jump to navigation

កម្មវិធី​ “អាហារ​ពេល​ព្រឹក​ជាមួយ​ឪពុក” 06/03/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​.
Tags: , ,
add a comment

សាលាបាន​បង្កើត​កម្មវិធី​មួយ​ហៅថា​ “អាហារ​ពេល​ព្រឹក​ជាមួយ​លោក​ឪពុក”​ តែ​ឪពុក​របស់​សិស្ស​មួយ​ចំនួន​មិន​អាច​មក​បាន​ ដូច្នេះអ្នក​ដែលឪពុកមិនបានមក បា​ន​បង្ហោះ​នៅ​ហ្វេសប៊ុុក​ ដើម្បី​រក​ឪពុក​ស្ម័គ្រចិត្ត​ចំនួន​ ៥០​ នាក់។ នៅ​ព្រឹក​ថ្ងៃ​កម្មវិធី​ ឪពុក​ស្ម័គ្រចិត្ត​ចំនួន​ ៦០០​ នាក់​បានមក​បង្ហាញខ្លួន។

ទោសប្រហារជីវិត 02/03/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​.
Tags: , ,
add a comment

បុរសម្នាក់ត្រូវបានគេចោទប្រកាន់ថាបានសំលាប់ប្រពន្ធរបស់ខ្លួន គាត់នឹងត្រូវទទួលទោសប្រហារជីវិតជាក់ជាពុំខាន។ ចៅក្រមហាក់មិនដាច់ចិត្តប្រហារជីវិតបុរសម្នាក់នោះឡើយ ដោយបុរសនោះមើលទៅហាក់ស្លូតបូត ប្រគត់ស្រគំ ដូច្នៈគាត់ក៏សម្រេចចិត្តយកសាក្សីចុងក្រោយម្នាក់ ដើម្បីអាចស្រោចស្រង់ជីវិតបុរសនេះពីការប្រហារជីវិត។ 

“យើងមានសាក្សីម្នាក់ដែលជាសាក្សីបង្ហាញថា លោកមែនមែនជាឃាតករសំលាប់ប្រពន្ធរបស់លោកទេ​ សូមបើកទ្វារអោយនាងចូលមក”។ មនុស្សទាំងអស់បានងាកទៅមើលទ្វារគ្រប់ៗគ្នា លើកលែងតែបុរសដែលជាជនសង្ស័យប៉ុណ្ណោះ ដែលនៅទ្រឹងស្រៀម។ ទីបំផុតចៅក្រមក៏សម្រេចចិត្តប្រហារជីវិតបុរសនោះស្លាប់បាត់ទៅ។

និទាន៖ បុរស​តោកយ៉ាក និង ក្មេង​ប្រុស​ម្នាក់ 15/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​.
Tags: , , ,
4 comments

មាន​ពេល​មួយ​មាន​បុរស​ចំណាស់ ក្រ​លំបាក ក្នុង​សំលៀកបំពាក់​មិន​ស្អាតស្អំ​ម្នាក់ បាន​ដើរ​តាម​ផ្លូវ​លំ​មួយ ជា​ផ្លូវ​ដែល​សិស្ស​សាលា​អនុវិទ្យាល័យ ធ្វើ​ដំណើរ​រៀងរាល់​ថ្ងៃ​ ដើម្បី​សិក្សា។ នៅ​ល្ងាច​ថ្ងៃ​នោះ​គាត់​បាន​ដើរ​តាម​ផ្លូវ​នោះ គាត់​សប្បាយ​រីករាយ​នឹង​ឃើញ​សិស្ស​សាលា ទាំង​អស់​ធ្វើ​ដំណើរ​សប្បាយ​ក្អាកក្អាយ ប្រលែង​គ្នា​លេង ត្រលប់​ពី​សាលារៀន​វិញ។ ក្នុង​ចំណោម​សិស្ស​សាលា​ទាំង​អស់​ បុរស​ចំណាស់​សង្កេត​ឃើញ​ពួក​គេ​ មិន​មាន​អោប​​សៀវភៅ​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​ដៃ​ ដូច​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​សណ្ឋាន​ជា​កូន​អ្នក​មាន​ស្ដុកស្ដម្ភ​​​ម្នាក់​នេះ​ទេ គាត់​នឹក​ហួសចិត្ត ព្រោះ​តែ​ក្មេង​សិស្ស​សាលា​ទាំង​អស់ ពួក​គេ​ផ្ញើ​សៀវភៅ​ពួក​គេ​នៅ​សាលារៀន ពួក​គេ​មិន​ចាំបាច់​អោប​សៀវភៅ​ទៅមក​ នាំ​លំបាក។

បុរស​ចំណាស់​ញញឹម​​ពព្រាយ​ដាក់​ក្មេង​ប្រុស​ ហើយ​ដើរ​ទៅ​កាន់​ក្មេង​ប្រុស​នោះ ហើយ​សួរ​សំណួរ​នូវ​ការ​ឆ្ងល់​ដោយ​សំលេង​សើច​រលាក់ យ៉ាង​សប្បាយ​ចិត្ត។ ក្មេង​ប្រុស​នោះ​ជា​ក្មេង​ស្រគត់ស្រគំ មិន​បាន​ឆ្លើយ​តប​នឹង​បុរស​ចំណាស់ ក្រ​តោកយ៉ាក​នោះ​ទេ បុរស​ចំណាស់​នោះ​បាន​បបួល​ក្មេង​ប្រុស​នោះ​ទៅ​ស្ទូច​ត្រី​លេង​ ក្បែរ​បឹង​នៅ​ក្បែរ​នោះ ដោយ​បុរស​នោះ​ជួយ​រំលែក​កាន់​សៀវភៅ​ខ្លះ។ ពួក​គេ​ទាំង​ពីរ​នាក់​ បាន​ស្ទូច​ត្រី​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​គ្នា ក្រោយ​ពេល​ស្ទូច​ត្រី​ហើយ បុរស​ចំណាស់​បាន​ជូន​ក្មេង​ប្រុស​នោះ​ទៅ​ផ្ទះ​វិញ ហើយ​គាត់​បាន​ដោត​ត្រី​ដែល​ស្ទូច​បាន ជា​ពីរ​ត្រណោត​ដើម្បី​ចែក​គ្នា​ពាក់​កណ្ដាល​ម្នាក់ តែ​​ក្មេង​ប្រុស​នោះ​មិន​ព្រម​ទទួល​នោះ​ទេ។

ពេល​ជូន​ក្មេង​ប្រុស​នោះ​ទៅ​ដល់​គេហដ្ឋាន នៅ​មាត់​របង​ផ្ទះ​ទើប​បុរស​នោះ​ត្រលប់​មក​វិញ ហើយ​គាត់​ដឹង​ថា ​ក្មេង​នោះ​ជា​កូន​អ្នក​មាន​ម្នាក់ ហេតុនេះ​ហើយ​បាន​ជា​ក្មេង​ប្រុស​​មិន​ព្រម​ទទួល​យក​ចំណែក​ត្រី​ពី​គាត់។ រវាង​បុរស​ចំណាស់​ក្រ​តោកយ៉ាក និង ក្មេង​ប្រុស​អ្នក​មាន​នោះ ពួក​គេ​ឧស្សាហ៍​ជួប​គ្នា​ស្ទូច​ត្រី នឹង ​ដើរ​លេង​កំសាន្ដ​កន្លែង​ធម្មជាតិ​ផ្សេង​ៗ​ ពួក​គេ​រាប់អាន​គ្នា ទំនាក់ទំនង​គ្នា​​រហូត​ដល់​ក្មេង​ប្រុស​នោះ​រៀន​បញ្ចប់​សាល​​មហា​វិទ្យាល័យ។ នៅ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ ក្មេង​ប្រុស​អ្នក​មាន​នោះ​ បាន​​អញ្ជើញ​ឪពុក​ម្ដាយ និង បុរស​ចំណាស់​នោះ​ចូលរួម​ផង​ដែរ។ ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ​នោះ​ ក្មេង​ប្រុស​អ្នក​មាន​បាន​ឡើង​ថ្លែង​ និង អំណរ​គុណ​ដល់​លោកគ្រូ អ្នកគ្រូ និង មិត្ត​រួម​ថ្នាក់​របស់​ខ្លួន ដោយ​មាន​មនុស្ស​អឺងកង​ទះ​ដៃ​អបអរ។

នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​ថ្លែង​នោះ​ ក្មេង​ប្រុស​អ្នក​មាន​ ដែល​ទើប​តែ​ទទួល​បាន​ជោគជ័យ​បាន​ថ្លែង​ថា​ “គ្រប់​យ៉ាង​ដែល​ខ្ញុំ​ទទួល​បាន គ្រប់​យ៉ាង​ដែល​អ្នក​ទាំង​អស់​គ្នា​មាន​ឱកាស បណ្ដុះបណ្ដាល អប់រំ​ខ្ញុំ​ គ្រប់​យ៉ាង​ដែល​អ្នក​ទាំង​អស់​គ្នា​ឃើញ​ខ្ញុំ​ទទួល​បាន​ជោគជ័យ គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​ពេលវេលា​ហាត់​ពត់​លត់​ដំ​ខ្លួន រហូត​បាន​ក្លាយ​ជា​​និស្សិត​ពេទ្យ​​​ ចំណាត់​ថ្នាក់​លេខ​មួយ​ម្នាក់ តាម​ការ​ពិត​កើត​ឡើង​ដោយសារ​ការ​សង្គ្រោះ ការ​សង្គ្រោះ​ដ៏​មាន​តំលៃ​មហិមា​ ការ​សង្គ្រោះ​ជីវិត ជីវិត​ត្រូវ​បាន​សង្គ្រោះ​ដោយ​ស្នាម​ញញឹម ដោយ​បុរស​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម និង ញញឹម​មិន​ចេះ​រីងស្ងួត”។ ក្រោយ​ពេល​ថ្លែង​ចប់ និស្សិត​ពេទ្យ​ម្នាក់​នេះ បាន​រត់​មក​អោប​បុរស​ចំណាស់​តោកយ៉ាក ទាំង​ទឹកភ្នែក​ហូរ​សស្រាក់​លើ​ផែន​ថ្ពាល់។

អស់​រយៈពេល​ ១៥ ឆ្នាំ​មក​នេះ​ទី​បំផុត ចម្ងល់​ដែល​មាន​ក្នុង​ចិត្ត បុរស​ចំណាស់​ ទាក់ទង​នឹង​ក្មេង​ប្រុស​ម្នាក់​នេះ អោប​សៀវភៅ​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​ដៃ ត្រលប់​មក​ផ្ទះ​វិញ​នៅ​ល្ងាច​មួយ​​នោះ​ត្រូវ​បាន​ស្រាយ តាម​ពិត​ក្មេង​ប្រុស​នេះ ​​លែង​មាន​បំណង​ទៅ​រៀន​ទៀត​ហើយ ហើយ​មិន​ចង់​អោយ​ឪពុក​ម្ដាយ​លំបាក ក្នុង​ការ ​ទៅ​យក​សៀវភៅ​​ពី​សាលារៀន​មក​វិញ ​​ព្រោះ​ខ្លួន​​មាន​បំណង​សំលាប់​ខ្លួន​ឯង​នៅ​ពេល​ទៅ​ដល់​ផ្ទះ​នៅ​ល្ងាច​នោះ ព្រោះ​តែ​ឪពុក​ម្ដាយ​ដ៏​មាន​ទ្រព្យ​នោះ តែងតែ​បង្ក​ជម្លោះ និង ហិង្សា​ជាមួយ​គ្នា​រៀងរាល់​ថ្ងៃ។

Related articles

ស្នេហា៖ សត្វ​ក្ងាន 13/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​, សុភមង្គល, ស្នេហា.
Tags: , , , ,
add a comment

ខាង​ក្រោម​នេះ​ជា​អត្ថបទ​មួយ​ដកស្រង់​ពី​ប្លក់​ Khmer Panda ដែល​ខ្ញុំ​គិត​ថា​​សក្កសម​ក្នុង​ឱកាស​​ ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ វា​ជា​អត្ថបទ​ធម្មតា​ខ្លី​មួយ តែ​មាន​ន័យ​យ៉ាង​ពិសេស​បញ្ជាក់​នូវ​ក្ដី​ស្រលាញ់​ដ៏​ស្មោះស្ម័គ្រ ជ្រាលជ្រៅ អមត ការ​តស៊ូ​ដើម្បី​អាច​ឈាន​​ដល់​ការ​រួមរស់​ជាមួយ​គ្នា ដោយ​យក​ពេលវេលា និង ការ​ឃ្លាត​ឆ្ងាយ​ដើម្បី​ពិសោធន៍​​រក​ស្នេហ៍​ពិត​ សូម​រីករាយ​ដូច​តទៅ៖

សត្វ​ក្ងាន​ជា​សត្វ​មាន​ចរិត​​ស្លូតបូត ក្លាហាន ស្មោះត្រង់ ហើយ​មាន​ឆន្ទៈ​មុតមាំ។ តែ​ចំណុច​ទាំង​អស់​​នេះ​​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​តែ​ប៉ុណ្ណោះ​ អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ ចាប់​អារម្មណ៍​នោះ​ គឺ​ស្នេហា​​ស្មោះ​ស្ម័គ្រ​​របស់​​សត្វ​ក្ងាន។ សត្វ​ក្ងាន​ក្នុង​​មួយ​ជីវិត​​មាន​ ដៃ​គូ​បាន​តែ​មួយ​គត់​ ហើយ​បើ​ដៃ​គូ​ម្ខាង​ស្លាប់ ដៃ​គូ​ម្ខាង​​ទៀត​នឹង​មិន​ស៊ី​ចំណី​ មិន​ដេក​រហូត​ដល់​ស្លាប់​ដែរ។

មាន​មនុស្ស​​ចាស់​ម្នាក់​គាត់​ស្រលាញ់​ និង ស្ញប់ស្ញែង​​សត្វ​ក្ងាន​ណាស់។ គាត់​បាន​ចំណាយ​ពេល​​៣០ ឆ្នាំ​ដើម្បី​​តាមដាន​សកម្មភាព​រស់នៅ​របស់​សត្វ​ក្ងាន។ គាត់​បាន​ប្រាប់​ថា សត្វ​ក្ងាន​មួយ​គូ កាល​ណា​ចាប់​​ផ្ដើម​ស្រលាញ់​គ្នា​ហើយ​ ក្នុង​កែវភ្នែក​របស់​ពួក​វា គឺ​គ្មាន​សត្វ​ក្ងាន​ផ្សេង​ទៀត​ទេ។ ពួក​វា​​មិន​ដូច​ជា​មនុស្ស​​ ពេល​ប្រឈម​មុខ​នឹង​ចំណុច​ល្អ​របស់​មនុស្ស​ផ្សេង​ទៀត​ គឺ​ចិត្ត​នៅ​មិន​ស្ងៀម ទោះ​ដឹង​ថា​ខ្លួន​​មាន​​ក្ដី​ស្រលាញ់​​តិច​តួច​ក៏​ដោយ​​ ក៏​បែង​ចែក​ទៅ​អោយ​មនុស្ស​​ច្រើន​ដែរ។

នៅ​ពេល​ដែល​សត្វ​ក្ងាន​ចាប់ផ្ដើម​​​សេចក្ដី​ស្នេហា​មួយ ពួក​វា​បាន​កំណត់​នៅ​លើ​ ផ្លូវ​ស្នេហា​ថា​គឺ​ដើរ​បាន​តែ​ពីរ​នាក់​វា​គត់។ រាល់​ឆ្នាំ​អោយ​​តែ​ដល់​​រដូវ​ផ្លាស់​លំនៅ​ ស្នេហា​របស់​ពួក​វា ក៏​ត្រូវ​ដល់​ពេល​ពិសោធ​ចិត្ត​​គ្នា​ដែរ។ ពួក​វា​មិន​ប្រាកដ​ថា​ ដៃ​គូ​ម្ខាង​​ពិត​ជា​អាច​រស់​នៅ​ជាមួយ​វា​អស់​មួយ​ជីវិត​បាន​ទេ ទើប​ពួក​វា​យក​ពេល​វេលា​ដើម្បី​បញ្ជាក់​ពី​ស្នេហា​នេះ។ អំឡុង​ពេល​​ដែល​បែក​គ្នា ពួក​វា​បាន​ជួប​ប្រទះ​នឹង​ភាព​ឯកោ​ ការ​លំបាក ហើយ​ប្រឈម​មុខ​នឹង​​សេចក្ដី​​ស្លាប់​ទៀត​នៅ​ពេល​ដែល​វា​ប្រាប់​សញ្ញា​ស្នេហា​ទៅ​ក្ងាន​ម្ខាង​ទៀត។

អ្វី​ៗ​គ្រប់​បែប​យ៉ាង​ ការ​ឃ្លាត​ពី​គ្នា​ជើង​មេឃ​ម្ខាង​ម្នាក់​ ធ្វើ​អោយ​ក្តី​សង្ឃឹម​ជួប​គ្នា​កាន់​តិច​តួច​ឡើង​ៗ។ មិន​ដូច​ជា​មនុស្ស​ ទោះ​បី​ជា​​ជា​ឃ្លាត​​គ្នា​ក៏​នៅ​មាន​​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ទំនាក់ទំនង​គ្នា​ដែរ។ នៅ​ពេល​រដូវ​ផ្លាស់​ទីលំនៅ​ចប់ ពួក​វា​នឹង​​វិល​មក​កន្លែង​ដើម ហើយ​​បើ​ដៃ​គូ​ម្ខាង​មិន​ស្លាប់ ពួក​គេ​នឹង​បន្ត​ស្នេហា​នេះ​ទៀត ដោយ​ទទះ​ស្លាប​រាំ​នៅ​​លើ​ទឹក។ ការ​ពិសោធន៍​​នេះ​ត្រូវការ​រយៈពេល​​បី​​ឆ្នាំ បើ​បី​ឆ្នាំ​ពួក​វា​នៅ​តែ​ស្រលាញ់​គ្នា ពួក​វា​នឹង​ថែរក្សា​​ស្នេហា​នេះ​អស់​មួយ​ជីវិត។

ប៉ុន្តែ​បើ​ពួក​វា​យល់​ថា​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​​ ពួក​វា​ក៏​ចែក​ផ្លូវ​គ្នា​​ហើយ​​ក្លាយ​ជា​មិត្ត។ ហើយ​ប្រសិន​​​បើ​​​ពួក​​វា​​ស្រលាញ់​គ្នា​ពិត ក្នុង​ចំណោម​ក្ងាន​ទាំង​ពីរ មាន​មួយ​បង្ហាញ​នូវ​​ភាព​​ក្លាហាន​ប្រាប់​ដល់​សមាជិក​ថា ​ពួក​វា​ថា​នឹង​ចាកចេញ​ពី​ក្រុម​នេះ ហើយ​ទៅ​រស់នៅ​តែ​ពីរ​នាក់​រហូត​​ដល់​​ស្លាប់​ ហើយ​គ្មាន​ឈ្មោះ​ថា​ជា​អ្នក​ក្បត់។ គ្រប់​សត្វ​ក្ងាន​ទាំង​អស់​ សុទ្ធ​តែ​យល់​ថា​​មាន​តែ​ធ្វើ​បែប​នេះ​​ទេ ទើប​ស្នេហា​របស់​ពួក​វា​ជា​ស្នេហា​ពិត។

នេះ​គឺជា​ស្នេហា​របស់​សត្វ​ក្ងាន ធ្វើ​អោយ​មនុស្ស​មាន​អារម្មណ៍​ថា​​រំភើប និង ក្ដុកក្ដូល​ ពួក​វា​បាន​​ប្រាប់​​យើង​ថា​៖ មាន​តែ​ស្នេហា​ដែល​យក​ពេលវេលា​មក​បញ្ជាក់​ទេ ទើប​ជា​ស្នេហា​ដែល​ស្ថិត​ស្ថេរ និង ពិតប្រាកដ៕៚

“រីករាយ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់”

Related articles

និទាន​កំសាន្ត៖ យូគី អូណា 06/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , ,
add a comment

មាន​ថ្ងៃ​មួយ យូគី អូណា បាន​ឃើញ​បុរស​ពីរ​នាក់​​ ម្នាក់​ចាស់ និង ម្នាក់​ទៀត​ក្មេង កំពុង​ដេក​សន្លប់​​ក្រោម​​ព្យុះ​ព្រិល​ធ្លាក់​ ត្រជាក់​ខ្លាំង​ក្រោម​សូន្យ​អង្សា​ ដោយ​ឃើញ​បែប​នោះ​នាង​បាន​អូស​ពួក​គេ​ចូល​មក​ក្នុង​រូង​ភ្នំ​ ដើម្បី​រក​កន្លែង​ដែល​កក់​ក្ដៅ​​មាន​សុវត្ថិភាព។ ​ដោយ​សីតុណ្ហភាព​ត្រជាក់​​បែប​នេះ នាង​ដឹង​ថា​ពួក​គេ​ទាំង​ពីរ​នឹង​ស្លាប់​ជាក់​ជា​មិន​ខាន​ឡើយ​ ដូច្នេះ​នាង​ត្រូវ​រក​វិធី​សង្គ្រោះ​ពួក​គេ​ តែ​នាង​អាច​ជួយ​សង្គ្រោះ​មនុស្ស​ប្រុស​តែ​ម្នាក់​ទេ​ ក្នុង​ចំណោម​ពីរ​នាក់​នេះ ដោយ​នាង​ត្រូវ​កេង​អោប​​ដើម្បី​ផ្ដល់​កំដៅ​​​ដល់​ខ្លួន​ប្រាណ​ ដែល​កំពុង​តែ​ជិត​ក្លាយ​ទៅ​ជា​ទឹកកក​ទៅ​ហើយ​នោះ។

នាង​ក៏​សំរេចចិត្ត​ថា​ជួយ​សង្គ្រោះ​បុរស​ក្មេង នាង​កេង​អោប​បុរស​នោះ​ រហូត​ដល់​ភ្លឺ​ដោយ​ផ្ដល់​កំដៅ​ខ្លួន​នាង​ដោយ​ផ្ទាល់​ដល់​បុរស​នោះ លុះ​ព្រឹក​ឡើង​ពួក​គេ​ក៏​ភ្ញាក់​ឡើង ហើយ​បុរស​ចំណាស់​នោះ​បាន​ស្លាប់​បាត់​បង់​ជីវិត​ទៅ​ដែរ។ ដោយ​សភាព​អៀន​ខ្មាស​ ក្នុង​ភាព​ខ្លួន​ននល​លើ​គោក​ជាមួយ​នឹង​បុរស​ក្មេង​នោះ នាង​ប្រាប់​បុរស​នោះ​ថា​ នាង​ត្រូវ​ចាកចេញ​ទៅ​ហើយ តែ​នាង​អោយ​បុរស​នោះ​សន្យា​នឹង​នាង​ថា មិន​ត្រូវ​និយាយ​រឿង​អាម៉ាស់​នេះ​ប្រាប់​អ្នកណា​ដាច់​ខាត​ក្នុង​មួយ​ជីវិត​របស់​គាត់ បុរស​នោះ​បាន​សន្យា​ជាមួយ​នាង​ ក្នុង​ការ​លាក់​កំបាំង​រឿង​មួយ​នេះ​​រហូត​មួយ​ជីវិត។

ក្រោយ​ពេល​ពី​ចាកចេញ​ពី​រូង​ភ្នំ​នោះ​ដែរ បុរស​នោះ​បាន​ទៅ​ប្រាប់​អ្នក​ភូមិ​ អោយ​មក​ជួយ​យក​សាកសព​បុរស​ចំណាស់​​ ដែល​ស្លាប់​ដោយសារ​តែ​អាកាសធាតុ​ត្រជាក់​ ព្រិល​ធ្លាក់​កាល​ពី​យប់មិញ។ ចំណេរតមក​អស់​ជាច្រើន​ឆ្នាំ​ មាន​ថ្ងៃ​មួយ​បុរស​ក្មេង​នេះ​បាន​ជួប​ជាមួយ​នឹង​នារី​ម្នាក់​​ដែល​មាន​ឈ្មោះ​ថា យូគី គាត់​បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហា​របស់​នាង​យ៉ាង​ជ្រាលជ្រៅ ហើយ​នាង​ក៏​ស្រលាញ់​គាត់​វិញ​ដែរ។

ក្រោយ​មក​ទៀត​ពួក​គេ​ក៏​បាន​រៀបការ​នឹង​គ្នា ​ពួក​គេ​សែន​ស្រលាញ់​គ្នា​ណាស់ នាង​តែង​តែ​និយាយ​ថា​នាង​សំណាង​ណាស់​ក្នុង​មួយ​ជីវិត​នេះ ដែល​មាន​ប្ដី​ល្អ ចេះ​ថ្នាក់ថ្នម​ ថែ​រក្សា​នាង​បាន​ល្អ​ឥត​ខ្ចោះ។ ការ​រស់នៅ​ជាមួយ​គ្នា​អស់​ជាច្រើន​ឆ្នាំ ពួក​គេ​បាន​បង្កើត​បាន​កូន​ច្រើន​នាក់។ ថ្ងៃ​មួយ​បុរស​នោះ​បាន​គិត​ថា​ពេលវេលា​បាន​កន្លង​ផុត​ទៅ​យូរ​អង្វែង​មក​ហើយ ហើយ​ម៉្យាង​គាត់​មិន​ចង់​លាក់​រឿង​អាថ៌កំបាំង​ ចំពោះ​ប្រពន្ធ​ជា​ទី​ស្នេហា ​របស់​គាត់​នោះ​ទេ។

គាត់​បាន​និយាយ​រឿង​លាក់​កំបាំង​ ដែល​គាត់​សន្យា​ជាមួយ​ស្រី​ម្នាក់​ ដែល​បាន​ជួយ​សង្គ្រោះ​គាត់​ពី​ព្យុះ​ព្រិល​ ក្នុង​រាត្រី​នោះ​ប្រាប់​ទៅ​ភរិយា​របស់​គាត់។ ភ្លាម​នោះ​នាង​បាន​ខឹង​យ៉ាង​ខ្លាំង នាង​ស្ទើរ​តែ​លោត​ទៅ​ចាក់​សំលាប់​ប្ដី​ជា​ទី​ស្រលាញ់​របស់​នាង​ តែ​ជំនួស​ដោយ​ការ​សំលាប់​ ប្ដី​របស់​នាង នាង​បែរ​ជា​រលាយ​​ខ្សុល​ ដូច​ព្រិល​ត្រូវ​កំដៅ​ថ្ងៃ។ ចាប់​ពី​ថ្ងៃ​នោះ​មក​គេ​លែង​បាន​លឺ និង ឃើញ​នាង​ទៀត​ហើយ ព្រលឹង​របស់​នាង​បាន​ហោះ​ទៅ​រស់នៅ​កន្លែង​ដើម​របស់​នាង​ ក្នុង​រូង​ភ្នំ​នោះ​ដូច​កាល​ពី​មុន​ ក្នុង​នាម​ឈ្មោះ​ថា “Snow Woman”៕៚

Related articles

និទាន​កំសាន្ដ៖ អាយីប (ភាគ​ទី ៥ ភាគ​បញ្ចប់) 03/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , ,
13 comments

អាយីប ត្រូវ​ចំណាយ​ពេល​ពេញ​មួយ​ថ្ងៃ​ទៀត​ដើរ​មើល​អ្វី​ៗ​គ្រប់​យ៉ាង​ក្នុង​នោះ ថ្ងៃ​ទី​ពីរ​នេះ​ក៏​បាន​ធ្វើ​អោយ​ អាយីប រស់​ដោយ​ក្ដី​រំភើប និង ភ្ញាក់ផ្អើល​បំផុត។ អាយីប បាន​ចាក់​សោ​បើក​មើល​​បន្ទប់​មួយ​ៗ​រៀង​រាល់​ថ្ងៃ ដែល​គ្រប់​បន្ទប់​នីមួយ​ៗ​មាន​របស់​របរ​ផ្សេង​ៗ​ពី​គ្នា​ ដែល​ធ្វើ​អោយ អាយីប កែ​អផ្សុក​បាន​រហូត​ដល់​ថ្ងៃ​ទី ២០ ដែល​ជា​ថ្ងៃ​ចុង​ក្រោយ​នៅ​សល់​តែ​បន្ទប់​មួយ​ប៉ុណ្ណោះ​ដែល ​អាយីប មិន​ទាន់បាន​បើក ហើយ​ថ្ងៃ​នេះ​ក៏​ជា​ថ្ងៃ​ដែល​ស្រី​ៗ​ទាំង​អស់​នោះ​ត្រលប់​មក​វិញ​ដែរ អាយីប បាន​ក្រោក​ពី​ព្រលឹម​រៀប​ចំ​ខ្លួន​យ៉ាង​ស្អាត ដើម្បី​ទទួល​ពួក​នាង​ៗ​​។

ជា​រៀងរាល់​ថ្ងៃ​នៅ​ម៉ោង​នេះ​ អាយីប ត្រូវ​ចាក់​សោ​បន្ទប់​ដើម្បី​មើល​របស់​ប្លែក​ៗ​នោះ ដល់​ថ្ងៃ​នេះ​ត្រូវ​អង្គុយ​ត្រមង់ត្រមោច​តែ​ម្នាក់​ឯង​ រង់ចាំ​ស្រី​ៗ​ទាំង​អស់​នោះ ធ្វើ​អោយ​ អាយីប មាន​អារម្មណ៍​សោកសៅ​ក្នុង​ចិត្ត​មែន​ទែន ទោះបី ​អាយីប ធ្វើ​អ្វី​ផ្សេង​ៗ​ដើម្បី​បន្លប់​តែ​ហាក់​ដូចជា​នៅ​គ្មាន​ប្រសិទ្ធិភាព ទ្រាំ​មិន​បាន​ អាយីប បាន​យក​កូនសោ​ទៅ​ចាក់​បន្ទប់​ចុង​ក្រោយ​មើល។ បន្ទាប់​ចុងក្រោយ​​ហាក់​បី​ដូច​ជា​ ប្លែក​​ពី​បន្ទប់​ផ្សេង​ៗ​ទៀត​វា​មិន​ភ្លឺ​ចិញ្ចែងចិញ្ចាច​ វា​គ្មាន​ធម្មជាតិ​ស្រស់​បំព្រង វា​ជា​បន្ទប់​ដែល​មាន​សភាព​ស្ងាត់ជ្រងំ​ និង ងងឹត​ស្លុប​ខុស​ធម្មតា។

អាយីប បាន​ដើរ​ចូល​ទៅ​ក្នុង​ស្បៃ​ងងឹត​នោះ​ទាំង​មាន​អារម្មណ៍​ញញើត​ញញើម អាយីប មើល​ឃើញ​វត្ថុ​បុរាណ​ជាច្រើន ដែល​មាន​លំអង​ធូលី​គ្របដណ្ដប់​ពាសពេញ ​ហាក់​ដូច​មិន​ដែល​មាន​អ្នកណា​ថែរក្សា​ បោសសំអាត ទាល់​តែ​សោះ អាយីប បាន​បន្ត​មើល​ពី​កន្លែង​មួយ ដល់កន្លែង​មួយ ទីបំផុត​បាន​មក​ដល់​រូប​សំណាក​មួយ​យ៉ាង​ធំ ជា​រូប​សំណាក​សត្វ​សេះ​ពណ៌ខ្មៅ​ស្រិល ឈរ​មាំ​នៅ​ទីនោះ អាយីប ចាប់​អារម្មណ៍​នឹង​សត្វ​សេះ​នោះ​មែន​ទែន អាយីប បាន​យក​ដៃ​បបោស​អង្អែល​ខ្នង​វា ធ្វើ​ដូច​សេះ​មែន​ទែន​អញ្ចឹង ដោយ​ក្ដី​ស្រលាញ់​ពេញចិត្ត​នឹង​វា​ខ្លាំង​ពេក អាយីប បាន​ឡើង​ជិះ​វា​។

អាយីប បាន​ទាញ​រំពាត់​ ដែល​ដាក់​ជាប់​នឹង​ក​សេះ​នោះ ហើយ​វាយ​វា​លេង ភ្លាម​នោះ​ស្រាប់​តែ​សេះ​ថ្ម​រលោង​ស្រិល​នេះ កំរើក​ខ្លួន​ដូច​សេះ​រស់​មែន​ទែន អាយីប បាន​វាយ​វា​មួយ​រំពាត់​ទៀត​ ស្រាប់​តែ​សេះ​នោះ​គ្រលែង​ខ្លួន និង គ្រវីគ្រវាត់​កន្ទុយ​ចុះ​ឡើង ហើយ​ស្រាប់​តែ​កន្ទុយ​របស់​វា​វាត់​ទៅ​ត្រូវ​ភ្នែក​ម្ខាង​របស់ អាយីប ខ្វាក់​ភ្លាម​ទៅ ហើយ​សេះ​នោះ​បាន​ស្ទុះ​បោល​ពេញ​មួយ​ទំហឹង​ ហើយ​ហោះ​ឡើង​ទៅ​លើ​អាកាស​វេហា កប់​ក្នុង​​ពពក។ ការ​ធ្វើ​ដំណើរ​ជាមួយ​សេះ​នៅ​ក្នុង​អាកាស​អស់​ជា​ច្រើន​ថ្ងៃ ជាច្រើន​យប់ រហូត​ដល់​​ព្រលប់​ថ្ងៃ​មួយ​ទើប​វា​ហោះ​បន្ទាប​ខ្លួន​ចុះ​ទៅ​ចំ​កន្លែង​វាលស្មៅ​ដែល អាយីប បន្លំ​ខ្លួន​នៅ​ក្នុង​ស្រោម​ចៀម​កាល​ពី​ពេល​មុន ចុះ​មក​ដល់​ដី​សេះ​នោះ​បាន​គ្រលែង​ខ្លួន​ទំលាក់ អាយីប ទៅ​ដី​ហើយ​វា​ក៏​ហោះ​ទៅ​ក្នុង​អាកាស​បាត់​ទៅ។

អាយីប ពោរពេញ​ដោយ​ក្ដី​ឈឺផ្សា​ផ្លូវ​ចិត្ត និង ផ្លូវកាយ​ ឈឺ​ផ្លូវចិត្ត​ព្រោះ​ស្ដាយ​មិន​បាន​ជួប​រួមរស់​ជាមួយ​ស្រី​អប្សរ​សួគ៌​នៅ​​នគរ ដែល​ល្អ​បរិបូរណ៍​​អស្ចារ្យ ហើយ​ឈឺ​ផ្លូវកាយ​ដោយសារ​របួស​ខ្វាក់​ភ្នែក​ម្ខាង។ ពេលនេះ អាយីប បាន​ចំលើយ​ហើយ​ថា ហេតុអ្វី​បាន​ជា​មនុស្ស​ប្រុស​ទាំង ៨ នាក់​នោះ​សុទ្ធ​តែ​ខ្វាក់ភ្នែក​ម្ខាង អាយីប បាន​ដើរ​តំរង់​ទៅ​កន្លែង​បុរស​ខ្វាក់​ភ្នែក​ម្ខាង​ទាំង ៨ នាក់​ហើយ​រួមរស់​ជាមួយ​គ្នា​ជា​រៀង​រហូត​ក្នុង​នាម​ជា​បុរស​ទី ៩ ដែល​មាន​ភ្នែក​ខ្វាក់​ម្ខាង​ដែរ៕៚

Related articles

និទានកំសាន្ដ៖ អាយីប​ (ភាគ​ទី ៤) 30/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , ,
20 comments

ហើយ​ដេញ​ឥន្ទ្រី​នោះ​ចេញ​បាត់​ទៅ។ អាយីប បាន​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីកន្លែង​នោះ ដោយ​គ្មាន​ទិសដៅ​ពិត​ប្រាកដ​ត​ទៅ​ទៀត អស់​ជា​ច្រើន​ខែ​​ អាយីប បាន​មក​ដល់​នគរ​មួយ​ដ៏​ស្កឹមស្កៃ នគរ​ដ៏​សែន​ស្អាត​ដាច់​តែ​ឯង។ នៅ​ពេល​យប់​ចូល​មក​ដល់ អាយីប បាន​ចូល​ខ្លួន​ទៅ​កាន់​តែ​ជិត​ ហើយ​លួច​អង្កេត​​មើល អាយីប ឃើញ​​នគរ​នោះ​មាន​សុទ្ធ​តែ​មនុស្ស​ស្រី ជា​ស្រី​ក្មេង​ៗ​ស្អាត​វិចិត្រ​គ្មាន​គូរ​ប្រៀប អាយីប បាន​ចូល​ទៅ​សា​សង កៀកកើយ​ ប្រលែង​លេង​យ៉ាង​សប្បាយ​ដោយ​តណ្ហា​ក្រាស់​ ពុះ​កញ្ជ្រោល​ដូច​ភ្នំ​ភ្លើង។

ទី​កន្លែង​ដូច​ឋាន​សួគ៌ា​មាន​ស្រី​ស្អាត​ល្អ​ ស្រស់​បវរ​ដូច​ទេពអប្សរ មាន​ម្ហូប​អាហារ ភេសជ្ជៈ ដូច​របស់​ទិព្វ ដែល​អាច​បរិភោគ​តាម​ចិត្ត​ចង់ និង គ្រប់​ពេលវេលា។ ការ​រស់នៅ​ជីវិត​បែប​នោះ​ធ្វើ​អោយ អាយីប ភ្លេច​ផ្ទះ ភ្លេច​ស្រុក ភ្លេច​ប្រជារាស្ត្រ ភ្លេច​នគរ​កំណើត​របស់​ខ្លួន​ទៅ​ហើយ គិត​ទៅ​មនុស្ស​មួយ​នគរ​សុទ្ធ​តែ​ស្រី​ ហើយ​មាន​តែ​ អាយីប ម្នាក់​ប៉ុណ្ណោះ ជា​មនុស្ស​ប្រុស​ តើ​នេះ​វា​ល្អ​ជាង​បាន​ទៅ​កើត​ជា​ទេវតា​ទៅ​ទៀត​មែន​ទេ​អី?

មែន​ហើយ ប្រហែល​នេះ​ជា​ក្ដី​ប៉ង​ប្រាថ្នា​មួយ​របស់​មនុស្ស​ប្រុស​គ្រប់​រូប​ទេ​ដឹង? អាយីប បាន​រស់នៅ​ជាមួយ​ពួក​នាង​អស់​មួយ​រយៈ​វែង​ នៅ​ថ្ងៃ​មួយ​ស្រី​ៗ​ទាំង​អស់​បាន​លា​ អាយីប ចាកចេញ​ទៅ​ទាំង​អស់​គ្នា​ដោយ​សន្យា​ថា​នឹង​វិល​ត្រលប់​មក​វិញ​នៅ ២០ ថ្ងៃ​ក្រោយ​មក​ទៀត តែ​ពួក​គេ​មាន​ម្ហូប អាហារ គ្រប់​គ្រាន់​ទុក​បម្រុង​សំរាប់​ អាយីប ក្នុង​រយៈ​ពេល​នោះ។ ពួក​គេ​បាន​ផ្ដែផ្ដាំ​អោយ អាយីប ជួយ​មើល​ថែរក្សា​នគរ​ជំនួស​ពួក​គេ​ផង ពួក​គេ​បាន​អោយ​កូន​សោ​ចំនួន ២០ ទុក​អោយ​ អាយីប តែ​ពួក​គេ​បាន​អោយ អាយីប សន្យា​ជាមួយ​ថា មិន​ត្រូវ​យក​កូនសោ​ទៅ​ចាក់​បើក​បន្ទប់​ទាំង ២០ នោះ​មើល​ជា​ដាច់​ខាត។

ក្រោយ​ពេល​ដែល​ស្រី​ស្រស់​ល្អ​ដូច​ទេពអប្សរ​ចាកចេញ​ទៅ អាយីប ចាប់ផ្ដើម​មាន​អារម្មណ៍​កណ្ដោច​កណ្ដែង ព្រោះ​គ្មាន​ស្រី​ថ្នម​ប្រលែង បញ្ចុក​ចំណី និង សុរា ដូច​ពេល​មុន។  រយៈ​ពេល​មួយ​ម៉ោង​ដូច​មួយ​ឆ្នាំ​អញ្ចឹង​សំរាប់​ អាយីប ពេលនេះ។ ភាព​កណ្ដោច​កណ្ដែង​ អផ្សុក នាំ​អារម្មណ៍ អាយីប ធ្វើ​អ្វី​ផ្សេង​ៗ ដើម្បី​បន្ត​ជីវិត​រស់នៅ​ដោយ​ក្តី​រំភើប​រីករាយ និង សង្ឃឹម អាយីប លែង​ខ្វល់​នឹង​ពាក្យ​សន្យា​ទៀត​ហើយ អាយីប បាន​យក​កូនសោ​ទៅ​ចាក់​បើក​បន្ទប់​មួយ​មើល ឱ!​ ពុទ្ធោ​ស្រស់​ស្អាត​អ្វី​ម្ល៉េះ​ទេ​ព្រៃ​ព្រឹក្សា ជ្រោះ អូរ ភ្នំ ក្ដាន់ ប្រើស រមាំង​ ទន្សាយ ដំរី ខ្ទីង ធម្មជាតិ​ដ៏​ស្រស់​ត្រកាល​នេះ​វា​មិន​គួរ​អោយ​ជឿ​ថា​មាន​នៅ​លើ​ផែនដី។

អាយីប បាន​ចំណាយ​ពេលវេលា​ពេញ​មួយ​ថ្ងៃ​ដើម្បី​គយគន់​អស់​សព្វ​ទិសា។​ ជីវិត​ក្នុង​មួយ​ថ្ងៃ​នេះ​កន្លង​ទៅ​ដោយ​ក្ដី​រំភើប​ រំជើបរំជួល​ឥត​ឧបមា ​យប់​នោះ​ក្រោយ​ពី​អាហារ​ពេល​ល្ងាច​ហើយ អាយីប ដេក​លង់លក់​ស្កប់ស្កល់​ទល់​ដល់​ភ្លឺ​មិន​មាន​ភ្ញាក់​ម្ដង​ទាល់​តែ​សោះ។ ថ្ងៃទី ២ បាន​ចូល​មក​ដល់ ​អាយីប ចាប់ផ្ដើម​មាន​អារម្មណ៍​ឯកោ និង​ អផ្សុក​ដូច​ថ្ងៃ​ទី ១ ដែរ អាយីប ត្រូវ​បង្ខំ​ចិត្ត​យក​កូនសោ​ទៅ​​ចាក់​បន្ទប់​មួយ​ទៀត​មើល បន្ទប់​ទី ២ មាន​សុទ្ធ​តែ​គ្រឿង​ កែវ កង មាស ពេជ្រ ប្រាសាទ​ជាច្រើន​សុទ្ធ​តែ​ភ្លឺ​ចិញ្ចាច​ចិញ្ចែង ដែល​នាំ​អារម្មណ៍​ អាយីប ភ្លីងភ្លាំង​ស្រឡាំងកាំង​ស្ទើរ​បាត់​ស្មារតី………(រង់ចាំ​អាន​ភាគ​ទី ៥)……..

Related articles

និទាន​កំសាន្ដ៖ អាយីប (ភាគ​ទី ៣) 27/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , ,
6 comments

មួយ​ថ្ងៃ​កន្លង ពីរ​ថ្ងៃ​កន្លង បី​ថ្ងៃ​កន្លង…….រហូត​ដល់​ថ្ងៃ​ទី ១៤ ហើយ​គ្រឿង​បរិភោគ​ក៏​ជិត​អស់​ដែរ​ នៅ​សល់​តែ​ផ្លែ​ឪឡឹក​មួយ​ព្យួរ​នៅ​សង្រែក​នៅ​ក្បាល​ដំណេក ដល់​ពេល​វេលា​បរិភោគ អាយីប បាន​ប្រើ​ក្មេង​ជំទង់​នោះ​ទៅ​យក​ឪឡឹក​នោះ​មក​បរិភោគ​ជាមួយ​គ្នា ក្មេង​ជំទង់​នោះ​បាន​ព្យាយាម​តោង​ យក​ផ្លែ​ឪឡឹក​នោះ​យ៉ាង​ប្រផុតប្រផើយ ព្រោះ​វា​មាន​កំពស់​ខ្ពស់​មិន​គ្រប់គ្រាន់​នោះ​ទេ វា​បាន​យក​កៅអី​មក​ដាក់​ឈរ​ពី​លើ ​​ដើម្បី​អាច​យក​ឪឡឹក​អោយ​បាន ដោយ​ចៃដន្យ​កៅអី​នោះ​បាន​ដួល​ធ្វើ​អោយ​ក្មេង​ជំទង់​ធ្លាក់ ហើយ​ទៅ​ជង់​នឹង​កូន​កាំបិត​ដែល ​អាយីប ​កំពុង​កាន់​នឹង​ដៃ​រង់ចាំ​ចិត​ឪឡឹក​នោះ​ ញ៉ាំ​ទាំងអស់​គ្នា ក្មេង​ជំទង់​នោះ​ដាច់​ខ្យល់​ស្លាប់​មួយ​រំពេច។

អាយីប​ ភ័យ​យ៉ាង​ខ្លាំង និង កើត​ទុក្ខ​សោកសង្រេង​​ក្រៃលែង ដែល​ធ្វើ​អោយ​ក្មេង​ជំទង់​ ដែល​គាត់​ស្រឡាញ់​បំផុត​នោះ​ស្លាប់​បាត់បង់​ជីវិត។ គាត់​យំ​ខ្សឹកខ្សួល​ពេញ​មួយ​យប់ រហូត​ដល់​ថ្ងៃ​បន្ទាប់​ជា​ថ្ងៃ​ទី ១៥ ដែល​សំពៅ​ត្រូវ​ត្រលប់​មក​យក​ក្មេង​ប្រុស​នោះ​ទៅ​ផ្ទះ​វិញ អាយីប បា​ន​កាយ​ខ្សាច់​កប់​​រូង​នោះ ហើយ​គាត់​ក៏​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីនោះ​ទាំង​មិន​អស់​អាល័យ​ ក្នុង​ចិត្ត​។

ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង គ្មាន​គោលដៅ​ពិតប្រាកដ​​​ឆ្លង​ពី​វាលខ្សាច់​មួយ ចូល​ដល់​វាលខ្សាច់​មួយ​ជា​ជីវិត​ផ្សង​ព្រេង បាន​នាំ​ខ្លួន​គាត់​ទៅ​ដល់​ព្រៃ​មួយ​យ៉ាង​ធំ ​ព្រៃ​ដែល​ស្ងាត់​គួរ​អោយ​ខ្លាច​តែ​នៅ​កណ្ដាល​ព្រៃ​ដ៏​ស្ងាត់​ជ្រងំ​ គាត់​បាន​ប្រទះ​ឃើញ​វិមាន​ដ៏​ចំណាស់​មួយ គាត់​​អរ​ខ្លាំង​ណាស់​ គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​វិមាន​នោះ ​គាត់​លឺ​សំលេង​មនុស្ស​ប្រាជ្ញ​គ្នា​ស្ងាត់​ៗ ដែល​ស្ដាប់​ស្ទើរ​ពុំ​លឺ​គាត់​លួច​មើល​តាម​ប្រហោង​ទ្វារ​ គាត់​ឃើញ​សុទ្ធ​តែ​មនុស្ស​ប្រុស​វ័យ​ ចំណាស់​​ដែល​មាន​ចំនួន​ទាំង​អស់​ ៨ នាក់​កំពុង​អង្គុយ​ជុំវិញ​តុ​មូល​មួយ អាយីប បាន​បង្ហាញ​វត្តមាន​របស់​គាត់ ​អោយ​បុរស​ចំណាស់​ទាំង​នោះ​បាន​ឃើញ ប៉ុន្តែ​អ្នក​ទាំង​នោះ​ហាក់​ដូចជា ​គ្មាន​ភ្ញាក់ផ្អើល​បន្តិច​ទាល់​តែ​សោះ​ចំពោះ​វត្តមាន​របស់​ អាយីប ពួក​គេ​ទាំង​នោះ​ហាក់​បាន​ដឹង​ជា​មុន​ថា អាយីប នឹង​​មក​កាន់​ទីនេះ។

ពួក​គេ​បាន​ស្វាគមន៍ អាយីប យ៉ាង​កក់​ក្ដៅ​ដោយ​អោយ​ម្ហូប​អាហារ និង ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ផង។ អាយីប បាន​រស់នៅ​ទី​នោះ​ជាមួយ​ពួក​គេ​បាន​មួយ​រយៈកាល​ដោយ​គ្មាន​បាន​សួរ​នាំ​អ្វី​ច្រើន​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​បាន​សួរ​នាំ​ច្រើន​អំពី អាយីប នោះ​ដែរ ប៉ុន្តែ​​ចំពោះ អាយីប ត្បិត​គាត់​មិន​បាន​សួរ​ពួក​គេ​ក្ដី តែ​គាត់​មាន​ចំងល់​ចាក់ស្រេះ​ពេញ​ខួរក្បាល​របស់​គាត់​ គាត់​ឆ្ងល់​ថា​ហេតុអ្វី​ បាន​ជា​មនុស្ស​ប្រុស​វ័យ​ចំណាស់​ទាំង​នេះ​មក​រស់នៅ​កណ្ដាល​ព្រៃ​​ស្ងាត់​បែប​នេះ ហើយ​ចំងល់​មួយ​ដ៏​ធំ​​មួយ​ទៀត​គឺថា ហេតុអ្វី​បាន​ជា​ពួក​គេ​ទាំង ៨ នាក់ សុទ្ធ​តែ​ពិការ​ភ្នែក​ខាង​ឆ្វេង (ខ្វាក់​ភ្នែក​ខាង​ឆ្វេង)។

ដោយ​ទប់​ចំងល់​របស់​គាត់​លែង​បាន​ត​ទៅ​ទៀត រៀង​រាល់​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច អាយីប តែងតែ​លើក​ជា​សំនួរ​នោះ​ឡើង ជា​ពិសេស​សំនួរ​ទាក់ទង​នឹង​ភាព​ពិការ​ភ្នែក​របស់​ពួក​គេ​តែ អាយីប មិន​ដែល​បាន​ទទួល​ចំលើយ​ម្ដង​ណា​ឡើយ។​នៅ​ថ្ងៃ​មួយ​បុរស​វ័យ​ចំណាស់​ទាំងនោះ​បាន​ឆ្លើយ​ថា “វា​មាន​រឿង​វែង​ឆ្ងាយ​ណាស់​ ទាក់ទង​នឹង​ភាព​ពិការ​ភ្នែក​របស់​ពួក​យើង តែ​បើ​ឯង​ចង់​ដឹង​វា​ត្រូវការ​អោយ​ឯង​លះបង់ ​ពេលវេលា​ជា​ច្រើន​ដើម្បី​ស្វែង​រក​ចំលើយ​នោះ​ដោយ​ខ្លួន​ឯង នោះ​វា​សំខាន់​លើ​ឯង តើ​ឯង​ចង់​លះបង់​ពេលវេលា​ដើម្បី​រក​ចំលើយ​នោះ​ទេ ឯង​អាច​គិត​មើល​សិន​ទៅ​យប់​នេះ ហើយ​នៅ​ថ្ងៃ​ស្អែក​ ឯង​អាច​អោយ​យើង​ដឹង​ថា តើ​ឯង​សំរេចចិត្ត​យ៉ាង​ណា”។

វេលា​បាយ​ល្ងាច​បាន​មក​ដល់​ម្ដង​ទៀត​ អាយីប បាន​និយាយ​ថា គាត់​សុខចិត្ត​ចំណាយ​ពេល​វេលា​របស់​គាត់​ ដើម្បី​​ទៅ​​ស្វែង​រក​ចំលើយ បុរស​ចំណាស់​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ​បាន​​និយាយ​ថា​ “ដូច្នេះ​នៅ​វេលា​ថ្ងៃ​ស្អែក ពេល​ថ្ងៃ​ត្រង់ យើង​នឹង​យក​ស្បែក​ចៀម​មក​រុំ​ជុំវិញ​ខ្លួន​របស់​ឯង​ ហើយ​យើង​នឹង​យក​ឯង​​ទៅ​ដាក់​នៅ​កណ្ដាល​វាល​ស្មៅ​មួយ​ ហើយ​នឹង​​មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ដែល​តែងតែ​មក​ចាប់​ចំណី​នៅ​ទីនោះ​ វា​នឹង​ឆាប​យក​ឯង​ទៅ ព្រោះ​វា​គិត​ថា​ឯង​ជា​សត្វ​ចៀម​​ចំណី​របស់​វា ហើយ​វា​​នឹង​ហើរ​ឆ្លង​សមុទ្រ​ដ៏​ធំ​នេះ វា​នឹង​នាំ​ឯង​ទៅ​ដល់​កំពូល​ភ្នំ​មួយ ដែល​ជា​កន្លែង​​ដែល​វា​ត្រូវ​បរិភោគ​ចំណី​របស់​វា តែ​យើង​នឹង​ដាក់​កូន​កាំបិត​​មួយ​ដល់​ឯង ពេល​ដែល​វា​យក​ឯង​ទៅ​ដល់​កំពូល​ភ្នំ​នោះ​ហើយ​ ឯង​ត្រូវ​ចាក់​ទំលាយ​ស្បែក​ចៀម​នោះ​ចេញ​មក​ក្រៅ​​ ហើយ​ដេញ​ឥន្ទ្រី​នោះ​ចេញ​ទៅ វា​នឹង​មាន​រឿងរ៉ាវ​វែង​ឆ្ងាយ​ទៀត​កើត​ឡើង​ ដល់​ជីវិត​ឯង​បន្ទាប់​ពី​ពេល​នោះ​ ដើម្បី​អោយ​ឯង​រក​ឃើញ​ចំលើយ​ដែល​ឯង​តែង​ឆ្ងល់​អំពី​ភាព​ពិការ​ភ្នែក​របស់​ពួក​យើង​នោះ”។

នៅ​ថ្ងៃ​ស្អែក​វេលា​ថ្ងៃត្រង់ អាយីប ត្រូវ​បាន​សត្វ​ឥន្ទ្រី​មួយ​ក្បាល​ធំ​នោះ​ឆាប​យក​ទៅ​វា​បាន​ហើរ​យក ​អាយីប​ នៅ​ក្នុង​ស្រោម​ចៀម​នោះ​ហើរ​ឆ្លង​សមុទ្រ​ដ៏​ធំ​សម្បើម​នោះ​អស់​ជា​ច្រើន​ថ្ងៃ ច្រើន​យប់ ទីបំផុត​បាន​ទៅ​ដល់​កំពូលភ្នំ ដូច​អ្វី​ដែល​បុរស​វ័យ​ចំណាស់​នោះ​បាន​និយាយ​មែន អាយីប បាន​យក​កូន​កាំបិត​ចាក់​ទំលុះ​ស្រោម​ចៀម​ចេញ​មក​ក្រៅ…….អាន​បន្ត​នៅ​ភាគ​ទី ៤……..

Related articles

%d bloggers like this: