jump to navigation

ជីវិត​លោក ជុន ចាន់បុត្រ 15/02/2014

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in ព័ត៌មាន​ជាតិ, ព័ត៌មាន​ដក់ស្រង់.
Tags: ,
add a comment

ថ្វីបើ​បច្ចុប្បន្ន​លោក ជុន ចាន់បុត្រ មាន​ការងារ​ខ្ពស់​ជា​អនុ​ប្រធាន​វិទ្យុ​ អាស៊ី​សេរី ហើយ​ក៏ជា​អ្នក​សម្រប​សម្រួល​ដែល​សំបូរវោ​ហារ​សាស្រ្ត ពូកែសួរ​ដេញ​ដោល​ចាក់ឆ្កិះ​ឆ្កៀល ធ្វើអោយ​តំណាង​រាស្រ្តមក​ពី​គ្រប់​គណបក្ស​នយោ​បាយ​ស្ទើរឆ្លើយ​មិន​រួច​ម្តងៗ​ក៏ដោយ​ ក៏ប៉ុន្តែ​បើក្រ​ឡេក​មើល​ក្រោយ​វិញ លោក គឺជា​កូន​កំព្រា​ម្នាក់​ប៉ុណ្ណោះ ដោយ​សារ​តែឪពុក​ម្តាយ​បង​ប្អូន ត្រូវបាន​របបអាវ​ខ្មៅ​សម្លាប់​អស់គ្មាន​សល់​។

លោក ​ជុន ចាន់បុត្រ (ឈ្មោះពិត ហួត វុទ្ធី) កើត​នៅថ្ងៃទី​២៤ ខែ​ឧសភា ឆ្នាំ​១៩៦២ នៅ​ក្នុង​ស​ង្កាត់​លេខ៥ មាន​ទីតាំ​ង​នៅ​​​ជិ​ត​​ផ្សារ​​ដើមគរ​ក្នុងរាជ​ធានី​ភ្នំពេញ។ លោកជាកូន​ទី៣ ក្នុង​ចំណោម​បងប្អូន​បង្កើត​៥នាក់ ប្រុស​៣ ស្រី២​ និង​មានឪពុក​ជាមន្រ្តី​រាជការ​ក្នុង​សម័យ​សង្គម​រាស្រ្ត​និយម ហើយ​ម្តាយ​របស់​លោក​ជាមេ​គ្រួសារ ដែល​មាន​ទំនួល​ខុស​ត្រូវ​ម្នាក់។ ដោយ​ជាប់​ឈាមជ័រ​ជា​មន្រ្តី​រាជការ​នេះ​ហើយ​ទើប​ឪពុក​លោក​ត្រូវ​បាន​ប៉ុល​ពត​សម្លាប់​នៅគុក​ទួល​ស្លែង អតីត​មន្ទីរ​ស-២១ ។

លោក​បានរំលឹក​ប្រវត្តិ​ដ៏ជូចត់​ថា ក្រោយ​ពីចាប់​កំណើត​អាយុបា​ន​៧ឆ្នាំ ពោល​គឺនៅ​ឆ្នាំ១៩៦៩ លោក ត្រូវបាន​ឪពុក​ម្តាយ​យក​ទៅ​ចុះ​ឈ្មោះ​ចូល​រៀន​នៅ​សាលា​បឋម​សិក្សា​ស្ទឹង​មាន​ជ័យ ប៉ុន្តែ​រៀន​មិន​ទាន់ បាន​មួយ​ឆ្នាំ​ចប់ថ្នាក់​ទី១​ត្រឹម​ត្រូវ​ផង ប្រទេស​ជាតិ​ត្រូវ​បាន​ផ្លាស់​ប្តូរ​ពីសម័យ​សង្គម​រាស្រ្ត​និយម ទៅ​ជា របប​សា​ធារណរដ្ឋ​ខ្មែរ​ដឹកនាំ​ដោយ​លោក​សេនា​ប្រមុខ លន់ ណុល។ លោកថា​ក្នុងវ័យ​ជាកុមារ​របស់​លោក លោក​មិន​ដែល​ស្គាល់​អ្វី ក្រៅ​ពី​ក្រុង​ភ្នំពេញ​មួយ​ក្រវេច​នេះ​ទេ ព្រោះ​ថា​សម័យ​នោះ​នៅ​ភាគ​ខាង​កើត​ទន្លេ​មេគង្គ ជាកន្លែង​កាន់​កាប់​ដោយ​ខ្មែរ​ក្រហម នៅពោធ៏ចិន​តុង នៅគីឡូ​ម៉ែត្​រលេខ​៧ ឬស្សី​កែវ ក៏សុទ្ឋ​តែ​ជាតំបន់​ដែល​ខ្មែរ​ក្រហម​ព័ទ្ធ​ជិត​ជុំ។ ស្នូរ​អាវុធ​ផ្ទុះ​ត្រូវ​បាន​គេលឺ​ស្ទើរ​មិន​ដាច់​ជារៀង​រាល់​ថ្ងៃ។

ជា​អកុសល​រហូត​ដល់​ឆ្នាំ​១៩៧៥ នៅពេល​ដែល​កម្ពុជា​ប្តូរ​ទៅជា​របប​កម្ពុជា​ប្រជាធិប​តេយ្យ ក្រោម​របប​អាវ​ខ្មៅ​ខ្មែរក្រហម​នោះ ប្រជាជន​ក្នុង​ទីក្រុង​ទាំង​មូល ត្រូវ​បា​នពួក​ខ្មែរ​ក្រហម​ជម្លៀស​ចេញ​ទៅ​តាម​ខេត្ត​ទាំង​អស់​ក្រោម​ហេតុ​ផល​ថា ខ្លាច​អាមេរិក​កាំង​ទម្លាក់​គ្រាប់​បែក។ ដោយ​ឡែក​គ្រួសារ​ឪពុក​ម្តាយ​​របស់​លោក​ត្រូវ​បាន​ខ្មែរ​ក្រហម ជម្លៀស​ទៅរស់​នៅស្រុក​កំណើត នៅឃុំ​ព្រែក​អំបិល​ ស្រុកស្​អាង ខេត្ត​កណ្តាល។ ទៅដល់​ទីនោះ​មិនទាន់​បានមួយ​ខែផង កុមារ ចាន់​បុត្រ ត្រូវ​គេ​ជម្លៀស​បន្ត​ទៅ​រស់​នៅ​ជាមួយ​គ្រួសារ​បងស្រី នៅ​ក្នុង​សហករណ៍​មួយ​នៅ​ក្នុង​ឃុំប្រាសាទ ស្រុក​ព្រះនេត្រ​ព្រះ ខេត្ត​បា​ត់​ដំបង​។ រីឯ​ឪពុក​ម្តាយ​និង​បង​ប្អូន​ដ៏ទៃ​ទៀត ត្រូវខ្មែរ​ក្រហ​ម​បញ្ជូន​អោយ​មក​ធ្វើ​ការ​នៅឯ​ភ្នំពេញ​វិញ​។

(ច្រើន​ទៀត…)

%d bloggers like this: