jump to navigation

កម្មវិធី​ “អាហារ​ពេល​ព្រឹក​ជាមួយ​ឪពុក” 06/03/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​.
Tags: , ,
add a comment

សាលាបាន​បង្កើត​កម្មវិធី​មួយ​ហៅថា​ “អាហារ​ពេល​ព្រឹក​ជាមួយ​លោក​ឪពុក”​ តែ​ឪពុក​របស់​សិស្ស​មួយ​ចំនួន​មិន​អាច​មក​បាន​ ដូច្នេះអ្នក​ដែលឪពុកមិនបានមក បា​ន​បង្ហោះ​នៅ​ហ្វេសប៊ុុក​ ដើម្បី​រក​ឪពុក​ស្ម័គ្រចិត្ត​ចំនួន​ ៥០​ នាក់។ នៅ​ព្រឹក​ថ្ងៃ​កម្មវិធី​ ឪពុក​ស្ម័គ្រចិត្ត​ចំនួន​ ៦០០​ នាក់​បានមក​បង្ហាញខ្លួន។

ទោសប្រហារជីវិត 02/03/2018

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​.
Tags: , ,
add a comment

បុរសម្នាក់ត្រូវបានគេចោទប្រកាន់ថាបានសំលាប់ប្រពន្ធរបស់ខ្លួន គាត់នឹងត្រូវទទួលទោសប្រហារជីវិតជាក់ជាពុំខាន។ ចៅក្រមហាក់មិនដាច់ចិត្តប្រហារជីវិតបុរសម្នាក់នោះឡើយ ដោយបុរសនោះមើលទៅហាក់ស្លូតបូត ប្រគត់ស្រគំ ដូច្នៈគាត់ក៏សម្រេចចិត្តយកសាក្សីចុងក្រោយម្នាក់ ដើម្បីអាចស្រោចស្រង់ជីវិតបុរសនេះពីការប្រហារជីវិត។ 

“យើងមានសាក្សីម្នាក់ដែលជាសាក្សីបង្ហាញថា លោកមែនមែនជាឃាតករសំលាប់ប្រពន្ធរបស់លោកទេ​ សូមបើកទ្វារអោយនាងចូលមក”។ មនុស្សទាំងអស់បានងាកទៅមើលទ្វារគ្រប់ៗគ្នា លើកលែងតែបុរសដែលជាជនសង្ស័យប៉ុណ្ណោះ ដែលនៅទ្រឹងស្រៀម។ ទីបំផុតចៅក្រមក៏សម្រេចចិត្តប្រហារជីវិតបុរសនោះស្លាប់បាត់ទៅ។

ទូរស័ព្ទ​តា​មាន​បញ្ហា 10/04/2015

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​.
Tags:
add a comment

  • លោកតា​ចំណាស់​ម្នាក់​បាន​យក​ទូរស័ព្ទ​របស់​គាត់​មក​អោយ​ជាង​ជួសជុល។

-ជាងទូរស័ព្ទ៖ តើ​លោកតា​អញ្ជើញ​មក​មាន​ការ​អ្វី?

-លោកតា​ស្រដី​ទាំង​រលីងរលោង​ទឹកភ្នែក​៖ សូម​ចៅ​ជួយ​មើល​ទូរស័ព្ទ​របស់​តា​បន្តិច​មក តើ​ទូរស័ព្ទ​​របស់​តា​មាន​បញ្ហា​អ្វី បាន​ជា​មិន​ដែល​ឃើញ​កូន​របស់​តា ​ទូរស័ព្ទ​មក​លេង​នឹង​តា​សោះ​អញ្ចឹង។

និទាន៖ បុរស​តោកយ៉ាក និង ក្មេង​ប្រុស​ម្នាក់ 15/11/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​.
Tags: , , ,
4 comments

មាន​ពេល​មួយ​មាន​បុរស​ចំណាស់ ក្រ​លំបាក ក្នុង​សំលៀកបំពាក់​មិន​ស្អាតស្អំ​ម្នាក់ បាន​ដើរ​តាម​ផ្លូវ​លំ​មួយ ជា​ផ្លូវ​ដែល​សិស្ស​សាលា​អនុវិទ្យាល័យ ធ្វើ​ដំណើរ​រៀងរាល់​ថ្ងៃ​ ដើម្បី​សិក្សា។ នៅ​ល្ងាច​ថ្ងៃ​នោះ​គាត់​បាន​ដើរ​តាម​ផ្លូវ​នោះ គាត់​សប្បាយ​រីករាយ​នឹង​ឃើញ​សិស្ស​សាលា ទាំង​អស់​ធ្វើ​ដំណើរ​សប្បាយ​ក្អាកក្អាយ ប្រលែង​គ្នា​លេង ត្រលប់​ពី​សាលារៀន​វិញ។ ក្នុង​ចំណោម​សិស្ស​សាលា​ទាំង​អស់​ បុរស​ចំណាស់​សង្កេត​ឃើញ​ពួក​គេ​ មិន​មាន​អោប​​សៀវភៅ​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​ដៃ​ ដូច​ក្មេង​ប្រុស​ម្នាក់ ដែល​មាន​សណ្ឋាន​ជា​កូន​អ្នក​មាន​ស្ដុកស្ដម្ភ​​​ម្នាក់​នេះ​ទេ គាត់​នឹក​ហួសចិត្ត ព្រោះ​តែ​ក្មេង​សិស្ស​សាលា​ទាំង​អស់ ពួក​គេ​ផ្ញើ​សៀវភៅ​ពួក​គេ​នៅ​សាលារៀន ពួក​គេ​មិន​ចាំបាច់​អោប​សៀវភៅ​ទៅមក​ នាំ​លំបាក។

បុរស​ចំណាស់​ញញឹម​​ពព្រាយ​ដាក់​ក្មេង​ប្រុស​ ហើយ​ដើរ​ទៅ​កាន់​ក្មេង​ប្រុស​នោះ ហើយ​សួរ​សំណួរ​នូវ​ការ​ឆ្ងល់​ដោយ​សំលេង​សើច​រលាក់ យ៉ាង​សប្បាយ​ចិត្ត។ ក្មេង​ប្រុស​នោះ​ជា​ក្មេង​ស្រគត់ស្រគំ មិន​បាន​ឆ្លើយ​តប​នឹង​បុរស​ចំណាស់ ក្រ​តោកយ៉ាក​នោះ​ទេ បុរស​ចំណាស់​នោះ​បាន​បបួល​ក្មេង​ប្រុស​នោះ​ទៅ​ស្ទូច​ត្រី​លេង​ ក្បែរ​បឹង​នៅ​ក្បែរ​នោះ ដោយ​បុរស​នោះ​ជួយ​រំលែក​កាន់​សៀវភៅ​ខ្លះ។ ពួក​គេ​ទាំង​ពីរ​នាក់​ បាន​ស្ទូច​ត្រី​យ៉ាង​សប្បាយ​រីករាយ​ជាមួយ​គ្នា ក្រោយ​ពេល​ស្ទូច​ត្រី​ហើយ បុរស​ចំណាស់​បាន​ជូន​ក្មេង​ប្រុស​នោះ​ទៅ​ផ្ទះ​វិញ ហើយ​គាត់​បាន​ដោត​ត្រី​ដែល​ស្ទូច​បាន ជា​ពីរ​ត្រណោត​ដើម្បី​ចែក​គ្នា​ពាក់​កណ្ដាល​ម្នាក់ តែ​​ក្មេង​ប្រុស​នោះ​មិន​ព្រម​ទទួល​នោះ​ទេ។

ពេល​ជូន​ក្មេង​ប្រុស​នោះ​ទៅ​ដល់​គេហដ្ឋាន នៅ​មាត់​របង​ផ្ទះ​ទើប​បុរស​នោះ​ត្រលប់​មក​វិញ ហើយ​គាត់​ដឹង​ថា ​ក្មេង​នោះ​ជា​កូន​អ្នក​មាន​ម្នាក់ ហេតុនេះ​ហើយ​បាន​ជា​ក្មេង​ប្រុស​​មិន​ព្រម​ទទួល​យក​ចំណែក​ត្រី​ពី​គាត់។ រវាង​បុរស​ចំណាស់​ក្រ​តោកយ៉ាក និង ក្មេង​ប្រុស​អ្នក​មាន​នោះ ពួក​គេ​ឧស្សាហ៍​ជួប​គ្នា​ស្ទូច​ត្រី នឹង ​ដើរ​លេង​កំសាន្ដ​កន្លែង​ធម្មជាតិ​ផ្សេង​ៗ​ ពួក​គេ​រាប់អាន​គ្នា ទំនាក់ទំនង​គ្នា​​រហូត​ដល់​ក្មេង​ប្រុស​នោះ​រៀន​បញ្ចប់​សាល​​មហា​វិទ្យាល័យ។ នៅ​ថ្ងៃ​ទទួល​សញ្ញាប័ត្រ ក្មេង​ប្រុស​អ្នក​មាន​នោះ​ បាន​​អញ្ជើញ​ឪពុក​ម្ដាយ និង បុរស​ចំណាស់​នោះ​ចូលរួម​ផង​ដែរ។ ក្នុង​ពិធី​ទទួល​សញ្ញាប័ត្រ​នោះ​ ក្មេង​ប្រុស​អ្នក​មាន​បាន​ឡើង​ថ្លែង​ និង អំណរ​គុណ​ដល់​លោកគ្រូ អ្នកគ្រូ និង មិត្ត​រួម​ថ្នាក់​របស់​ខ្លួន ដោយ​មាន​មនុស្ស​អឺងកង​ទះ​ដៃ​អបអរ។

នៅ​នាទី​ចុង​ក្រោយ​នៃ​ការ​ថ្លែង​នោះ​ ក្មេង​ប្រុស​អ្នក​មាន​ ដែល​ទើប​តែ​ទទួល​បាន​ជោគជ័យ​បាន​ថ្លែង​ថា​ “គ្រប់​យ៉ាង​ដែល​ខ្ញុំ​ទទួល​បាន គ្រប់​យ៉ាង​ដែល​អ្នក​ទាំង​អស់​គ្នា​មាន​ឱកាស បណ្ដុះបណ្ដាល អប់រំ​ខ្ញុំ​ គ្រប់​យ៉ាង​ដែល​អ្នក​ទាំង​អស់​គ្នា​ឃើញ​ខ្ញុំ​ទទួល​បាន​ជោគជ័យ គ្រប់​យ៉ាង​ដែល​ខ្ញុំ​មាន​ពេលវេលា​ហាត់​ពត់​លត់​ដំ​ខ្លួន រហូត​បាន​ក្លាយ​ជា​​និស្សិត​ពេទ្យ​​​ ចំណាត់​ថ្នាក់​លេខ​មួយ​ម្នាក់ តាម​ការ​ពិត​កើត​ឡើង​ដោយសារ​ការ​សង្គ្រោះ ការ​សង្គ្រោះ​ដ៏​មាន​តំលៃ​មហិមា​ ការ​សង្គ្រោះ​ជីវិត ជីវិត​ត្រូវ​បាន​សង្គ្រោះ​ដោយ​ស្នាម​ញញឹម ដោយ​បុរស​ដែល​ពោរពេញ​ដោយ​ក្ដី​សង្ឃឹម និង ញញឹម​មិន​ចេះ​រីងស្ងួត”។ ក្រោយ​ពេល​ថ្លែង​ចប់ និស្សិត​ពេទ្យ​ម្នាក់​នេះ បាន​រត់​មក​អោប​បុរស​ចំណាស់​តោកយ៉ាក ទាំង​ទឹកភ្នែក​ហូរ​សស្រាក់​លើ​ផែន​ថ្ពាល់។

អស់​រយៈពេល​ ១៥ ឆ្នាំ​មក​នេះ​ទី​បំផុត ចម្ងល់​ដែល​មាន​ក្នុង​ចិត្ត បុរស​ចំណាស់​ ទាក់ទង​នឹង​ក្មេង​ប្រុស​ម្នាក់​នេះ អោប​សៀវភៅ​ច្រើន​ក្រាស់ក្រែល​នៅ​ក្នុង​ដៃ ត្រលប់​មក​ផ្ទះ​វិញ​នៅ​ល្ងាច​មួយ​​នោះ​ត្រូវ​បាន​ស្រាយ តាម​ពិត​ក្មេង​ប្រុស​នេះ ​​លែង​មាន​បំណង​ទៅ​រៀន​ទៀត​ហើយ ហើយ​មិន​ចង់​អោយ​ឪពុក​ម្ដាយ​លំបាក ក្នុង​ការ ​ទៅ​យក​សៀវភៅ​​ពី​សាលារៀន​មក​វិញ ​​ព្រោះ​ខ្លួន​​មាន​បំណង​សំលាប់​ខ្លួន​ឯង​នៅ​ពេល​ទៅ​ដល់​ផ្ទះ​នៅ​ល្ងាច​នោះ ព្រោះ​តែ​ឪពុក​ម្ដាយ​ដ៏​មាន​ទ្រព្យ​នោះ តែងតែ​បង្ក​ជម្លោះ និង ហិង្សា​ជាមួយ​គ្នា​រៀងរាល់​ថ្ងៃ។

Related articles

និទាន​កំសាន្ដ៖ តើ​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី? 23/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, រឿង​ខ្លី, សាសនា, សុភមង្គល.
Tags: , ,
add a comment

ក្នុង​ពេល​មួយ ព្រះ​អាទិទេព​បាន​បញ្ជូន​អ្នក​រស់នៅ​ឋានសួគ៌​ ចុះ​មក​ចាប់​កំណើត​នៅ​ឋាន​មនុស្ស​លោក ក្នុង​ចំណោម​អ្នក​ទៅ​ចាប់​កំណើត​ ក្នុង​ឋាន​មនុស្ស​លោក​ទាំង​អស់ មាន​ទេវតា​ស្រី​មួយ​ ហាក់​មិន​សប្បាយ​ចិត្ត​សោះ ទេវតា​ស្រី​នោះ បាន​និយាយ​ទៅ​កាន់​ព្រះអាទិទេព​ថា៖

ទេវតា​ស្រី៖ “ព្រះ​អាទិទេព នាង​ខ្ញុំ​លឺ​ថា​ ពេល​ខ្ញុំ​ទៅ​ចាប់​កំណើត​ នៅ​ឋាន​មនុស្ស​លោក ខ្ញុំ​នឹង​ទៅ​ជា​កូន​ក្មេង​ម្ដង​ទៀត តើ​ពិត​ទេ?”

អាទិទេព៖ ពិត​មែន​ហើយ។

ទេវតា​ស្រី៖ ខ្ញុំ​ធ្លាប់​នៅ​ឋានសួគ៌​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ខ្ញុំ​ញញឹម​គ្រប់​ពេល​វេលា តើ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត និង ញញឹម​អញ្ចឹង​ទៀត​ទេ?

អាទិទេព៖ សូម​កុំ​ព្រួយ​បារម្ភ​អី យើង​មាន​​​មនុស្ស​ម្នាក់​ អោយ​​នៅ​ជាមួយ​ឯង​ហើយ ឯង​នឹង​មិន​ចាំ​បាច់​ញញឹម​ដោយ​ខ្លួន​ឯង​ទេ មនុស្ស​ម្នាក់​នោះ​នឹង​​មាន​រឿង​សប្បាយ​ជា​ច្រើន ពាក្យ​ពីរោះ សម្ដី​ទន់ភ្លន់ កក់​ក្ដៅ និយាយ​អោយ​ឯង​ស្ដាប់ ហើយ​ឯង​នឹង​សប្បាយ​ចិត្ត ញញឹម​ស្រស់​បំព្រង។

ទេវតា​ស្រី៖ ខ្ញុំ​នៅ​ឋានសួគ៌​នេះ ពេល​ណា​ឃ្លាន​គ្រាន់​តែ​នឹក​ឃើញ​ដល់​ម្ហូប​អាហារ​ នឹង​ឆ្អែត​​ដោយ​ខ្លួន​ឯង តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្ដេច​ពេល​ដល់​ឋានមនុស្ស​លោក?

អាទិទេព៖ ឯង​កុំ​បារម្ភ​អី មនុស្ស​ម្នាក់​នោះ នឹង​ចំអិន​ម្ហូប​ឆ្ងាញ់​ៗ​ អោយ​ឯង​បរិភោគ បញ្ចុក​ឯង ផ្លុំ​ម្ហូប​ក្ដៅ​អោយ​ត្រជាក់​មុន​នឹង​ដាក់​ចូល​ក្នុង​មាត់​ឯង។

ទេវតា​ស្រី៖ ខ្ញុំ​នៅ​ទីនេះ​គ្មាន​ព្យុះ គ្មាន​ភ្លៀង គ្មាន​គ្រោះថ្នាក់​អ្វី​ទេ តើ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ឋាន​មនុស្ស​លោក​ តើ​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទៅ?

អាទិទេព៖ រឿង​នេះ​ក៏​ឯង​មិន​ចាំបាច់​បារម្ភ​ដែរ មនុស្ស​ម្នាក់​នោះ​នឹង​ការពារ​ឯង ពី​ព្យុះ​ភ្លៀង​ ពី​គ្រោះ​ថ្នាក់ មនុស្ស​ម្នាក់​នោះ​នឹង​ហ៊ាន​ពលី​​ជីវិត​ដើម្បី​ការពារ​ឯង ដោយ​គ្មាន​សោកស្ដាយ។

ទេវតា​ស្រី៖ អូ គួរ​អោយ​រំភើប​ក្នុង​ចិត្ត​ណាស់​នូវ​អំពើ​គ្រប់​យ៉ាង​ របស់​មនុស្ស​ម្នាក់​នោះ តើ​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី​ទៅ​ព្រះ​អាទិទេព?

អាទិទេព៖ វា​មិន​សំខាន់​ថា​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី​នោះ​ទេ តែ​ពេល​ដែល​ឯង​ចាប់​កំណើត ​នៅ​ឋាន​មនុស្ស​លោក​ជាមួយ​មនុស្ស​ម្នាក់​​នោះ ឯង​នឹង​ត្រូវ​ហៅ​មនុស្ស​ម្នាក់​នោះ​ថា “អ្នក​ម្ដាយ”។

រឿង​ខ្លី៖ ចំណាំង​ដំឡូង​មួយ​កញ្ចប់ 05/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, រឿង​ខ្លី.
Tags: , , ,
4 comments

ស្ត្រី​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់ ​ធ្វើ​ដំណើរ​តាម​រទេះភ្លើង​ដើម្បី​ទៅ​កំសាន្ដ​នៅ​ទីក្រុង ព្រោះ​តែ​ចង់​ទទួល​បាន​បទ​ពិសោធន៍​ជីវិត​នៃ​ការ​​ដើរ​កំសាន្ដ​ តាម​បែប​មនុស្ស​ធម្មតា។ ក្រោយ​ពេល​ការ​កំសាន្ដ​របស់​គាត់​នៅ​ទីក្រុង​បាន​បញ្ចប់ គាត់​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​មក​វិញ តែ​ពេល​ដែល​គាត់​មក​ដល់​ចំណត​រថភ្លើង រថភ្លើង​បាន​ចេញ​ដំណើរ​ផុត​បាត់​ទៅ​ហើយ ដូច្នេះ​គាត់​ត្រូវ​រង់ចាំ​រថភ្លើង​បន្ទាប់​ ដែល​នឹង​ចេញ​ក្នុង​រយៈពេល​មួយ​ម៉ោង​ទៀត។

ដោយ​ឃ្លាន​បាយ ស្ត្រី​នោះ​បាន​ចូល​ទៅ​ហាង​លក់​មួយ ទិញ​​ចំណាំង​ដំឡូង​មួយ​កញ្ចប់​ធំ សំរាប់​ញ៉ាំ​សម្រន់​មុន​ពេល​ ដែល​រថភ្លើង​​ថ្មី​មក​ដល់។ ក្រោយ​ពេល​ទិញ​ហើយ គាត់​មក​អង្គុយ​ចាំ នៅ​ក្បែរ​កន្លែង​ស្ត្រី​ម្នាក់​នោះ​អង្គុយ មាន​បុរស​សុំទាន ក្នុង​សំលៀកបំពាក់​កខ្វក់ និង ក្លិន​ខ្លួន​មិន​ល្អ អង្គុយ​ក្បែរ​នោះ​ដែរ។ រាល់​ពេល​ដែល​ស្ត្រី​នោះ​លូក​ដៃ​ទាញ​យក ចំណាំង​ដំឡូង​មួយ​ចំណាំង​ដាក់​ក្នុង​មាត់ បុរស​អ្នក​សុំទាន​ន​ក៏​ទាញ​មួយ​​ ពី​កញ្ចប់​នោះ ដាក់​ក្នុង​មាត់​ដែរ ស្ត្រី​ម្នាក់​នោះ​មាន​ភាព​ស្រឡាំងកាំង​យ៉ាង​ខ្លាំង នាង​សម្លក់​បុរស​សុំ​ទាន​ម្នាក់​នោះ​ ស្ទើរ​ជ្រុះ​គ្រាប់​ភ្នែក តែ​នាង​មិន​ហ៊ាន​ស្ដី​បន្ទោស ​អោយ​បុរស​នោះ​ទេ ព្រោះ​ខ្លាច​បុរស​នោះ​ធ្វើ​អំពើ​អាក្រក់​​ណាមួយ​ដល់​ខ្លួន។

ពួក​គេ​ទាំង​ពីរ​នាក់​ញ៉ាំ​ចំណាំង​ដំឡូង​នោះ រហូត​ដល់​នៅ​សល់​មួយ​ចំណាំង បុរស​សុំទាន​ម្នាក់​នោះ ក៏​ទាញ​យក​ចំណាំង​ចុង​ក្រោយ​នោះ ហើយ​បំបែក​ជា​ពីរ​ ហើយ​ដាក់​ពាក់​កណ្ដាល​ចូល​ក្នុង​មាត់​ និង ពាក់​កណ្ដាល​ទៀត​ហុច​ទៅ​អោយ​ស្ត្រី​ម្នាក់​នោះ។ ស្ត្រី​ម្នាក់​នោះ​ទប់​កំហឹង​ខ្លួន​លែង​បាន នាង​បាន​សម្លក់​​បុរស​នោះ​ ដោយ​ខ្សែ​ភ្នែក​សម្អប់​មួយ ហើយ​នាង​ក៏​​ទះ​ដៃ​បុរស​ម្នាក់​នោះ ធ្វើ​អោយ​ចំណាំង​ដំឡូង​នោះ​ធ្លាក់​ទៅ​ដី​​​បែក​អស់​ទៅ។

ពេល​នោះ​រថភ្លើង​ក៏​មក​ដល់ ស្ត្រី​ម្នាក់​នោះ​ក៏​ចូល​ទៅ​ក្នុង​រថភ្លើង​ ធ្វើ​ដំណើរ​ចេញ​បាត់​ទៅ។ ដល់​ពាក់​កណ្ដាល​ផ្លូវ ស្ត្រី​នោះ​បាន​លូក​ដៃ​ចូល​ក្នុង​កាបូប​ បម្រុង​នឹង​យក​សៀវភៅ​ទស្សនាវដ្ដី​មក​អាន ស្រាប់​តែ​ដៃ​របស់​គាត់​ប៉ះ​នឹង​កញ្ចប់​ម៉្យាង​ក្នុង​នោះ ពេល​ដែល​គាត់​ទាញ​យក​មក​គឺ​កញ្ចប់​ចំណាំង​ដំឡូង ដែល​គាត់​ទិញ​នៅ​ហាង​លក់​ នៅ​ចំណត​រទេះភ្លើង​មួយ​ម៉ោង​មុន​សោះ។ តាម​ពិត​ចំណាំង​ដំឡូង​ ដែល​គាត់​ញ៉ាំ​នោះ​ជា​របស់​បុរស​សុំទាន​​នោះ តែ​គាត់​ច្រឡំ​គិត​ថា​វា​ជា​របស់​ខ្លួន​គាត់​ទៅ​វិញ។ ស្ត្រី​ម្នាក់​នោះ​មាន​ការ​សោកស្ដាយ​ និង ខ្មាសអៀន​ នឹង​​អំពើ​របស់​ខ្លួន​មែន​ទែន​ ហើយ​គាត់​គិត​សរសើរ​ក្នុង​ចិត្ត​ ដល់​បុរស​សុំទាន​នោះ​ណាស់ ដែល​គាត់​មិន​មាន​អ្វី​សោះ តែ​សូម្បី​តែ​ចំណាំង​ដំឡូង​ចុង​ក្រោយ​របស់​គាត់ ក៏​គាត់​ចែក​ជា​ពីរ​ដែរ ទោះ​បី​ជា​គាត់​កំពុង​តែ​ស្រេកឃ្លាន។

Related articles

ស្នេហា៖ សត្វ​ក្ងាន 13/02/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​, និទាន​បែប​អប់រំ​, សុភមង្គល, ស្នេហា.
Tags: , , , ,
add a comment

ខាង​ក្រោម​នេះ​ជា​អត្ថបទ​មួយ​ដកស្រង់​ពី​ប្លក់​ Khmer Panda ដែល​ខ្ញុំ​គិត​ថា​​សក្កសម​ក្នុង​ឱកាស​​ ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់ វា​ជា​អត្ថបទ​ធម្មតា​ខ្លី​មួយ តែ​មាន​ន័យ​យ៉ាង​ពិសេស​បញ្ជាក់​នូវ​ក្ដី​ស្រលាញ់​ដ៏​ស្មោះស្ម័គ្រ ជ្រាលជ្រៅ អមត ការ​តស៊ូ​ដើម្បី​អាច​ឈាន​​ដល់​ការ​រួមរស់​ជាមួយ​គ្នា ដោយ​យក​ពេលវេលា និង ការ​ឃ្លាត​ឆ្ងាយ​ដើម្បី​ពិសោធន៍​​រក​ស្នេហ៍​ពិត​ សូម​រីករាយ​ដូច​តទៅ៖

សត្វ​ក្ងាន​ជា​សត្វ​មាន​ចរិត​​ស្លូតបូត ក្លាហាន ស្មោះត្រង់ ហើយ​មាន​ឆន្ទៈ​មុតមាំ។ តែ​ចំណុច​ទាំង​អស់​​នេះ​​គ្រាន់​តែ​ជា​ផ្នែក​តូច​មួយ​តែ​ប៉ុណ្ណោះ​ អ្វី​ដែល​មនុស្ស​គ្រប់​គ្នា​ ចាប់​អារម្មណ៍​នោះ​ គឺ​ស្នេហា​​ស្មោះ​ស្ម័គ្រ​​របស់​​សត្វ​ក្ងាន។ សត្វ​ក្ងាន​ក្នុង​​មួយ​ជីវិត​​មាន​ ដៃ​គូ​បាន​តែ​មួយ​គត់​ ហើយ​បើ​ដៃ​គូ​ម្ខាង​ស្លាប់ ដៃ​គូ​ម្ខាង​​ទៀត​នឹង​មិន​ស៊ី​ចំណី​ មិន​ដេក​រហូត​ដល់​ស្លាប់​ដែរ។

មាន​មនុស្ស​​ចាស់​ម្នាក់​គាត់​ស្រលាញ់​ និង ស្ញប់ស្ញែង​​សត្វ​ក្ងាន​ណាស់។ គាត់​បាន​ចំណាយ​ពេល​​៣០ ឆ្នាំ​ដើម្បី​​តាមដាន​សកម្មភាព​រស់នៅ​របស់​សត្វ​ក្ងាន។ គាត់​បាន​ប្រាប់​ថា សត្វ​ក្ងាន​មួយ​គូ កាល​ណា​ចាប់​​ផ្ដើម​ស្រលាញ់​គ្នា​ហើយ​ ក្នុង​កែវភ្នែក​របស់​ពួក​វា គឺ​គ្មាន​សត្វ​ក្ងាន​ផ្សេង​ទៀត​ទេ។ ពួក​វា​​មិន​ដូច​ជា​មនុស្ស​​ ពេល​ប្រឈម​មុខ​នឹង​ចំណុច​ល្អ​របស់​មនុស្ស​ផ្សេង​ទៀត​ គឺ​ចិត្ត​នៅ​មិន​ស្ងៀម ទោះ​ដឹង​ថា​ខ្លួន​​មាន​​ក្ដី​ស្រលាញ់​​តិច​តួច​ក៏​ដោយ​​ ក៏​បែង​ចែក​ទៅ​អោយ​មនុស្ស​​ច្រើន​ដែរ។

នៅ​ពេល​ដែល​សត្វ​ក្ងាន​ចាប់ផ្ដើម​​​សេចក្ដី​ស្នេហា​មួយ ពួក​វា​បាន​កំណត់​នៅ​លើ​ ផ្លូវ​ស្នេហា​ថា​គឺ​ដើរ​បាន​តែ​ពីរ​នាក់​វា​គត់។ រាល់​ឆ្នាំ​អោយ​​តែ​ដល់​​រដូវ​ផ្លាស់​លំនៅ​ ស្នេហា​របស់​ពួក​វា ក៏​ត្រូវ​ដល់​ពេល​ពិសោធ​ចិត្ត​​គ្នា​ដែរ។ ពួក​វា​មិន​ប្រាកដ​ថា​ ដៃ​គូ​ម្ខាង​​ពិត​ជា​អាច​រស់​នៅ​ជាមួយ​វា​អស់​មួយ​ជីវិត​បាន​ទេ ទើប​ពួក​វា​យក​ពេល​វេលា​ដើម្បី​បញ្ជាក់​ពី​ស្នេហា​នេះ។ អំឡុង​ពេល​​ដែល​បែក​គ្នា ពួក​វា​បាន​ជួប​ប្រទះ​នឹង​ភាព​ឯកោ​ ការ​លំបាក ហើយ​ប្រឈម​មុខ​នឹង​​សេចក្ដី​​ស្លាប់​ទៀត​នៅ​ពេល​ដែល​វា​ប្រាប់​សញ្ញា​ស្នេហា​ទៅ​ក្ងាន​ម្ខាង​ទៀត។

អ្វី​ៗ​គ្រប់​បែប​យ៉ាង​ ការ​ឃ្លាត​ពី​គ្នា​ជើង​មេឃ​ម្ខាង​ម្នាក់​ ធ្វើ​អោយ​ក្តី​សង្ឃឹម​ជួប​គ្នា​កាន់​តិច​តួច​ឡើង​ៗ។ មិន​ដូច​ជា​មនុស្ស​ ទោះ​បី​ជា​​ជា​ឃ្លាត​​គ្នា​ក៏​នៅ​មាន​​មធ្យោបាយ​គ្រប់​បែប​យ៉ាង​ទំនាក់ទំនង​គ្នា​ដែរ។ នៅ​ពេល​រដូវ​ផ្លាស់​ទីលំនៅ​ចប់ ពួក​វា​នឹង​​វិល​មក​កន្លែង​ដើម ហើយ​​បើ​ដៃ​គូ​ម្ខាង​មិន​ស្លាប់ ពួក​គេ​នឹង​បន្ត​ស្នេហា​នេះ​ទៀត ដោយ​ទទះ​ស្លាប​រាំ​នៅ​​លើ​ទឹក។ ការ​ពិសោធន៍​​នេះ​ត្រូវការ​រយៈពេល​​បី​​ឆ្នាំ បើ​បី​ឆ្នាំ​ពួក​វា​នៅ​តែ​ស្រលាញ់​គ្នា ពួក​វា​នឹង​ថែរក្សា​​ស្នេហា​នេះ​អស់​មួយ​ជីវិត។

ប៉ុន្តែ​បើ​ពួក​វា​យល់​ថា​មិន​អាច​រស់​នៅ​ជាមួយ​គ្នា​​ ពួក​វា​ក៏​ចែក​ផ្លូវ​គ្នា​​ហើយ​​ក្លាយ​ជា​មិត្ត។ ហើយ​ប្រសិន​​​បើ​​​ពួក​​វា​​ស្រលាញ់​គ្នា​ពិត ក្នុង​ចំណោម​ក្ងាន​ទាំង​ពីរ មាន​មួយ​បង្ហាញ​នូវ​​ភាព​​ក្លាហាន​ប្រាប់​ដល់​សមាជិក​ថា ​ពួក​វា​ថា​នឹង​ចាកចេញ​ពី​ក្រុម​នេះ ហើយ​ទៅ​រស់នៅ​តែ​ពីរ​នាក់​រហូត​​ដល់​​ស្លាប់​ ហើយ​គ្មាន​ឈ្មោះ​ថា​ជា​អ្នក​ក្បត់។ គ្រប់​សត្វ​ក្ងាន​ទាំង​អស់​ សុទ្ធ​តែ​យល់​ថា​​មាន​តែ​ធ្វើ​បែប​នេះ​​ទេ ទើប​ស្នេហា​របស់​ពួក​វា​ជា​ស្នេហា​ពិត។

នេះ​គឺជា​ស្នេហា​របស់​សត្វ​ក្ងាន ធ្វើ​អោយ​មនុស្ស​មាន​អារម្មណ៍​ថា​​រំភើប និង ក្ដុកក្ដូល​ ពួក​វា​បាន​​ប្រាប់​​យើង​ថា​៖ មាន​តែ​ស្នេហា​ដែល​យក​ពេលវេលា​មក​បញ្ជាក់​ទេ ទើប​ជា​ស្នេហា​ដែល​ស្ថិត​ស្ថេរ និង ពិតប្រាកដ៕៚

“រីករាយ​ថ្ងៃ​បុណ្យ​នៃ​ក្ដី​ស្រលាញ់”

Related articles

ស្នេហា៖ តើ​ថ្ងៃ​ស្អែក​គឺជា​អ្វី? 25/01/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, សុភមង្គល, ស្នេហា.
Tags: , , , ,
add a comment

មាន​បុរស​ម្នាក់​ស្រឡាញ់​នារី​ម្នាក់​ធ្វើការ​នៅ “ហាង​លក់​ស៊ីឌី​” មួយ​យ៉ាង​ខ្លាំង​ប៉ុន្តែ​គាត់​មិន​បាន​ប្រាប់​អំពី​សេចក្ដី​ស្នេហា​របស់​គាត់​ អោយ​នាង​ដឹង​នោះ​ទេ។​ គាត់​ទៅ​ទិញ​ស៊ីឌី​នៅ​ទីនោះ​រៀងរាល់​ថ្ងៃ​ ដើម្បី​អោយ​បាន​ឱកាស​និយាយ​លេង​ជាមួយ​នាង​ មួយ​ខែ​ក្រោយ​មក​បុរស​ម្នាក់​នោះ​ក៏​ស្លាប់​បាត់​ទៅ​​​ ដោយសារ​ជំងឺ​មហារីក។​ ដោយ​បាត់​បុរស​ម្នាក់​នោះ​មួយ​រយៈ​មិន​ឃើញ​មក​ទិញ​ស៊ីឌី​ដូច​សព្វ​ដង ​នាង​ក៏​ទៅ​លេង​ផ្ទះ​របស់​បុរស​នោះ ម្ដាយ​របស់​បុរស​នោះ​បាន​ប្រាប់​រឿងរ៉ាវ​គ្រប់​យ៉ាង​អោយ​នាង​បាន​ដឹង រួម​ទាំង​ស្នេហា​ដ៏​ជ្រាលជ្រៅ របស់​កូនប្រុស​គាត់​ចំពោះ​នាង​​ទៀត​ផង។

បន្ទាប់​មក​គាត់​ក៏​នាំ​នាង​ចូល​ទៅ​បន្ទប់ របស់​បុរស​ម្នាក់​នោះ នាង​បាន​ឃើញ​ប្រអប់​ស៊ីឌី​ទាំងអស់ ដែល​បុរស​នោះ​ទិញ​ពី​ហាង​របស់​នាង​ធ្វើការ ប៉ុន្តែ​ប្រអប់​ស៊ីឌី​ទាំង​នោះ​មិន​ត្រូវ​បាន​បើក​នោះ​ទេ នាង​ស្រែក​យំ​​ ហើយ​យំ​យ៉ាង​ខ្លាំង​​​​ រហូត​ដល់​ដួល​សន្លប់ ​​ហើយ​ដាច់​ខ្យល់​ស្លាប់​ទៅ​ដែរ។​

-តើ​អ្នក​ទាំងអស់​គ្នា​ដឹង​ទេ​ហេតុអ្វី​បាន​ជា​នាង​យំ?​​​​​​

នាង​យំ​ពីព្រោះ​នៅ​ក្នុង​គ្រប់​ប្រអប់​ស៊ីឌី​ទាំង​នោះ នាង​បាន​បង្កប់​សំបុត្រ​ស្នេហា​ របស់​នាង​សំរាប់​អោយ​បុរស​នោះ​បាន​អាន​ “តាម​ពិត​​នាង​ក៏​ស្រឡាញ់​គាត់​ដែរ” ។ គ្មាន​អ្នក​ណា​ដឹង​ថា “តើ​ថ្ងៃ​ស្អែក​គឺជា​អ្វី?” សូម​​ប្រាប់​ទៅ​មនុស្ស​ម្នាក់​ដែល​អ្នក​ស្រលាញ់​នៅ​ថ្ងៃ​នេះ កុំ​រង់ចាំ​ដល់​វាសនា​អាក្រក់​មក​លេង​សើច​ នឹង​ជីវិត​អ្នក​នៅ​ថ្ងៃ​ស្អែក “សូម​សំណាង​ល្អ​មាន​ដល់​គូ​ស្នេហ៍​គ្រប់​រូប”៕៚

“If you don’t live for something, you will die for nothing”

Related articles

%d bloggers like this: