jump to navigation

រឿង​ខ្លី៖ ស្នេហ៍​​ដែល​គ្មាន​ចំលើយ 09/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in រឿង​ខ្លី, ស្នេហា.
Tags: , , , , , ,
13 comments

“យ៉ា សូម​កុំ​និយាយ​បន្ត​ទៀត​បាន​ទេ​​អូន​សម្លាញ់​ បង​ស្ដាប់​លឺ​ពាក្យ​អូន​ហើយ ហើយ​បង​ក៏​យល់​ចិត្ត​អូន​ដែរ តែ​សូម​កុំ​និយាយ​ទៀត​បាន​ទេ?”

នេះ​​ជា​សំដី​ស្រែក​គំហក​របស់​ខ្ញុំ​ចំពោះ​នាង ឈ្មោះ​ពេញ​របស់​នាង​គឺ “ចរិយា” នាង​ជា​សង្សារ​សំណប់​ចិត្ត​របស់​ខ្ញុំ​ តាំង​ពី​សាលា​វិទ្យាល័យ​មក​ម្ល៉េះ នាង​រង់ចាំ​ខ្ញុំ​អស់​ជាច្រើន​ឆ្នាំ​​ដើម្បី​អាច​រួមរស់​ជាមួយ​គ្នា​។ នាង​ជា​កំលាំង​ចិត្ត​ដ៏​មោះមុត ​អាច​អោយ​ខ្ញុំ​ពុះពារ​រាល់​ឧបសគ្គ​ទាំង​ឡាយ រហូត​ដល់​បាន​បញ្ចប់​សាលា​អនុ​បណ្ឌិត​ នៅ​ប្រទេស​អង់គ្លេស​ទៀត​ផង។

នាង​ស្ថិត​ក្នុង​ចិត្ត​ខ្ញុំ​គ្រប់​ដង្ហើម​ចេញ​ចូល ខ្ញុំ​ទ្រាំ​ស្ទើរ​មិន​បាន​ដែល​រស់នៅ​ឆ្ងាយ​ពី​នាង​ ខ្ញុំ​បន់​អោយ​រៀន​ចប់​ឆាប់​ៗ​នឹង​អាច​មក​ជួប​នាង ស្រាប់​តែ​ដល់​ពេល​បាន​មក​ជួប​នាង​ នៅ​ស្រុក​ខ្មែរ​ម្ដង​ទៀត ខ្ញុំ​មាន​អារម្មណ៍​ថា​អ្វី​ៗ​ហាក់​បី​ដូច​ជា​សោះ​កក្រោះ បាត់​បង់​អស់​រសជាតិ ភាព​ផ្អែម​ល្ហែម​ ដែល​ធ្លាប់​មាន​កាល​ពី​ពេល​មុន ហ៊ឺ…..នាង​​មើល​ទៅ​ដូច​ជា​មិន​មាន​អ្វី​ប្រែប្រួល​ទេ រូប​សម្រស់​ក៏​នៅ​តែ​ស្រស់​ស្អាត​ផូរផង់ ចុះ​អញ្ចឹង​តើ​មូលហេតុ​អ្វី​ បាន​ជា​ខ្ញុំ​បាត់បង់​អស់​អ្វី​ដែល​ខ្ញុំ​ធ្លាប់​មាន​ចំពោះ​នាង​ក្នុង​អតីតកាល​ទៅ​?

“បង​ប្រាប់​អូន​ទៅ​ថា​ បង​ឈប់​ស្រលាញ់​អូន​ហើយ បង​ប្រាប់​អូន​ទៅ​ថា ​​បង​មិន​ចង់​រៀបការ​ជាមួយ​អូន​ទេ បង​មិន​និយាយ​តែ​បង​មិន​ខ្វល់ បង​មិន​រុញ​អូន​ចេញ តែ​បង​មិន​ទាញ​អូន​ចូល ហេតុអ្វី? ហេតុ​អ្វី​ទៅ​បង​សម្លាញ់?”

តើ​អោយ​អោយ​ឆ្លើយ​ប្រាប់​នាង​យ៉ាង​ម៉េច ខ្ញុំ​ក៏​អត់​ដឹង​ដែរ​ថា​​ហេតុអ្វី​បាន​ជា​ ផ្ទៃ​សមុទ្រ​ដែល​ធ្លាប់​មាន​ពណ៌​ផ្ទៃ​មេឃ​គួរ​គយគន់ ប្រែ​ក្លាយ​ទៅ​ជា​ពណ៌​ខ្មៅ​ គួរ​អោយ​ធុញ​ទ្រាន់​បែប​នេះ​ទៅ​វិញ។

“ថ្ងៃ​ជិត​លិច​ហើយ​ អូន​សំលឹង​មើល​ទៅ សំលឹង​កុំ​ងាក​ក្រោយ​មើល​បង​​អោយ​សោះ អូន​ត្រូវ​តែ​មើល​​វា​រហូត​ដល់​ថ្ងៃ​នេះ​លិច​បាត់​ សឹម​អូន​ងាក​មក​រក​បង នោះ​បង​នឹង​ប្រាប់​អូន​ថា បង​នឹង​នៅ​ជាមួយ​អូន រឺ បង​នឹង​ចាក​ចេញ​ពី​អូន”

ចរិយា អង្គុយ​យ៉ាង​ស្ងៀមស្ងាត់ ដោយ​មិន​កំរើក​ខ្លួន សំលឹង​មើល​ទៅ​ព្រះ​អាទិត្យ​ដែល​កំពុង​តែ​បន្ទាប​ប្រាណ​​បន្តិច​ម្ដង​ៗ​ ទៅ​ក្នុង​ផ្ទៃ​សមុទ្រ​ដាច់​កន្ទុយ​ភ្នែក នាង​អង្គុយ​សំលឹង​បែប​នោះ​​ រហូត​ដល់​ឆ្នេរ​សមុទ្រ​ ផ្ទៃ​មេឃ​ទាំង​មូល​ងងឹត​សូន្យ​សុង​ចូល​ក្នុង​រាត្រី​កាល​បាត់​ទៅ៕៚

Related articles

កំសាន្ដ​វីដេអូ៖ កោះ​រង់ កោះកុង កម្ពុជា 01/12/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in កំសាន្ត​ជា​វីដេអូ, ព័ត៌មាន​ជាតិ.
Tags: , , , ,
add a comment

-អាន​បន្ថែម​អំពី​កោះរង់ http://en.wikipedia.org

និទាន​កំសាន្ដ៖ អាយីប (ភាគ​ទី ៣) 27/11/2011

Posted by ស្រុកខ្មែរ ស្នេហ៍ខ្ញុំ in និទាន​បែប​កំសាន្ត​.
Tags: , , , ,
6 comments

មួយ​ថ្ងៃ​កន្លង ពីរ​ថ្ងៃ​កន្លង បី​ថ្ងៃ​កន្លង…….រហូត​ដល់​ថ្ងៃ​ទី ១៤ ហើយ​គ្រឿង​បរិភោគ​ក៏​ជិត​អស់​ដែរ​ នៅ​សល់​តែ​ផ្លែ​ឪឡឹក​មួយ​ព្យួរ​នៅ​សង្រែក​នៅ​ក្បាល​ដំណេក ដល់​ពេល​វេលា​បរិភោគ អាយីប បាន​ប្រើ​ក្មេង​ជំទង់​នោះ​ទៅ​យក​ឪឡឹក​នោះ​មក​បរិភោគ​ជាមួយ​គ្នា ក្មេង​ជំទង់​នោះ​បាន​ព្យាយាម​តោង​ យក​ផ្លែ​ឪឡឹក​នោះ​យ៉ាង​ប្រផុតប្រផើយ ព្រោះ​វា​មាន​កំពស់​ខ្ពស់​មិន​គ្រប់គ្រាន់​នោះ​ទេ វា​បាន​យក​កៅអី​មក​ដាក់​ឈរ​ពី​លើ ​​ដើម្បី​អាច​យក​ឪឡឹក​អោយ​បាន ដោយ​ចៃដន្យ​កៅអី​នោះ​បាន​ដួល​ធ្វើ​អោយ​ក្មេង​ជំទង់​ធ្លាក់ ហើយ​ទៅ​ជង់​នឹង​កូន​កាំបិត​ដែល ​អាយីប ​កំពុង​កាន់​នឹង​ដៃ​រង់ចាំ​ចិត​ឪឡឹក​នោះ​ ញ៉ាំ​ទាំងអស់​គ្នា ក្មេង​ជំទង់​នោះ​ដាច់​ខ្យល់​ស្លាប់​មួយ​រំពេច។

អាយីប​ ភ័យ​យ៉ាង​ខ្លាំង និង កើត​ទុក្ខ​សោកសង្រេង​​ក្រៃលែង ដែល​ធ្វើ​អោយ​ក្មេង​ជំទង់​ ដែល​គាត់​ស្រឡាញ់​បំផុត​នោះ​ស្លាប់​បាត់បង់​ជីវិត។ គាត់​យំ​ខ្សឹកខ្សួល​ពេញ​មួយ​យប់ រហូត​ដល់​ថ្ងៃ​បន្ទាប់​ជា​ថ្ងៃ​ទី ១៥ ដែល​សំពៅ​ត្រូវ​ត្រលប់​មក​យក​ក្មេង​ប្រុស​នោះ​ទៅ​ផ្ទះ​វិញ អាយីប បា​ន​កាយ​ខ្សាច់​កប់​​រូង​នោះ ហើយ​គាត់​ក៏​ធ្វើ​ដំណើរ​ចាកចេញ​ពី​ទីនោះ​ទាំង​មិន​អស់​អាល័យ​ ក្នុង​ចិត្ត​។

ការ​ធ្វើ​ដំណើរ​ដោយ​ថ្មើរ​ជើង គ្មាន​គោលដៅ​ពិតប្រាកដ​​​ឆ្លង​ពី​វាលខ្សាច់​មួយ ចូល​ដល់​វាលខ្សាច់​មួយ​ជា​ជីវិត​ផ្សង​ព្រេង បាន​នាំ​ខ្លួន​គាត់​ទៅ​ដល់​ព្រៃ​មួយ​យ៉ាង​ធំ ​ព្រៃ​ដែល​ស្ងាត់​គួរ​អោយ​ខ្លាច​តែ​នៅ​កណ្ដាល​ព្រៃ​ដ៏​ស្ងាត់​ជ្រងំ​ គាត់​បាន​ប្រទះ​ឃើញ​វិមាន​ដ៏​ចំណាស់​មួយ គាត់​​អរ​ខ្លាំង​ណាស់​ គាត់​បាន​ដើរ​ចូល​ទៅ​ក្នុង​វិមាន​នោះ ​គាត់​លឺ​សំលេង​មនុស្ស​ប្រាជ្ញ​គ្នា​ស្ងាត់​ៗ ដែល​ស្ដាប់​ស្ទើរ​ពុំ​លឺ​គាត់​លួច​មើល​តាម​ប្រហោង​ទ្វារ​ គាត់​ឃើញ​សុទ្ធ​តែ​មនុស្ស​ប្រុស​វ័យ​ ចំណាស់​​ដែល​មាន​ចំនួន​ទាំង​អស់​ ៨ នាក់​កំពុង​អង្គុយ​ជុំវិញ​តុ​មូល​មួយ អាយីប បាន​បង្ហាញ​វត្តមាន​របស់​គាត់ ​អោយ​បុរស​ចំណាស់​ទាំង​នោះ​បាន​ឃើញ ប៉ុន្តែ​អ្នក​ទាំង​នោះ​ហាក់​ដូចជា ​គ្មាន​ភ្ញាក់ផ្អើល​បន្តិច​ទាល់​តែ​សោះ​ចំពោះ​វត្តមាន​របស់​ អាយីប ពួក​គេ​ទាំង​នោះ​ហាក់​បាន​ដឹង​ជា​មុន​ថា អាយីប នឹង​​មក​កាន់​ទីនេះ។

ពួក​គេ​បាន​ស្វាគមន៍ អាយីប យ៉ាង​កក់​ក្ដៅ​ដោយ​អោយ​ម្ហូប​អាហារ និង ភេសជ្ជៈ​ផ្សេង​ៗ​ទៀត​ផង។ អាយីប បាន​រស់នៅ​ទី​នោះ​ជាមួយ​ពួក​គេ​បាន​មួយ​រយៈកាល​ដោយ​គ្មាន​បាន​សួរ​នាំ​អ្វី​ច្រើន​នោះ​ទេ ហើយ​ពួក​គេ​ក៏​មិន​បាន​សួរ​នាំ​ច្រើន​អំពី អាយីប នោះ​ដែរ ប៉ុន្តែ​​ចំពោះ អាយីប ត្បិត​គាត់​មិន​បាន​សួរ​ពួក​គេ​ក្ដី តែ​គាត់​មាន​ចំងល់​ចាក់ស្រេះ​ពេញ​ខួរក្បាល​របស់​គាត់​ គាត់​ឆ្ងល់​ថា​ហេតុអ្វី​ បាន​ជា​មនុស្ស​ប្រុស​វ័យ​ចំណាស់​ទាំង​នេះ​មក​រស់នៅ​កណ្ដាល​ព្រៃ​​ស្ងាត់​បែប​នេះ ហើយ​ចំងល់​មួយ​ដ៏​ធំ​​មួយ​ទៀត​គឺថា ហេតុអ្វី​បាន​ជា​ពួក​គេ​ទាំង ៨ នាក់ សុទ្ធ​តែ​ពិការ​ភ្នែក​ខាង​ឆ្វេង (ខ្វាក់​ភ្នែក​ខាង​ឆ្វេង)។

ដោយ​ទប់​ចំងល់​របស់​គាត់​លែង​បាន​ត​ទៅ​ទៀត រៀង​រាល់​ពេល​បរិភោគ​អាហារ​ពេល​ល្ងាច អាយីប តែងតែ​លើក​ជា​សំនួរ​នោះ​ឡើង ជា​ពិសេស​សំនួរ​ទាក់ទង​នឹង​ភាព​ពិការ​ភ្នែក​របស់​ពួក​គេ​តែ អាយីប មិន​ដែល​បាន​ទទួល​ចំលើយ​ម្ដង​ណា​ឡើយ។​នៅ​ថ្ងៃ​មួយ​បុរស​វ័យ​ចំណាស់​ទាំងនោះ​បាន​ឆ្លើយ​ថា “វា​មាន​រឿង​វែង​ឆ្ងាយ​ណាស់​ ទាក់ទង​នឹង​ភាព​ពិការ​ភ្នែក​របស់​ពួក​យើង តែ​បើ​ឯង​ចង់​ដឹង​វា​ត្រូវការ​អោយ​ឯង​លះបង់ ​ពេលវេលា​ជា​ច្រើន​ដើម្បី​ស្វែង​រក​ចំលើយ​នោះ​ដោយ​ខ្លួន​ឯង នោះ​វា​សំខាន់​លើ​ឯង តើ​ឯង​ចង់​លះបង់​ពេលវេលា​ដើម្បី​រក​ចំលើយ​នោះ​ទេ ឯង​អាច​គិត​មើល​សិន​ទៅ​យប់​នេះ ហើយ​នៅ​ថ្ងៃ​ស្អែក​ ឯង​អាច​អោយ​យើង​ដឹង​ថា តើ​ឯង​សំរេចចិត្ត​យ៉ាង​ណា”។

វេលា​បាយ​ល្ងាច​បាន​មក​ដល់​ម្ដង​ទៀត​ អាយីប បាន​និយាយ​ថា គាត់​សុខចិត្ត​ចំណាយ​ពេល​វេលា​របស់​គាត់​ ដើម្បី​​ទៅ​​ស្វែង​រក​ចំលើយ បុរស​ចំណាស់​ម្នាក់​ក្នុង​ចំណោម​ពួក​គេ​ទាំង​នោះ​បាន​​និយាយ​ថា​ “ដូច្នេះ​នៅ​វេលា​ថ្ងៃ​ស្អែក ពេល​ថ្ងៃ​ត្រង់ យើង​នឹង​យក​ស្បែក​ចៀម​មក​រុំ​ជុំវិញ​ខ្លួន​របស់​ឯង​ ហើយ​យើង​នឹង​យក​ឯង​​ទៅ​ដាក់​នៅ​កណ្ដាល​វាល​ស្មៅ​មួយ​ ហើយ​នឹង​​មាន​សត្វ​ឥន្ទ្រី​មួយ​យ៉ាង​ធំ ដែល​តែងតែ​មក​ចាប់​ចំណី​នៅ​ទីនោះ​ វា​នឹង​ឆាប​យក​ឯង​ទៅ ព្រោះ​វា​គិត​ថា​ឯង​ជា​សត្វ​ចៀម​​ចំណី​របស់​វា ហើយ​វា​​នឹង​ហើរ​ឆ្លង​សមុទ្រ​ដ៏​ធំ​នេះ វា​នឹង​នាំ​ឯង​ទៅ​ដល់​កំពូល​ភ្នំ​មួយ ដែល​ជា​កន្លែង​​ដែល​វា​ត្រូវ​បរិភោគ​ចំណី​របស់​វា តែ​យើង​នឹង​ដាក់​កូន​កាំបិត​​មួយ​ដល់​ឯង ពេល​ដែល​វា​យក​ឯង​ទៅ​ដល់​កំពូល​ភ្នំ​នោះ​ហើយ​ ឯង​ត្រូវ​ចាក់​ទំលាយ​ស្បែក​ចៀម​នោះ​ចេញ​មក​ក្រៅ​​ ហើយ​ដេញ​ឥន្ទ្រី​នោះ​ចេញ​ទៅ វា​នឹង​មាន​រឿងរ៉ាវ​វែង​ឆ្ងាយ​ទៀត​កើត​ឡើង​ ដល់​ជីវិត​ឯង​បន្ទាប់​ពី​ពេល​នោះ​ ដើម្បី​អោយ​ឯង​រក​ឃើញ​ចំលើយ​ដែល​ឯង​តែង​ឆ្ងល់​អំពី​ភាព​ពិការ​ភ្នែក​របស់​ពួក​យើង​នោះ”។

នៅ​ថ្ងៃ​ស្អែក​វេលា​ថ្ងៃត្រង់ អាយីប ត្រូវ​បាន​សត្វ​ឥន្ទ្រី​មួយ​ក្បាល​ធំ​នោះ​ឆាប​យក​ទៅ​វា​បាន​ហើរ​យក ​អាយីប​ នៅ​ក្នុង​ស្រោម​ចៀម​នោះ​ហើរ​ឆ្លង​សមុទ្រ​ដ៏​ធំ​សម្បើម​នោះ​អស់​ជា​ច្រើន​ថ្ងៃ ច្រើន​យប់ ទីបំផុត​បាន​ទៅ​ដល់​កំពូលភ្នំ ដូច​អ្វី​ដែល​បុរស​វ័យ​ចំណាស់​នោះ​បាន​និយាយ​មែន អាយីប បាន​យក​កូន​កាំបិត​ចាក់​ទំលុះ​ស្រោម​ចៀម​ចេញ​មក​ក្រៅ…….អាន​បន្ត​នៅ​ភាគ​ទី ៤……..

Related articles

%d bloggers like this: