jump to navigation

រង់ចាំ 11/10/2016

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ពិត.
Tags: , ,
add a comment

មាន សុភមង្គល មានគ្រួសារគឺជាក្ដីប្រាថ្នារបស់មនុស្សគ្រប់រូប ។ តាមរូបសម្បត្ដិ សមត្ថភាព និងជីវភាពគ្រួសាររបស់ខ្ញុំ ខ្ញុំអាចជ្រើសរើសនារីស្អាតមកធ្វើជាភរិយាបានយ៉ាងងាយ ប៉ុន្ដែខ្ញុំបែរជាបោះបង់ភាពជាយុវវ័យ បោះបង់ចោលនូវឱកាសសាងគ្រួសារដោយមិនដឹងខ្លួន អស់រយៈពេលជាង២០ឆ្នាំហើយ នេះមិនមែនមកពីខ្ញុំវក់នឹងការងារ ឬការសប្បាយនោះទេ គឺខ្ញុំកំពុងតែរង់ចាំនារីម្នាក់ ដែលខ្ញុំមិនធ្លាប់គិតថា «ស្រឡាញ់» ហើយខ្ញុំក៏មិនដឹងខ្លួនថា ខ្ញុំមានចិត្ដស្រឡាញ់នាង ឬក៏អត់នោះដែរ ។ ខ្ញុំតែងតែប្រាប់ខ្លួនឯងថា ខ្ញុំខឹងនឹងនាងណាស់ ហេតុអ្វីនាងមិនមកជួបខ្ញុំតាមការណាត់ បើនាងចង់ទៅចោលខ្ញុំហេតុអ្វីមិនប្រាប់ឲ្យខ្ញុំដឹង ជាង២០ឆ្នាំហើយថ្ងៃណាក៏ខ្ញុំទៅចាំនាងនៅមុខមន្ទីរពេទ្យ កាល់ម៉ែត្រដែរ ពីព្រោះវាជាកន្លែងដែលនាងណាត់ជួបខ្ញុំលើកចុងក្រោយ ប៉ុន្ដែនាងបែរជាមិនមក នាងទុកឲ្យខ្ញុំរង់ចាំនាង ចាំហើយចាំទៀត មួយថ្ងៃ មួយខែ មួយឆ្នាំ រហូតដល់ជាង២០ឆ្នាំ ។ នាងខឹងនឹងខ្ញុំដែលបោកប្រាស់នាងមែនទេ ? នាងចង់សងសឹកមែនទេ ? (ច្រើន​ទៀត…)

និទាន​កំសាន្ដ៖ តើ​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី? 23/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, រឿង​ខ្លី, សាសនា, សុភមង្គល.
Tags: , ,
add a comment

ក្នុង​ពេល​មួយ ព្រះ​អាទិទេព​បាន​បញ្ជូន​អ្នក​រស់នៅ​ឋានសួគ៌​ ចុះ​មក​ចាប់​កំណើត​នៅ​ឋាន​មនុស្ស​លោក ក្នុង​ចំណោម​អ្នក​ទៅ​ចាប់​កំណើត​ ក្នុង​ឋាន​មនុស្ស​លោក​ទាំង​អស់ មាន​ទេវតា​ស្រី​មួយ​ ហាក់​មិន​សប្បាយ​ចិត្ត​សោះ ទេវតា​ស្រី​នោះ បាន​និយាយ​ទៅ​កាន់​ព្រះអាទិទេព​ថា៖

ទេវតា​ស្រី៖ “ព្រះ​អាទិទេព នាង​ខ្ញុំ​លឺ​ថា​ ពេល​ខ្ញុំ​ទៅ​ចាប់​កំណើត​ នៅ​ឋាន​មនុស្ស​លោក ខ្ញុំ​នឹង​ទៅ​ជា​កូន​ក្មេង​ម្ដង​ទៀត តើ​ពិត​ទេ?”

អាទិទេព៖ ពិត​មែន​ហើយ។

ទេវតា​ស្រី៖ ខ្ញុំ​ធ្លាប់​នៅ​ឋានសួគ៌​ ខ្ញុំ​សប្បាយ​ចិត្ត​ណាស់ ខ្ញុំ​ញញឹម​គ្រប់​ពេល​វេលា តើ​ខ្ញុំ​នឹង​សប្បាយ​ចិត្ត និង ញញឹម​អញ្ចឹង​ទៀត​ទេ?

អាទិទេព៖ សូម​កុំ​ព្រួយ​បារម្ភ​អី យើង​មាន​​​មនុស្ស​ម្នាក់​ អោយ​​នៅ​ជាមួយ​ឯង​ហើយ ឯង​នឹង​មិន​ចាំ​បាច់​ញញឹម​ដោយ​ខ្លួន​ឯង​ទេ មនុស្ស​ម្នាក់​នោះ​នឹង​​មាន​រឿង​សប្បាយ​ជា​ច្រើន ពាក្យ​ពីរោះ សម្ដី​ទន់ភ្លន់ កក់​ក្ដៅ និយាយ​អោយ​ឯង​ស្ដាប់ ហើយ​ឯង​នឹង​សប្បាយ​ចិត្ត ញញឹម​ស្រស់​បំព្រង។

ទេវតា​ស្រី៖ ខ្ញុំ​នៅ​ឋានសួគ៌​នេះ ពេល​ណា​ឃ្លាន​គ្រាន់​តែ​នឹក​ឃើញ​ដល់​ម្ហូប​អាហារ​ នឹង​ឆ្អែត​​ដោយ​ខ្លួន​ឯង តើ​ខ្ញុំ​នឹង​ធ្វើ​ដូច​ម្ដេច​ពេល​ដល់​ឋានមនុស្ស​លោក?

អាទិទេព៖ ឯង​កុំ​បារម្ភ​អី មនុស្ស​ម្នាក់​នោះ នឹង​ចំអិន​ម្ហូប​ឆ្ងាញ់​ៗ​ អោយ​ឯង​បរិភោគ បញ្ចុក​ឯង ផ្លុំ​ម្ហូប​ក្ដៅ​អោយ​ត្រជាក់​មុន​នឹង​ដាក់​ចូល​ក្នុង​មាត់​ឯង។

ទេវតា​ស្រី៖ ខ្ញុំ​នៅ​ទីនេះ​គ្មាន​ព្យុះ គ្មាន​ភ្លៀង គ្មាន​គ្រោះថ្នាក់​អ្វី​ទេ តើ​ពេល​ដែល​ខ្ញុំ​ទៅ​ដល់​ឋាន​មនុស្ស​លោក​ តើ​ខ្ញុំ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ទៅ?

អាទិទេព៖ រឿង​នេះ​ក៏​ឯង​មិន​ចាំបាច់​បារម្ភ​ដែរ មនុស្ស​ម្នាក់​នោះ​នឹង​ការពារ​ឯង ពី​ព្យុះ​ភ្លៀង​ ពី​គ្រោះ​ថ្នាក់ មនុស្ស​ម្នាក់​នោះ​នឹង​ហ៊ាន​ពលី​​ជីវិត​ដើម្បី​ការពារ​ឯង ដោយ​គ្មាន​សោកស្ដាយ។

ទេវតា​ស្រី៖ អូ គួរ​អោយ​រំភើប​ក្នុង​ចិត្ត​ណាស់​នូវ​អំពើ​គ្រប់​យ៉ាង​ របស់​មនុស្ស​ម្នាក់​នោះ តើ​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី​ទៅ​ព្រះ​អាទិទេព?

អាទិទេព៖ វា​មិន​សំខាន់​ថា​មនុស្ស​ម្នាក់​នោះ​ឈ្មោះ​អ្វី​នោះ​ទេ តែ​ពេល​ដែល​ឯង​ចាប់​កំណើត ​នៅ​ឋាន​មនុស្ស​លោក​ជាមួយ​មនុស្ស​ម្នាក់​​នោះ ឯង​នឹង​ត្រូវ​ហៅ​មនុស្ស​ម្នាក់​នោះ​ថា “អ្នក​ម្ដាយ”។

រឿង​ខ្លី៖ ចំណាំង​ដំឡូង​មួយ​កញ្ចប់ 05/09/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​អប់រំ​, រឿង​ខ្លី.
Tags: , , ,
4 comments

ស្ត្រី​អ្នក​មាន​ស្ដុកស្ដម្ភ​ម្នាក់ ​ធ្វើ​ដំណើរ​តាម​រទេះភ្លើង​ដើម្បី​ទៅ​កំសាន្ដ​នៅ​ទីក្រុង ព្រោះ​តែ​ចង់​ទទួល​បាន​បទ​ពិសោធន៍​ជីវិត​នៃ​ការ​​ដើរ​កំសាន្ដ​ តាម​បែប​មនុស្ស​ធម្មតា។ ក្រោយ​ពេល​ការ​កំសាន្ដ​របស់​គាត់​នៅ​ទីក្រុង​បាន​បញ្ចប់ គាត់​ត្រូវ​ធ្វើ​ដំណើរ​ត្រលប់​មក​វិញ តែ​ពេល​ដែល​គាត់​មក​ដល់​ចំណត​រថភ្លើង រថភ្លើង​បាន​ចេញ​ដំណើរ​ផុត​បាត់​ទៅ​ហើយ ដូច្នេះ​គាត់​ត្រូវ​រង់ចាំ​រថភ្លើង​បន្ទាប់​ ដែល​នឹង​ចេញ​ក្នុង​រយៈពេល​មួយ​ម៉ោង​ទៀត។

ដោយ​ឃ្លាន​បាយ ស្ត្រី​នោះ​បាន​ចូល​ទៅ​ហាង​លក់​មួយ ទិញ​​ចំណាំង​ដំឡូង​មួយ​កញ្ចប់​ធំ សំរាប់​ញ៉ាំ​សម្រន់​មុន​ពេល​ ដែល​រថភ្លើង​​ថ្មី​មក​ដល់។ ក្រោយ​ពេល​ទិញ​ហើយ គាត់​មក​អង្គុយ​ចាំ នៅ​ក្បែរ​កន្លែង​ស្ត្រី​ម្នាក់​នោះ​អង្គុយ មាន​បុរស​សុំទាន ក្នុង​សំលៀកបំពាក់​កខ្វក់ និង ក្លិន​ខ្លួន​មិន​ល្អ អង្គុយ​ក្បែរ​នោះ​ដែរ។ រាល់​ពេល​ដែល​ស្ត្រី​នោះ​លូក​ដៃ​ទាញ​យក ចំណាំង​ដំឡូង​មួយ​ចំណាំង​ដាក់​ក្នុង​មាត់ បុរស​អ្នក​សុំទាន​ន​ក៏​ទាញ​មួយ​​ ពី​កញ្ចប់​នោះ ដាក់​ក្នុង​មាត់​ដែរ ស្ត្រី​ម្នាក់​នោះ​មាន​ភាព​ស្រឡាំងកាំង​យ៉ាង​ខ្លាំង នាង​សម្លក់​បុរស​សុំ​ទាន​ម្នាក់​នោះ​ ស្ទើរ​ជ្រុះ​គ្រាប់​ភ្នែក តែ​នាង​មិន​ហ៊ាន​ស្ដី​បន្ទោស ​អោយ​បុរស​នោះ​ទេ ព្រោះ​ខ្លាច​បុរស​នោះ​ធ្វើ​អំពើ​អាក្រក់​​ណាមួយ​ដល់​ខ្លួន។

ពួក​គេ​ទាំង​ពីរ​នាក់​ញ៉ាំ​ចំណាំង​ដំឡូង​នោះ រហូត​ដល់​នៅ​សល់​មួយ​ចំណាំង បុរស​សុំទាន​ម្នាក់​នោះ ក៏​ទាញ​យក​ចំណាំង​ចុង​ក្រោយ​នោះ ហើយ​បំបែក​ជា​ពីរ​ ហើយ​ដាក់​ពាក់​កណ្ដាល​ចូល​ក្នុង​មាត់​ និង ពាក់​កណ្ដាល​ទៀត​ហុច​ទៅ​អោយ​ស្ត្រី​ម្នាក់​នោះ។ ស្ត្រី​ម្នាក់​នោះ​ទប់​កំហឹង​ខ្លួន​លែង​បាន នាង​បាន​សម្លក់​​បុរស​នោះ​ ដោយ​ខ្សែ​ភ្នែក​សម្អប់​មួយ ហើយ​នាង​ក៏​​ទះ​ដៃ​បុរស​ម្នាក់​នោះ ធ្វើ​អោយ​ចំណាំង​ដំឡូង​នោះ​ធ្លាក់​ទៅ​ដី​​​បែក​អស់​ទៅ។

ពេល​នោះ​រថភ្លើង​ក៏​មក​ដល់ ស្ត្រី​ម្នាក់​នោះ​ក៏​ចូល​ទៅ​ក្នុង​រថភ្លើង​ ធ្វើ​ដំណើរ​ចេញ​បាត់​ទៅ។ ដល់​ពាក់​កណ្ដាល​ផ្លូវ ស្ត្រី​នោះ​បាន​លូក​ដៃ​ចូល​ក្នុង​កាបូប​ បម្រុង​នឹង​យក​សៀវភៅ​ទស្សនាវដ្ដី​មក​អាន ស្រាប់​តែ​ដៃ​របស់​គាត់​ប៉ះ​នឹង​កញ្ចប់​ម៉្យាង​ក្នុង​នោះ ពេល​ដែល​គាត់​ទាញ​យក​មក​គឺ​កញ្ចប់​ចំណាំង​ដំឡូង ដែល​គាត់​ទិញ​នៅ​ហាង​លក់​ នៅ​ចំណត​រទេះភ្លើង​មួយ​ម៉ោង​មុន​សោះ។ តាម​ពិត​ចំណាំង​ដំឡូង​ ដែល​គាត់​ញ៉ាំ​នោះ​ជា​របស់​បុរស​សុំទាន​​នោះ តែ​គាត់​ច្រឡំ​គិត​ថា​វា​ជា​របស់​ខ្លួន​គាត់​ទៅ​វិញ។ ស្ត្រី​ម្នាក់​នោះ​មាន​ការ​សោកស្ដាយ​ និង ខ្មាសអៀន​ នឹង​​អំពើ​របស់​ខ្លួន​មែន​ទែន​ ហើយ​គាត់​គិត​សរសើរ​ក្នុង​ចិត្ត​ ដល់​បុរស​សុំទាន​នោះ​ណាស់ ដែល​គាត់​មិន​មាន​អ្វី​សោះ តែ​សូម្បី​តែ​ចំណាំង​ដំឡូង​ចុង​ក្រោយ​របស់​គាត់ ក៏​គាត់​ចែក​ជា​ពីរ​ដែរ ទោះ​បី​ជា​គាត់​កំពុង​តែ​ស្រេកឃ្លាន។

Related articles

រឿង​ពិត៖ យុត្តិធម៌​នៅ​ជើង​មេឃ 15/08/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ពិត, ស្នេហា.
Tags: , , , , ,
add a comment

គាត់​ជា​មនុស្ស​ស្មោះត្រង់​ ដែល​ខ្ញុំ​ធ្លាប់​បាន​ស្គាល់ គាត់​អាច​ចាត់​ទុក​ថា​ជា​មនុស្ស​ចេញ​ពី​គ្រួសារ​ធូរធារ​ម្នាក់ គាត់​បាន​ស្រលាញ់​គ្នា​ជាមួយ​នារី​ម្នាក់​នៅ​ក្នុង​ខេត្ត​ ដែល​នាង​ជា​នារី​មាន​ជីវភាព​លំបាកលំបិន​មួយ។ រឿង​ស្នេហា​របស់​ពួក​គេ​ បន្ត​បាន​មួយ​រយៈកាល​ក៏​បែក​លឺ​​ដល់ ឪពុក​ម្ដាយ​ខាង​ប្រុស ដោយសារ​តែ​នាង​​មាន​ផ្ទៃពោះ។ នា​រាត្រី​នោះ​ឪពុក​ម្ដាយ​ខាង​ប្រុស​ ស្ដី​បន្ទោស​គាត់​យ៉ាង​ខ្លាំង ហើយ​ពួក​គាត់​មិន​យល់ព្រម​ អោយ​ស្នេហា​ពួក​គេ​បាន​ជួបជុំ​គ្នា​នោះ​ទេ ដោយ​ពួក​គាត់​បង្ខំ​អោយ​កូនប្រុស​​របស់​ពួក​គាត់​ យក​លុយ​មួយ​ចំនួន​​ទៅ​អោយ​នារី​នោះ ដើម្បី​ដោះដូរ​នឹង​ការ​យក​កូន​នោះ​ចេញ។

ការ​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​សម្បើម​ ពី​សំណាក់​ឪពុកម្ដាយ​ និង ស្នេហា​ដែល​មាន​ជម្រៅ​ជ្រៅ​​ជាង​មហា​សមុទ្រ គាត់​មិន​ដឹង​គួរ​ធ្វើ​យ៉ាងណា​នោះ​ទេ តើ​គួរ​ជ្រើសរើស​ឪពុក​ម្ដាយ រឺ សង្សារ​សំណព្វ​ចិត្ត​របស់​គាត់? នៅ​ពេល​ព្រលឹម​ឡើង​គេ​បាន​ប្រទះ​ឃើញ​បុរស​នោះ​ស្លាប់ ដោយសារ​តែ​ចង​ក​ នឹង​ដើម​ស្វាយ​ក្រោយ​​​ផ្ទះ​របស់​គាត់ គាត់​ស្លាប់​ទាំង​វ័យ​នៅ​ក្មេង​នៅ​ឡើយ។

គិត​ទៅ​វា​ពិត​ជា​កម្សត់​ណាស់​​ សំរាប់​បុរស​ម្នាក់​នេះ ស្មោះ​ស្នេហ៍ ស្មោះ​គ្រួសារ​ តែ​រឿង​មួយ​ដែល​កម្សត់​ជាង​​នេះ​ទៀត​គឺ កូន​ដែល​នៅ​ក្នុង​ផ្ទៃ​នោះ​ មិនមែន​ជា​កូន​របស់​បុរស​នោះ​ទេ ព្រោះ​នៅ​ពេល​ដែល​​កូន​នោះ​កើត​មក ​ឪពុក​ម្ដាយ​ខាង​ប្រុស​​បាន​យក​កូន​នោះ​ទៅ​ពិនិត្យ DNA។ នារី​ម្នាក់​នោះ​ក៏​បាន​សារភាព​ដែរ​ថា នាង​មាន​ទំនាក់ទំនង​ជាមួយ​នឹង​បុរស​ម្នាក់​ផ្សេង​ទៀត ក្នុង​ពេល​តែ​មួយ ហើយ​ជ្រុលជ្រួស​ប្រាណ​ជាមួយ​នឹង​បុរស​នោះ​ផង និង បុរស​ដែល​បាន​ស្លាប់​ទៅ​ផង។

គិត​ទៅ​រឿង​កម្សត់​បែប​នេះ​ស្ដាប់​ទៅ​​ក្ដុកក្ដូល​ជាង​រឿង ទុំ​ទាវ របស់​ខ្មែរ និង រឿង​ Romeo and Juliet របស់  William Shakespeare ទៅ​ទៀត ស្ដាប់​បណ្ដើរ កត់ត្រា​បណ្ដើរ​ ស្រក់​ទឹកភ្នែក​បណ្ដើរ។ មនុស្ស​យ៉ាង​ដូច្នេះ​ឯង អ្នកខ្លះ​ប្រាថ្នា​ចង់​បាន​ស្នេហា​ស្មោះត្រង់​មួយ រហូត​មួយ​ជីវិត​ស្លាប់​ទៅ​វិញ​ មិន​ទទួល​បាន​ផង តែ​អ្នក​ខ្លះ​វិញ​ជួប​មនុស្ស​ស្មោះ​ម្នាក់​ហើយ​ម្នាក់​ទៀត​ច្រើន​លើស​លុប​ ហើយ​ខ្លះ​ជួប​អ្នក​ស្មោះ​ហើយ​ មែន​ចេះ​ថែ​រក្សា​បែប​ហ្នឹង​ទៅ​វិញ។

“ពេល​នេះ​ទោះ​ទឹកភ្នែក​ស្រក់​រាប់​លាន​តំណក់​ក៏​គ្មានន័យ ពេល​អ្វី​ៗ​កែប្រែ​លែង​បាន”

Related articles

រឿង​ពិត៖ ឆ្កែ​ស្រុក​ខ្មែរ​ 29/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, រឿង​ខ្លី, រឿង​ពិត, អត្ថបទ​តាម​សំណូមពរ.
Tags: , , ,
add a comment

កាល​ពី​មុន ​ខ្ញុំ​មាន​មិត្តភ័ក្ដិ​ជនជាតិ​បរទេស​ម្នាក់ គាត់​ធ្វើការ​នៅ​ស្រុក​ខ្មែរ​ជាច្រើន​ឆ្នាំ តែ​ត្រលប់​ទៅ​ប្រទេស​កំណើត​វិញ ​ច្រើន​ឆ្នាំ​ហើយ។ ខ្ញុំ​ជួប​គាត់​ម្ដងម្កាល សំណេះសំណាល​គ្នា​លេង គាត់​និយាយ​ប្រាប់​ខ្ញុំ​ថា​ គាត់​រស់នៅ​ផ្ទះ​ជួល​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ ជីវភាព​សមញ្ញា ធ្វើ​ដំណើរ​ទៅ​ធ្វើការ​តាម​ម៉ូតូ​ឌុប។ គាត់​ជា​មនុស្ស​មាន​សន្ដាន​ចិត្ត​ល្អ ស្អប់​ខ្ពើម​ការ​ជិះជាន់ ស្អប់​ខ្ពើម​អំពើ​អាក្រក់ និង ជា​មនុស្ស​ជួយ​យក​អសារ​គ្នា​ណាស់។

ថ្ងៃ​មួយ​គាត់​ប្រាប់​ខ្ញុំ​ថា​ គាត់​ចិញ្ចឹម​ឆ្កែ​មួយ​ក្បាល​នៅ​ស្រុក​ខ្មែរ គាត់​នឹក​វា​ខ្លាំង​ណាស់ តែ​គាត់​មិន​អាច​យក​វា​មក​ប្រទេស​ក្រៅ ​តាម​គាត់​បាន​ទេ ត្បិត​អី​តាម​យន្តហោះ​ហាម​យក​សត្វ​តាម​ជាមួយ។ ដូច្នេះ​ហើយ​បាន​ជា​គាត់ ​ត្រូវ​ចំណាយ​លុយ​ទិញ​សំបុត្រ​យន្តហោះ ទៅ​លេង​ឆ្កែ​របស់​គាត់​រៀងរាល់​ឆ្នាំ។

គាត់​ថា​ឆ្កែ​គាត់​ពិសេស​ណាស់ ខុស​ពី​ឆ្កែ​​គេ​ផ្សេង​នៅ​ប្រទេស​កម្ពុជា។ ខ្ញុំ​ក៏​សួរ​សំណួរ​បន្ថែម​​ទៅ​គាត់​ចង់​ដឹង​ភាព​អស្ចារ្យ​នោះ គាត់​បាន​និយាយ​ប្រាប់​ខ្ញុំ​ថា “កុំ​ថា​ឡើយ​មនុស្ស​ខ្មែរ សូម្បី​តែ​ឆ្កែ​ខ្មែរ​ក៏​មិន​ចេះ​ប្រព្រឹត្ត​ខ្លួន​ដែរ – Not only Khmer people even though Khmer dogs don’t know how to behave”។ គាត់​ថា​ឆ្កែ​គាត់​មិន​ចេះ​តែ​ព្រុស​​រញ៉េរញ៉ៃ​​ ដោយ​មិន​មាន​ដឹង​មាន​អី​ច្បាស់​លាស់ មិន​ដេញ​ខាំ​មនុស្ស មិន​ដេញ​ខាំ​គ្នា​វា ញ៉ាំ​ក៏​ដឹង​កន្លែង ជុះ​ក៏​ដឹង​កន្លែង និង តែងតែ​បង្ហាញ​កាយវិការ​សុភាព​រាបសា​ ស្លូតបូត ចំពោះ​មនុស្ស និង សត្វ​ឆ្កែ​គ្នា​វាទៀត​​ផង។

ថូ​ផ្កា​នៃ​សំណាង 27/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​អន្តរជាតិ​, រឿង​ខ្លី, សុភមង្គល, អំណាន.
Tags: , , , , , ,
add a comment

រឿង​មួយ​នេះ​កើត​ឡើង​នៅ​ថ្ងៃ​មួយ​ ដែល​បងប្អូន​បង្កើត​ពីរ​នាក់​ ទៅ​សំអាត​ផ្ទះ​លោក​ពូ​របស់​ខ្លួន​ ដែល​បាន​លា​ចាក​លោក​ទៅ​ហើយ។ ពួក​គេ​បាន​កំពុង​តែ​​រៀបចំ​​រៀប​អីវ៉ាន់ រៀបចំ​សៀវភៅ​ដាក់​តាម​ធ្នើរ​ដាក់​សៀវភៅ និង ថូ​ផ្កា​មួយ​ ហើយ​បន្ត​ការងារ​ទៅ​ទៀត​រហូត​ដល់​ចប់។ ក្រោយ​ពេល​ការងារ​ចប់​សព្វ​គ្រប់​ហើយ ពួក​គេ​ទាំង​ពី​រ​នោះ​ហាក់​ចាប់​អារម្មណ៍​ថា​ ថូ​ផ្កា​នោះ​អាច​ជា​របស់​មាន​តំលៃ ពួក​គេ​ក៏​យក​ថូ​ផ្កា​នោះ​តាម​ខ្លួន​ ទៅ​កន្លែង​ដាក់​ដេញ​ថ្លៃ។ អ្នក​នៅ​ទីនោះ​បាន​ប្រាប់​ពួក​គេ​ថា​ ថូ​ផ្កា​នោះ​ជា​វត្ថុបុរាណ​តាំង​ពី​ឆ្នាំ ១៧៤០ មក​ម្ល៉េះ​ ដែល​គេ​បង្កើត​វា​ឡើង​យ៉ាង​ពិសេស​ សំរាប់​អធិរាជ គៀនឡុង “Qianlong Emperor”។ ពួក​គេ​ទាំង​ពីរ​នាក់​ក៏​សំរេចចិត្ត ចាក់​ថូ​ផ្កា​នោះ ដើម្បី​អោយ​គេ​ដេញ​ថ្លៃ ដែល​តំលៃ​វា​បំបែក​កំណត់​ត្រា​ នៃ​តំលៃ​សិល្បៈ​របស់​ចិន ដែល​តំលៃ​វា​ដល់​ទៅ​ជិត​ដល់ ៦៩ លាន​ដុល្លារ​អាមេរិក។

សូម​កុំ​ដេក​ចាំ​លុយ​ធ្លាក់​មក​ពី​លើ​មេឃ “ចូរ​ប្រឹង​ធ្វើ​ការងារ”


Related articles

បាន​ការ​ពារ: រឿង​ពិត៖ ស្រី​អ៊ីន 19/06/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, រឿង​ពិត.
Tags: , , , ,
វាយ​បញ្ចូល​ពាក្យ​សម្ងាត់​របស់អ្នក​ដើម្បីមើល​មតិ។

មាតិកា​នេះ​ត្រូវ​បាន​ការពារ​ដោយ​ពាក្យ​សម្ងាត់។ ដើម្បី​មើល​វា សូម​បញ្ចូល​ពាក្យ​សម្ងាត់​នៅ​ខាង​ក្រោម៖

នៅ​តែ​មាន​ជំនឿ 09/04/2012

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, សុភមង្គល, ស្នេហា.
Tags: , , ,
1 comment so far

កំពុង​តែ​ឈរ​សម្លឹង​តាម​ផ្លូវ​ដ៏​តូច​ដុះ​ស្មៅ​សង​ខាង​យ៉ាង​ទ្រុបទ្រុល ភ្នែក​ស្ទើរ​តែ​មិន​ព្រិច មុខ​ម្ដង​ញញឹម ម្ដង​ស្រពាប់​ស្រពោន មនុស្ស​ដើរ​ឆ្លង​កាត់​​កន្លែង​គាត់​​ឈរ​ជា​ច្រើន​ដង​ តែ​គាត់​នៅ​តែ​មិន​ចាកចេញ​ គាត់​យក​ដៃ​បាំង​ពន្លឺ​ព្រះ​អាទិត្យ​ដែល​ហៀប​នឹង​លិច​ ដើម្បី​គាត់​អាច​មើល​តាម​ច្រក​ផ្លូវ​ឃើញ​​ច្បាស់។ ថ្ងៃ​នេះ​គាត់​មាន​អាយុ ៩០ ឆ្នាំ​ហើយ នៅ​ថ្ងៃ​នេះ​ ម៉ោង​នេះ រដូវ​រំហើយ​នេះ​​​កាល​ពី​ ៧០ ឆ្នាំ​មុន​គាត់​បាន​ជូន​ដំណើរ​មនុស្ស​ប្រុស​ ជា​ទី​ស្រលាញ់​របស់​គាត់​​ នៅ​ច្រក​ផ្លូវ​នេះ​ ដោយ​បុរស​ម្នាក់​នោះ​ចាកចេញ​ទៅ​​ដោយ​និយាយ​​ថា​នឹង​វិល​​ត្រលប់​មក​វិញ។

នៅ​វេលា​ព្រឹក​ឡើង​មនុស្ស​ម្នា​ក្នុង​ភូមិ​បាន​ផ្អើល​ឆោឡោ​ ស្រែក​ប្រកូកប្រកាស​ថា​ “លោក​យាយ​​បាន​ដួល​ស្លាប់​ នៅ​ច្រក​ផ្លូវ​រង់ចាំ​​មិន​ដឹង​ពី​ពេល​ណា​មក​ទេ” ដោយ​ក្នុង​ដៃ​របស់​គាត់​ បាន​ក្ដោប​សំបុត្រ​មួយ​ជាប់​នៅ​ក្នុង​ដៃ “ខ្ញុំ​បាន​ធ្វើ​ដំណើរ​ទៅ​ហើយ តែ​សែន​ស្ដាយ​ដែល​មិន​បាន​ឃើញ​មុខ​គេ​ជា​លើក​ចុង​ក្រោយ។ សូម​​​បញ្ចុះ​សព​ខ្ញុំ​នៅ​មាត់​ផ្លូវ​នេះ ហើយ​ឆ្លាក់​ឈ្មោះ​ខ្ញុំ​​លើ​ថ្ម​​​ធំ​ៗ​​ ដាក់​លើ​ផ្នូរ​ខ្ញុំ​ផង ខ្ញុំ​ខ្លាច​គាត់​ត្រលប់​មក​វិញ​រក​ខ្ញុំ​មិន​ឃើញ”។ តាម​ពាក្យ​បណ្ដាំ​របស់​គាត់ ​ថ្ងៃ​ក្រោយមក​​ពួក​គេ​បាន​បញ្ចុះ​សព​​ ដោយ​ឆ្លាក់​អក្សរ​លើ​ថ្ម​ក្បាល​ដំណេក​​ដាក់​ជាប់​ផ្នូរ​លោក​យាយ​ នូវ​ឈ្មោះ​របស់​គាត់​យ៉ាង​ធំ​ៗ​​​ថា​​ “សិលា”។


Related articles

%d bloggers like this: