jump to navigation

រឿង​ខ្លី៖ ស្នេហ៍​​ដែល​គ្មាន​ចំលើយ 09/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, ស្នេហា.
Tags: , , , , , ,
13 comments

“យ៉ា សូម​កុំ​និយាយ​បន្ត​ទៀត​បាន​ទេ​​អូន​សម្លាញ់​ បង​ស្ដាប់​លឺ​ពាក្យ​អូន​ហើយ ហើយ​បង​ក៏​យល់​ចិត្ត​អូន​ដែរ តែ​សូម​កុំ​និយាយ​ទៀត​បាន​ទេ?”

នេះ​​ជា​សំដី​ស្រែក​គំហក​របស់​ខ្ញុំ​ចំពោះ​នាង ឈ្មោះ​ពេញ​របស់​នាង​គឺ “ចរិយា” នាង​ជា​សង្សារ​សំណប់​ចិត្ត​របស់​ខ្ញុំ​ តាំង​ពី​សាលា​វិទ្យាល័យ​មក​ម្ល៉េះ នាង​រង់ចាំ​ខ្ញុំ​អស់​ជាច្រើន​ឆ្នាំ​​ដើម្បី​អាច​រួមរស់​ជាមួយ​គ្នា​។ នាង​ជា​កំលាំង​ចិត្ត​ដ៏​មោះមុត ​អាច​អោយ​ខ្ញុំ​ពុះពារ​រាល់​ឧបសគ្គ​ទាំង​ឡាយ រហូត​ដល់​បាន​បញ្ចប់​សាលា​អនុ​បណ្ឌិត​ នៅ​ប្រទេស​អង់គ្លេស​ទៀត​ផង។

នាង​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​គ្រប់​ដង្ហើម​ចេញ​ចូល ខ្ញុំ​ទ្រាំ​ស្ទើរ​មិន​បាន​ដែល​រស់នៅ​ឆ្ងាយ​ពី​នាង​ ខ្ញុំ​បន់​អោយ​រៀន​ចប់​ឆាប់​ៗ​នឹង​អាច​មក​ជួប​នាង ស្រាប់​តែ​ដល់​ពេល​បាន​មក​ជួប​នាង​ នៅ​ស្រុក​ខ្មែរ​ម្ដង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វី​ៗ​ហាក់​បី​ដូច​ជា​សោះ​កក្រោះ បាត់​បង់​អស់​រសជាតិ ភាព​ផ្អែម​ល្ហែម​ ដែល​ធ្លាប់​មាន​កាល​ពី​ពេល​មុន ហ៊ឺ…..នាង​​មើល​ទៅ​ដូច​ជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ រូប​សម្រស់​ក៏​នៅ​តែ​ស្រស់​ស្អាត​ផូរផង់ ចុះ​អញ្ចឹង​តើ​មូលហេតុ​អ្វី​ បាន​ជា​ខ្ញុំ​បាត់បង់​អស់​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​ចំពោះ​នាង​ក្នុង​អតីតកាល​ទៅ​?

“បង​ប្រាប់​អូន​ទៅ​ថា​ បង​ឈប់​ស្រលាញ់​អូន​ហើយ បង​ប្រាប់​អូន​ទៅ​ថា ​​បង​មិន​ចង់​រៀបការ​ជាមួយ​អូន​ទេ បង​មិន​និយាយ​តែ​បង​មិន​ខ្វល់ បង​មិន​រុញ​អូន​ចេញ តែ​បង​មិន​ទាញ​អូន​ចូល ហេតុអ្វី? ហេតុ​អ្វី​ទៅ​បង​សម្លាញ់?”

តើ​អោយ​អោយ​ឆ្លើយ​ប្រាប់​នាង​យ៉ាង​ម៉េច ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ថា​​ហេតុអ្វី​បាន​ជា​ ផ្ទៃ​សមុទ្រ​ដែល​ធ្លាប់​មាន​ពណ៌​ផ្ទៃ​មេឃ​គួរ​គយគន់ ប្រែ​ក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ​ គួរ​អោយ​ធុញ​ទ្រាន់​បែប​នេះ​ទៅ​វិញ។

“ថ្ងៃ​ជិត​លិច​ហើយ​ អូន​សំលឹង​មើល​ទៅ សំលឹង​កុំ​ងាក​ក្រោយ​មើល​បង​​អោយ​សោះ អូន​ត្រូវ​តែ​មើល​​វា​រហូត​ដល់​ថ្ងៃ​នេះ​លិច​បាត់​ សឹម​អូន​ងាក​មក​រក​បង នោះ​បង​នឹង​ប្រាប់​អូន​ថា បង​នឹង​នៅ​ជាមួយ​អូន រឺ បង​នឹង​ចាក​ចេញ​ពី​អូន”

ចរិយា អង្គុយ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​មិន​កំរើក​ខ្លួន សំលឹង​មើល​ទៅ​ព្រះ​អាទិត្យ​ដែល​កំពុង​តែ​បន្ទាប​ប្រាណ​​បន្តិច​ម្ដង​ៗ​ ទៅ​ក្នុង​ផ្ទៃ​សមុទ្រ​ដាច់​កន្ទុយ​ភ្នែក នាង​អង្គុយ​សំលឹង​បែប​នោះ​​ រហូត​ដល់​ឆ្នេរ​សមុទ្រ​ ផ្ទៃ​មេឃ​ទាំង​មូល​ងងឹត​សូន្យ​សុង​ចូល​ក្នុង​រាត្រី​កាល​បាត់​ទៅ៕៚

Related articles

%d bloggers like this: