jump to navigation

ឆ្មាក៏ដោយ ឆ្កែក៏ដោយ 17/06/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​ព្រេង​ខ្មែរ.
Tags: , , ,
trackback

កាលបើមានគេចូលមកស្តីដណ្តឹងកូនស្រីចាស់ៗដែលជាមេបាតែងយករឿងនេះទៅជំនុំពិគ្រោះជាមួយបងប្អូន ដើម្បីអោយបានមូលមតិគ្នាថាគួរសម្រេចអោយទៅគេឬទេ! ហើយបើកាលណាចាស់ៗពិនិត្យទៅឃើញថា កូនប្រុសគេនោះមានតម្រិះវិជ្ជាគួរសមហើយ ទាស់តែគ្នាជាកូនអ្នកក្រីក្រប៉ុណ្ណោះគេច្រើនតែកាតសាញ ដោយពាក្យប្រដូចខាងលើនេះមកថា ណ្ហើយឆ្មាក៏ដោយ ឆ្កែក៏ដោយអោយទៅ កុំរើសច្រើនពេកពាក្យប្រដូចនេះ បានបាត់បន្តិចម្តងរហូតដល់សព្វថ្ងៃមិនឃើញមានគេប្រើទៀតទេ ដើម្បីរំលឹកអោយក្មេងជំនាន់ក្រោយដឹងពាក្យកើតចេញរឿងព្រេងបុរាណមួយដែលចាស់ៗបាននិទានប្រាប់:

កាលព្រេងនាយមានព្រះមហាក្សត្រមួយព្រះអង្គទ្រង់ចិញ្ចឹមមេឆ្កែមួយ។​ មេឆ្កែនោះ​តែងតែ​រើសំនល់​ពីព្រះអង្គសោយ ដែលចោលទៅក្នុងកន្ថោទឹកមួត្រមកបរិភោគៃជានិច្ចរាល់ពេល។​ យូរទៅស្រាប់តែមេឆ្កែនោះមានគត៍(មានកូន)លុះដល់ពេលនឹងសម្រាលមេឆ្កែរត់ទៅរកកន្លែងនៅក្នុងរូងភ្នំមួយស្ងាត់ហើយឆ្ងាយពីអ្នកភូមិអ្នកស្រុក។
ដល់ពេលមេឆ្កែក៏សម្រាល(កើតកូន)បានជាមនុស្សស្រីពីរនាក់និងប្រុសម្នាក់។ មេឆ្កែខំដើររកចំណីអាហារមកចិញ្ចឹមកូនទាំង៣នាក់ទាល់តែពេ រូបរាង។ មេឆ្កែមានចិត្តព្រួយបារម្ភនឹងកូនពេលណាស់ព្រោះខ្លួនជាសត្វហើយកូនជាមនុស្ស។ តែកាលណាខ្លួនត្រូវចេញទៅរកចំណីអាហារនៅក្នុងភូមិមេឆ្កែតែងព្យាហាមហាមប្រាមកូនទាំងបីមិនអោយចេញទៅលេងឆ្ងាយពីរូងឡើយ ខ្លាចក្រែងមានមនុស្សដើរមកឃើញស្រឡាញ់ហើយចាប់យកទៅ។
ថ្ងៃមួយព្រះរាជាសោយរាជ្យក្នុងនគរនោះ ទ្រង់នឹងចង់ចេញទៅប្រពាតព្រៃ (ដើរលេងព្រៃ) ហើយព្រះអង្គទ្រង់បញ្ជាអោយរៀបក្បួនដង្ហែរព្រះអង្គទៅ។ និយាយពីកូនឆ្កែទាំងបីនាក់រាល់ថ្ងៃរៀងមក ពេលដែលម្តាយនាងមិននៅមិនដែលចេញទៅលេងខាងក្រៅរូងភ្នំទេ តែដោយលឺសំលេងមនុស្សនិងសំលេងភ្លេងធ្វើរអោយកូនស្រីទាំងពីរនាក់ ចង់ឃើញហើយក៏បានចេញទៅមើលហើយក៏ជួបនឹងក្បួនស្តេច។ ឯព្រះរាជាលុះទតឃើញនាងស្រីទាំងពីរនាក់នោះមានរូបឆោមសមរម្យល្អណាស់ទ្រង់សព្វព្រះរាជហឬទ័យ(ពេញចិត្ត)យកនាងជាអគ្គមហេសី។ព្រះអង្គទ្រង់អោយហៅនាងមកសួរថា​ នាងជាកូនចៅអ្នកណា!បានជាមកនៅក្នុងព្រៃដូច្នេះ។​ ចំណែកនាងទាំងពីរក៏ក្រាបទួលកុហកស្តេចថា នាងជាកូនកំព្រានៅតែពីរនាក់បងប្អូនប៉ុណ្ណោះ។ ព្រះរាជាទ្រង់ប្រកាសប្រាប់នាមុឺននឹងពលរេហ៏ថា ទ្រង់លើកនាងទាំងពីរនេះជាអគ្គមហេសី ហើយទ្រង់ព្រះរាជបញ្ជាអោយរៀបក្បួនត្រឡប់ទៅព្រះរាជរាំងវិញដោយមានព្រទ័យរីករាយជាទីបំផុត។
ចំណែកឯកូនប្រុសរបស់មេឆ្កែ នៅពេលដែលលឺសូរសន្ធឹកក្បួនហែរស្តេចមកដល់ជិតភ្នំ ភ័យណាស់ខំរត់ទៅលាក់ខ្លួនពួនអាត្មាមិនអោយគេឃើញទេ។ លុះក្បួនដង្ហែសេ្តចចេញផុតទៅ មេឆ្កែត្រឡប់មកវិញកូនប្រុសក៏ប្រាប់ម្តាយតាមដំណើររឿង។ មេឆ្កែនឹកស្តាយនិងអាល័យកូនណាស់ខំរត់តាមក្បួនស្តេចហើយក៏បានទៅទាន់នៅពេលដែលស្តេចសម្រាក់នៅកណ្តាលផ្លូវ។ ដល់ហើយមេឆ្កែខំរត់សំដៅទៅរកកូនស្រីទោះជាត្រូវពួកសេនាដេញដូចម្តេចក៏ពុំព្រមចេះដែល។​ ព្រះរាជាទ្រង់ទតឃើញដូច្នោះទ្រង់ត្រាសសួរទៅនាងទាំងពីរនាក់ថា មេឆ្កែនេះជាចិញ្ចឹមឬដូចម្តេចបានជាវាខំរត់មកតាមដូច្នេះ?​ ប៉ុន្តែនាងមិនព្រមទូលព្រះអង្គតាមត្រង់ទេបែរជាទូលថា មិនដឹងជាមេឆ្កែនេះមកពីណាទេ ។ព្រះអង្គទ្រង់បញ្ជារអោយវាយបណ្តេញមេឆ្កែនោះទាល់តែទ្រម មេឆ្កែទ្រាំមិនបានក៏ខំរត់ត្រឡប់ទៅរកត្រឡប់រកកូនប្រុសរួចប្រាប់កូនតាមដំណើរ។

កូនប្រុសលឺដូច្នេះក្តៅចិត្តនិងបងស្រីទាំងពីរណាស់ រួចខំរកថ្នាំសង្កូវមើលជំងឺម្តាយទាល់តែសះស្បើយ ទើបនាំម្តាយដើរទៅរកការងារធ្វើក្នុងភូមិយកលុយគ្រាន់នឹង ចិញ្ចឹមម្តាយមិនអោយម្តាយលំបាករកចំណីចិញ្ចឹមខ្លួនដូចមុនទៀតឡើយ។ មេឆ្កែនិងកូនប្រុសក៏បានចូលខ្លួនទៅសុំបម្រើនៅផ្ទះសេដ្ឋី ហើយកូនប្រុសនោះខំយកចិត្តទុកដាក់ថែរក្សាទ្រព្យសម្បត្តិរបស់សេដ្ឋីជាទីបំផុត។​ ពេលយប់មេឆ្កែមិនដែលដេកទេខំដើរមើលផ្ទះសេដ្ឋី។​ សេដ្ឋីមានសេចក្តីពេញចិត្តនិងមេឆ្កែ ហើយនិងបុរសក្មេងនោះណាស់លុះយូរទៅសង្កេតឃើញគំនិតមាយាទក្មេងនោះល្អ ​សេដ្ឋីក៏សូមបុរសក្មេងនោះធ្វើជាកូនចិញ្ចឹម។

ពេលបរិភោគបាយម្តងៗបុរសកូនឆ្កែ តែងតែចាប់បាយម្ហូបមួយចំណែកទុកជូនម្តាយ សេដ្ឋីឃើញដូច្នេះនឹកឆ្ងល់ណាស់ ក៏ប្រាប់ទៅកូនចិញ្ចឹមថា មិនចាំបាច់ចាប់បាយទុកនោះទេ ព្រោះឪពុកមិនខ្វះបាយអោយឆ្កែកូនសុីទេ លឺដូច្នេះបុរសកូនឆ្កែជម្រាបទៅេសេដ្ឋីថា លោកឪពុក កាលដែលខ្ញុំចាប់បាយទុកមួយចំណែកនោះមិនមែនយល់ថា លោកឪពុកខ្វះបាយនោះទេ ប៉ុន្តែមេឆ្កែនេះចិញ្ចឹមខ្ញុំ ហើយបានរស់នៅជាមួយខ្ញុំក្នុងគ្រាលំបាកជាយូរឆ្នាំណាស់មកហើយទើបបានជាខ្ញុំដឹងគុណមេឆ្កែនេះ។​ យូរបន្តិចមកបុរសកូនាឆ្កែក៏ចូលសុំសេដ្ឋីទៅរៀនវិជ្ជា ព្រោះខ្លួនកើតជាប្រុសមិនទាន់ចេះដឹងអ្វីនឹងគេបន្តិចសោះ។​ សេដ្ឋីក៏យល់ព្រមអោយទៅ បុរសកំសត់សុំផ្ញើមេឆ្កែនឹងសេដ្ឋីហើយក៏លាសេដ្ឋីចេញទៅ។
យូរឆ្នាំក្រោយមក លុះបុរសកូនឆ្កែរៀនវិជ្ជាចេះចប់ដូចសេចក្តីប្រាថ្នាហើយ ក៏ត្រឡប់មករកសេដ្ឋីិវិញ។​ មេឆ្កែឃើញកូនមកដល់ខំរត់ទៅត្រដុសននៀលនឹងកូន ព្រមទាំងបញ្ចេញអាការះអោយឃើញនូវសេចក្តីត្រេកអរជាទីបំផុត។​ សេដ្ឋីចង់ដឹងស្នាដៃរបស់កូនចិញ្ចឹមក៏សុំអោយកូនសម្តែងសិល្ប៍ដែលបានទៅរៀននោះអោយខ្លួនបានដឹងផង។ បុរសកូនឆ្កែចាប់ធ្នូមកបាញ់ទៅកើតជាភ្លើងរួចបាញធ្វើជាទឺកលត់ភ្លើងនោះទៅទៀត។ លុះឃើញកូនចិញ្ចឹមមានឫទ្ធានុភាពមែន សេដ្ឋីនិងប្រពន្ធក៏ព្រមព្រៀងគ្នាលើកូនស្រីអោយធ្វើជាប្រពន្ធ បុរសកូនឆ្កែនោះតែពុំទាន់រៀបអាពាហ៍ពីពាហ៍នៅឡើយទេ ពីព្រោះបុរសកូនឆ្កែសុំលាសេដ្ឋីទៅតាមសងសឹកបងស្រីទាំងពីរដែលបានទូលស្តេចអោយធ្វើបាបម្តាយខ្លួននោះសិន។
លុះទៅជិតដល់នគរព្រះមហាក្សត្រ ដែលជាស្វាមីរបស់បងស្រីខ្លួនហើយបុរសកូនឆ្កែ ប្រើមនុស្សអោយនាំសារចូលទៅថ្វាយស្តេចអោយលើកទ័ពចេញមកច្បាំងហើយបុរសកូនឆ្កែថ្លែងសរសម្តែងឬទ្ធី អោយឮសូរកក្រើកអស់ទាំងផែនដីប្រឹថពីផ្អើលពួករាស្ត្រប្រជាឆោឡោ មិនដឹងជាទៅណាមកណាចេះតែរត់ប្រមូលកូនប្រមូលចៅគ្រប់ៗគ្នា។​ ចំណែកឯព្រះមហាក្សត្រលុះបានដំណឹងថាមានអ្នកខ្លាំងពូកែចូលមចង់បង្កសង្គ្រាម ដូច្នេះព្រះអង្គទ្រង់ភ័យរន្ធត់ពន់ពេក ព្រោះព្រះអង្គពុំមានចេះសិល្ប៍វិជ្ជាអ្វីដើម្បីនឹងចេញទៅតតាំងនឹងគេសោះ ហើយក៏នាំព្រះអគ្គមហេសីទាំងពីរភៀសខ្លួនចេញពីព្រះរាជរាំងបាត់ទៅ។ ពួកនាមុីនសព្វមុខមន្ត្រីរត់រកព្រះអង្គគ្រប់ទីកន្លែងមិនឃើញ ក៏នាំគ្នាលើករាជសម្បត្តិថ្វាយទៅបុរសកូនឆ្កែ អោយឡើងសោយរាជ្យជំនួសព្រះអង្គទៅ។
បន្ទាប់ពីនោះមកសេ្តចកូនឆ្កែក៏និយាយនឹងម្តាយថា ខ្លួនចង់ធ្វើអោយម្តាយក្លាយទៅជាមនុស្សដូចគេ ព្រោះថាបើម្តាយនៅជាភាពឆ្កែដូច្នេះគេមើលអាយណាស់ហើយដូចជាមិនសមរម្យនឹងកូនមនុស្សផង។ មេឆ្កែក៏យលព្រមអោយកូនជប់ខ្លួនទៅជាមនុស្សដូចគេ។ ស្តេចកូនឆ្កែប្រើអោយគេយកឧសមកដុតមេឆ្កែនោះ ឯសេដ្ឋីមិនបានដឹងរឿងអាណិតមេឆ្កែពន់ពេកក៏ចូលទៅសួរស្តេចកូនថា ហេតុអ្វីបានជាកូនសម្លាប់ឆ្កែដូច្នេះ?​ ស្តេចឃើញឪពុកចិញ្ចឹមដូច្នេះក៏ប្រាប់ឪពុកតាមរឿងវិញថា សូមលោកឪពុកជ្រាបចុះម្តងនេះខ្ញុំលែងលាក់ទៀតហើយ មេឆ្កែនេះជាម្តាយរបស់ខ្ញុំពិត ខ្ញុំអោយគេដុតគាត់ដើម្បីនឹងជប់គាត់អោយទៅជាមនុស្សវិញកុំអោយមានគេនិន្ទា។ ឯសេដ្ឋីលឺដូច្នោះក៏បែរខ្សឹមនឹងប្រពន្ធ ឯងអើយអញស្មានថាវាជាកូនមនុស្សហើយមានឬទ្ធិមានអំណាចបានខំលើកកូនស្រីអោយធ្វើជាប្រពន្ធវា អីឡូវវាជាកូនឆ្កែសោះតើឯងគិតដូចម្តេចវិញ?​ ប្រពន្ធសេដ្ឋីឆ្លើយតបទៅប្តីវិញថា ណ្ហើយអ្នក! ឆ្មាក៏ដោយ ឆ្កែក៏ដោយអោយទៅ!។ អំណើក្រោយមកពាក្យនេះ ក៏ជាប់ប្រើរហូតរៀងមក។

មតិ»

No comments yet — be the first.

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s

%d bloggers like this: