឹងថាខ្ញុំស្រឡាញ់គេពិតប្រាកដហើយនោះ ខ្ញុំមិនចង់ឲ្យពេលវេលាសូម្បីតែមួយវិនាទីកន្លងហួសទៅឡើយចំពោះ ស្នេហា ខ្ញុំនឹងស្រឡាញ់លោកអស់មួយជីវិត ។

ពេលនិយាយ ចប់នាងក៏សុំបិទទូរស័ព្ទ ទុកឲ្យខ្ញុំនៅភាំងម្នាក់ឯង នេះជាលើកទីមួយហើយដែលមនុស្សស្រីធ្វើឲ្យខ្ញុំស្លុងអារម្មណ៍នឹង ពាក្យថា «ស្នេហាពិត» បើទោះជានាងមិនមែនជាស្រីទីមួយឡើយដែលនិយាយថាស្រឡាញ់ខ្ញុំពិត នោះ តែមិនដឹងថាហេតុអីបានជាបេះដូងរបស់ខ្ញុំលោតញាប់នៅពេលដែលបានឮ ពាក្យស្រឡាញ់នេះចេញពីមាត់មនុស្សស្រីម្នាក់ដែលខ្ញុំចាត់ទុកជា ល្បែងភ្នាល់គ្នាលេង ។ មិនអាចទេ ខ្ញុំមិនអាចធ្វើឲ្យអារម្មណ៍របស់ខ្ញុំយ៉ាងនេះទេ នីតានាងគ្មានសំណាងធ្វើជាមនុស្សដែលខ្ញុំស្រឡាញ់ពិតប្រាកដបានទេ នាងអាចនៅក្បែរខ្ញុំបានតែបីខែប៉ុណ្ណោះ ។

ខ្ញុំបាន បំពេញកិច្ចការគួរឲ្យធុញទ្រាន់មួយ គឺធ្វើជាទន់ភ្លន់ ផ្អែមល្ហែម យកចិត្ដមនុស្សស្រីម្នាក់ដែលខ្ញុំមិនពេញចិត្ដបន្ដិចទាល់តែសោះ មើលទៅនាងពិតជាស្រឡាញ់ខ្ញុំខ្លាំងណាស់ តែអ្វីដែលចម្លែកនោះ ត្រឹមតែខែដំបូងនាងបានធ្វើចិត្ដខ្ញុំផ្លាស់ប្ដូរដោយមិនដឹងខ្លួន ចំពោះទស្សនៈស្នេហា នាងបានផ្ដល់នូវអារម្មណ៍ចម្លែកជាច្រើនដែលខ្ញុំពុំធ្លាប់ជួប ជាមួយនារីផ្សេង ។ ពេលវេលាផ្លាស់ប្ដូរពីមួយថ្ងៃទៅមួយថ្ងៃ នាងកាន់តែមានស្នេហាជ្រាលជ្រៅចំពោះខ្ញុំ នាងបានផ្ដល់ឱកាសឲ្យខ្ញុំស្និទ្ធស្នាលជាមួយនាង នាងបានផ្ដល់ភាពសំខាន់ឲ្យខ្ញុំ នាងស្ទើរតែធ្វើឲ្យខ្ញុំភ្លេចខ្លួនថា ខ្ញុំកំពុងតែលេងល្បែងទៅហើយ ពាក្យថាធុញទ្រាន់ដែលខ្ញុំធា្លប់និយាយពីដំបូងក៏រលាយបាត់ នាងតែងតែរៀបរាប់រឿងរបស់នាងឲ្យខ្ញុំស្ដាប់ ដូចជារឿងគ្រួសារនាង ស្ដាប់ទៅដូចជារីករាយណាស់ តែខ្ញុំបែរជាមានអារម្មណ៍ថា អាណិតនាងទៅវិញ ទោះជានាងសើច នាងញញឹមមិនដែលស្រពោនក៏ដោយ ។

– មើលទៅអូនចូលចិត្ដថតរូបណាស់ ណ្ហ៎ !

– អូនចង់ផ្ដិតយកពេលវេលាដែលអូននៅក្បែរបងឲ្យក្លាយជាអមតៈ វាជាការថែរក្សាអនុស្សាវរីយ៍ដ៏ល្អមួយ ។

ខ្ញុំយកដៃទាញក្បាលនាងមកផ្អឹបនឹងដើមទ្រូង…

– មួយជីវិតអូននេះ តើអូនខ្លាចអ្វីជាងគេ ?

– គឺសេចក្ដីស្លាប់ អូនពិតជាខ្លាចខ្លាំងណាស់

– ក្មេងល្ងង់ អ្នកណាក៏គេខ្លាចដែរ ។ អញ្ចឹងមិនខ្លាចបាត់បងទេ អ្អេ ?

– អ្វីៗវាសនាបានកំណត់រួចហើយ ។….បានហើយយើងទៅវិញទៅ អូនអស់កម្លាំងណាស់ ។

ល្ខោន ស្នេហារបស់ខ្ញុំបានចាប់ដំណើរការទៅយ៉ាងល្អ ប៉ុន្ដែនៅជិតនាងកាន់ច្រើន កាន់តែយល់ថា នាងចម្លែក តែភាពចម្លែករបស់នាងពិតជាទាក់ទាញណាស់ ។ អស់រយៈពេលពីរខែកន្លងផុតទៅហើយសម្រាប់ល្បែងមួយនេះ ខ្ញុំស្ទើរតែភ្លេចខ្លួនបាត់ទៅហើយថា វាគ្រាន់តែជាល្ខោនរយៈពេលខ្លីមួយ ខ្ញុំហាក់ដូចជាមិនដាច់ចិត្ដសោះក្នុងការបំផ្លាញបេះដូងរបស់នាង ខ្ញុំបានព្យាយាមដាស់ខ្លួនឯងជានិច្ច ដើម្បីកុំឲ្យលង់លក់ក្នុងល្បែងមួយនេះ ពិតមែនហើយនាងមិនមែនជានារីដែលខ្ញុំប្រាថ្នានោះទេ នាងមិនសក្ដិសមនឹងខ្ញុំទេ មានស្រីស្អាតច្រើនណាស់ដែលនៅរង់ចាំខ្ញុំ ។

ពេលនេះ ខ្ញុំចាប់ផ្ដើមបញ្ចេញភាពព្រងើយកន្ដើយដាក់នាង ពេលខ្លះខ្ញុំធ្វើជាទាក់ទងស្រីផ្សេងនៅចំពោះមុខនាង ហើយនាងក៏តែងតែបញ្ចេញអាការៈប្រច័ណ្ឌខ្ញុំពេលនៅចំពោះមុខមិត្ដ របស់ខ្ញុំ តែពេលផុតពីមុខគេនៅតែពីរនាក់ នាងធ្វើហាក់បីដូចជាគ្នារឿងអ្វីកើតឡើង ខ្ញុំពិតជាឆ្ងល់ណាស់ ការពិតនាងកំពុងគិតអ្វី ខ្ញុំឧស្សាហ៍រករឿងនាងណាស់ ប៉ុន្ដែនាងក៏ខំកែប្រែនូវអ្វីដែលខ្ញុំមិនពេញចិត្ដ រហូតដល់ខ្ញុំមិនដឹងថាគួររកអ្វីមកចាប់កំហុសនាង ។

– ហេតុអ្វីក៏នាងធ្វើតាមចិត្ដខ្ញុំម្ល៉េះ ?

– ខ្ញុំស្រឡាញ់បង ខ្ញុំមិនចង់ឲ្យរឿងតិចតួចធ្វើឲ្យខកខានភាពរីករាយដល់ស្នេហារបស់ខ្ញុំឡើយ ។

– ចុះបើថ្ងៃណាមួយបងក្បត់អូន អូនធ្វើយ៉ាងម៉េច ?

– ចុះបើថ្ងៃណាមួយអូនទៅឆ្ងាយចោលបង បងធ្វើយ៉ាងម៉េច ? (នាងនិយាយបណ្ដើរយកដៃអង្អែលថ្ពាល់របស់ដាវិតថ្នមៗ)

– នោះជារឿងល្អហើយ (ខ្ញុំគ្រាន់តែគិតក្នុងចិត្ដប៉ុណ្ណោះ)

– ជិតដល់ពេលហើយ

– ជិតដល់ពេលអី ? ខ្ញុំសួរនាង…

នាងនៅស្ងៀមមួយសន្ទុះ…

– អ្ហេ គិតអីហ្នឹង ?

– គឺ គឺជិតដល់ពេលជប់លៀងនៅសាលាយើងនឹងណា៎ ។

– មែនហើយជិតដល់ពេលហើយ ។

អ្នកទាំងពីរសម្លឹងរកគ្នាដោយបង្កប់នូវភាពស្រពាប់ស្រពោន ដាវីតយកដៃទៅអង្អែលក្បាលនីតាថ្នមៗ

– បើបងធ្វើអ្វីខុសចំពោះអូន អូនស្អប់បងទេ ?

– អត់ទេ គ្មានថ្ងៃដែលអូនស្អប់បងនោះទេ វីត ។

………………………………………

-អ្ហេ យ៉ាងម៉េចហើយ អ្នកប្រុសវីត ឥឡូវដូចជាសុភាពដល់ហើយវើយ តិចលង់ស្នេហ៍នីតាមែនទែនទៅ ។

– កុំសង្ឃឹម គ្នាគ្រាន់តែសម្ដែងឲ្យចប់ចុងចប់ដើមតែប៉ុណ្ណោះ ជិតមានសេរីភាពហើយ រាល់ថ្ងៃធុញសឹងស្លាប់ ។ ស្អែកអ្វីៗត្រូវបញ្ចប់ហើយ ត្រៀមលុយទុកទៅអាពួកម៉ាក ។

ទីបំផុត ថ្ងៃជប់លៀងក៏មកដល់ តែអារម្មណ៍ដូចជាមិនល្អសោះ ខ្ញុំសូមសារភាពថាខ្ញុំនឹកដល់នាង នឹកអនុស្សាវរីយ៍ទាំងឡាយរវាងខ្ញុំ និងនាង ។

– យើងទៅដើរលេងកន្លែងនោះវិញល្អទេ ? (ខ្ញុំបបួលនាងទៅកន្លែងដែលមិត្ដភក្ដិរបស់ខ្ញុំនៅពួនចាំស្ដាប់)

– ចា៎ស !

យើង ទាំងពីរដើរបណ្ដើរគ្នា ដោយមិននិយាយមួយម៉ាត់ រហូតដល់កន្លែងនោះ នាងក៏ឈប់ដើរទៅមុខទៀត ខ្ញុំសម្លឹងមើលមុខនាង បេះដូងរបស់ខ្ញុំចាប់ផ្ដើមឈឺនៅពេលដែលខ្ញុំបានឃើញតំណក់ទឹកភ្នែក របស់ស្រីម្នាក់នេះ នេះជាលើកទីមួយហើយដែលនាងយំ នាងបែរមកឱបខ្ញុំយ៉ាងណែន ទឹកភ្នែករបស់នាងបានជ្រាបចូលទៅដល់បេះដូងរបស់ខ្ញុំទៅហើយ ។

-ដាវីត អូនស្រឡាញ់បង អូនមិនចង់បាត់បង់បងទេ ។

ខ្ញុំ ហាក់ដីដូចជានិយាយអ្វីមិនចេញសោះ នាងកំពុងធ្វើអ្វីហ្នឹង ? រាត្រីដ៏អ៊ូអរ តន្ដ្រីលាន់ឮរំពង គ្រប់គ្នាពិតជារីករាយ ប៉ុន្ដែសម្រាប់ខ្ញុំ ខ្ញុំទទួលអារម្មណ៍ថាវាស្ងាត់ខ្លាំងណាស់ ខ្ញុំមើលមិនឃើញភាពសប្បាយសូម្បីបន្ដិច ខ្ញុំបែរជាខ្លាច ខ្លាចរង្វង់ដៃដែលកំពុងឱបខ្ញុំនេះរលាចេញទៅ ។

ក្រែង នេះជាលទ្ធផលដែលខ្ញុំចង់បានមែនទេ ? តែខ្ញុំមិនបាននិយាយអ្វីជាមួយនាងមួយម៉ាត់ផង ហេតុអ្វីនៅសុខៗនាងធ្វើបែបនេះ ?

មិត្ដភក្ដិខ្ញុំ យល់ថា ខ្ញុំឈ្នះហើយ ពួកយើងនាំគ្នាទៅច្រៀងខារ៉ាអូខេយ៉ាងសប្បាយ តែការពិតចិត្ដរបស់ខ្ញុំនៅតែគិតដល់នាង គិតដល់ទឹកភ្នែករបស់នាង មិនបានទេខ្ញុំត្រូវតែផឹក ផឹក ផឹកឲ្យភ្លេចអ្វីគ្រប់យ៉ាង….។

ថ្ងៃនេះមិនដូចពីម្សិលមិញ ទេ ខ្ញុំបានតាំងចិត្ដបំភ្លេចនាងហើយ ខ្ញុំនឹងបំភ្លេចអ្វីៗទាំងអស់ដែលធ្លាប់មានជាមួយនាង ខ្ញុំត្រូវការសេរីភាពនៃយុវវ័យរបស់ខ្ញុំមកវិញ ខ្ញុំមិនចង់គិតដល់ចិត្ដអ្នកណា ពេលដែលខ្ញុំត្រូវការសប្បាយនោះទេ សុំទោសណា៎នារីដ៏គួរឲ្យអាណិត ។

បីថ្ងៃក្រោយនាងបាន ទូរស័ព្ទមករកខ្ញុំ នាងធ្វើហាក់បីដូចជាគ្មានអ្វីកើតឡើង មែនហើយការពិតទៅយប់នោះខ្ញុំមិនទាន់បាននិយាយអ្វីជាមួយនាងផង …..

– ល្ងាចនេះម៉ោង៥:០០ បងទំនេរទេ ? បងអាចមករកអូននៅមុខមន្ទីរពេទ្យកាល់ម៉ែត្របានទេ ?

– បាទ បាន ប៉ុន្ដែកន្លែងណាត់របស់អូនដូចជាចម្លែកបន្ដិច ។

– អូនសង្ឃឹមថា បងប្រាកដជាទៅជួបអូន

– អូខេ បងនឹងទៅជួបអូន ការពិតបងក៏មានរឿងចង់និយាយដែរ

– អរគុណណាស់ ចាំណា៎ ថាអូនស្រឡាញ់បង ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ ។

ដប់ នាទីនៃការរង់ចាំបានកន្លងផុតទៅ មួយម៉ោង ពីរម៉ោង ការអត់ធ្មត់របស់ខ្ញុំក៏រលាយអស់ ខ្ញុំខឹងនាងខ្លាំងណាស់ នាងហ៊ានកុហកខ្ញុំ ខ្ញុំទូរស័ព្ទទៅក៏មិនចូល ទូរស័ព្ទទៅមិត្ដនាងក៏គ្មានអ្នកណាដឹង ខ្ញុំឈប់ខ្វល់ ហើយនាងគ្មានតម្លៃអ្វីសម្រាប់ខ្ញុំទៀតទេ ខ្ញុំក៏មិនចង់ចំណាយពេលវេលារបស់ខ្ញុំ ទៅចាំស្រីឆ្កួតម្នាក់នោះដែរ ប៉ុន្ដែខ្ញុំឆ្ងល់ណាស់នាងមិនដែលធ្វើបែបនេះដាក់ខ្ញុំទេ ខ្ញុំនៅតែជឿជាក់លើទឹកចិត្ដរបស់នាងចំពោះខ្ញុំ ។

ខ្ញុំ មិនអស់ចិត្ដទេ ខ្ញុំបានទៅរកនាងដល់ផ្ទះជួលរបស់នាង គេថានាងរើចេញហើយ ក្នុងចិត្ដខ្ញុំពេលនេះ គឺបើបានជួបនាង ខ្ញុំនឹងសម្លាប់នាង ខ្ញុំស្អប់នាងខ្លាំងណាស់ ខ្ញុំមិនដែលរង់ចាំស្រីណាម្នាក់ឡើយ ហើយក៏គ្មានអ្នកណាហ៊ានធ្វើបែបនេះដាក់ខ្ញុំដែរ ។

យប់នេះខ្ញុំគេងមិនលក់សោះ ខ្ញុំខំព្យាយាមឈប់គិត តែខួរក្បាលចំកួតរបស់ខ្ញុំនៅតែគិត…

– នីតាហេតុអ្វីបានជាធ្វើបែបនេះ តែក៏ល្អដែរនាងទៅបាត់ ខ្ញុំមិនចាំបាច់បកស្រាយអ្វីច្រើន ក៏មិនបាច់ក្លាយជាជនបោកស្នេហ៍គេដែរ ហើយឈប់ខ្វល់ហើយ ។

មិន ដូចជាការគិតរបស់ខ្ញុំសោះ គ្មាននាង ខ្ញុំមានអារម្មណ៍ថា ហាក់បីដូចជាបាត់អ្វីម្យ៉ាងក្នុងជីវិត សព្វថ្ងៃនេះ ខ្ញុំបានទាក់ទងស្រីស្អាតៗជាច្រើន គួរឲ្យអស់សំណើចណាស់ គ្មានអ្នកណាអាចលប់រូបនីតាចេញពីបេះដូងខ្ញុំសោះ ។ ខ្ញុំនៅតែគិតថាខ្ញុំគ្មានចិត្ដលើស្រីម្នាក់នោះទេ តែមិនដឹងហេតុអីថ្ងៃណាក៏ខ្ញុំបើកឡានទៅឈប់នៅមុខមន្ទីរពេទ្យ កាល់ម៉ែត្រ ការពិតខ្ញុំចង់ជួបនាងខ្លាំងណាស់ ខ្ញុំហាក់បីដូចជាមានពាក្យជាច្រើនចង់និយាយប្រាប់នាង ។ ក្នុងមួយថ្ងៃៗកិច្ចការទីមួយដែលខ្ញុំនឹកឃើញមុនគេ គឺ«រង់ចាំនាង» ។

ពេលវេលា ពិតជាលឿនណាស់ ក្រោយពីបញ្ចប់ការសិក្សា ខ្ញុំមានការងារល្អធ្វើ ប៉ាម៉ាក់របស់ខ្ញុំបានស្ដីដណ្ដឹងកូនស្រីអ្នកមានឲ្យខ្ញុំ តែខ្ញុំបដិសេធ អស់ពីមួយទៅមួយរហូតដល់ពួកគាត់ឈប់ខ្វល់ពីរឿងខ្ញុំ ។ ខ្ញុំដឹងថា ទាំងគ្រួសារខ្ញុំ និងមិត្ដភក្ដិរបស់ខ្ញុំ នាំគ្នាឆ្ងល់នឹងខ្ញុំ មែនហើយខ្ញុំផ្លាស់ប្ដូរច្រើនណាស់ ខ្ញុំឈប់ចង់សប្បាយ ឈប់មើលងាយសេចក្ដីស្នេហា ខ្ញុំហាក់បីដូចជាកំពុងរស់នៅលើលោកនេះតែម្នាក់ឯង ជាមួយនឹងការរង់ចាំ ខ្ញុំមិនសោកស្ដាយភាពជាយុវវ័យដែលកន្លងទៅទេ តែខ្ញុំស្ដាយដែលមិនបានជួបនិយាយជាមួយនាង ខ្ញុំស្ដាយបើបាត់បង់អ្វីៗដែលនាងធ្លាប់ឲ្យខ្ញុំ នីតាពេលនេះនាងនៅទីណា ? នាងកំពុងធ្វើអ្វី ?

ថ្ងៃមួយ ខ្ញុំមានជម្ងឺត្រូវចូលមន្ទីពេទ្យ ខ្ញុំសម្រាកនៅមន្ទីរពេទ្យកាល់ម៉ែត្រ ពេលនោះខ្ញុំបានជួបវេជ្ជបណ្ឌិតស្រីម្នាក់ដែលមានវ័យប្រហែលជាបង ខ្ញុំពីរឬបីឆ្នាំ គាត់យកចិត្ដទុកដាក់នឹងខ្ញុំណាស់ ហាក់បីដូចជាស្គាល់ខ្ញុំយូរណាស់មកហើយ ។

ថ្ងៃចុងក្រោយដែលខ្ញុំសម្រាកនៅមន្ទីរពេទ្យ គាត់បានមកនិយាយជាមួយខ្ញុំ…

– ខ្ញុំឃើញលោកមកមុខមន្ទីពេទ្យនេះស្ទើររាល់ថ្ងៃ លោករកអ្នកណា ឬចាំអ្នកណាមែនទេ ? បើពិតមែន លោកគួរឈប់ចាំទៅ បើគេអាចមករកលោក គេមិនឲ្យលោកចាំគេយូរយ៉ាងនេះទេ ។

– មានរឿងខ្លះសូម្បីតែខ្លួនយើងក៏មិនដឹងច្បាស់ដែរ ។

– ថ្ងៃណាក៏ខ្ញុំឃើញលោកដែរ លោកមិនយល់ថា វាខាតពេលច្រើនណាស់ទេមែនទេ ? អ្នកនោះសំខាន់យ៉ាងណាទៅបានជាលោកធ្វើបែបនេះ ?

– ខ្ញុំពិតជាមិនដឹងខ្លួនឯងថា ហេតុអ្វីនោះទេ ហើយក៏មិនដឹងថាខ្ញុំធ្វើបែបនេះព្រោះអ្វីដែរ ខ្ញុំចាំនាងមែន ខ្ញុំពិតជាមិនសោកស្ដាយពេលវេលាមែន ខ្ញុំក៏មិនធ្លាប់គិតថាស្រឡាញ់នាងនោះដែរ តែពេលបាត់នាង ជីវិតខ្ញុំហាក់បីដូចជាបាត់អ្វីម្យ៉ាងដែលសំខាន់បំផុត ខ្ញុំធ្លាប់បានព្យាយាមបំភ្លេចរឿងរ៉ាវទាំងនោះហើយ នៅទីបំផុតគឺនៅតែដដែល ។

អ្នកគ្រូពេទ្យសម្លឹងមកខ្ញុំដោយខ្សែភ្នែកស្រងូតស្រងាត់ និងនិយាយមករកខ្ញុំយ៉ាងទន់ភ្លន់…

– លោកដឹងខ្លួនទេថា លោកស្រឡាញ់នាងខ្លាំងណាស់ លោកជាមនុស្សប្រុសដ៏ស្មោះត្រង់ម្នាក់ គួរឲ្យសរសើរ តែលោកបំភ្លេចគេចោលទៅ ពេលនេះប្រហែលជាគេរៀបការមានកូនបាត់ទៅហើយ លោកអាយុច្រើនណាស់ហើយគួររកសុភមង្គលសម្រាប់ខ្លួនទៅ ។

– អ្នកគ្រូមិនយល់ទេ ពីរថ្ងៃទៀតខ្ញុំត្រូវត្រលប់ទៅបារាំងវិញហើយ ខ្ញុំមកនេះតាមការអញ្ជើញរបស់ប្រធានមន្ទីរពេទ្យនេះតែពីរខែ ប៉ុណ្ណោះ ។

គាត់ដើរទៅជិតមាត់បង្អួចសម្លឹងចេញទៅក្រៅ រួចនិយាយដោយមិនបែរមករកខ្ញុំ….

– ខ្ញុំនិយាយរឿងនិទានមួយឲ្យលោកស្ដាប់……. កាលពីខ្ញុំនៅជាគិលានុបដ្ឋាយិកានៅទីនេះ កាលពី២០ឆ្នាំមុន មានក្មេងស្រីម្នាក់មានជម្ងឺមហារីកខួរក្បាលដល់ដំណាក់កាលចុងក្រោយ ដែលត្រូវវះកាត់ ខ្ញុំជាអ្នកថែទាំនាងមុននឹងនាងស្លាប់ នាងគ្មានអ្នកណាទេ នាងជាកូនកំព្រាដែលរស់ក្រោមការឧបត្ថម្ភរបស់អង្គការក្រៅ រដ្ឋាភិបាលមួយ គេជាក្មេងស្រីម្នាក់រឹងម៉ាំណាស់ ទោះស្ថិតក្នុងដំណាក់កាលចុងក្រោយនៃជីវិតនាងក៏ដោយ ប៉ុន្ដែនាងប្រាប់ខ្ញុំថា នាងមិនចង់ស្លាប់ទេ នាងសុំឲ្យពួកយើងជួយនាងទោះតាមវិធីណាក៏ដោយ ពាក្យអង្វររបស់នាងធ្វើឱ្យគ្រូពេទ្យម្នាក់ៗខ្លោចផ្សាណាស់ ពីព្រោះនាងតែងតែញញឹម និងនិយាយយ៉ាងទន់ភ្លន់មករកពួកយើង ពួកយើងពិតជាចង់ជួយនាងណាស់ ពួកយើងមិនត្រូវការប្រាក់ពីនាងសូម្បីតែមួយកាក់ ។ មុនវះកាត់បីថ្ងៃ នាងត្រូវកោរសក់ចេញទាំងអស់ នាងកាន់តែខ្សោយទៅហើយ ថ្ងៃមួយ នាងបានឲ្យខ្ញុំរុញនាងទៅក្បែររបងមុខមន្ទីរពេទ្យ នាងហាក់ដូចជាសប្បាយចិត្ដនៅពេលបានឃើញបុរសម្នាក់ដែលកំពុងឈររ៉េ រ៉ៗ ដូចជាកំពុងរង់ចាំអ្នកណាម្នាក់ នាងសម្លឹងទៅបុរសនោះទាំងទឹកភ្នែកនិងស្នាមញញឹមដ៏កំសត់ នាងប្រាប់ខ្ញុំថា គេជាបុរសម្នាក់ដែលនាងស្រឡាញ់បំផុតក្នុងជីវិត ខ្ញុំសួរនាងថាហេតុអ្វីមិនប្រាប់បុរសនោះពីជម្ងឺរបស់នាង នាងនិយាយថា នាងដឹងថាបុរសនោះមិនស្រឡាញ់នាងទេ ហើយនាងចង់ឲ្យគេស្រឡាញ់នាងជាងអាណិតនាង ប៉ុន្ដែនាងសង្ឃឹមថា គេនឹងមិនស្រឡាញ់នាង បើគេស្រឡាញ់នាង គេអាចនឹងខូចចិត្ដនៅពេលដែលនាងឃ្លាតពីលោកនេះទៅដោយគ្មានថ្ងៃ ត្រលប់ ។ មុនពេលចូលវះកាត់ នាងអង្គុយលើកៅអីរុញសម្លឹងតាមមាត់បង្អួចសំដៅទៅកន្លែងដែលបុរស នោះធ្លាប់ឈរ នាងផ្ដាំខ្ញុំថាបើថ្ងៃស្អែក នាងមិនមានឱកាសមកសម្លឹងមើលគេទេ ហើយគេនៅតែមកឈរនៅទីនោះទៀត នាងសុំឲ្យខ្ញុំទៅប្រាប់ម្នាក់នោះថា នាងរៀបការទៅនៅប្រទេសក្រៅបាត់ទៅហើយ ។ នាងពិតជាគ្មានសំណាងមែន ពួកគ្រូពេទ្យទាំងអស់ស្ដាយនាងណាស់ ពួកយើងមិនដែលស្រក់ទឹកភ្នែក និងឈឺចាប់ខ្លាំងបែបនេះទេ នៅពេលមានអ្នកជម្ងឺស្លាប់ ជីវិតនាងឯកាណាស់ ហើយក៏ត្រូវស្លាប់ក្នុងភាពឯកា ខ្ញុំស្ដាយស្នាមញញឹមក្មេងស្រីម្នាក់នេះណាស់ តែខ្ញុំមិនបានធ្វើតាមបណ្ដាំចុងក្រោយរបស់នាងទេ បើទោះជាខ្ញុំបានឃើញបុរសម្នាក់រាល់ថ្ងៃក៏ដោយ ខ្ញុំមិនដឹងថាខ្លួនឯងធ្វើខុស ឬត្រូវនោះទេ តែខ្ញុំយល់ថាបើនិយាយតាមការសុំរបស់នាង វាហាក់បីដូចជាអយុត្ដិធម៌ចំពោះទឹកចិត្ដនាងណាស់ ។

– រឿងនិទានរបស់បងចប់ហើយមែនទេ ? (ខ្ញុំនិយាយទៅកាន់អ្នកគ្រូពេទ្យម្នាក់នោះ ទាំងមិនដឹងថា ទឹកភ្នែករបស់ខ្ញុំហូរមកតាំងពីពេលណា)

គាត់ដើរមកជិតខ្ញុំក្នុងខណៈដែលខ្ញុំកំពុងយកដៃខ្ទប់មុខ គាត់ឱនក្បាលដាក់ខ្ញុំរួចនិយាយថា ៖

– ខ្ញុំសុំទោសដែលខ្ញុំមិនបានប្រាប់ការពិតដល់លោកនៅពេលនោះ លោកជាបុរសល្អណាស់ ស្ដាយណាស់ដែលនាងមិនបានដឹងថា នាងសំខាន់សម្រាប់លោកយ៉ាងនេះ ។ ខ្ញុំពិតជាសុំទោសលោក ។

និយាយ ចប់គាត់ក៏ដើរចេញទៅ ទុកឲ្យខ្ញុំនៅម្នាក់ឯងជាមួយនឹងរឿងនិទានរបស់គាត់ ខ្ញុំដឹងច្បាស់ណាស់ថាគាត់និទានពីរឿងរបស់អ្នកណា ។ គាត់បាននាំខ្ញុំទៅគោរពផ្នូររបស់មនុស្សស្រីដែលនៅក្នុងរឿងនិទាន របស់គាត់ ខ្ញុំបានសម្លឹងផ្នូរនោះយ៉ាងយូរ ។ ពេលត្រលប់ទៅដល់ផ្ទះខ្ញុំបានប្រមូលវត្ថុអនុស្សាវរីយ៍ទាំងអស់ដែល នាងបានជូនមកខ្ញុំ រួមទាំងរូបថតរបស់ពួកយើងទៅដុតចោលទាំងអស់ ខ្ញុំដឹងខ្លួនច្បាស់ណាស់ថា ខ្ញុំកំពុងធ្វើអ្វី វាគ្មានរបស់អ្វីគួរឲ្យស្ដាយស្រណោះទៀតនោះទេ ព្រោះថារបស់ដែលខ្ញុំខំរង់ចាំ របស់ដែលគួរឲ្យស្ដាយបំផុតក្នុងជីវិតនេះ វាបាត់ទៅហើយ វាគ្មានថ្ងៃនឹងត្រលប់ឡើយ អ្វីដែលជារបស់នាងគួរតែទៅតាមនាង ។

ថ្ងៃមួយនៅចំពោះ មុខផ្នូររបស់នាង ខ្ញុំបានគិតដល់រឿងរ៉ាវទាំងឡាយរវាងខ្ញុំ និងនាង ខ្ញុំលើកស្រាមួយដបផឹកដើម្បីអបអរសាទរដែលខ្ញុំឈប់រង់ចាំ នាង ។

– នីតា តើនាងចង់ដឹងពីចិត្ដរបស់ខ្ញុំចំពោះនាងទេ ? បន្ដិចទៀតខ្ញុំនឹងទៅជួបនាង នាងឈប់ឯកាហើយ ។

កុំ ឆ្ងល់អីថាហេតុអ្វីបានជាខ្ញុំធ្វើបែបនេះ ចាត់ថាខ្ញុំល្ងង់ ឬក៏ឆ្កួតទៅចុះ ពីព្រោះខ្ញុំឆ្កួតទៅលេងជាមួយនាង ឆ្កួតទៅរង់ចាំនាង ពេលនេះខ្ញុំឆ្កួតជាលើកចុងក្រោយដើម្បីបញ្ចប់ភាពឈឺចាប់ ៕

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្ដូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: